Monday, 16 May 2022

ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក


ដោយ យន់ សាមៀន
2022.05.15
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ជួបអ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក មុខកិច្ចប្រជុំពិសេស​អាស៊ាន​អាមេរិក។
រូប៖ ហ្វេសប៊ុក


សាធារណជន​បញ្ចេញ​ទស្សន​ផ្សេងៗ​គ្នា​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​។ មន្ត្រី​រដ្ឋាភិបាល ជាពិសេស​កូនប្រុស​របស់​លោក ហ៊ុន បាន​ប្រកាស​ថ្កោលទោស និង​មិន​អាច​ទទួល​យក​បានជា​ដាច់ខាត​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាត់ទុក​ថា ករណីនេះ ជា​រឿង​ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ​អ្នកខ្លះ​ថា លោក ហ៊ុន សែន សម​នឹង​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ដោយសារ​ទង្វើ​មន្ត្រី​របស់​លោក​បើ​អំពើ​ហិង្សា រំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុករលួយ រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម។

ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​លោក អ៊ុក ទូច ដែល​បាន​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​កន្លង​មក​នេះ សាធារណជន បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា។


សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ថ្លែង​ថា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ការ​គប់​ស្បែង​ជើង​លើ​មេដឹកនាំ​ដែល​អសមត្ថភាព​ក្នុង​ការ​បញ្ចា​ប់​អំពើ​ហិង្សា និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ដោយ​ការ​រំលោភច្បាប់ និង​សិទ្ធិមនុស្ស គឺ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។ យុវជន​រូប​នេះ​ឱ្យ​ដឹង​ថា កញ្ញា​ក៏​ជា​ជនរងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ជនរងគ្រោះ​ផ្សេងទៀត​ដែល​រង​ការ​ទាត់​ធាក់ ជេរ​ប្រមាថ និង​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស ហើយ​កញ្ញា​មិនដែល​ទទួល​បាន​យុត្តិធម៌​ឡើយ៖ «ដោយសារ​គាត់​ឈឺចាប់ គាត់​ឃើញ​ប្រទេសជាតិ​កំពុង​លិចលង់ ហើយ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង មាន​ដូចជា​ចាប់ចង ធ្វើ​ទុក្ខបុកម្នេញ រឹតត្បិត​ផ្នែក​តស៊ូ​មតិ បាញ់​សម្លាប់​ជាដើម​។ យើង​មិន​បាន​យុត្តិធម៌​សម្រាប់​ខ្លួនឯង និង​មិន​មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​ខ្លួនឯង ហើយ​ត្រូវ​អ្នកដឹកនាំ​ប្រទេស​ខ្លួន​ចាប់​ដាក់គុក​ទៀត អ៊ីចឹង​វា​ឈឺចាប់​មែនទែន»។

សមាជិក​ស្ត្រី​ថ្ងៃ​សុក្រ​លោកស្រី អ៊ុក ចន្ធី ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របស់​លោក ហ៊ុន សែន យល់ថា​ការ​គប់​ស្បែង​ជើង​នោះ គឺ​ផ្តើម​ចេញ​ពី​ការឈឺចាប់​របស់​ពលរដ្ឋ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោកស្រី​បន្ត​ថា ករណីនេះ​នៅ​តិចតួច ឬ​ស្រាល​បើ​ធៀប​នឹង​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទទួលរង​ការ​វាយដំ ការ​កាប់​សម្លាប់ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពី​សំណាក់​វិធានការ​របស់​រដ្ឋាភិបាល៖ «ពួកគាត់​គិតថា​អំពើ​មក​លើ​ពួកគាត់​ជា​ការ​លេងសើច​សប្បាយ​ហើយ​មើល​ទៅ ដល់​ពេល​គេ​ធ្វើ​ចំពោះ​គាត់​វិញ គាត់​ចេញ​មក​ថ្កោលទោស​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​យល់ថា​គាត់​ផ្ដាច់ការ​អ៊ីចឹង​ហើយ មិន​ដូច​ប្រទេស​ប្រជាធិបតេយ្យ​នោះ​ទេ»។

កូដករ​ណាហ្គាវើលដ៍​ដែល​រងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រយៈពេល​ជាង​៥​ខែ​មក​នេះ គឺ​លោកស្រី ជា សុខុម យល់​ថា ការ​គប់​ស្បែង​ជើង​លើ​មេដឹកនាំ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក គឺ​មិន​ខុស​ទាស់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ លោកស្រី​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច មិន​គួរ​ថ្កោលទោស​ចំពោះ តែ​ករណី​គប់​ស្បែង​ជើង​លើ​លោក ហ៊ុន សែន នោះ​ទេ គួរតែ​ថ្កោលទោស​និង​បញ្ឈប់​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គាវើល​ដ៍​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ផង​ដែរ៖ «គាត់​ធ្វើ​ហ្នឹង​ដើម្បី​ខ្មែរ​ដែល​ខឹង​សម្បារ​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ឆ្នាំង​បាយ​បី​ពេល ហើយ​ទទួលរង​ភាព​អយុត្តិធម៌​ដែរ មិនដឹង​ឱ្យ​អ្នកណា​ជួយ អ្នកណា​មើល​មាន​តែ​ធ្វើ​រហូត​ហ្នឹង​មិន​ដឹង​លោកនាយក​រដ្ឋមន្ត្រី​យើង​គាត់​នឹង​បើកភ្នែក​មើល​ពេលណា​ទេ អាហ្នឹង​យើង​មាន​តែ​តស៊ូ​ទៅ​មុខ​ទៀត​ហ្នឹង​ឯង»។

