ដោយ ខែ សុណង
2022.05.07
គំនរឈើ ដែរឈ្មួញវៀតណាម ដឹកពីព្រៃសហគមន៍ឃុំសេសាន និងឃុំញ៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មកគរទុកមាត់ទន្លេសេសាន ត្រៀមដឹកចូលទឹកដីវៀតណាម ក្បែរនោះ កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០១៨។
Photo Provided
ជនជាតិដើមភាគតិចចារ៉ាយរាប់រយគ្រួសារ រស់នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កៀកព្រំដែនប្រទេសវៀតណាម អំពាវនាវឱ្យអាជ្ញាធរខេត្តនេះ ជួយការពារ និងអភិរក្ស ដើមឈើធំៗ នៅលើកោះគ្រាំ ដែលទាក់ទាញភ្ញៀវទេសចរ កំពុងប្រឈម ការកាប់ បំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។ ប្រជាសហគមន៍នេសាទ រស់នៅតំបន់នោះ ចាត់ទុកកោះនេះ មានទេសភាពធម្មជាតិស្រស់បំព្រង ផ្តល់ជម្រកត្រីពងកូន បក្សាបក្សី និង ព្រៃព្រឹក្សា ផ្តល់ប្រយោជន៍ច្រើនជួយសេដ្ឋកិច្ចអ្នកភូមិ។
ប្រជាសហគមន៍នេសាទ និងជាជនជាតិដើមភាគតិច រស់នៅភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ព្រួយបារម្ភខ្លាចក្រែង ដើមឈើធំៗ ប្រភេទស្រឡៅ ផ្ចិក គគីរ និង ឈ្លីច ជាដើម ដុះនៅលើកោះគ្រាំ ដែលអ្នកភូមិខំថែទាំ ទាញប្រយោជន៍ពីទេសភាព ដើម្បីបង្កើតអេកូទេសចរធម្មជាតិនៅតំបន់នោះ ត្រូវបានកាប់បំផ្លាញ ដោយពលរដ្ឋមួយចំនួននៅមូលដ្ឋាន។
តំណាងសហគមន៍នេសាទភូមិប៉ាដល់ លោក វ៉ា វុធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ មេសាថា មកទល់ពេលនេះ ដើមឈើធំៗជាង ១០ដើម ឋិតនៅលើកោះនេះ ត្រូវគេលួចកាប់រំលំ នៅរយៈពេលជិត ១សប្តាហ៍ចុងក្រោយនេះ។ លោកថា ពួកលោកបានផ្តល់ដំណឹងនេះ ប្រាប់នគរបាលមូលដ្ឋាន និង អាជ្ញាធរភូមិដែរ ប៉ុន្តែគ្មានបានផលនោះឡើយ។ លោកបន្ថែមថា កោះធម្មជាតិមួយនេះ នៅសល់ដើមឈើធំៗច្រើនជាងគេ មានកោះតូចៗចំនួន ៥ទៀត នៅកណ្តាលទន្លេសេសាន អមដោយទេសភាពធម្មជាតិ គ្រប់រដូវកាល ទាក់ទាញភ្ញៀវទេសចរ កំពុងប្រឈមការគំរាមកំហែង ដោយសកម្មភាពកាប់ឈើលក់៖ «បើជុំវិញកោះហ្នឹង វាមានទឹកជួរ និងទឹកធ្លាក់ វាឮសំឡេងពីរោះ។ មានស្វាច្រើន អ្នកទិញឈើ និងដឹកឈើទៅមក ខ្ញុំព្រួយបារម្ភទៅ ហើយកាត់វានៅជុំវិញហ្នឹងទៀត»។
ជនជាតិដើមភាគតិច រស់នៅភូមិប៉ាដល់ ស្រុកអូរយ៉ាដាវ លោកស្រី ផា សុភី សង្កេតឃើញថា ដើមឈើធំៗ ដុះនៅលើកោះផ្តល់ប្រយោជន៍ច្រើនណាស់រួមមាន ជម្រកស្វាព្រៃ កំប្រុក បក្សាបក្សី និង កន្លែងត្រីពងកូនយ៉ាងសំខាន់ នៅតាមដងទន្លេសេសាន។ លោកស្រី អំពាវនាវឱ្យអាជ្ញាធរខេត្តនេះ ជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពកាប់ឈើខុសច្បាប់ នៅតំបន់នោះ ព្រោះអ្នកភូមិ មានគ្នាតិច ពុំមានលទ្ធភាពទប់ទល់បទល្មើសព្រៃឈើនៅតំបន់នោះបានទេ ៖«នៅលើកោះហ្នឹងសំបូរដោយធនធានធម្មជាតិ ដល់ខែរដូវវស្សា របស់ហូបផ្លែក៏មាន សត្វស្វា ក៏មាន កាលណាកាប់ឈើមានអីនៅ ជម្រកសត្វគ្រប់ប្រភេទរត់អស់ហើយ បើកាប់រំលំព្រៃឈើអស់ហើយ»។
