ដោយ អាស៊ីសេរី
2022.05.19
គោឧសភរាជ ក្នុងពិធីច្រត់ព្រះនង្គ័ល នៅខេត្តកាកែវ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
រូប៖ មន្ទីរព័ត៌មានខេត្តតាកែវ
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន មិនបានរៀបចំឲ្យមានការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លទេនៅឆ្នាំនេះ ព្រោះរដ្ឋាភិបាលនៅតែប្រុងប្រយ័ត្ន បង្ការជំងឺកូវីដ១៩ ត្បិតពិធីមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួម។
នេះជាឆ្នាំទី៣ហើយដែលរដ្ឋាភិបាល ខកខានរៀបចំ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៩ ខែឧសភា អបអរប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» នេះ។ លោកបន្តថា ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ គឺមានសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
អ្នកវិភាគជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ព្រះរាជពិធីនេះ មានសារៈសំខាន់នៃវប្បធម៌ ជំនឿពលរដ្ឋ និងជាយុទ្ធសាស្ត្រជំរុញទៅពលរដ្ឋក្នុងការធ្វើកសិកម្ម និងវិស័យជាច្រើនទៀត។ លោកបណ្ឌិតយល់ថា ការខកខានប្រារព្ធព្រះរាជពិធីនេះធ្វើឲ្យកម្ពុជា ឬពលរដ្ឋខ្មែរខាតបង់ច្រើន៖ «ជាពិធីមួយដែលជាឱកាសដើម្បីឲ្យតម្លៃកសិកម្ម ឲ្យតម្លៃក្នុងការងារកសិករហើយក៏យើងអាចមានគោលនយោបាយចក្ខុវិស័យអំពីកសិកម្មយើងនិងយុទ្ធសាស្ត្រនៅពេលហ្នឹង»។
ទាក់ទងរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលមិនទាន់បើកទូលាយនោះទេ ត្បិតជំងឺកូវីដ១៩បានធូរស្រាលហើយក្ដី។ លោកបន្តថា ព្រះរាជពិធីនេះមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួមដែលភាគច្រើនអ្នកនោះមានអាយុច្រើនដែលងាយប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។ ទោះយ៉ាងណា រដ្ឋាភិបាល នៅតែផ្ញើសារអបអរតាមស្ថាប័នរបស់ជាតិ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងបណ្ដាញសង្គមឲ្យពលរដ្ឋដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៖ «យើងប្រយ័ត្ននៅតែប្រុងប្រយ័ត្នតាមទូរលេខការឆ្លងធ្លាក់ដល់កម្រិតសូន្យ ប៉ុន្តែ ដូចខ្ញុំថា ដូចខ្ញុំថា អ្វីដែលអាទិភាពហ្នឹងគឺ ឥស្សរជនជាន់ខ្ពស់ច្រើនចូលរួមហើយចាស់ៗទៀតគាត់មានអាយុច្រើនហ្នឹងហើយជាការប្រុងប្រយ័ត្នរបស់យើង»។
ទោះមានការអះអាងបែបនេះរបស់លោក ផៃ ស៊ីផាន ក្ដី ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការជួបជុំ និងដកបម្រាមកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈទៀតផង។ កាលពីពិធីបុណ្យចូលឆ្នាំថ្មីៗ ពលរដ្ឋទូទាំងប្រទេសបានជួបជុំហើយក៏មិនមានការផ្ទុះជំងឺកូវី១៩ឡើងខ្លាំងក្លានោះដែរ។ ជាងនេះ នៅរយៈពេលចុងក្រោយនេះ ក្រសួងសុខាភិបាលតែងប្រកាសមិនមានពលរដ្ឋឆ្លងជំងឺកូវីដទៀតផង។
រដ្ឋាភិបាលបានផ្អាករៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដោយលើកហេតុថា មានករណីផ្ទុះខ្លាំងនៃជំងឺកូវីដ-១៩ កាលពីខែមេសា ឆ្នាំ២០២០។
យុវជនធ្វើការផ្នែកតស៊ូមតិ និងឃ្លាំមើលស្ថានការណ៍សង្គម លោក ម៉ើ ចាន់ដារ៉ា សោកស្ដាយដែលរដ្ឋាភិបាលមិនបានរៀបចំអបអរពិធីនេះ និងមិនបានជូនដំណឹងជាផ្លូវការឲ្យពលរដ្ឋបានដឹងនោះទេ។ លោកបន្តលើកឡើងពីការព្រួយបារម្ភពីជំងឺកូវីដមិនសមហេតុផលនោះទេ ខណៈលោកឃើញលោក ហ៊ុន សែន តែងធ្វើពិធីជួបជុំ មានមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នជាតិនានាតែងចូលរួម និងមានមានមនុស្សចូលរួមរាប់ពាន់នាក់ ចូលរួមផងដែរ៖ «យើងមើលឃើញថា ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានភាគច្រើនក៏គាត់ចាំមើលព្រះរាជពិធីច្រត់ព្រះនង្គ័លព្រោះរៀងរាល់ឆ្នាំនៅពេលធ្វើពិធីច្រត់ព្រះនង្គ័លយើងឃើញមានគោឧសភរាជ គេនឹងដាក់គោសម្រាប់បរិភោគមានស្រូវមានសណ្ដែកអីផ្សេងៗ អ៊ីចឹងគេនឹងធ្វើការព្យាករណ៍ទាក់ទងផលិតភាពកសិកម្មតាមផ្នែក»។
ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ជាជួងបន្លឺប្រាប់ប្រជាពលរដ្ឋដែលពឹងផ្អែកលើការធ្វើកសិកម្មថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ ពិធីនេះធ្វើឡើងដើម្បីផ្សងប្រផ្នូលតាមរយៈការបរិភោគរបស់គោឧសភរាជ ពលរដ្ឋតែងតែដាំដុះផលដំណាំរបស់ខ្លួនតាមប្រផ្នូលនោះផងដែរ៕
No comments:
Post a Comment