ទាក់ទង​ករណី​នេះ​ដែរ ព្រះសង្ឃ​គង់នៅ​វត្ត​ទីក្រុង​ម៉ុងរេអាល់ ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ មាន​ថេរ​ដីកា​ថា អំពើ​កម្មផល​ដែល​មន្ត្រី​គណបក្ស​ប្រជាជន និង​លោក ហ៊ុន សែន បាន​សាង​លើ​ពលរដ្ឋ​ខ្មែរ​កន្លងមក​មិនអាច​លុបលាង​បាន​នោះ​ទេ​។ ព្រះតេជព្រះគុណ​បន្ត​ថា​អំពើ​បាបកម្ម​ទាំងនោះ នឹង​តបស្នង​ត្រឡប់មកវិញ​នៅពេល​បច្ចុប្បន្ន ឬ​នៅ​ថ្ងៃ​អនាគតជាតិ៖ «ចាត់ទុក​គេ​សុទ្ធតែ​ជា​ខ្មាំង​ជា​សត្រូវ ប្រជារាស្ត្រ​របស់​ខ្លួន​ជាស​ត្រូវ ហើយ​ធ្វើបាប​គេ​បាន ប៉ុន្តែ​ដល់ពេល​គេ​ធ្វើបាប​ខ្លួន​វិញ សុទ្ធតែ​គេ​ខុស​ចាប់​គេ​ដាក់គុក​ដាក់ច្រវ៉ាក់ អត់​ត្រូវ​ទេ​អ្នកឯង បាបកម្ម​កាន់តែ​ខ្លាំង​ថែម​ទៀត បើ​តាម​ពុទ្ធសាសនា​បើ​គេ​ធ្វើ​ស្អី​មួយ​ត្រូវ​មើល​ខ្លួនឯង តើ​ខ្លួនឯង​មាន​ខុស​អ្វី​ទេ សួរ​ខ្លួនឯង​មុន មុននឹង​ចោទ​គេ អ៊ីចឹង​ឃើញ​ហើយ​ថា​ធ្វើបាប​រាស្ត្រ​មិច​ខ្លះ មិនទាន់​ចាប់​ដាក់គុក ដាក់​ច្រវ៉ាក់​អី​នៅ​ឡើយ​ទេ គេ​គ្រាន់តែ​គប់​ស្បែកជើង​ឱ្យ​អាម៉ាស់​ប៉ុណ្ណោះ»។

ទោះ​យ៉ាង​ណា​មន្ត្រី​គ្រាក់ៗ​គាំទ្រ​លោក ហ៊ុន សែន បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​លោក អ៊ុក ទូច ជា​បន្តបន្ទាប់​។ ក្នុង​នោះ​កូនប្រុស​របស់​នាយករដ្ឋ​មន្ត្រី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​លោក ហ៊ុន ម៉ានី បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ឧសភា​នេះ​ថា ទង្វើ​គប់​ស្បែកជើង​ទៅលើ​ឪពុក​របស់​លោក គឺជា​ការប្រមាថ​ឪពុក​លោក និង​ជា​ទង្វើ​ជ្រុលនិយម ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត។

ស្រដៀង​គ្នា​នេះ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា អ្នកស្រី ម៉ែន សំអន បាន​បង្ហោះ​នៅ​ហ្វេសប៊ុក​ដោយ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​នៅ​ថ្ងៃទី​១២ ឧសភា​នេះ ចាត់ទុក​ទង្វើ​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន គឺជា​ទង្វើ​ថោកទាប និង​ប្រមាថ​ដែល​មិន​អាច​ទទួល​បាន និង​លើកលែង ឬ​សម្រាល​ទោសកំហុស​ដល់​ពួក​ជ្រួល​និយម​បានទេ។

ទស្សន​ទាំងនេះ កើតមាន​ក្រោយពី​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​បាន​យក​ស្បែកជើង​គប់​តម្រង់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងពេលដែល​លោក​កំពុង​សំណេះសំណាល និង​ថតរូប​ជាមួយ​អ្នកគាំទ្រ​នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃទី​១១ ឧសភា ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​ពេល​ថ្ងៃ​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​ធ្វើ​បែប​នេះ​ដោយសារ​លោក​ខឹង​នឹង​លោក ហ៊ុន សែន សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើទុក្ខបុកម្នេញ បាញ់ប្រហារ បោក​គ្រាប់បែក និង​កាប់សម្លាប់ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ដែល​មិន​គាំទ្រ​លោក អំឡុង​ពេល​លោក​ដឹកនាំ​ប្រទេស។

