ដោយ សន ចាន់រដ្ឋា
2022.05.29
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក ថាច់ សេដ្ឋា Thach Setha
មន្ត្រីគណបក្សភ្លើងទៀនរិះគន់ថា ការដែលបក្សកាន់អំណាចមមាញឹកប្ដឹងបក្សភ្លើងទៀនកំឡុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ ដោយសារតែខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខ ព្រោះឃើញប្រជាពលរដ្ឋកំពុងផុសផុលគាំទ្រគណបក្សខ្លួន។ប៉ុន្តែមន្ត្រីបក្សប្រជាជនកម្ពុជាឆ្លើយតបថា បក្សកាន់អំណាចមិនដែលខ្លាចការចាញ់ឆ្នោតម្ដងណាឡើយ។
ចាប់តាំងពីបើកឱ្យមានយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥មក មានបក្សនយោបាយជាច្រើនឃោសនាពីគោលនយោបាយរបស់ខ្លួនដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ខណៈដែលបក្សភ្លើងទៀនកំពុងទទួលរង់ពាក្យបណ្ដឹងពីបក្សកាន់អំណាចក៏កាន់តែច្រើន។
អនុប្រធានបក្សភ្លើងទៀន ដែលតែងតែរិះគន់បក្សកាន់អំណាចកំឡុងពេលឃោសនារកសន្លឹកឆ្នោត លោក ថាច់ សេដ្ឋា បានលើកឡើងថា សកម្មភាពប្ដឹងជាហូរហែរបស់បក្សកាន់អំណាចនេះជាការ រំខានដល់ការឃោសនារកសំឡងឆ្នោតរបស់បក្សភ្លើងទៀន ស្របពេលដែលសន្ទុះអ្នកគាំទ្រមានការកើនឡើងច្រើន។ លោកបន្តថា លោកមិនប្ដឹងបកទៅវិញនោះទេ ព្រោះគ្មានជំនឿលើ គ.ជ.ប និងស្ថាប័នតុលាការដែលលំអៀងទៅរកគណបក្សកាន់អំណាច។
លោកមើលឃើញថា ការបន្តប្តឹងមកលើបក្សភ្លើងទៀននេះកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋដែលស្អប់ទង្វើអយុត្តិធម៌នៅពេលបច្ចុប្បន្ន ហើយប្រជាពលរដ្ឋនឹង សម្រេចជ្រើសរើសមេដឹកនាំណាមួយដែលត្រឹមត្រូវនៅពេលខាងមុខ។ លោកថាច់ សេដ្ឋា មើលឃើញថា ការដែលមន្ត្រីគណបក្សកាន់អំណាចបន្តយាយីគណបក្សរបស់ខ្លួននៅពេលនេះព្រោះតែបក្សកាន់អំណាចខ្លាចចាញ់ការបោះឆ្នោតឃុំសង្កាត់៖ «វាច្បាស់ណាស់ ឃើញថា បង្ហាញពីការភ័យខ្លាចរបស់គណបក្សប្រជាជនមកគណបក្សភ្លើងទៀនហ្នឹង ដោយសារយើងឃើញហើយតាំងពីសម្លុតបេក្ខជន […] គំរាមកំហែងគ្រប់បែបសព្វយ៉ាង ទិញឱ្យលាលែងពីគណបក្ស [សព្វ] គ្រប់ទាំងអស់។ ឥឡូវដល់ពេលបោះឆ្នោត គាត់ [បក្សប្រជាជនកម្ពុជា] ឆាឆៅអារឿងប្ដឹងផ្ដល់រំខានថែមទៀត អាហ្នឹងច្បាស់ណាស់ថា គាត់បារម្ភ មើលទៅគាត់ភ័យចំពោះគណបក្សភ្លើងទៀនដែលឃើញពលរដ្ឋគាំទ្រកាន់តែខ្លាំង»។
ប្រតិកម្មរបស់មន្ត្រីគណបក្សភ្លើងទៀននេះ ធ្វើឡើងដោយសារតែមួយរយៈនេះ គណបក្សកាន់អំណាចបានប្ដឹងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់។ កាលពីថ្ងៃទី២៨ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានសម្រេចផាកពិន័យលោក គង់ រ៉ៃយ៉ា ប្រធានគណបក្សភ្លើងទៀនឃុំស្ដៅចំនួន៥លានរៀល (៥ ០០០ ០០០ រៀល) ពាក់ព័ន្ធនឹងការចែកប្រាក់ដល់សកម្មជននៅស្រុកកងមាស ខេត្តកំពង់ចាម។
ទាក់ទងនឹងបបញ្ហានេះ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហានេះគ្រាន់តែជាវោហារសព្ទនយោបាយប៉ុណ្ណោះ ព្រោះលោកថា គណបក្សប្រជាជនមិនមានការភ័យបារម្ភខ្លាចចាញ់ការបោះឆ្នោតនោះទេ។ ចំណែកការប្ដឹងរបស់បក្សប្រជាជនមកលើបក្សភ្លើងទៀន លោកថា ព្រោះតែសកម្មជនទាំងនោះប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់។ លោកបន្តថា សម្រាប់បក្សប្រជាជនដែលកាន់អំណាចមកជាយូរហើយនោះ មិនដែលខ្លាចក្នុងការប្រកួតប្រជែងការបោះឆ្នោតនោះទេ៖ «វាជាគំនិត និងការយល់ឃើញរបស់គេ ក៏ប៉ុន្តែចំពោះគណបក្សប្រជាជនមិនដែលខ្លាចគណបក្សណាទេ ព្រោះគណបក្សប្រជាជនឈ្នះឆ្នោតរហូតរឿងអីត្រូវខ្លាច តែបើខ្លាចរត់ក្រាបលូនហើយ!.អ៊ីចឹងដូចមេបក្សប្រឆាំង ឃើញរត់ដល់ស្រុកបារាំង គេចទៅស្រុកបារាំងរហូតអាហ្នឹងហ៊ានអី? ហើយមួយទៀតបែកបាក់ខ្ទិចខ្ទីអស់ហើយ ហើយមកបង្កើតបក្សមកថ្មីៗអាហ្នឹងបក្សហ៊ានហី?»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា នេះជារឿងប្រវត្តិសាស្រ្តមួយមិនធ្លាប់មានដែលបក្សកាន់អំណាចព្យាយាមធ្វើទុក្ខបុម្នេញ និងចាប់កំហុសលើបក្សប្រឆាំងដែលជាដៃគួរប្រកួតប្រជែងជាមួយ បក្សខ្លួន។
លោកបន្តថា ការប្ដឹងរបស់បក្សកាន់អំណាចកន្លងមកនេះមិនមែនជាបញ្ហាសម្រាប់បក្សប្រឆាំងមួយនេះទេ តែផ្ទុយទៅវិញវាកាន់តែធ្វើឱ្យបក្សមួយនេះរឹងមាំ ហើយមានការប្រឹងប្រយ័ត្នជាងមុន។
លោកបន្តថា ប៉ុន្តែអ្វីដែលសំខាន់ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែកាត់ក្ដីឱ្យមានតម្លាភាពគ្រប់គណបក្សនយោបាយ៖ «បើស្ថាប័ន គ.ជ.ប ដោះស្រាយឈរលើគោលការណ៍តម្លាភាព ឯករាជ្យ ដោះស្រាយក្នុងស្តង់ដាតែមួយ មិនដោះស្រាយក្នុងស្ដង់ដាពីរ នោះមានន័យថា ដំណើរការនៃការពង្រឹងច្បាប់នោះគឺវាអាចនឹងរុញច្រានឱ្យគ្រប់គណបក្សនយោបាយមានបទពិសោធក្នុងការអនុវត្តនៅក្នុងដំណើររឿងណាមួយដែលគិតឃើញថាមិនត្រឹមត្រូវ [ដែល] ច្បាប់មិនបានចេញក្នុងនីតិវិធីមិនត្រូវបានអនុញាត ហើយវាក៏ជាបទពិសោធមួយសម្រាប់ឱ្យគណបក្សនយោបាយទាំងអស់»។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៩ ខែឧសភាថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បក្សកាន់អំណាច ប្ដឹងគណបក្សភ្លើងទៀនជាច្រើនករណី ដែលការបោះឆ្នោតអាណត្តិមុនៗមិនធ្លាប់មាន។ លោកថា គ.ជ.ប ក៏បានព្យាយាមដោះស្រាយជាបន្តបន្ទាប់ ហើយស្នើឱ្យបក្សនយោបាយធ្វើពាក្យបណ្ដឹងបើសិនជាទទួលបានការធ្វើទុក្ខបុកម្នេញ និងរំលោភលើនីតិវិធីរៀបចំការបោះឆ្នោត៖ «គ.ជ.ប.ស្នើសុំឱ្យឃើញថា រំលោភដាក់ពាក្យបណ្ដឹងមកជៀសវាងការបង្កើតភាសា ឬបរិយាកាសដែលចង់ចំណេញគណបក្សនយោបាយ។ អ៊ីចឹងគណបក្សណាក៏ដោយ បើសិនជាយល់ថា ខ្លួនត្រូវគេរំលោភ ខ្លួនត្រូវគេគំរាមហើយ គឺត្រូវធ្វើការដាក់ពាក្យបណ្ដឹងនោះបាន គ.ជ.ប.មានមូលដ្ឋានក្នុងការពិនិត្យពិចារណាបន្តទៀត»។
លោក ហង្ស ពុទ្ធា ឱ្យដឹងថា មកដល់ពេលនេះមានពាក្យបណ្ដឹងជាង២០ករណីហើយដែលបក្សប្រជាជនកម្ពុជា បានប្ដឹងមកលើសមាជិកបក្សភ្លើងទៀន ហើយពាក្យបណ្ដឹងទាំងនោះ ជុំវិញការប្រើសារនយោបាយកំឡុងពេលឃោសនារកសន្លឹកឆ្នោត និងសកម្មភាពមិនប្រក្រតីមួយចំនួននៅតាមមូលដ្ឋាន។ ចំណែកសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតមើលឃើញថា ការធ្វើទុក្ខបុកម្នេញពីសំណាក់បក្សកាន់អំណាច កំពុងតែរំលោភសិទ្ធិនយោបាយ នឹងធ្វើឱ្យការបោះឆ្នោតខាងមុខមិនប្រកបដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវឡើយ៕
1 comment:
The evil Vietnam had found an absolute faithful slave named Hun Sen to control Khmer people so that Vietnam could implement successfully the Vietnamization of Cambodia.
Now, this crazy dog Hun Sen needs to do whatever it takes to hold on to power such as harassing, intimidating, killing the opposition's members to ensure the win of the elections.
But, if the above measures failed, seizing the power by force would follow.
Khmer people must not abandon their noble struggle to save Cambodia.
Post a Comment