Friday, 13 May 2022

ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក


ដោយ ខែ សុណង
2022.05.12
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក 

ពលរដ្ឋខ្មែរអ្នកគាំទ្រលោក ហ៊ុន សែន
រូប៖ បណ្តាញសង្គម

ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​បាន​យក​ស្បែក​ជើង​​គប់​តម្រង់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​ពេល​ដែល​លោក​កំពុង​​សំណេះសំណាល​ និង​ថតរូប​ជា​មួយ​អ្នក​គាំទ្រ​​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​​ កាលពី​យប់​ថ្ងៃ​ទី១១ ឧសភា ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​ពេល​ថ្ងៃ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​​​ធ្វើ​បែប​នេះ​​ដោយ​សារ​លោក​ខឹង​នឹង​លោក ហ៊ុន សែន ដែល​បាន​សម្លាប់​សាច់ញាតិ​របស់​គាត់ ​​និង​​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​អំឡុង​ពេល​លោក​ដឹក​នាំ​ប្រទេស។

បុរស​ខ្មែរ​អាមេរិកកាំង​វ័យ​ចំណាស់​ម្នាក់​ ដែល​បាន​គប់​ស្បែកជើង​សំដៅ​ទៅ​លើ​លោក ហ៊ុន សែន​ នោះ ត្រូវ​បាន​ប៉ូលិស​អាមេរិក​ជម្លៀស​ចេញ​ពី​ក្រុម​លោក ហ៊ុន សែន ភ្លាមៗ ដើម្បី​សុវត្ថិភាព​ក្រោយ​ពេល​ដែល​គប់​ស្បែកជើង​នៅ​កណ្ដាល​ហ្វូង​មនុស្ស។


ឃ្លិប​វីដេអូ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​បង្ហាញ​ថា ស្បែក​ជើង​ដែល​បុរស​ម្នាក់​បាន​គប់​នោះ​ធ្លាក់​នៅ​ខាង​មុខ លោក ហ៊ុន សែន តែ​ម្ដង ខណៈ​លោក​កំពុង​ថត​រូប​ជា​មួយ​អ្នក​គាំទ្រ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក អ៊ុក ទូច វ័យ​ ៧១ឆ្នាំ​ប្លាយ ជា​អ្នក​ដែល​គប់​ស្បែក​ជើង​ទៅ​លើ​លោក ហ៊ុន សែន នោះ​អះអាង​ថា លោក​គឺ​ជា​ចៅទួត​របស់​អ្នក​ប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក ក្រម ង៉ុយ។ លោក​បាន​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ​កាលីហ្វូញ៉ា (California) សហរដ្ឋ​អាមេរិក។ លោក អ៊ុក ទូច រៀប​រាប់ថា ការ​ដែល​លោក​យក​ស្បែក​ជើង​របស់​ខ្លួន​មួយ​ចំហៀង​គប់​សំដៅ​ទៅ​លើ​នាយករដ្ឋមន្ត្រី​បែប​នេះ​ ដោយសារ​លោក​ខឹង​នឹង​លោក ​ហ៊ុន សែន ដែល​បាន​សម្លាប់​គ្រួសារ​របស់​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ក្នុង​ពេល​ដែល​ដឹក​នាំ​ប្រទេស​រយៈ​ពេល​ជិត ៤០មក​នេះ៖ «ហើយ ហ៊ុន សែន ហ្នឹង​ខ្ញុំ​គ្រាន់​តែ​យក​ស្បែក​ជើង​គប់​គាត់​ទេ តែ​ពួកគាត់​វិញ​យក​គ្រាប់​បែក​គប់​បាតុករ​​ស្លាប់​មិន​ចេះ​តិច​នៅ​ស្រុក​ខ្មែរ​។ តើ​ខ្ញុំ​មាន​កំហុស​តែ​ឬ​អត់​បើ​ខ្ញុំ​ធ្វើ​អីចឹង​ ព្រោះ​ ហ៊ុន សែន​ សម្លាប់​មនុស្ស​ច្រើន​ណាស់​ សម្លាប់​ប្រជាធិបតេយ្យ​បាន​ជា​ខ្ញុំ​ខឹង​ខ្ញុំ​ទប់​អត់​បាន ហើយ​គាត់​សម្លាប់​ឪពុក​ម្ដាយ​ខ្ញុំ​ទៀត។​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ខ្ញុំ​ត្រូវ​តែ​សង​សឹក​ជា​មួយ​គាត់​»។
Throwing_Shoe_at_Hun_Sen7b.JPG
 

ស្បែក​ជើង ហោះ​កាត់​មុខ​លោក ហ៊ុន សែន ក្រោយចេញ​ពី​ដៃពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​ឈ្មោះ អ៊ុក ទូច បាន​គប់​តម្រង់​ទៅ​លើ​លោក​ ហ៊ុន សែន ក្នុង​ពេល​លោក​កំពុង​ថតរូប​ជា​មួយ​អ្នក​គាំទ្រ​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២២។ រូបពីវីឌីអូឃ្លិបលើហ្វេសប៊ុក

