Tuesday, 10 May 2022

អាជ្ញាធរ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​បេក្ខជន និង​សកម្ម​ជន​បក្ស​ភ្លើង​ទៀន ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់


ដោយ មាន ឫទ្ធិ
2022.05.09
អាជ្ញាធរ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​បេក្ខជន និង​សកម្ម​ជន​បក្ស​ភ្លើង​ទៀន ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់

លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងក្នុង​ពិធី​សំណេះសំណាល​​ជាមួយ​សមាជិក​គណបក្ស​នេះ​ កាល​ពី​ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកគណបក្ស​ភ្លើងទៀន


អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​បេក្ខជន និង​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ឥត​សាក​ស្រាន្ត ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់​ក៏​ដោយ។ គណបក្ស​ភ្លើង​ទៀន​ចាត់​ទុក​ការ​យក​ប្រព័ន្ធ​តុលាការ​មក​កោះ​ហៅ ឬ​ចោទ​ប្រកាន់​សកម្មជន​របស់​ខ្លួន​នេះ គឺ​ជា​រឿង​នយោបាយ ដើម្បី​ដាក់​សម្ពាធ រារាំង​សកម្ម​ភាព​នយោបាយ​ដែល​ធានា​ដោយ​ច្បាប់។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​កោះ​កុង​ចេញ​ដីកា​ហៅ​បេក្ខជន​ចៅ​សង្កាត់​ស្ទឹង​វែង​ម្នាក់​មក​ពី​គណបក្ស​ភ្លើង​ទៀន​ឱ្យ​ទៅ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រុម​មេធាវី​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែឧសភា។

គណបក្ស​ភ្លើង​ទៀន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍ និង​ប្ដេជ្ញា​ចិត្ត​ទប់​ស្កាត់​អំពើ​គំរាម​កំហែង បំភិត​បំភ័យ​តាម​រយៈ​ប្រព័ន្ធ​តុលាការ ដើម្បី​ធានា​ថា សកម្ម​ជន ជាពិសេស បេក្ខជន​របស់​គណបក្ស​នយោបាយ ដែល​ចូល​រួម​ប្រកួត​ប្រជែង​អាច​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ខ្លួន​ដោយ​សេរី សម្រាប់​បោះ​ឆ្នោត​ឃុំ សង្កាត់ ខាង​មុខ​នេះ។


អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា​ថា សកម្មជន​របស់​លោក​នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​តុលា​ការ និង​ក្រោម​រូប​ភាព​ផ្សេងៗ ហើយ​ក្នុង​ចំណោម​សកម្មជន​​នោះ ភាគ​ច្រើន​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ លោក​ឱ្យ​ដឹក​ថា ករណី​ទាំង​នេះ​មន្ត្រី​បក្ស​ភ្លើង​ទៀន​តែង​តែ​ស្នើ​យ៉ាង​ទទូច​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ដោះ​ស្រាយ និង​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ធានា​ដំណើរ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប៉ុន្តែ​លោក​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ពុំ​មាន​ចំណាត់​ការ​ណា​ដែល​ធ្វើ​ឱ្យ​ល្អ​ប្រសើរ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ទេ៖ «ឮ​ថា អនុវត្ត​ច្បាប់​ហើយ​មាត្រា​ណា​ចែង​ថា​មិច ហើយ​មាន​ការ​ស៊ើប​អង្កេត​ទេ​រាល់​ករណី​ទាំង​អស់​កើត​ឡើង​នៅ​ស្រុក​ខ្មែរ​នេះ ចុះ​អនុវត្ត​ច្បាប់​ចុះ​អ្នក​ដែល​ដើរ​បំផ្លាញ​ស្លាក​គណបក្ស​មិន​រក​ឱ្យ​ឃើញ ដើម្បី​យក​មក​កាត់​ទោស​ផង អ្នក​ដែល​វាយ សម្លាប់​សកម្ម​ជន​នយោបាយ​យក​មក​កាត់​ទោស​ដែរ​ទៅ អា​ហ្នឹង​បាន​ហៅ​ថា អនុវត្ត​ច្បាប់ អា​ហ្នឹង​ឱ្យ​ច្បាស់​និង​ស្មើ​ភាព​គ្នា»។

ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​កោះកុង បាន​ចេញ​ដីកា​ហៅ​បេក្ខជន​ចៅ​សង្កាត់​ស្ទឹង​វែង​ម្នាក់​មក​ពី​គណបក្ស​ភ្លើង​ទៀន​ឱ្យ​ទៅ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រុម​មេធាវី​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែសភា ក្រោម​បទ​ចោទ ក្លែង​ឯកសារ​សាធារណៈ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ បរិហារកេរ្តិ៍​សាធារណៈ និង​ឃោសនា​បោះ​ឆ្នោត​ផ្ទុយ​នឹង​ច្បាប់។

ជុំវិញ​រឿង​នេះ បេក្ខជន​ចៅ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ និង​ជា​លេខាធិការ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កោះ​កុង លោក ប៉ាល់ កែប ចាត់​ទុក​បណ្ដឹង​នោះ គឺ​ជា​រឿង​នយោបាយ ដើម្បី​បំភិត​បំភ័យ រារាំង​សកម្មភាព​របស់​លោក​ដែល​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ ហើយ​លោក​អាច​នឹង​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ខាង​មុខ​នេះ។ បេក្ខជន​រូប​នេះ​ឱ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ពន្យារ​ពេល​ឆ្លើយ​បំភ្លឺ​ទៅ​តុលា​ការ​ខេត្ត​រួច​ហើយ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី៩ ខែ​ឧសភា៖ «បំភ័យ​មិន​ខ្លាច​ចាប់​ផ្ដើម​ប្ដឹង​ចូល​តុលា​ការ វា​គ្មាន​រំាង​ស្ទះ​ដល់​សង្គម​អ្វី​ទេ វា​មិន​ដឹង​យ៉ាង​ណា​គេ​មក​បន្តឹង​ខ្ញុំ​ក៏​សាហាវ​ម្ល៉េះ ឃោរឃៅ​ខ្លាំង​ណាស់​បទ​ចោទ​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​នៅ​ក្នុង​ច្បាប់ ដើម្បី​ការពារ​លើ​រឿង​នេះ ខ្ញុំ​មិន​​រត់គេច​ទៅ​ក្រៅ ឬ​ខ្លាច​រត់​ចោល​ផ្ទះ​សម្បែង​អី​ទេ»។
Pal_Kep_Koh_Kong.jpg
 

(អាវផ្កា) លោក ប៉ាល់ កែប បេក្ខជន​ចៅ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ និង​ជា​លេខាធិការ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កោះ​កុង ក្នុង​ពិធី​ជួបជុំសមាជិកគណបក្ស​នៅក្នុង​ខេត្តនេះ។ រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន

ឆ្លើយ​តប​រឿង​នេះ ព្រះ​រាជ​អាជ្ញាធរ​រង​តុលាការ​ខេត្ត​កោះ​កុង​លោក វ៉ៃ ភីរម្យ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ការ​កោះ​ហៅ​របស់​តុលាការ​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់ ហើយ​លោក​អះអាង​ថា​មិន​ជាប់​ពាក់​ព័ន្ធ​រឿង​នយោបាយ​ដូច​ការ​លើក​ឡើង​នោះ​ទេ។ លោក​បន្ត​ថា សកម្ម​ជន​រូប​នោះ​ត្រូវ​មក​បំភ្លឺ​នៅ​តុលាការ​ដោយ​រក​មេធាវី​ការ​ពារ​ក្តី និង​ភស្តុតាង​ដោះ​បន្ទុក​ផង ប្រសិន​បើ​យល់​ថា​អយុត្តិធម៌ តែ​​តុលាការ​​នឹង​​ពិចារណា​ទាក់ទង​នឹង​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នេះ៖ «រឿង​ដែល​គេ​ប្ដឹង​ផ្តល់​នេះ គឺ​អត់​ពាក់​ព័ន្ធ​រឿង​នយោបាយ​ទេ តែ​ការ​ប្ដឹង​នេះ​ចោទ​ប្រកាន់​ថា ខាង​ជន​សង្ស័យ​ហ្នឹង​ប្រព្រឹត្ត​ខុស​ច្បាប់ ប្រព្រឹត្ត​​ខុស​ទៅ​​នឹង​​អ្វី​ដែល​មិន​ឱ្យ​ឃោសនា​អំឡុង​ពេល​ណា​មួយ ឬ​ការ​ឃោសនា​របស់​គាត់​ធ្វើ​ខុស​ច្បាប់​អ៊ីចឹង​ដើម​បណ្ដឹង​គាត់​ប្ដឹង​មក​គឺ សកម្មភាព​ដែល​គាត់​ប្រព្រឹត្ត​ហ្នឹង​វា​ខុស​ច្បាប់ ខ្ញុំ​មិន​ត្រូវ​មើល​លើ​ទិដ្ឋភាព​នយោបាយ​នោះ​ទេ​បាទ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង ក្រុម​មេធាវី​តំណាង​ឱ្យ​គណបក្ស​ប្រជា​ជន​ខេត្តកោះ​កុង ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៩ ខែឧសភា។

