Saturday, 30 July 2022

ក្រសួង​ការងារ​ព្រមាន​ប្រើ​តុលាការ​ចាត់​វិធានការ​លើ​ថ្នាក់​ដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​ឡើង​វិញ


ដោយ ថា ថៃ
2022.07.29
ក្រសួង​ការងារ​ព្រមាន​ប្រើ​តុលាការ​ចាត់​វិធានការ​លើ​ថ្នាក់​ដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​ឡើង​វិញ 

ក្រុម​កូដករ​ប្រមាណ ៥០នាក់ ប្រមូល​ផ្ដុំ​គ្នា​ខាង​មុខ​ក្រសួង​ដើម្បី​តាមដាន និង​រង់ចាំ​ស្ដាប់​លទ្ធផលពី​​កិច្ចប្រជុំ​រវាង​មន្ត្រី​ក្រសួង​​ការងារ និង​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ចំនួន ៤រូប នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ក្រសួង​ការងារ​ព្រមាន​ប្រើ​ប្រព័ន្ធ​តុលាការ​ចាត់ការ​លើ​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ (Naga World ) ឡើង​វិញ ប្រសិន​បើ​ពួក​គេ​មិន​អាច​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក។ ក្រុម​កូដករ ​អះអាង​ថា ទោះបីជា​ក្រសួង​ព្រមាន​បែប​នេះ​ក្ដី ក៏​ពួក​គាត់​មិន​អាច​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​បាន​ទេ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​វិវាទ​ការងារ​ឲ្យ​បាន​សមរម្យ។

ថ្នាក់ដឹកនាំ​សហជីព ​និង​ក្រុម​កូដករ​ណាហ្គាវើលដ៍​សោក​ស្តាយ ចំពោះ​ក្រសួង​ការងារ ដែល​ហៅ​ពួកគាត់​ទៅ​ព្រមាន​ចាត់​វិធានការ​ច្បាប់ តែ​មិន​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​ប្រកប​ដោយ​យុត្តិធម៌។

ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ចំនួន ៤រូប នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែកក្កដា បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ការងារ នៅ​ទីស្ដីការ​របស់​ក្រសួង​តាម​លិខិត​អញ្ជើញ ខណៈ​ក្រុម​កូដករ​ប្រមាណ ៥០នាក់​ទៀត ប្រមូល​ផ្ដុំ​គ្នា​ខាង​មុខ​ក្រសួង​ដើម្បី​តាមដាន និង​រង់ចាំ​ស្ដាប់​លទ្ធផល។ ថ្នាក់​ដឹកនាំ​សហជីព និង​កូដករ​អះអាង​ថា ដំបូង​ឡើយ ពួក​គាត់​រំពឹង​ថា នឹង​ទទួល​បាន​ដំណោះស្រាយ​ជា​វិជ្ជមាន ព្រោះ​ក្រសួង​កោះ​ហៅ​ពួក​គាត់​ទៅ​ប្រជុំ​រក​ដំណោះស្រាយ​ជា​បន្ទាន់។ តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ គ្រាន់តែ​ហៅ​ពួកគាត់​ទៅ​ព្រមាន​អំពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ និង​ការ​បង្ខំ​ឲ្យ​កូដករ ព្រម​ទទួល​យក​សំណង​ហើយ​ទៅ​រក​ការងារ​វិញ។



អនុប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ថ្លែង​នៅ​មុខក្រសួង​ការងារ​ថា កិច្ចប្រជុំ​រវាង​តំណាង​កម្មករ ​និង​តំណាង​ក្រសួង​ការងារ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា​លោក ទេស រុក្ខាផល នោះ ពុំ​មាន​លទ្ធ​ផល​ផ្លែផ្កា​អ្វី​ទាំង​អស់។ កញ្ញា​រៀបរាប់​ថា តំណាង​ក្រសួង​ការងារ គ្រាន់​តែ​ហៅ​ពួក​គាត់ ទៅ​រំលឹក​ថា តំណាង​កម្មករ​ទាំង ១១នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ តុលាការ​អាច​នឹង​ដំណើរ​រឿង​នេះ​ក្ដី​ឡើង​វិញ ប្រសិន​បើ​កូដករ ​នៅតែ​តវ៉ា​បន្ត​ទៀត។ ប៉ុន្តែ​អនុ​ប្រធាន​សហជីព​រូប​នេះ ឆ្លើយ​តប​ថា ពួក​គាត់​នឹង​ពាំនាំ​សារ​របស់​ក្រសួង​ទៅ​ប្រាប់​កូដករ ប៉ុន្តែ​ពួក​គាត់​គ្មាន​សិទ្ធិ​បង្គាប់​បញ្ជា​ឲ្យ​កូដករ​បញ្ឈប់​កូដកម្ម​បាន​ឡើយ៖ «ក្រសួង​ហៅ​មក​រំលឹកទី១ ​គឺ​ប្រាប់​ពី​ការដែល​យើង​ផ្ដិត​មេដៃ ចេញ​មក​ក្រៅ​ឃុំ ហើយ​ទី២ ប្រាប់​ពី​នីតិវិធី​របស់​តុលាការ ។ ទី៣ ពិភាក្សា​អំពី​ជំនួប​ទាំង ១៤លើក ដែល​យើង​ជួប​កន្លង​មក​ហើយ​ស្នើសុំ​ឲ្យ​ភាគី​យើង​ហ្នឹង ​បន្ទន់​ឥរិយាបថ​ហើយ ​កុំ​ធ្វើ​អី​ឲ្យ​វា​លក្ខណៈ​មើល​ទៅ​មាន​បន្ទុក​មក​លើ​ក្រុម​ពួក​ខ្ញុំ​ដែល​ជាអ្នក​ទើប​ចេញពី​មន្ទីរឃុំឃាំង​ឲ្យ​ដឹង​ថា ខ្លួន​យើង​ គឺ​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​នៅឡើយ​ទេ»។

