ដោយ យន់ សាមៀន
2022.05.15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិក មុខកិច្ចប្រជុំពិសេសអាស៊ានអាមេរិក។
រូប៖ ហ្វេសប៊ុក
សាធារណជនបញ្ចេញទស្សនផ្សេងៗគ្នាជុំវិញពលរដ្ឋខ្មែរអាមេរិកកាំងយកស្បែកជើងគប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិក។ មន្ត្រីរដ្ឋាភិបាល ជាពិសេសកូនប្រុសរបស់លោក ហ៊ុន បានប្រកាសថ្កោលទោស និងមិនអាចទទួលយកបានជាដាច់ខាត។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយចំនួនចាត់ទុកថា ករណីនេះ ជារឿងធម្មតាក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែអ្នកខ្លះថា លោក ហ៊ុន សែន សមនឹងរងភាពអាម៉ាស់លើឆាកអន្តរជាតិដោយសារទង្វើមន្ត្រីរបស់លោកបើអំពើហិង្សា រំលោភដីធ្លី អយុត្តិធម៌សង្គម អំពើពុករលួយ រំលោភបំពានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករជាដើម។
ក្រោយពីពលរដ្ឋខ្មែរអាមេរិកម្នាក់លោក អ៊ុក ទូច ដែលបានយកស្បែកជើងគប់លោក ហ៊ុន សែន ក្នុងពេលជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិកកន្លងមកនេះ សាធារណជន បានបញ្ចេញមតិផ្សេងៗគ្នា។
សមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ថ្លែងថាប្រទេសប្រកាន់ប្រជាធិបតេយ្យការគប់ស្បែងជើងលើមេដឹកនាំដែលអសមត្ថភាពក្នុងការបញ្ចាប់អំពើហិង្សា និងអំពើអយុត្តិធម៌ក្នុងសង្គម ដោយការរំលោភច្បាប់ និងសិទ្ធិមនុស្ស គឺមិនធ្ងន់ធ្ងរនោះទេ។ យុវជនរូបនេះឱ្យដឹងថា កញ្ញាក៏ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលរងការទាត់ធាក់ ជេរប្រមាថ និងជាប់ពន្ធនាគារទាំងគ្មានកំហុស ហើយកញ្ញាមិនដែលទទួលបានយុត្តិធម៌ឡើយ៖ «ដោយសារគាត់ឈឺចាប់ គាត់ឃើញប្រទេសជាតិកំពុងលិចលង់ ហើយរំលោភបំពានធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្លួនឯង មានដូចជាចាប់ចង ធ្វើទុក្ខបុកម្នេញ រឹតត្បិតផ្នែកតស៊ូមតិ បាញ់សម្លាប់ជាដើម។ យើងមិនបានយុត្តិធម៌សម្រាប់ខ្លួនឯង និងមិនមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ និងទឹកដីខ្លួនឯង ហើយត្រូវអ្នកដឹកនាំប្រទេសខ្លួនចាប់ដាក់គុកទៀត អ៊ីចឹងវាឈឺចាប់មែនទែន»។
សមាជិកស្ត្រីថ្ងៃសុក្រលោកស្រី អ៊ុក ចន្ធី ដែលរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបស់លោក ហ៊ុន សែន យល់ថាការគប់ស្បែងជើងនោះ គឺផ្តើមចេញពីការឈឺចាប់របស់ពលរដ្ឋក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ លោកស្រីបន្តថា ករណីនេះនៅតិចតួច ឬស្រាលបើធៀបនឹងទុក្ខវេទនារបស់ពលរដ្ឋខ្មែរដែលទទួលរងការវាយដំ ការកាប់សម្លាប់ និងចាប់ខ្លួនដាក់ពន្ធនាគារទាំងអយុត្តិធម៌ពីសំណាក់វិធានការរបស់រដ្ឋាភិបាល៖ «ពួកគាត់គិតថាអំពើមកលើពួកគាត់ជាការលេងសើចសប្បាយហើយមើលទៅ ដល់ពេលគេធ្វើចំពោះគាត់វិញ គាត់ចេញមកថ្កោលទោសអ៊ីចឹង ប៉ុន្តែខ្ញុំយល់ថាគាត់ផ្ដាច់ការអ៊ីចឹងហើយ មិនដូចប្រទេសប្រជាធិបតេយ្យនោះទេ»។
កូដករណាហ្គាវើលដ៍ដែលរងគ្រោះពីការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធររយៈពេលជាង៥ខែមកនេះ គឺលោកស្រី ជា សុខុម យល់ថា ការគប់ស្បែងជើងលើមេដឹកនាំដែលខ្លួនមិនពេញចិត្តនៅលើទឹកដីសហរដ្ឋអាមេរិក គឺមិនខុសទាស់អ្វីធ្ងន់ធ្ងរនោះទេ។ លោកស្រីថា មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្របក្សកាន់អំណាច មិនគួរថ្កោលទោសចំពោះ តែករណីគប់ស្បែងជើងលើលោក ហ៊ុន សែន នោះទេ គួរតែថ្កោលទោសនិងបញ្ឈប់អំពើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ដែលធ្វើកូដកម្មដោយអហិង្សាផងដែរ៖ «គាត់ធ្វើហ្នឹងដើម្បីខ្មែរដែលខឹងសម្បារទាំងអស់ ប៉ុន្តែអ្វីដែលពួកខ្ញុំធ្វើនេះដើម្បីឆ្នាំងបាយបីពេល ហើយទទួលរងភាពអយុត្តិធម៌ដែរ មិនដឹងឱ្យអ្នកណាជួយ អ្នកណាមើលមានតែធ្វើរហូតហ្នឹងមិនដឹងលោកនាយករដ្ឋមន្ត្រីយើងគាត់នឹងបើកភ្នែកមើលពេលណាទេ អាហ្នឹងយើងមានតែតស៊ូទៅមុខទៀតហ្នឹងឯង»។
ទាក់ទងករណីនេះដែរ ព្រះសង្ឃគង់នៅវត្តទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ មានថេរដីកាថា អំពើកម្មផលដែលមន្ត្រីគណបក្សប្រជាជន និងលោក ហ៊ុន សែន បានសាងលើពលរដ្ឋខ្មែរកន្លងមកមិនអាចលុបលាងបាននោះទេ។ ព្រះតេជព្រះគុណបន្តថាអំពើបាបកម្មទាំងនោះ នឹងតបស្នងត្រឡប់មកវិញនៅពេលបច្ចុប្បន្ន ឬនៅថ្ងៃអនាគតជាតិ៖ «ចាត់ទុកគេសុទ្ធតែជាខ្មាំងជាសត្រូវ ប្រជារាស្ត្ររបស់ខ្លួនជាសត្រូវ ហើយធ្វើបាបគេបាន ប៉ុន្តែដល់ពេលគេធ្វើបាបខ្លួនវិញ សុទ្ធតែគេខុសចាប់គេដាក់គុកដាក់ច្រវ៉ាក់ អត់ត្រូវទេអ្នកឯង បាបកម្មកាន់តែខ្លាំងថែមទៀត បើតាមពុទ្ធសាសនាបើគេធ្វើស្អីមួយត្រូវមើលខ្លួនឯង តើខ្លួនឯងមានខុសអ្វីទេ សួរខ្លួនឯងមុន មុននឹងចោទគេ អ៊ីចឹងឃើញហើយថាធ្វើបាបរាស្ត្រមិចខ្លះ មិនទាន់ចាប់ដាក់គុក ដាក់ច្រវ៉ាក់អីនៅឡើយទេ គេគ្រាន់តែគប់ស្បែកជើងឱ្យអាម៉ាស់ប៉ុណ្ណោះ»។
ទោះយ៉ាងណាមន្ត្រីគ្រាក់ៗគាំទ្រលោក ហ៊ុន សែន បានប្រកាសថ្កោលទោសចំពោះទង្វើរបស់ពលរដ្ឋខ្មែរអាមេរិកកាំងលោក អ៊ុក ទូច ជាបន្តបន្ទាប់។ ក្នុងនោះកូនប្រុសរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភាលោក ហ៊ុន ម៉ានី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ឧសភានេះថា ទង្វើគប់ស្បែកជើងទៅលើឪពុករបស់លោក គឺជាការប្រមាថឪពុកលោក និងជាទង្វើជ្រុលនិយម ដែលមិនអាចទទួលយកបានជាដាច់ខាត។
ស្រដៀងគ្នានេះឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា អ្នកស្រី ម៉ែន សំអន បានបង្ហោះនៅហ្វេសប៊ុកដោយនៅលើហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី១២ ឧសភានេះ ចាត់ទុកទង្វើគប់ស្បែកជើងលើលោក ហ៊ុន សែន គឺជាទង្វើថោកទាប និងប្រមាថដែលមិនអាចទទួលបាន និងលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រួលនិយមបានទេ។
ទស្សនទាំងនេះ កើតមានក្រោយពីពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់បានយកស្បែកជើងគប់តម្រង់ទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលដែលលោកកំពុងសំណេះសំណាល និងថតរូបជាមួយអ្នកគាំទ្រនៅមុនពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងពេលថ្ងៃម៉ោងនៅសហរដ្ឋអាមេរិក។ ពលរដ្ឋរូបនេះអះអាងថា មូលហេតុដែលធ្វើបែបនេះដោយសារលោកខឹងនឹងលោក ហ៊ុន សែន សម្លាប់លទ្ធិប្រជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញ បាញ់ប្រហារ បោកគ្រាប់បែក និងកាប់សម្លាប់ ពលរដ្ឋខ្មែរជាច្រើននាក់ដែលមិនគាំទ្រលោក អំឡុងពេលលោកដឹកនាំប្រទេស។
