Sunday, 29 May 2022

លោក ហ៊ុន សែន រិះគន់​ការ​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ដោយ​ឯកតោ​ភាគី​លើ​ប្រទេស​ណាមួយ


ដោយ យន់ សាមៀន
2022.05.28
លោក ហ៊ុន សែន រិះគន់​ការ​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ដោយ​ឯកតោ​ភាគី​លើ​ប្រទេស​ណាមួយ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (កណ្ដាល) ថ្លែង​ក្នុង​កម្មវិធី​​សន្និសីទ​តាម​ប្រព័ន្ធ (online) ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន នីកេ (Nikkei) កាល​ពី​ថ្ងៃទី​២៧ ឧសភា នៅ​ប្រទេស​ជប៉ុន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ឯកតោ​ភាគី ការ​ហាមឃាត់ ឬ​ការ​ដាក់​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ណាមួយ។ លោក ហ៊ុន សែន លើកឡើង​ដូច្នោះ​ក្នុង​សន្និសីទ​អន្តរជាតិ​ទី​២៧ ស្ដីពី​អនាគត​របស់​អាស៊ី​ក្រោម​ប្រធានបទ «​ការ​កំណត់​ឡើងវិញ​នូវ​តួនាទី​របស់​ទ្វីបអាស៊ី នៅ​ក្នុង​ពិភពលោក​ដែល​បែកខ្ញែក»។ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន នីកេ (Nikkei) កាល​ពី​ថ្ងៃទី​២៧ ឧសភា នៅ​ប្រទេស​ជប៉ុន។

លោក ហ៊ុន សែន ដែល​ចូលរួម​សន្និសីទ​នេះ តាម​ប្រព័ន្ធ (online) មិន​បាន​បន្ទោស​ប្រទេស​ណាមួយ​ឲ្យ​ចំ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​កន្លង​មក​កម្ពុជា​បាន​ទទួល​ទណ្ឌកម្ម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ដោយសារតែ រដ្ឋាភិបាល​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​។ ថ្មីៗ​នេះ លោក ហ៊ុន សែន ថា លោក​សុខចិត្ត​រស់​ដោយ​ត្រូវ​ទណ្ឌកម្ម​អន្តរជាតិ ដើម្បី​ឯករាជ្យ​។ កន្លងមក សហគមន៍​អន្តរជាតិ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ នូវ​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ​ទើប​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​វិញ​។



លោក ហ៊ុន សែន​ក៏​លើកឡើង​ថា ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន (Ukraine) បាន​បង្ក​បរិយាកាស​សន្តិសុខ​សកល​ឲ្យ​មានការ​ប្រែប្រួល និង​អាច​បង្ក​គ្រោះថ្នាក់ ដែល​គ្មាន​នរណា​ម្នាក់​អាច​ប៉ាន់ប្រមាណ​បាន និង​អាច​ប៉ះពាល់​ដល់​ការ​ងើបឡើង​វិញ​នៃ​ការ អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ ជំងឺ​កូវីដ១៩​។ លោក​ថា សង្គ្រាម​នេះ ក៏​ធ្វើ​ឲ្យ​ពិភពលោក​ឈាន​ចូល​ទៅ​ដល់​របត់​ថ្មី​មួយ​នៃ​ការ​បែកបាក់ និង​ការ​បែក​ចែក​ប៉ូល​មនោគមវិជ្ជា និង​ភូមិសាស្ត្រ​នយោបាយ និង​ឲ្យ​រដ្ឋ​តូចៗ​បង្ខំចិត្ត​ជ្រើសរើស​រវាង​ប្រទេស​មហាអំណាច​ពាក់ព័ន្ធ។ បញ្ហា​នេះ​នឹង​បង្កើត​នូវ​ផលវិបាក​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន​តំបន់​អាស៊ី​។ លោក​ជំរុញ​ឲ្យ​ប្រទេស​អាស៊ី​រក្សា​អធិបតេយ្យភាព​និង​ឯករាជ្យភាព។ ទោះបីជា​យ៉ាងណា​កន្លងមក គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​មាន​គោលនយោបាយ​លំអៀង​ទៅ​រក​ប្រទេស​ចិន​។ អាមេរិក​បាន​ចោទ​កម្ពុជា​ថា បាន​ផ្តល់​មូលដ្ឋាន​យោធា​កងទ័ពជើងទឹក​ទៅ​ឲ្យ​យោធា​ចិន​ប្រើប្រាស់​នៅ​ខេត្ត​ព្រះសីហនុ​។ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ការពារ​បំណុល​កម្ពុជា​ដែល​ខ្ចី​ពី​ចិន​ដែរ​។ កម្ពុជា​ជំពាក់​លុយ​បរទេស​ប្រមាណ ជិត​៩​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០២០​។ បំណុល​ទ្វេភាគី ស្មើ​ប្រមាណ ៦៩​ភាគរយ​នៃ​បំណុល​បរទេស​ទាំងមូល ដែល​ពាក់កណ្តាល​នៃ​បំណុល​នោះ ជា​បំណុល​ចិន​។ លោក​ថា កម្ពុជា​ចាំបាច់​ខ្ចី​លុយ​ពី​បរទេស​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​កម្ពុជា​នឹង​មិន​ជាប់​អន្ទាក់​ប្រទេស​ណាមួយ​ដោយសារតែ​បំណុល​នេះ​ទេ​។ លោក​បន្ត​ថា ពាណិជ្ជកម្ម​នឹង​ចិន​មាន​សារសំខាន់​សម្រាប់​កម្ពុជា ជាពិសេស​វិស័យ​អគ្គិសនី។ សន្និសីទ​អន្តរជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន នីកេ (Nikkei) បាន​ផ្តល់​វេទិកា​សម្រាប់​មេដឹកនាំ និង​អ្នកស្រាវជ្រាវ​ជជែក​គ្នា​ពី​បញ្ហា​ក្នុង​តំបន់​។ ក្នុង​សន្និសីទ​អន្តរជាតិ​កាលពី​ឆ្នាំ​២០២១ លោក ហ៊ុន សែន ថា ប្រសិនបើ​កម្ពុជា​មិន​ពឹងផ្អែក​លើ​ចិន​តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​អ្នកណា៕

1 comment:

Anonymous said...

Why don't Ah Kwack Hun Sen think the other way around ??

Ah Roleuy Hun Sen thinks only about his own interest over Cambodia's interest. That's why he never cares about EBA, GSP, etc...

Khmer people have no job, no problem. They are so afraid to say anything to do anything against Ah Chker Chkuot Hun Sen.