ដោយ ថា ថៃ
2022.05.08
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (រូបពីឆ្វេងទី៣) ក្នុងពិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅទីក្រុងប្រីសបែន ( Brisbane ) ប្រទេសអូស្ត្រាលី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
Photo Provided
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី៨ ខែឧសភា បានជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅទីក្រុងប្រីសបែន ( Brisbane ) ប្រទេសអូស្ត្រាលី ដើម្បីជជែក អំពីបញ្ហានយោបាយនៅកម្ពុជា។ អ្នកគាំទ្រ និងអ្នកឃ្លាំមើលជឿថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញឲ្យមានដំណោះស្រាយ នយោបាយនៅកម្ពុជា។
ថ្ងៃទី២ នៃដំណើរទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី លោក សម រង្ស៊ី បានទៅជួបប្រជាពលរដ្ឋ ដែលគាំទ្រលោកប្រមាណ១០០នាក់នៅសួនសាធរណៈមួយក្នុងទីក្រុងប្រ៊ីសបែន (Brisbane ) រដ្ឋឃ្វីនឡែន (Queenland) នៃប្រទេសអូស្ត្រាលី។ ប្រជាពលរដ្ឋនាំគ្នាឈរតម្រង់ជួរទទួលស្វាគមន៍លោក បន្ទាប់មកទើបចាប់ផ្តើមកម្មវិធីសំណេះសំណាលគ្នាអំពីបញ្ហានយោបាយ និងរឿងរ៉ាវប្រទេសជាតិ។
ពិធីសំណេះសំណាលជាមួយពលរដ្ឋនោះ លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនៅតែរក្សាគោលជំហរ និងឧត្តមគតិជាមួយគណបក្សសង្គ្រោះជាតិដដែល ទោះបីជាប្តូរយុទ្ធសាស្ត្រឬវិធីធ្វើនយោបាយក៏ដោយ៖ «អ្នកស្នេហាជាតិ តាមខ្ញុំចាំ គឺតែងតែដើរតាមពន្លឺ មានពន្លឺភ្លើងទៀនតាំងពីគណបក្ស សម រង្ស៊ី មានពន្លឺព្រះច័ន្ទ គណបក្សសិទ្ធិមនុស្ស និងមានពន្លឺព្រះអាទិត្យ គឺគណបក្សសង្គ្រោះជាតិ។ តាមកាលៈទេសៈនេះ ខ្ញុំជឿថា បងប្អូន យល់ស្របនូវអ្វីដែលខ្ញុំនឹងលើកឡើងបន្តិចទៀតនេះ ហើយសូមឲ្យបងប្អូនថាតាមខ្ញុំ ។ មេឃខ្មៅងងឹត ទៅណាត្រូវគិត នាំគ្នាអុជទៀន បំភ្លឺខេមរា ខ្ញុំនៅស្មោះត្រង់មិនព្រមបោះបង់ ភ្លើងទៀនជាស្ពានទៅរកសេរី»។
លោកបញ្ជាក់ថា គោលដៅរបស់លោក គឺនៅតែចង់ផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជា មានភាពរុងរឿងដូចនៅប្រទេសអូស្ត្រាលី៖ «ដើរផ្លូវទៅរកភាពរុងរឿងដូចប្រទេសអូស្ត្រាលីអ៊ីចឹង ដូចប្រទេសជឿនលឿនដទៃទៀតក្នុងពិភពលោក ដែលមានច្បាប់ គោរពច្បាប់ ដែលប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មិនដូចនៅស្រុកខ្មែរ ច្បាប់នៅលើ បបូរមាត់របស់អ្នកមានអំណាច ចង់សម្លាប់គេបានតាមចិត្ត ចង់លួចសម្បត្តិគេ ចង់ប្លន់ដីគេបានតាមចិត្ត ចង់កាប់បំផ្លាញព្រៃឈើ ចង់ជីករ៉ែ ចង់ឲ្យបរទេសបូមខ្សាច់ មកធ្វើបាបរាស្ត្រ ជញ្ជក់ឈាមប្រជារាស្ត្របានតាមចិត្តមិនដែលមានទោស។ ពួកគេមានលុយ កប់ក្តោងពីការប្លន់ជាតិពីការប្លន់រាស្ត្រ រួចខ្លួន តែរាស្ត្រនៅតែរហេមរហាម»។
ព្រះសង្ឃមួយអង្គដែលឈឺឆ្អាលបញ្ហាសង្គម ធនធានធម្មជាតិ និងនយោបាយ ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ដែលទើបភៀសព្រះកាយមកគង់នៅប្រទេសអូស្ត្រាលី មានថេរដីកាក្នុងកម្មវិធីសំណេះសំណាលនេះថា តាំងពីដើមមក លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលមានវីរភាពអង់អាចក្លាហាន និងធ្វើនយោបាយដើម្បីប្រទេសជាតិ ប្រជាពលរដ្ឋ និងប្រជាធិបតេយ្យពិតប្រាកដ។ ក្រៅពីកោតសរសើរ លោក សម រង្ស៊ី ហើយនោះ ព្រះអង្គ រិះគន់ធ្ងន់ៗលើរដ្ឋាភិបាល លោក ហ៊ុន សែន ថា ជារបប ពុល ពត ទី២ ដែលយាយី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ដោយគ្មានក្តីមេត្តា៖ «នៅក្នុងប្រទេសកម្ពុជា ទុក្ខលំបាកវេទនាមែនទែនញោម អត់មានសិទ្ធិសេរីភាពទេ។ កុំជឿថា នៅទីក្រុងភ្នំពេញមានការអភិវឌ្ឍ គឺអត់ទេ ទៅមើលទៅដីធ្លីបឹងកក់ ដីធ្លី បឹងបួរអីលុបអស់រលីងហើយ។ យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ថា ងើបមួយវ៉ៃមួយ ងើបពីរវ៉ៃពីរ ងើបបីវ៉ៃបី ដូច្នេះទ្រឹស្ដីរបស់គាត់ គឺផ្ដាច់ការណាស់ សម្លាប់មនុស្សស្រស់ៗ សូម្បីតែបណ្ឌិតកែម ឡី គេបាញ់ស្រស់ៗ»។
