Tuesday, 17 May 2022

សាច់​ញាតិ​ជន​រងគ្រោះ​ដែល​ជន​ជាតិចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​ថា អាជ្ញាធរ​មិន​មាន​ចេតនា​ចាប់​ជនដៃ​ដល់​មក​ដាក់​ទោស​ឡើយ


ដោយ សុជីវី
2022.05.16

សាច់​ញាតិ​ជន​រងគ្រោះ​ដែល​ជន​ជាតិចិន​ព្រួត​គ្នា​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​ថា អាជ្ញាធរ​មិន​មាន​ចេតនា​ចាប់​ជនដៃ​ដល់​មក​ដាក់​ទោស​ឡើយ

​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ចិន​បាន​វាយ​ពលរដ្ឋខ្មែរ​មួយ​គ្រួសារ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យរងរបួសធ្ងន់ធ្ងរ កាល​ពី​ដើម​ខែមីនា ឆ្នាំ២០២២។
រូប៖ កាំម៉េរ៉ាសុវត្ថិភាព។

ពលរដ្ឋខ្មែរ​មួយ​គ្រួសារ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ ដែល​រងការ​វាយ​ដំ​ពី​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ចិន​កាល​ពី​ដើម​ខែមីនា រិះគន់​អាជ្ញាធរថា អសមត្ថភាព​ក្នុងការ​តាម​ចាប់​ជន​ល្មើស​ទាំង​នោះ​យក​មក​ដាក់​ទោស​តាម​ច្បាប់។ សាច់ញាតិ​ជនរងគ្រោះ ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទាំង​នោះ មាន​សិទ្ធិបើកបរ​រថយន្ត​ដោយ​សេរី​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​គ្មាន​អើពើ​ចាប់​ខ្លួន​ពួក​គេ​ឡើយ។ មន្រ្តីសង្គម​ស៊ីវិល​ផ្នែក​សិទ្ធមនុស្ស​យល់​ថា រឿង​នេះទំនង​ជា​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ទទួល​សំណូក​ពី​ជនជាតិ​ចិន។

ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ជនជាតិ​ចិន​បាន​លើក​គ្នា​ព្រួត​វាយ​ដំ​ដល់​ក្នុង​ផ្ទះ​កាល​ពី​ខែមីនា អស់​សង្ឃឹម​នឹងអាជ្ញាធរ​ដែល​មិន​បាន​អើពើ​តាម​ចាប់​ជន​ល្មើស​ទាំង​នោះ​យក​មក​ដាក់​ទោស​តាម​ច្បាប់​ឡើយ។ ពួកគាត់​ សង្ស័យ​ថា អាជ្ញាធរ​អាច ទទួល​លុយ​សំណូក​ពី​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ទាំង​នោះ ដើម្បី​ជា​ផ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព។


ម្ដាយ​ស្រ្តី​រង​គ្រោះ គឺ​លោកស្រី រ៉ា នី ប្រាប់​វិទ្យុ​អាសេរី​នៅ​ថ្ងៃ​ទី១៥ ខែឧសភា​ថា គ្រួសារ​លោកស្រី ឈឺ​ចាប់​បំផុត នៅពេល​ដែល​ឃើញ​ជនជាតិ​ចិន​ប្រដាប់​អាវុធ​ទាំង​នោះ​រស់​នៅ​យ៉ាង​មាន​សេរី ដោយ​គ្មាន​អាជ្ញាធរ​ណាហ៊ាន​អនុវត្តច្បាប់​លើ​ពួកគេ។ មិន​តែ​ប៉ុណ្ណោះ លោកស្រីថា ក្រុមជនល្មើស​ទាំង​នោះ ​ក៏​បាន​ចាត់​តាំង​តំណាង​ជា​ស្រ្តី​ខ្មែរ​ម្នាក់​ទៅ ព្រមាន​ដល់​គ្រួសារ​លោកស្រី ដើម្បី​ឱ្យ​ដក​ពាក្យ​បណ្ដឹង​ពី​អាជ្ញាធរ និង​ព្រម​ទទួល​យក​ប្រាក់​សំណង​ថ្លៃ​ខូចខាត​សម្ភារៈ និង​ថ្លៃព្យាបាលជំងឺ​កូន​លោកស្រី។

