ដោយ សុជីវី
2022.05.16
ក្រុមប្រដាប់អាវុធជនជាតិចិនបានវាយពលរដ្ឋខ្មែរមួយគ្រួសាររស់នៅក្រុងប៉ោយប៉ែតឱ្យរងរបួសធ្ងន់ធ្ងរ កាលពីដើមខែមីនា ឆ្នាំ២០២២។
រូប៖ កាំម៉េរ៉ាសុវត្ថិភាព។
ពលរដ្ឋខ្មែរមួយគ្រួសាររស់នៅក្រុងប៉ោយប៉ែត ដែលរងការវាយដំពីក្រុមប្រដាប់អាវុធជនជាតិចិនកាលពីដើមខែមីនា រិះគន់អាជ្ញាធរថា អសមត្ថភាពក្នុងការតាមចាប់ជនល្មើសទាំងនោះយកមកដាក់ទោសតាមច្បាប់។ សាច់ញាតិជនរងគ្រោះ ខកចិត្តចំពោះអាជ្ញាធរដែលបណ្ដោយឱ្យជនជាតិចិនដែលប្រព្រឹត្តអំពើព្រៃផ្សៃទាំងនោះ មានសិទ្ធិបើកបររថយន្តដោយសេរីក្នុងក្រុងប៉ោយប៉ែត ដោយគ្មានអើពើចាប់ខ្លួនពួកគេឡើយ។ មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធមនុស្សយល់ថា រឿងនេះទំនងជាអាជ្ញាធរជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីជនជាតិចិន។
ក្រុមគ្រួសារជនរងគ្រោះដែលជនជាតិចិនបានលើកគ្នាព្រួតវាយដំដល់ក្នុងផ្ទះកាលពីខែមីនា អស់សង្ឃឹមនឹងអាជ្ញាធរដែលមិនបានអើពើតាមចាប់ជនល្មើសទាំងនោះយកមកដាក់ទោសតាមច្បាប់ឡើយ។ ពួកគាត់ សង្ស័យថា អាជ្ញាធរអាច ទទួលលុយសំណូកពីក្រុមប្រដាប់អាវុធជនជាតិចិនទាំងនោះ ដើម្បីជាផ្នូរនឹងការដោះលែងឱ្យពួកគេមានសេរីភាព។
ម្ដាយស្រ្តីរងគ្រោះ គឺលោកស្រី រ៉ា នី ប្រាប់វិទ្យុអាសេរីនៅថ្ងៃទី១៥ ខែឧសភាថា គ្រួសារលោកស្រី ឈឺចាប់បំផុត នៅពេលដែលឃើញជនជាតិចិនប្រដាប់អាវុធទាំងនោះរស់នៅយ៉ាងមានសេរី ដោយគ្មានអាជ្ញាធរណាហ៊ានអនុវត្តច្បាប់លើពួកគេ។ មិនតែប៉ុណ្ណោះ លោកស្រីថា ក្រុមជនល្មើសទាំងនោះ ក៏បានចាត់តាំងតំណាងជាស្រ្តីខ្មែរម្នាក់ទៅ ព្រមានដល់គ្រួសារលោកស្រី ដើម្បីឱ្យដកពាក្យបណ្ដឹងពីអាជ្ញាធរ និងព្រមទទួលយកប្រាក់សំណងថ្លៃខូចខាតសម្ភារៈ និងថ្លៃព្យាបាលជំងឺកូនលោកស្រី។
លោកស្រី រ៉ានី អះអាងថា គ្រួសារលោកស្រីមិនត្រូវការប្រាក់ជំងឺចិត្តពីក្រុមជនល្មើសទាំងនោះឡើយ គឺលោកស្រីចង់ឃើញអាជ្ញាធរអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយចាប់ក្រុមជនល្មើសទាំងនោះមកដាក់ទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់៖ «ចង់គេ (ជនជាតិចិន) សងយើងប៉ុន្មានម៉ឺនដុល្លា ក៏មិនស្មើគេមកវាយកូនខ្ញុំទេ។ កូនស្រីខ្ញុំនិយាយអីតែ១ម៉ឺនដុល្លា ១០០ម៉ឺនដុល្លា ក៏អត់ចង់ដែរ វាឈឺចាប់ខ្មាសគេណាស់រាល់ថ្ងៃហ្នឹង។ កូនខ្ញុំឱ្យតែឃើញតំណាងហ្នឹងមក កូនខ្ញុំឆេះឆួល។ ខ្ញុំចង់ឱ្យសមត្ថកិច្ច ធ្វើចិនតាមច្បាប់។ គេ (អាជ្ញាធរ) ខឹងក៏ខឹងទៅ នេះបើគេ (អាជ្ញាធរ) តាមចាប់មែនចាប់បានតាំងពីដំបូង គេមិនទុកដល់ថ្ងៃនេះទេ»។
លោកស្រី រ៉ានី ឱ្យដឹងទៀតថា មកដល់ពេលនេះ កូនស្រីលោកស្រីឈ្មោះ ធីតា នៅតែបន្តតាមដានសុខភាពពីក្រុមគ្រូពេទ្យ និងត្រូវលេបថ្នាំជាប្រចាំ។ ចំណែកឯកូនប្រសារវិញ មានអាការៈខុសប្រក្រតីដោយសារតែរងការវាយដំពីក្រុមជនដៃដល់ប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ។