បុរសដែលគប់ស្បែកជើងលើលោក ហ៊ុន សែន នេះ អាចរួចផុតពីការចាប់ខ្លួន និងការវាយដំសងសឹកនេះ ដោយសារតែលោករស់នៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្តែប្រសិនបើលោករស់នៅកម្ពុជាវិញ លោក ហ៊ុន សែន ទំនងជានឹងមិនបណ្តោយឱ្យរួចខ្លួនឬបានរស់នៅសុខស្រួលនោះទេ។ កន្លងមកស្ត្រីមេម៉ាយជាកម្មកររោងចក្រម្នាក់ ឈ្មោះ សំ សុខា ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន តាមចាប់ខ្លួនពីប្រទេសថៃមកដាក់ទោសក្នុងពន្ធនាគារនៅកម្ពុជារហូតដល់៤ឆ្នាំដោយសារតែយកស្បែកជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជាដែលមានរូបលោក ហ៊ុន សែន និងលោក ហេង សំរិន។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រទេសប្រកាន់ប្រជាធិបតេយ្យ ចាត់ទុកការគប់ស្បែកជើងលើមេដឹកនាំ គឺជាការបញ្ចេញមតិដោយពុំមានទោសកំហុសនោះទេ។ លោកយល់ថា បើសិនរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយពីបញ្ហាសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ព្រមទាំងឆ្លើយតបក្តីកង្វល់របស់ពលរដ្ឋពិតប្រាកដ នោះបញ្ហាបែបនេះនឹងមិនកើតឡើងនោះទេ។ ម្យ៉ាងវិញទៀតមន្ត្រីសង្គមស៊ីវិលរូបនេះក៏ចង់ឃើញមន្ត្រីរដ្ឋាភិបាលហ៊ានប្រតិកម្មរឿងអយុត្តិធម៌សង្គម បញ្ហាបំផ្លាញព្រៃឈើ ធនធានធម្មជាតិ ទទួលយកសំណូមពរ និងឆ្លើយតបដោះស្រាយសំណើរបស់ពលរដ្ឋឱ្យស្មើភាពគ្នា៖ «មានប្រទេសមួយចំនួនដឹកនាំមិនល្អ វាជារឿងធម្មតាទេ ប្រទេសប្រជាធិបតេយ្យមានអ្នកមិនពេញចិត្តអ៊ីចឹងហើយ បានជាមានប្រតិកម្មតបទៅតាមសកម្មភាពផ្សេងៗ គេទទួលយកទៅដោះស្រាយអ៊ីចឹងទៅ ប៉ុន្តែយើងភាគច្រើនបង្កឱ្យមានបញ្ហាបែបនេះកើតឡើង ហើយបង្កកាន់តែច្រើនទៅៗឱ្យក្លាយជាគំនុំ ខឹងសម្បារ កំហឹងអ៊ីចឹង ខ្ញុំគិតថាមិនគួរកើតមានក្នុងសង្គមប្រជាធិបតេយ្យទេ»។
ស្រដៀងគ្នានេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភា បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី១៣ ខែឧសភាថា អាជ្ញាធរគួរប្តេជ្ញាឆ្លើយតបប្រឆាំងនឹងទម្រង់ហិង្សាដែលបានកើតឡើងចំពោះពលរដ្ឋគ្រប់រូប ដោយមិនចំពោះករណីដែលកើតឡើងលើថ្នាក់ដឹកនាំ ឬមន្ត្រីរបស់ខ្លួននោះទេ។ អ្នកស្រីបន្តថា ការយកចិត្តទុកដាក់ប្រឆាំងហិង្សានេះ គួរមានទម្ងន់លើសហគមន៍ ជនរងគ្រោះ អ្នកសារព័ត៌មាន និងពលរដ្ឋទូទៅដែរ។ ទន្ទឹមនឹងនេះ អ្នកស្រីបញ្ជាក់ពលរដ្ឋ អ្នកនយោបាយ ជាសកម្មជន ក៏ត្រូវរក្សានូវគោលការណ៍អហិង្សា និងការតស៊ូមតិដោយឈរលើគោលការណ៍សិទ្ធិមនុស្សដូចគ្នា បើសិនពួកគេចង់ឱ្យសង្គមនេះវិវត្តដោយសន្តិភាព ដែលមិនត្រឹមតែអវត្តមាននៃសង្គ្រាមទេ តែអាចរស់នៅជាមួយគ្នាដោយមានសេរីភាព និងសេចក្តីថ្លៃថ្នូរ៕
3 comments:
The shoe fits Ah Norouk Hun Sen's face perfectly.
This is a precursor sign of the end of Hun Sen's reign of terror.
That shoe is an historical shoe. They should keep this shoe in the museum of art in Phnom Penh, with the description " Hun Sen's face deserves this shoe".
Next time, throw human stinky khmer shit at him.
Post a Comment