លោក​បន្ត​ថា ភ្លាមៗ ​ក្រោយ​ពី​បាន​​គប់​ស្បែក​ជើង​ មាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ជា​ច្រើន​នាក់​​បាន​ស្ទុះ​​ទៅ​រក​ក្របួច​ក​អាវ​ប្រុង​​វាយ​លោក​ ប៉ុន្តែ​​ត្រូវ​បាន​ប៉ូលិស​អាមេរិក​​ដែល​ប្រចាំការ​នៅ​ទី​នោះ​ជួយ​លោក​ទាន់​​ពេល​ ហើយ​ក៏​​ជម្លៀស​​ចេញ​​​ពី​ក្រុម​លោក ​ហ៊ុន សែន ​ដើម្បី​សុវត្ថិភាព។
Uk_Touch_051222_interviewed_by_RFA_Khmer_in_DC.jpg
 

លោក អ៊ុក ទូច ​វ័យ ៧១ឆ្នាំ ជាពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​ ដែល​កាល​ពី​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២២ បាន​យក​ស្បែកជើង​គប់​តម្រង់​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ផ្ដល់​បទសម្ភាសន៍ដល់លោក ជុន ច័ន្ទបុត្រ អ្នករាយការណ៍ព័ត៌មាន​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២២។ រូប៖ RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ដួង ចន្ត្រា យល់​ថា ការ​គប់​ស្បែក​ជើង​នេះ​​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​​នៅ​ឯនាយ​សមុទ្រ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន​ នោះ​ទេ ព្រោះ​លោក​បាន​​ចាប់​ចង​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «យ៉ាង​ណា​មិញ​​ថ្មីៗ​យើង​ឃើញ​មាន​បុគ្គលិក​ណាហ្គាវើលដ៍ ដែល​ទាម​ទារ​លក្ខខ័ណ្ឌ​ការងារ​ឱ្យ​ថៅកែ​គោរព​ច្បាប់​ការងារ បែរ​ជា​ប្រើ​អំពើ​ហិង្សា ចាប់​រុញ​គាត់​យ៉ាង​ឈឺ​ចាប់​បំផុត។​ខ្ញុំ​បើក​មើល​ហ្វេសប៊ុក ​ព្រឹត្តិការណ៍​ហ្នឹង​សុទ្ធតែ​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ​ស្អាត​បាត ប៉ុន្តែ​ប្រៀបធៀប​សត្វ​ឆ្កែ​លើស​ឆ្កែ​ស្រុក​ទៀត ដូច​ឆ្កែ​ព្រៃ​ដែល​ព័ទ្ធ​ខាំ​នារី​ម្នាក់​រុញ​ទៅ​រុញ​មក​ហាក់​បី​ដូច​ជា​អាក្រក់​មើល​បំផុត។ អីចឹង​ទង្វើ​បែប​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​ហ៊ុន សែន ​ទៅ​ដល់​ទីណា​អាម៉ាស់​ចំពោះ​ភ្នែក​ជាតិ​និង​អន្តរជាតិ​នៅ​ទីនោះ»។​

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​១២​ ឧសភា ​ថា ​ការ​គប់​ស្បែក​ជើង​​​​​នេះ ​ជា​រឿង​ធម្មតា​ទេ​នៅ​​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​មាន​​ទាំង​អ្នក​គាំទ្រ​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន និង​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​។​ ប៉ុន្តែ​​លោក​ជឿជាក់​ថា នៅ​ក្នុង​ពិធី​សំណេះសំណាល​នៅ​អាមេរិក មាន​ប្រជាពលរដ្ឋ​ច្រើន​លើស​លុប​បាន​ទៅ​ស្វាគមន៍​លោក ហ៊ុន សែន ហើយ​អ្នក​មិន​គាំ​ទ្រ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ៖ «អីចឹង​វា​អត់​មាន​អ្នក​គាំទ្រ​ទាំង ១០០ភាគ​រយ​ ហើយ​វា​អត់​មាន​អ្នក​ដែល​ប្រឆាំង​មួយ​ភាគ​រយ​ដែរ ។​ពី​ព្រឹក​មិញ​ដែល​ខ្ញុំ​តាម​ដាន​មើល​តាំង​ពី​ម៉ោង ៤នៅ​ស្រុក​ខ្មែរ ដូច​ថា​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ក៏​ប៉ុន្តែ​អ្នក​ដែល​គប់​ហ្នឹង​វា​មាន​តែ​មួយ អីចឹង​ទេ​វា​ជា​រឿង​ធម្មតា​ទេ​អត់​មាន​បញ្ហា​អី​គួរ​ឱ្យ​គត់​សំគាល់​ទេ»។

ប៉ុន្តែ​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី មិន​មាន​ចិត្ត​ទូលាយ​ដូច​លោក សុខ ឥសាន នោះ​ទេ។ លោក ហ៊ុន ម៉ានី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ឧសភា​នេះ​ថា ទង្វើ​គប់​ស្បែកជើង​ទៅ​លើ​ឪពុក​របស់​លោក គឺ​ជា​ទង្វើ​ជ្រុល​និយម ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។  

ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ និង​កិច្ចការ​នយោបាយ​កញ្ញា សេង ធារី យល់​ថា ​ការ​គប់​ស្បែកជើង​នេះ​ ប្រសិន​បើ​មិន​ប៉ះពាល់​ទៅ​លើ​លោក​ហ៊ុន សែន​ នោះ​ទេ គឺ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន។ កញ្ញា​យល់​ថា ចំពោះ​មនុស្ស​ដែល​ទៅ​គាំទ្រ​លោក​ ហ៊ុន សែន វិញ គឺជា​ការ​សម្ដែង​ឱ្យ​តែ​ល្អ​មើល​ ដោយ​ទទួល​បាន​ការ​សន្យា​ថា នឹង​ផ្តល់​ប្រាក់​កាស ឬ​ជា​តំណែង​អ្វី​មួយ​ដល់​ពួកគេ​ដែល​ទៅ​ចូល​រួម​ស្វាគមន៍​លោក​ ហ៊ុន សែន ដើម្បី​បិទបាំង​ភាព​អាម៉ាស់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ៖ «លោក ហ៊ុន សែន ដឹង​ថា ប្រសិន​បើ​គាត់​ទៅ​ជាន់​ដី​សហរដ្ឋអាមេរិក​គាត់​នឹង​ជួប​ប្រទះ​អ្នក​តវ៉ា​ប្រឆាំង​គាត់។ បើ​អីចឹង​គាត់​បាន​ត្រៀម​មុន​តាម​មនុស្ស​ដែល​គាត់​អាច​ទិញ​បាន​គាត់​ អាច​លោម​បាន​តាម​លុយ​ក្ដី​តាម​ឋានៈ​ក្ដី។ ខ្ញុំ​បាន​ឃើញ​រូប​ភាព​តាម​ហ្វេសប៊ុក​របស់​គាត់​ហើយ​ខ្ញុំ​បាន​ចាប់​អារម្មណ៍​ថា​ មាន​អ្នក​ចូល​រួម​ច្រើន តែ​របប​ផ្ដាច់​ការ​នេះ​ក៏​មាន​លុយ​នៅ​ក្នុង​ការ​ជួល​មនុស្ស​ដែរ​។​ គេ​ជួល​ឱ្យ​ម្នាក់ ១០០ដុល្លារ​ម្នាក់ ៥០០ដុល្លារ​ ចំពោះ​របរ​ផ្ដាច់​ការ​នេះ​អត់​មាន​បញ្ហា​ទេ ព្រោះ​ជា​របប​ផ្ដាច់​ការ​ផង​ហើយ​ជា​របប​ពុករលួយ​ផង»។

បុរស​ដែល​គប់​ស្បែក​ជើង​លើ​លោក ហ៊ុន សែន នេះ អាច​រួចផុត​ពី​ការ​ចាប់ខ្លួន និង​ការ​វាយ​ដំ​សងសឹក​នេះ ដោយសារ​តែ​លោក​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ប៉ុន្តែ​ប្រសិន​បើ​លោក រស់​នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន ទំនង​ជា​នឹង​មិន​បណ្ដោយ​ឱ្យ​រួច​ខ្លួន ឬ​បាន​រស់នៅ​សុខ​ស្រួល​នោះ​ទេ។ កន្លង​មក​ស្ត្រី​មេម៉ាយ​ជា​កម្មករ​រោងចក្រ​ម្នាក់ ឈ្មោះ សំ សុខា ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន តាម​ចាប់​ខ្លួន​ពី​ប្រទេស​ថៃ​មក​ដាក់​ទោស​​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​រហូតដល់​៤ឆ្នាំ​ដោយសារ​តែ​យក​ស្បែក​ជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន។

ក្នុង​ចំណោម​មេ​ដឹកនាំ​អាស៊ាន​ទាំង​អស់ ដែល​មក​ប្រជុំ​នៅ​សហរដ្ឋ​អាមេរិក​នេះ មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​ខុស​ប្លែក​ពី​គេ។ ខុស​ប្លែក​ពី​គេ គឺ​ត្រង់​ថា មាន​តែ​លោក​ទេ​ដែល​កែន​អ្នក​គាំទ្រ​លោក​រាប់​រយ​នាក់​មក​ទទួល​ស្វាគមន៍​លោក ដែល​ធ្វើ​ឱ្យ​គេឯង​ភ្ញាក់​ផ្អើល ចំណែក​មេ​ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​មក​ដល់​ស្ងាត់ៗ ធម្មតា​មិន​បាន​ធ្វើ​របៀប​នោះ​ទេ។

លោក​ហ៊ុន សែន​ ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​បាន​ដឹក​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ​និង​រំឭក​ខួប​លើក​ទី៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ចាប់ពី​ថ្ងៃ​ទី១២-១៣ ខែឧសភា។ ​ជា​មួយ​គ្នា​នេះ មាន​ពលរដ្ឋ​ខ្មែរ និង​ថៃ ភូមា ឡាវ និង​វៀតណាម បាន​រួមគ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី១២ ឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ​ ក្រោម​ប្រធាន​បទ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ត្រូវ​ការ​ជន​ផ្ដាច់​ការ៕

No comments: