Tuesday, 7 June 2022

គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិទី៥


ដោយ មាន ឫទ្ធិ
2022.06.06
គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិទី៥ 

(ពី​ឆ្វេង​ទៅ​ស្តាំ) លោក ថាច់ សេដ្ឋា អ្នក​នាំ​ពាក្យគណបក្ស, លោក សុន ឆ័យ អនុប្រធានគណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្សភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន

គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ឃុំ ​សង្កាត់​អាណត្តិទី៥ ដោយ​សារ​លទ្ធផល​ដែល​ចេញ​ពី​ការ​បោះឆ្នោត​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ និង​រំលោភ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ប៉ុន្តែ​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ដំណើរ​ការ​នៃ​ការបោះឆ្នោត​​បាន​ប្រព្រឹត្តទៅ​ជា​ប្រក្រតី​ ត្រឹមត្រូវ ​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ។

គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅថ្ងៃទី៦ ខែមិថុនា ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មាន​បរិយាកាស​មិន​ស្មើភាព​ដោយ​សារ​ពលរដ្ឋ​ពុំ​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​ផ្នែក​នយោបាយ និង​ការ​បញ្ចេញ​មតិ។ គណបក្ស​ភ្លើង​ទៀន​មើល​ឃើញ​ថា មន្រ្តីស្ថាប័ន​បោះឆ្នោត​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​សុទ្ធសឹង​ជា​មន្រ្តី​មក​ពី​គណបក្ស​ប្រជាជាកម្ពុជា។ បេក្ខជន និង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​ភ្លើងទៀន​ត្រូវ​ទទួល​រងការ​គាប​សង្កត់ និង​ការ​បំភិតបំភ័យ។​ ទន្ទឹម​នឹង​នេះ ក៏​មាន​សកម្មភាព​គៀងគរ​ពលរដ្ឋ​តាមរយៈ​ការ​ទិញ​សន្លឹក​ឆ្នោត ការ​តាម​ដាន ការ​សំឡុត ការ​គំរាម​កំហែង​ជា​ហូរហែរ​ដោយ​មិន​មាន​ការ​អង្កេត និង​ទប់​ស្កាត់​ពី គ.ជ.ប ឡើយ។


គណបក្ស​ភ្លើងទៀន​លើកឡើងថា នៅថ្ងៃបោះឆ្នោត​ស្ទើរគ្រប់​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស​បាន​បិទទ្វារ​ចាក់សោ​របង ចាប់​ពី​ម៉ោង​៣​រសៀល​ដោយ​បណ្តេញ​ពលរដ្ឋ​ចេញ​ មិន​ឱ្យ​តាម​ដាន​ការ​រាប់​សន្លឹកឆ្នោត​ និង​បណ្តេញ​ភ្នាក់ងារ​មកពី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​ជាដើម​ ហើយ​ករណី​ខ្លះ​គណៈកម្មការ​ឃុំសង្កាត់​រៀបចំ​ការ​បោះឆ្នោត មិន​អនុញ្ញាត​ឱ្យ​ថត​លទ្ធផល​បោះឆ្នោត ដែល​បិទ​នៅ​ការិយាល័យ​បោះឆ្នោត​ទៀត​ផង។ ផ្ទុយ​ទៅវិញ​អាជ្ញាធរ​មូលដ្ឋាន​ និង​តំណាង​អង្គការ​សង្កេតការណ៍​ របស់​បក្សកាន់​អំណាច​មាន​សិទ្ធិ​នៅក្នុង​បរិវេន​ទីតាំង​ទាំង​នោះ​ដោយ​សេរី។ គណបក្ស​ភ្លើង​ទៀន ចាត់​ទុក​ការរំលោភ​បំពាន​ទាំង​នេះ រួមទាំង​ករណី​រំលោភ​បំពាន​ជាច្រើន​ទៀត​ថា បង្ហាញ​ពី​សកម្មភាព​នៃ​ការ​លួច​សន្លឹក​ឆ្នោត។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​​នៅ​រសៀល​​ថ្ងៃ​​០៦ ខែ​​មិថុនា​ ដោយចាត់​ទុកការ​បោះឆ្នោត​ថ្នាក់​ឃុំ សង្កាត់​នេះ​ថា មិន​ប្រព្រឹត្ត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ​ ដោយសារ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​មិន​ឯករាជ្យ និង​ហាក់​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ខណៈ អាជ្ញាធរ​មិន​អព្យាក្រិត្យ។ លោក​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈរបស់​ពលរដ្ឋ​ឡើយ។ ប៉ុន្តែ​លោក​ថា ជំហរ​របស់​គណបក្ស​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដូច​លើក​មុនៗ​នោះ​ទេ។