ដោយសារតែជក់ចិត្តក្នុងការពិភាក្សាអំពីបញ្ហានយោបាយ និងរឿងប្រទេសជាតិនោះ លោក សម រង្ស៊ី និងអ្នកគាំទ្រស្ទើរតែភ្លេចទទួលអាហារថ្ងៃត្រង់ ដែលអូសបន្លាយរហូត ដល់ម៉ោង៣រសៀល។
តំណាងគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងប្រ៊ីសបែន លោក គាត ថារី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី នៅប្រទេសអូស្ត្រាលី ដើម្បីជួបពលរដ្ឋខ្មែរ និងអ្នកនយោបាយអូស្ត្រាលីនេះ គឺមានសារៈសំខាន់បំផុត។ លោក ថា សហគមន៍ខ្មែរនៅអូស្ត្រាលី រំពឹងថា រដ្ឋាភិបាលអូស្ត្រាលី នឹងមានវិធានការលើរបបក្រុងភ្នំពេញ ដូចដែលសភាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធកាន់តែខ្លាំងលើរបបលោក ហ៊ុន សែន ដើម្បីឲ្យស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ៖ «យើងចង់ជំរុញបន្ថែមទៀត ឲ្យរដ្ឋាភិបាលអូស្ត្រាលី ដាក់សម្ពាធទៅលើលោក ហ៊ុន សែន ដើម្បីគោរពនូវប្រជាធិបតេយ្យពិតប្រាកដ កុំឲ្យប្រជាធិបតេយ្យតែលើបបូរមាត់ តែតាមពិតទៅគាត់រំលោភបំពានសិទ្ធិពលរដ្ឋជារៀងរាល់ថ្ងៃ»។
នៅមុននេះមួយថ្ងៃ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានជួបជាមួយប្រជាពលរដ្ឋខ្មែរ និងតំណាងរាស្ត្រអូស្ត្រាលីមកពីគណបក្សពលករ នៅទីក្រុងស៊ីដនី (Sydney)ផងដែរ។
ឆ្លើយតបករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា លោកមិនចាប់អារម្មណ៍ចំពោះបេសកកម្មរបស់លោក សម រង្ស៊ី នោះទេ ហើយ គ្មានឥទ្ធិពលអ្វីលើកម្ពុជាឡើយ៖ «ចំពោះទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ទៅបារាំងក៏ដោយ ទៅអាមេរិកក៏ដោយ ទៅអូស្ត្រាលីក៏ដោយ ខ្ញុំមិនយកចិត្តទុកដាក់ទេ ចង់ធ្វើអីធ្វើទៅ វាអត់មានប្រយោជន៍ប៉ះពាល់អីដល់កម្ពុជាទេ»។
ផ្ទុយពីការលើកឡើងនេះ សមាជិកក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ទៅបណ្ដាប្រទេសនានា និងជួបអ្នកគាំទ្ររបស់លោកនេះ គឺជាការស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរនៅក្រៅស្រុក។ លោកជឿថា ការដែលលោក សម រង្ស៊ី ជួបជាមួយសមាជិកសភាអូស្ត្រាលីនេះ នឹងជំរុញឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា ព្រោះប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «រដ្ឋាភិបាលអូស្ត្រាលី មិនខុសពីសហភាពអឺរ៉ុបទេ ព្រោះអូស្ត្រាលី ក៏ជាប្រទេសហត្ថលេខីក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជាដែរ ដែលចូលរួមចុះហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជាផងដែរ។ ដូច្នេះគេនៅតែយកចិត្តទុកដាក់អំពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ជា ពិសេសការបោះឆ្នោតខាងមុខនេះ គេចង់ឲ្យមានយុត្តិធម៌ និងជឿទុកចិត្តបាន»។
ក្រោយបញ្ចប់ទស្សនកិច្ចនៅទីក្រុងប្រ៊ីសបែន (Brisbane) រដ្ឋឃ្វីនឡែន (Queensland)លោក សម រង្ស៊ី នឹងបន្តទៅប្រទេសនូវែលហ្សេឡង់ ទីក្រុងវីលីងតុន( Wellington) និងទីក្រុងអ៊ុកឡែន (Auckland)។ មេបក្សប្រឆាំងរូបនេះ នឹងវិលត្រឡប់ទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅទីក្រុងអាដដេឡែត (Adelaide) និងទីក្រុងម៉ែលប៊ន ( Melbourne) ប្រទេសអូស្ត្រាលី។ លោកក៏នឹងមានជំនួបជាមួយអ្នកមុខអ្នកការនៅប្រទេសអូស្ត្រាលីជាច្រើនរូបផ្សេងទៀតផងដែរ។ លោកមានគម្រោងបញ្ចប់ដំណើរទស្សនកិច្ចដោយចាកចេញពីប្រទេសអូស្ត្រាលី នៅថ្ងៃទី ១៦ ឧសភាខាងមុខ៕
1 comment:
Thank You (Sam Rainsy) for your exceptional perseverance and your spirit of nationalism.
If Ah Norouk Hun Sen let Cambodia have a free and fair election, Khmer people will be able to select a good leader and the evil Vietnam will never be able to change Cambodia's leader. Cambodia will have a real and lasting peace.
Post a Comment