ទោះ​យ៉ាង​ណា ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា ​មាន​ប្រសាសន៍​ថា​ករណី​កោះ​ហៅ និង​ចោទ​ប្រកាន់​លើ​សកម្ម​ជន​បក្ស​ភ្លើង​ទៀន​តាម​ប្រព័ន្ធ​តុលា​ការ​នោះ គឺ​ជា​រូប​ភាព​គំរាម​កំហែង​ផ្នែក​នយោបាយ​ច្រើនជាង​ការ​អនុវត្ត​ច្បាប់ ខណៈ​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​មើល​ឃើញ​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មិន​ទាន់​ឯក​រាជ្យ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា​បើ​សិន​បរិយាកាស​បោះ​ឆ្នោត​នៅ​តែ​រឹត​ត្បិត និង​កៀប​សង្កត់​លើ​ដៃ​គូ​ប្រកួត​ប្រជែង​បែប​នេះ រដ្ឋាភិបាល​នឹង​ទទួល​រង​ការ​រិះ​គន់ និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត។ ដូច្នេះ​លោក​ស្នើ​ដល់​មេ​ដឹក​នាំ​នយោបាយ​ត្រូវ​ជជែក ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា​ដើម្បី​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព និង​ការ​ពារ​ប្រយោជន៍​ពល​រដ្ឋ៖ «យើង​គិត​ថា​ដើម្បី​បង្ក​បរិយាកាស​មុន​ការ​បោះ​ឆ្នោត​ធ្វើ​ឱ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រែង​គ្នា​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច គួរ​ណាស់​កុំ​ប្រើ​យន្ត​ការ​មួយ​ចំនួន ជា​ពិសេស​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ​ធ្វើ​ឱ្យ​មាន​ការ​ចោទប្រកាន់ ឬ​ឃាត់​ខ្លួន ឬ​បំភិត​បំភ័យ​តាម​ផ្លូវ​តុលា​ការ​ក្នុង​ន័យ​នយោបាយ»។

ថ្មីៗនេះ ​ក្រុម​​សមាជិក​​សភា​អឺរ៉ុប​បាន​បោះ​ឆ្នោត​អនុម័ត​ញត្តិ​រួម​មួយ​ស្ដីពី​ដំណោះ​ស្រាយ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សភា​អឺរ៉ុប​​ជំរុញ​ឲ្យ​ក្រុម​​​ប្រឹក្សា​​​អឺរ៉ុប ​ឃ្លាំ​មើល​​ស្ថាន​ភាព​​​នៅ​កម្ពុជា​ ជា​ពិសេស​​​ការ​​បោះ​​ឆ្នោត​នៅ​ពេល​ខាង​​មុខ ​ដើម្បី​​​ធានា​​ថា ​គ្មាន​​ការ​​​រំលាយ​​គណបក្ស​​​ភ្លើង​​ទៀន​​​តាម​​វិធី​​​ដ៏​គួរ​​​ឲ្យ​​​អស់​​សំណើច​​​ដូច​​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ហើយ​​​ត្រូវ​​​​ប្រើ​​វិធានការ​ទាំង​អស់ ដែល​មាន​ដូច​ជា ការ​ព្យួរ​​​ទាំង​​ស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ប្រសិនបើ​រក​ឃើញ​ថា ​ការ​​បោះ​​ឆ្នោត​ខាង​មុខ​នេះ មាន​ភាព​អយុត្តិធម៌។

នៅ​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង សុទ្ធ​តែ​ណែ​នាំ​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​​​ថ្នាក់​ក្រោម​​​ត្រូវ​​​ការ​ពារ​​សុវត្ថិភាព​បេក្ខជន​ឈរ​ឈ្មោះ និង​បង្ក​បរិយាកាស​ឲ្យ​បាន​ល្អ ជៀស​វាង​អំពើ​ហិង្សា​ទាំង​រាងកាយ និង​ពាក្យ​សម្ដី ដើម្បី​​ធានា​​ឲ្យ​ការ​​​បោះ​​ឆ្នោត​​​ខាង​​​មុខ​​​ប្រព្រឹត្ត​​​ទៅ​ដោយ​ សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌។