បុរស​ដែល​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន នេះ អាច​រួច​ផុត​ពី​ការ​ចាប់ខ្លួន និង​ការ​វាយដំ​សងសឹក​នេះ ដោយសារតែ​លោក​រស់នៅ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ ប៉ុន្តែ​ប្រសិនបើ​លោក​រស់នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន ទំនងជា​នឹង​មិន​បណ្តោយ​ឱ្យ​រួចខ្លួន​ឬ​បាន​រស់នៅ​សុខ​ស្រួល​នោះ​ទេ​។ កន្លងមក​ស្ត្រី​មេម៉ាយ​ជា​កម្មករ​រោងចក្រ​ម្នាក់ ឈ្មោះ សំ សុខា ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន តាម​ចាប់ខ្លួន​ពី​ប្រទេស​ថៃ​មក​ដាក់ទោស​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​រហូតដល់​៤​ឆ្នាំ​ដោយសារតែ​យក​ស្បែកជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក ហ៊ុន សែន និង​លោក ហេង សំរិន។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ចាត់ទុក​ការ​គប់​ស្បែកជើង​លើ​មេដឹកនាំ គឺជា​ការ​បញ្ចេញមតិ​ដោយ​ពុំ​មាន​ទោសកំហុស​នោះ​ទេ​។ លោក​យល់​ថា បើសិន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ឆ្លើយតប​ក្តី​កង្វល់​របស់​ពលរដ្ឋ​ពិតប្រាកដ នោះ​បញ្ហា​បែបនេះ​នឹង​មិន​កើតឡើង​នោះ​ទេ។ ម្យ៉ាងវិញទៀត​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ក៏​ចង់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ហ៊ាន​ប្រតិកម្ម​រឿង​អយុត្តិធម៌​សង្គម បញ្ហា​បំផ្លាញ​ព្រៃឈើ ធនធាន​ធម្មជាតិ ទទួល​យក​សំណូមពរ និង​ឆ្លើយតប​ដោះស្រាយ​សំណើ​របស់​ពលរដ្ឋ​ឱ្យ​ស្មើភាព​គ្នា៖ «មាន​ប្រទេស​មួយ​ចំនួន​ដឹកនាំ​មិន​ល្អ វា​ជា​រឿង​ធម្មតា​ទេ ប្រទេស​ប្រជាធិបតេយ្យ​មាន​អ្នក​មិន​ពេញចិត្ត​អ៊ីចឹង​ហើយ បានជា​មាន​ប្រតិកម្ម​តប​ទៅ​តាម​សកម្មភាព​ផ្សេងៗ គេ​ទទួល​យក​ទៅ​ដោះស្រាយ​អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​ភាគច្រើន​បង្ក​ឱ្យ​មាន​បញ្ហា​បែបនេះ​កើត​ឡើង ហើយ​បង្ក​កាន់តែ​ច្រើន​ទៅៗ​ឱ្យ​ក្លាយជា​គំនុំ ខឹង​សម្បារ កំហឹង​អ៊ីចឹង ខ្ញុំ​គិតថា​មិន​គួរ​កើត​មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទេ»។

ស្រដៀង​គ្នា​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភា បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា​ថា អាជ្ញាធរ​គួរ​ប្តេជ្ញា​ឆ្លើយតប​ប្រឆាំង​នឹង​ទម្រង់​ហិង្សា​ដែល​បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​ចំពោះ​ករណី​ដែល​កើត​ឡើងលើ​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​របស់​ខ្លួន​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ការ​យកចិត្តទុកដាក់​ប្រឆាំង​ហិង្សា​នេះ គួរ​មាន​ទម្ងន់​លើ​សហគមន៍ ជនរងគ្រោះ អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ទូទៅ​ដែរ។ ទន្ទឹម​នឹង​នេះ អ្នកស្រី​បញ្ជាក់​ពលរដ្ឋ អ្នក​នយោបាយ ជា​សកម្មជន ក៏​ត្រូវ​រក្សា​នូវ​គោលការណ៍​អហិង្សា និង​ការ​តស៊ូ​មតិ​ដោយ​ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ដូចគ្នា បើសិន​ពួកគេ​ចង់ឱ្យ​សង្គម​នេះ​វិវត្ត​ដោយ​សន្តិភាព ដែល​មិន​ត្រឹម​តែ​អវត្តមាន​នៃ​សង្គ្រាម​ទេ តែ​អាច​រស់នៅ​ជាមួយគ្នា​ដោយ​មាន​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ៕

3 comments:

Anonymous said...

The shoe fits Ah Norouk Hun Sen's face perfectly.

This is a precursor sign of the end of Hun Sen's reign of terror.

Anonymous said...

That shoe is an historical shoe. They should keep this shoe in the museum of art in Phnom Penh, with the description " Hun Sen's face deserves this shoe".

Anonymous said...

Next time, throw human stinky khmer shit at him.