កោះគ្រាំ ឬហៅម្យ៉ាងទៀតថា កោះក្រំ មានផ្ទៃដីជាង ៣០ហិកតារ ដោយមានព្រៃឈើហ៊ុមព័ទ្ធគ្រប់ច្រកល្ហក។ កោះនេះ ឋិតនៅកណ្តាលទន្លេសេសាន ក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ជាប់ព្រំប្រទល់ស្រុកអណ្តូងមាស ខេត្តរតនគិរី កៀកព្រំដែនវៀតណាម។
ឆ្លើយតបរឿងនេះ នាយប៉ុស្តិ៍នគរបាល ឃុំសេសាន លោក រម៉ាប ផាត ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំទាន់ទទួលព័ត៌មាននេះទេនៅឡើយទេ។ តែយ៉ាងណាលោកថា នឹងចុះពិនិត្យទីតាំងបទល្មើសព្រៃឈើនៅលើកោះនោះ ប្រសិនបើរកឃើញថា កើតមានបទល្មើសព្រៃឈើ លោកនឹងអនុវត្តច្បាប់។
ចំណែក អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត មានប្រសាសន៍ថា សហគមន៍អាចសរសេរលិខិតផ្ញើមកសាលាខេត្តរតនគិរី ដើម្បីឱ្យអាជ្ញាធរខេត្តពិនិត្យមើលថា តើគួរឱ្យមន្ត្រីជំនាញណាមួយដោះស្រាយរឿងនេះ។ លោកថា ចំពោះការកាប់ឈើ នៅលើកោះនេះ លោកមិនបានដឹងនោះទេ ហើយប្រសិនបើសហគមន៍ចង់អភិរក្សកោះនោះ គឺជាសិទ្ធិរបស់ពលរដ្ឋ តែត្រូវធ្វើឡើងស្របតាមនីវិធី៖«យើងអត់ទាន់ហ៊ានថា អាហ្នឹងវាយ៉ាងម៉េចទេ ប៉ុន្តែបើសិនជាបញ្ហាហ្នឹង វាអ៊ីចឹងមែន ឱ្យគាត់ដាក់មកខេត្តមក បើគាត់ដាក់មកឃុំ និងស្រុកមិនធ្វើការ។ អភិរក្សជាសិទ្ធិរបស់សហគមន៍ទេ ឱ្យតែស្របតាមនីតិវិធី»។
ជុំវិញរឿងនេះ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ដែលចុះអង្កេតរឿងនេះ បារម្ភថា ភូមិប៉ាដល់ធ្លាប់មានរៀងអាស្រូវច្រើន ដែលអាជ្ញាធរខ្មែរ និងវៀតណាម ប្រព្រឹត្តអំពើពុករលួយ នាំឈើហ៊ុបធំៗ ដឹកឆ្លងដែន ទៅលក់ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៩។ ប្រការនេះ លោកបារម្ភថា ដើមឈើធំៗមានតម្លៃ នៅលើកោះនេះ អាចនឹងបាត់បង់ ប្រសិនបើអាជ្ញាធរខេត្តមិនអើពើ៖ «អំពាវនាវឱ្យអាជ្ញាធរខេត្តនេះ ធ្វើយ៉ាងណាជួយថែរក្សាអ្វីដែលផលប្រយោជន៍ពលរដ្ឋ និង ប្រយោជន៍ជាតិ យើងគួរតែថែរក្សាទាំងអស់គ្នាមិនមែនឃើញលុយហើយ ត្របាក់លុយគេអ៊ីចឹងទេ»។
កាលពីចុងឆ្នាំ២០១៨ ពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាលក់ឈើមូលក្នុងព្រៃឲ្យឈ្មួញខ្មែរ និងឈ្មួញជនជាតិវៀតណាម ក្នុងតម្លៃ ៤ម៉ឺនដុល្លារ ដើម្បីយកប្រាក់ស្ថាបនាផ្លូវថ្នល់មួយខ្សែ ក៏ប៉ុន្តែឈ្មួញបែរជាលួចអាររំលំឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីកិច្ចព្រមព្រៀង។ អ្នកភូមិថា ឧក្រិដ្ឋកម្មព្រៃឈើនេះ អាជ្ញាធរពាក់ព័ន្ធខ្លះ បានឃុបឃិតជាមួយឈ្មួញជនជាតិវៀតណាម ប្រព្រឹត្តអំពើពុករលួយ នាំឈើពីតំបន់នោះ ដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម៕
1 comment:
Khmer Roleuy Oss Heuy, Samay Ah Chker Chkuot Hun Sen.
Post a Comment