កាលពីដើមខែមីនា ជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ និងក្រុមកូនចៅជាង២០នាក់ ដែលស្លៀកសំលៀកបំពាក់សន្តិសុខ ដោយមានដំបងឆក់ ញញួរ និងបំពង់ដែក បានសម្រុក ចូលផ្ទះលោកស្រី រ៉ានី ព្រួតវាយកូនលោកស្រី ឈ្មោះ ធីតា និងកូនប្រសារ ទាំងកម្រោល។ លោកស្រីរ៉ានី ថាពេលជនល្មើសទាំងនោះធ្វើសកម្មភាពយ៉ាងព្រៃផ្សៃមកលើគ្រួសារលោកស្រី មិនមានពលរដ្ឋណាហ៊ានចូលជួយឡើយ ដោយសារក្រុមជនជាតិចិនទាំងនោះមានកាំភ្លើង និងព្រួតវាយដំទាត់ធាក់កូនស្រីឈ្មោះ ធីតា និងកូនប្រសារបណ្ដាលឱ្យបាក់ថ្គាម និងរងបួសក្បាលធ្ងន់។
ទាក់ទងបញ្ហានេះ អធិការងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៅក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ ថ្លែងថា លោកមិនហ៊ាននិយាយពីបញ្ហានេះឡើយ ដោយលោកជំរុញឱ្យវិទ្យុអាស៊ីសេរីសួរទៅអាជ្ញាធរថ្នាក់ខេត្តវិញ។
ចំណែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោក រ៉ែម វីរៈ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកឆ្លើយថា សមត្ថកិច្ចកំពុងបន្តនីតិវិធី៖ «សុំមិនបំភ្លឺ ករណីកម្លាំងនគរបាលកំពុងបន្តនីតិវិធី»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា សង្កេតឃើញថា អាជ្ញាធរមិនមានឆន្ទៈក្នុងការអនុវត្តច្បាប់លើក្រុមជនល្មើសទាំងនោះទេ ដោយលោកសង្ស័យថា អាជ្ញាធរអាចមានជាប់ពាក់ព័ន្ធនឹងការទទួលលុយសំណូកពីក្រុមជនល្មើសទាំងនោះ។ លោក អំពាវនាវដល់ក្រសួងពាក់ព័ន្ធឱ្យស៊ើបអង្កេតឱ្យបានច្បាស់លាស់លើមន្រ្តីដែលប្រព្រឹត្តអំពើពុករលួយ និងត្រូវតាមចាប់ជនល្មើសទាំងនោះឱ្យខាងតែបាន ដើម្បីបញ្ចៀសរាល់ការរិះគន់ និងផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ៖ «យើងនៅតែរក្សានូវគោលជំហរ ថាមន្រ្តីទាំងអស់ហ្នឹង មិនទាន់បានអនុវត្តច្បាប់ឱ្យបានពេញលេញ ដើម្បីតាមចាប់ជនដែលប្រព្រឹត្តបទល្មើសយកដាក់ទោសតាមច្បាប់ទេ។ ដោយសារតែជនដែលប្រព្រឹត្តហ្នឹង ឃើញថតសែលហ្វី (selfie) ជាមួយអ្នកធំ ជាមួយអ្នកនេះ ជាមួយអ្នកនោះ។ ឱ្យតែមានខ្សែអ្នកធំ ជនបរទេសដែលប្រព្រឹត្តនៅស្រុកខ្មែរ ចេះតែរួចខ្លួន អ៊ីចឹងច្បាប់យកទៅអនុវត្តដើម្បីស្ថិរភាព ឱ្យមានរបៀបរាប់រយក្នុងសង្គមនោះ វាក្លាយជាច្បាប់ ត្រឹមការវាស់វែងទៅលើការសូកប៉ាន់លុយ។ យកលុយធ្វើការសម្របសម្រួលឬយ៉ាងម៉េច?»។
មន្រ្តីសង្គមស៊ីវិលរូបនេះ ព្រួយបារម្ភថា បើអាជ្ញាធរមិនឈរលើភាពអព្យាក្រឹត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទេនោះ ក្រុមឧក្រិដ្ឋជនទាំងនោះនឹងវាយធ្វើបាបដល់ពលរដ្ឋម្ចាស់ស្រុកតាមអំពើចិត្តបន្តទៀត ៕
2 comments:
Your boss Hun Sen is owing so much money to Chen. Hun Sen is powerless facing Yuon and Chen.
Yuon and Chen will carve up both Laos and Cambodia.
Post a Comment