ផ្ទុយ​ទៅ​វិញ ​​សកម្ម​​​ជន​​​​គណបក្ស​​​​ភ្លើង​​​ទៀន​​​​ចំនួន​៥នាក់​​​​ហើយ ត្រូវ​​​​បាន​​​​អាជ្ញាធរ​​​រដ្ឋា​​ភិបាល​​​​លោក ហ៊ុន សែន ចាប់​​​ខ្លួន​​​​ដាក់​​​​ពន្ធនា​​គារ ហើយ​​សកម្ម​ជន ​ជិត​១០​នាក់​​ទៀត​​តុលាការ​​កោះ​​ហៅ​​ទៅ​​បំភ្លឺ​​ពី​​បទ​ញុះ​​ញង់ និង​​ក្លែង​​ឯក​​សារ​ និង​រួម​គំនិតក្បត់​ជា​ដើម។ ទន្ទឹម​​នឹង​​នេះ មន្រ្តី​បក្ស​នេះ​​​​នៅ​​​​ខណ្ឌ​​​ច្បារ​​​​​អំពៅ រាជ​​​​ធានី​​​​​ភ្នំពេញ លោក ជឿន សារឹម បាន​​​​​​ស្លាប់​​​​​ដោយ​​​​​សារ​​​​គ្រោះ​​​​​ថ្នាក់​​​​ចរា​ចរណ៍​​​ ដោយ​គ្រួសារ​​​​​សង្ស័យ​ថា​​​​​​ជាប់​​​​​ពាក់​​​​​ព័ន្ធ​​​​​រឿង​​​​​នយោ​​បាយ។  ក្រៅ​​ពី​​​នេះ​​​សកម្ម​​ជន​ និង​​​បេក្ខ​​​ជន​​​​​ជា​ច្រើន​​​​នាក់​​​ត្រូវ​​​​បាន​អាជ្ញា​ធរ និង​​​​ជន​​​មិន​​​​ស្គាល់​​​មុខ​​​​ប៉ុន​ប៉ង​​​ធ្វើ​​​បាប​​​ដោយ​​​​គប់​​ដុំ​​​ថ្ម​​ចូល​​​ក្នុង​​​ផ្ទះ និង​​​​ដេញ​​ធាក់​​​ផ្ដួល​​​ម៉ូតូ​ ​​គំរាម​​​កំហែង ​និង​​​​​រារាំង​​​​​​បេក្ខ​​​ជន​​​បក្ស​​​​ភ្លើង​​​ទៀន​​គ្រប់​​​​រួប​​​​ភាព​​​​ដែរ ខណៈ​​​​ដែល​​​​គណបក្ស​​​​មួយ​​​​នេះ​ ​មាន​​​​លទ្ធ​ភាព​ដាក់​បេក្ខជន​​​ស្ទើរ​គ្រប់​​ឃុំ​សង្កាត់ ​ទូទាំង​​​​ប្រទេស​​​​ដូច​​​​គណបក្ស​​​​កាន់​​​​អំណាច​ និង​​​​កំពុង​​​​ធ្វើ​​​​សកម្ម​​ភាព​លេច​ធ្លោ​នៅ​តាម​​​​មូលដ្ឋាន។

ក្រុម​​អង្គ​ការ​​សង្គម​​ស៊ីវិល និង​​​អ្នក​​​សង្កេត​​ការណ៍​បោះ​​ឆ្នោត​​វាយ​​តម្លៃ​​​ថា​ បើ​បរិយាកាស​នយោបាយ​នៅ​តែ​​​ស្ថិត​​​ក្នុង​​​ភាព​​​អាប់​​អួ​​បែប​​នេះ​ នឹង​​​មិន​​​អាច​​​ធានា​​​ថា ការ​​បោះ​​ឆ្នោត​​​នៅ​​​ពេល​ខាង​មុខ ​ប្រកប​ដោយ​សេរី ​ត្រឹម​ត្រូវ ​និង​​​យុត្តិ​ធម៌​​​នោះ​​​ទេ៕

No comments: