ដោយ យន់ សាមៀន
2022.05.28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) ថ្លែងក្នុងកម្មវិធីសន្និសីទតាមប្រព័ន្ធ (online) ដែលរៀបចំឡើងដោយក្រុមហ៊ុន នីកេ (Nikkei) កាលពីថ្ងៃទី២៧ ឧសភា នៅប្រទេសជប៉ុន។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ការហាមឃាត់ ឬការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចទៅលើប្រទេសណាមួយ។ លោក ហ៊ុន សែន លើកឡើងដូច្នោះក្នុងសន្និសីទអន្តរជាតិទី២៧ ស្ដីពីអនាគតរបស់អាស៊ីក្រោមប្រធានបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។ ដែលរៀបចំឡើងដោយក្រុមហ៊ុន នីកេ (Nikkei) កាលពីថ្ងៃទី២៧ ឧសភា នៅប្រទេសជប៉ុន។
លោក ហ៊ុន សែន ដែលចូលរួមសន្និសីទនេះ តាមប្រព័ន្ធ (online) មិនបានបន្ទោសប្រទេសណាមួយឲ្យចំឈ្មោះនោះទេ ប៉ុន្តែកន្លងមកកម្ពុជាបានទទួលទណ្ឌកម្មប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប ដោយសារតែ រដ្ឋាភិបាលលោកបានរំលាយគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យ។ ថ្មីៗនេះ លោក ហ៊ុន សែន ថា លោកសុខចិត្តរស់ដោយត្រូវទណ្ឌកម្មអន្តរជាតិ ដើម្បីឯករាជ្យ។ កន្លងមក សហគមន៍អន្តរជាតិដែលចង់ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឲ្យល្អប្រសើរឡើងវិញ នូវវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយទើបទទួលបានការអនុគ្រោះពន្ធវិញ។
លោក ហ៊ុន សែនក៏លើកឡើងថា ការផ្ទុះឡើងនូវសង្គ្រាមនៅប្រទេសអ៊ុយក្រែន (Ukraine) បានបង្កបរិយាកាសសន្តិសុខសកលឲ្យមានការប្រែប្រួល និងអាចបង្កគ្រោះថ្នាក់ ដែលគ្មាននរណាម្នាក់អាចប៉ាន់ប្រមាណបាន និងអាចប៉ះពាល់ដល់ការងើបឡើងវិញនៃការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយវិបត្តិ ជំងឺកូវីដ១៩។ លោកថា សង្គ្រាមនេះ ក៏ធ្វើឲ្យពិភពលោកឈានចូលទៅដល់របត់ថ្មីមួយនៃការបែកបាក់ និងការបែកចែកប៉ូលមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ និងឲ្យរដ្ឋតូចៗបង្ខំចិត្តជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ។ បញ្ហានេះនឹងបង្កើតនូវផលវិបាកច្រើនសម្រាប់ការអភិវឌ្ឍនតំបន់អាស៊ី។ លោកជំរុញឲ្យប្រទេសអាស៊ីរក្សាអធិបតេយ្យភាពនិងឯករាជ្យភាព។ ទោះបីជាយ៉ាងណាកន្លងមក គេមើលឃើញថា កម្ពុជាកំពុងមានគោលនយោបាយលំអៀងទៅរកប្រទេសចិន។ អាមេរិកបានចោទកម្ពុជាថា បានផ្តល់មូលដ្ឋានយោធាកងទ័ពជើងទឹកទៅឲ្យយោធាចិនប្រើប្រាស់នៅខេត្តព្រះសីហនុ។ លោក ហ៊ុន សែន ក៏បានថ្លែងការពារបំណុលកម្ពុជាដែលខ្ចីពីចិនដែរ។ កម្ពុជាជំពាក់លុយបរទេសប្រមាណ ជិត៩ពាន់លានដុល្លារ កាលពីឆ្នាំ ២០២០។ បំណុលទ្វេភាគី ស្មើប្រមាណ ៦៩ភាគរយនៃបំណុលបរទេសទាំងមូល ដែលពាក់កណ្តាលនៃបំណុលនោះ ជាបំណុលចិន។ លោកថា កម្ពុជាចាំបាច់ខ្ចីលុយពីបរទេសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយកម្ពុជានឹងមិនជាប់អន្ទាក់ប្រទេសណាមួយដោយសារតែបំណុលនេះទេ។ លោកបន្តថា ពាណិជ្ជកម្មនឹងចិនមានសារសំខាន់សម្រាប់កម្ពុជា ជាពិសេសវិស័យអគ្គិសនី។ សន្និសីទអន្តរជាតិដែលរៀបចំឡើងដោយក្រុមហ៊ុន នីកេ (Nikkei) បានផ្តល់វេទិកាសម្រាប់មេដឹកនាំ និងអ្នកស្រាវជ្រាវជជែកគ្នាពីបញ្ហាក្នុងតំបន់។ ក្នុងសន្និសីទអន្តរជាតិកាលពីឆ្នាំ២០២១ លោក ហ៊ុន សែន ថា ប្រសិនបើកម្ពុជាមិនពឹងផ្អែកលើចិនតើឲ្យកម្ពុជាទៅពឹងអ្នកណា៕
1 comment:
Why don't Ah Kwack Hun Sen think the other way around ??
Ah Roleuy Hun Sen thinks only about his own interest over Cambodia's interest. That's why he never cares about EBA, GSP, etc...
Khmer people have no job, no problem. They are so afraid to say anything to do anything against Ah Chker Chkuot Hun Sen.
Post a Comment