លោកស្រី រ៉ានី អះអាងថា គ្រួសារ​លោកស្រី​មិន​ត្រូវ​ការ​ប្រាក់​ជំងឺ​ចិត្ត​ពី​ក្រុម​ជនល្មើស​ទាំង​នោះ​ឡើយ គឺ​លោកស្រី​ចង់​ឃើញ​អាជ្ញាធរអនុវត្ត​ច្បាប់​ឱ្យ​មានប្រសិទ្ធភាព ដោយចាប់​ក្រុមជន​ល្មើស​ទាំង​នោះ​មក​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «ចង់​គេ (ជនជាតិ​ចិន) សង​យើង​ប៉ុន្មាន​ម៉ឺន​ដុល្លា​ ក៏​មិន​ស្មើ​គេ​មក​វាយ​កូន​ខ្ញុំ​ទេ។ កូនស្រី​ខ្ញុំ​និយាយ​អី​តែ១ម៉ឺន​ដុល្លា ១០០ម៉ឺន​ដុល្លា ក៏​អត់​ចង់​ដែរ​ វា​ឈឺចាប់​ខ្មាស​គេ​ណាស់​រាល់ថ្ងៃ​ហ្នឹង។ កូន​ខ្ញុំ​ឱ្យ​តែ​ឃើញ​តំណាង​ហ្នឹង​មក​ កូន​ខ្ញុំ​ឆេះ​ឆួល។ ខ្ញុំ​ចង់​ឱ្យ​សមត្ថកិច្ច ធ្វើ​ចិន​តាម​ច្បាប់។ គេ​ (អាជ្ញាធរ) ខឹង​ក៏​ខឹង​ទៅ​ នេះ​បើ​គេ​ (អាជ្ញាធរ) តាម​ចាប់​មែន​ចាប់​បាន​តាំង​ពី​ដំបូង គេ​មិន​ទុក​ដល់​ថ្ងៃ​នេះ​ទេ​»។

លោកស្រី រ៉ានី ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ កូនស្រី​លោកស្រី​ឈ្មោះ ធីតា នៅតែ​បន្ត​តាម​ដាន​សុខភាព​ពី​ក្រុម​គ្រូពេទ្យ និង​ត្រូវ​លេប​ថ្នាំជា​ប្រចាំ។ ចំណែក​ឯ​កូន​ប្រសារ​វិញ មាន​អាការៈខុស​ប្រក្រតី​ដោយ​សារ​តែ​រងការ​វាយ​ដំ​ពី​ក្រុម​ជនដៃ​ដល់​ប៉ះ​ទង្គិច​ខួរ​ក្បាល​ធ្ងន់ធ្ងរ។

កាល​ពី​ដើមខែមីនា ​​ជនជាតិចិន​មួយ​ក្រុម​មាន​គ្នា​ជាង១០នាក់ ​និង​ក្រុមកូនចៅជាង២០នាក់ ដែលស្លៀកសំលៀកបំពាក់សន្តិសុខ ដោយមានដំបង​ឆក់ ញញួរ​ និង​បំពង់ដែក បានសម្រុក ចូល​ផ្ទះ​លោក​ស្រី រ៉ានី​ ព្រួតវាយ​កូនលោក​ស្រី​ ឈ្មោះ​ ធីតា​ ​​និង​កូន​ប្រសារ​ ទាំង​កម្រោល។ លោកស្រី​រ៉ានី ​ថា​ពេល​ជនល្មើស​ទាំង​នោះ​ធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ​មក​លើ​គ្រួសារ​លោកស្រី មិន​មាន​ពលរដ្ឋ​ណា​ហ៊ាន​ចូល​ជួយ​ឡើយ ដោយសារ​ក្រុម​ជនជាតិចិន​ទាំង​នោះ​មាន​កាំភ្លើង និង​ព្រួតវាយ​ដំទាត់​ធាក់​កូន​ស្រី​ឈ្មោះ​ ធីតា និង​កូនប្រសារ​បណ្ដាល​ឱ្យ​បាក់ថ្គាម ​និង​រងបួសក្បាល​ធ្ងន់​។