ទោះ​យ៉ាង​ណា លោករំពឹងថា លទ្ធបោះឆ្នោត​នេះ​នឹង​បើក​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ឈាន​ដោះស្រាយ​បញ្ហា​នយោបាយ​ និង​កែលម្អ​ស្ថានប័ន​បោះឆ្នោត​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ៖ «យើង​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​យើង​អត់​មាន​ផែន​ការ​ធ្វើ​បាតុ​កម្មទេ ប៉ុន្តែ​យើង​ត្រូវ​លើក​ឡើង​នូវ​បញ្ហា កង្វល់​របស់​យើង ឬ​កង្វល់​របស់​ពល​រដ្ឋម្ចាស់​ឆ្នោត​ដែរ ពី​ភាព​មិន​ប្រកតី​ដែល​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​លោក ហើយ​យើងសូម​ឱ្យ​មាន​ការ​កែ​លម្អ ដូច្នេះ​គណបក្ស​ភ្លើង​មាន​ជំហរ​ចង់​ដោះ​ស្រាយ និង​ជជែកគ្នា»។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​លោក ហង្ស ពុទ្ធា អះអាង​ថា ដំណើរ​ការ​នៃ​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​រលូន មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ដែលធ្វើឱ្យ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទទួល​ស្គាល់​ មិន​ដូចការ​ចោទ​ប្រកាន់​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ។ ប៉ុន្តែលោក​ថា គ.ជ.ប នឹង​ទទួល​យក​អនុសាសន៍​ទាំង​អស់ ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ល្អ​ប្រសើរ៖ «ការ​ទទួល​យក​បាន ឬ​ទទួល​យក​មិន​បាន​មិន​អាស្រ័យ​លើភាសា​នយោ​បាយ​របស់​គណបក្ស​នយោ​បាយ​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មានគណ​បក្ស និង​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​បង្ហាញ​ការ​អបអរ​ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយនៅ​ថ្ងៃទី៦ ខែមិថុនា។ ប៉ុន្តែលោក សុខ ឥសាន ​អះអាង​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​វិទ្យុអាស៊ីសេរី​កាលពី​យប់​ថ្ងៃទី៥ ខែមិថុនា​ ថា​ការ​បោះឆ្នោត​នេះ គឺ​ជាការ​បោះឆ្នោត «ដ៏ល្អបំផុត»។

ទោះយ៉ាងណា នៅមុនការបោះឆ្នោតនេះ ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​សម្តែង​ការព្រួយ​បារម្ភ ដោយសារ​តែ​ឃើញ​មាន​លំនាំ​នៃ​ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​បេក្ខជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ។ យ៉ាងហោចណាស់ មាន​បេក្ខជន និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ៦នាក់​ត្រូវអាជ្ញាធរ​ចាប់ខ្លួន​នៅមុន និង​ក្នុងអំឡុងពេល​យុទ្ធនាការឃោសនា​បោះឆ្នោត។

ចំណែក​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏​បាន​​ថ្កោលទោស​ចំពោះ​យុទ្ធនាការ​យាយី និង​បំភិតបំភ័យ​លើ​សមាជិក​គណបក្ស​ប្រឆាំង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ ជាពិសេសការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បេក្ខជន​គណបក្ស​ភ្លើង​ទៀន។ សមាជិក​សភា​ម៉ាឡេស៊ី និង​ជា​សមាជិក​នៃ​អង្គការ APHR អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើក​ឡើង​ថា វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ក្នុងការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ ក្នុង​បរិយាកាស​មួយដែល​ពោរពេញ​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង។ អ្នកស្រី​បន្ត​ថា ថ្វីបើ​គណបក្ស​ចំនួន១៧ ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្ដី ដំណើរ​ការ​ទាំងមូល​មិន​អាច​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​ពហុបក្ស​បាន​ឡើយ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ព្រម​ឱ្យ​អ្នក​ដែល​ចូលរួមប្រកួតប្រជែង ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ដោយ​សេរី និង​មាន​សុវត្ថិភាព​នោះ។