ទាក់ទង​បញ្ហា​នេះ អធិការង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៅ​ក្រុង​ប៉ោយប៉ែត​លោក ព្រហ្ម ពិសិដ្ឋ ថ្លែងថា លោក​មិន​ហ៊ាន​និយាយ​ពី​បញ្ហានេះ​ឡើយ​ ដោយ​លោក​ជំរុញ​ឱ្យ​វិទ្យុ​អាស៊ីសេរី​សួរ​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​វិញ។

ចំណែក អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក រ៉ែម វីរៈ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​លោក​ឆ្លើយ​ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី៖ «សុំ​មិន​បំភ្លឺ ករណី​កម្លាំង​នគរបាល​កំពុង​បន្ត​នីតិ​វិធី​»។

ជុំវិញរឿងនេះ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC)​ខេត្ត​បន្ទាយ​មានជ័យ​លោក ស៊ុំ ច័ន្ទគា​ សង្កេតឃើញ​ថា អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ជន​ល្មើស​ទាំង​នោះ​ទេ ដោយ​លោក​សង្ស័យថា អាជ្ញាធរ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​សំណូក​ពី​ក្រុម​ជនល្មើស​ទាំង​នោះ។ លោក អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ស៊ើប​អង្កេត​ឱ្យបាន​ច្បាស់​លាស់​លើ​មន្រ្តី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ត្រូវ​តាម​ចាប់​ជន​ល្មើស​ទាំង​នោះ​ឱ្យ​ខាង​តែ​បាន​ ដើម្បី​បញ្ចៀស​រាល់​ការ​រិះគន់ និង​ផ្តល់យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ៖ «យើង​នៅ​តែ​រក្សា​នូវ​គោល​ជំហរ ថា​មន្រ្តី​ទាំងអស់​ហ្នឹង​ មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញលេញ​ ដើម្បី​តាម​ចាប់​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​យក​ដាក់​ទោស​តាម​ច្បាប់​ទេ។ ដោយសារ​តែ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង ឃើញ​ថត​សែលហ្វី ​(selfie) ជា​មួយ​អ្នកធំ ជា​មួយ​អ្នក​នេះ ជាមួយ​អ្នក​នោះ។ ឱ្យ​តែ​មាន​ខ្សែ​អ្នកធំ​ ជនបរទេស​ដែល​ប្រព្រឹត្ត​នៅ​ស្រុក​ខ្មែរ ចេះ​តែ​រួចខ្លួន​ អ៊ីចឹង​ច្បាប់​យក​ទៅ​អនុវត្ត​ដើម្បី​ស្ថិរភាព ឱ្យ​មាន​របៀបរាប់រយ​ក្នុង​សង្គម​នោះ វា​ក្លាយ​ជា​ច្បាប់​ ត្រឹម​ការ​វាស់វែង​ទៅ​លើ​ការ​សូក​ប៉ាន់​លុយ។ យក​លុយ​ធ្វើ​ការ​សម្របសម្រួល​ឬ​យ៉ាង​ម៉េច?​»។

មន្រ្តី​សង្គមស៊ីវិល​រូប​នេះ ព្រួយ​បារម្ភ​ថា បើ​អាជ្ញាធរ​មិន​ឈរ​លើ​ភាព​អព្យាក្រឹត្យ​ និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​នឹង​វាយ​ធ្វើ​បាប​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​តាម​អំពើ​ចិត្ត​បន្ត​ទៀត ៕

2 comments:

Anonymous said...

Your boss Hun Sen is owing so much money to Chen. Hun Sen is powerless facing Yuon and Chen.

Anonymous said...

Yuon and Chen will carve up both Laos and Cambodia.