គ.ជ.ប អះអាងថា តួលេខ​ចុង​ក្រោយ​បង្ហាញថា មាន​ពលរដ្ឋជាង ៨០% ឬស្មើនឹង​ជាង ៧លាន៣សែន​នាក់​បាន​ចេញទៅបោះឆ្នោត ក្នុងចំណោម​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត​សរុបជាង ៩លាន​២សែននាក់។ ផ្អែកតាម​តួលេខនេះ ចំនួន​ពលរដ្ឋ​ចេញទៅបោះឆ្នោត​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ បាន​ធ្លាក់ចុះ​ប្រមាណជាង ១០% បើធៀបនឹង​ចំនួន​ពលរដ្ឋ​ចេញទៅបោះឆ្នោត​នៅមុន​ពេល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​អាណត្តិ​ទី៤ ដែលមាន​រហូតដល់​ជាង ៩០%។

លទ្ធផល​បឋម​ចេញផ្សាយ​ដោយ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គិតត្រឹមល្ងាចថ្ងៃទី៦ ខែមិថុនា ឱ្យដឹង​ថា គណបក្ស​ភ្លើងទៀន​កំពុង​មានប្រៀបជាង​បក្សកាន់អំណាច​តែ៤ឃុំ​ប៉ុណ្ណោះ ក្នុងចំណោម​ឃុំសង្កាត់​ទាំង ១.៦៥២ ដែល​គណបក្សនេះ​អាច​ឈ្នះ​តំណែង​មេឃុំ រួមមាន ៣ឃុំ​នៅខេត្តកំពង់ធំ គឺឃុំចំណាលើ​នៅ​ស្រុកស្ទោង ឃុំដូង និងឃុំក្រយា​នៅស្រុកប្រាសាទបល្ល័ង្គ និង​១ឃុំ​នៅខេត្តកំពង់ចាម គឺឃុំផ្តៅជុំ​ក្នុងស្រុកជើងព្រៃ។ ក្រៅពីនោះ គណបក្ស​ប្រជាជនកម្ពុជា​កំពុង​នាំមុខ​ទាំងស្រុង ហើយពុំមាន​គណបក្ស​ដទៃទៀត​ណា​មួយ​ទទួល​បាន​សំឡេងឆ្នោត​នាំមុខបក្ស​កាន់អំណាច​នៅតាម​ឃុំ-សង្កាត់​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​ឡើយ។ មន្រ្តីគណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្ស​ភ្លើងទៀន​អាច​ទទួល​បាន​អាសនៈក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ជាង​២​ពាន់​អាសនៈ​ក្នុង​ចំ​ណោម​អាសនៈ​សរុប​ចំនួន​ជាង​១ម៉ឺន (១១៦២២)។ ដូច្នេះ គណបក្ស​ប្រជាជនកម្ពុជា​អាច​ទទួល​បាន​អាសនៈ​ឃុំ សង្កាត់​ជាង​៩ពាន់៕

3 comments:

Anonymous said...

Khmer people must demand for a comprehensive NEC reform.

If the C Porng Party CPP was the most popular party, it must accept that reform.

Ah devil Hun Sen, under his master Yuon's directions, has planned all the necessary measures to keep the power even after the CPP loses the general election next year.

Ah Kwack Hun Sen will emulate his mistress Min Aung Hlang's model should the CPP lose the 2023 election.

It is imperative that Khmer people persevere in their noble struggle to free Cambodia from this one-eyed monster Hun Sen, who has determined to serve Vietnam at the expense of Cambodia and Khmer people.

Anonymous said...

Using this communal election to force Ah Chker Chkuot Hun Sen to reform the NEC before the 2023 general election.

The Candle Light Party must stand firmly on this NEC's reform

NO NEC'S REFORM, NO MORE PARTICIPATION in the election. Let Ah Chker Chkuot Hun Sen continue his oppression to Khmer people.

Anonymous said...

This is part of Ah Chker Chkuot Hun Sen's thank You peace. Nobody is cheaper than Ah Roleuy Hun Sen. He will do whatever necessary to win the election.

But if Ah Hun Sen lost the election, he will seize the power by force.