​តំណាង​កម្មករ ​ក៏បាន​លើក​ឡើង​ថា ​ក្រុម​កូដករ ក៏​មិន​ចង់​ធ្វើ​កូដកម្ម​ដែរ ​ប្រសិនបើ​មាន​ដំណោះ​ស្រាយ​សមរម្យ​អាច​ទទួល​យក។ តំណាង​កម្មករ ​យល់ថា​ ក្រសួង​ការងារ គួរតែ​ជំរុញ​ទៅ​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ជា​អ្នក​បង្ក​បញ្ហា​ចង់​រំលាយ​សហជីព​នោះ​ឲ្យ​បន្ទន់​ជំហរ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ​តាមរយៈ​ការ​ទទួល​យក​បុគ្គលិក និង​ថ្នាក់​ដឹកនាំ​សហជីព​ជាង ១០០នាក់ ចូល​ធ្វើ​ការ​វិញ។

ទាក់ទង​ករណី​នេះ ​វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អគ្គលេខាធិការ​រង​នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខសញ្ញា​​ លោក ទេស រុក្ខាផល បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា។

កូដករ​ណាហ្គាវើលដ៍​មួយ​រូប​ អ្នកនាង ម៉ម សុវឌ្ឍិន ហៅអាទីន ថ្លែង​ថា ជា​រឿង​ហួស​ចិត្ត​ដែល​ក្រសួង​ការងារ​ហៅ​តំណាង​របស់​ពួកគាត់​ទៅ​ព្រមាន​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ តុលាការ​បែបនេះ​។អ្នកនាង ​បន្ត​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ ​ពួកគាត់ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បន្ត​ធ្វើ​កូដកម្ម​ឡើយ៖ «ពី​ដំបូង​ឡើយ បើ​យើង​ចេះ​យក​កញ្ចប់​លុយ​បញ្ចប់​រឿង​នោះ យក​បាត់​ទៅ​ហើយ​មិន​ចាំ​ដល់​ថ្នាក់​តំណាង ត្រូវ​ជាប់​គុក​ហើយ​ពួក​ខ្ញុំ​ត្រូវ​គេ​វាយ​រាល់​ពេល​ចេញ​កូដកម្ម​អ៊ីចឹង​ទេ។ ប៉ុន្តែ​ដោយសារ​សិទ្ធិ​សេរីភាព​សហជីព ដោយ​ក្រុមហ៊ុន​រើសអើង​ហ្មង​ហ្នឹង។ ដល់​អ៊ីចឹង​បើ​ឲ្យ​ពួក​ខ្ញុំ​បោះ​បង់ ប្រៀប​ដូចជា​បោះ​បង់​សិទ្ធិ ខ្លួន​ឯង​អ៊ីចឹង។ យើង​អត់​ចង់​បាន​ការ​ដោះ​ស្រាយ​បែប​ហ្នឹង​ទេ។សូម​ឲ្យ​អ្នកកោះ​ហៅ​ទៅ​ដូចជា ក្រសួង​ការងារ ហៅ​ទៅ​ដើម្បី​តែ​រំលឹក​ថា ជាប់​ទោសៗ ហើយ​ចុះ​អត់​មាន​ហៅ​ទៅ​រក​ដំណោះស្រាយ​ច្រក​ចេញ​មួយ​ណា​សមស្រប​ឲ្យ​ភាគី​កម្មករ ​និង​ក្រុមហ៊ុន​ទទួល​យក​បាន​មាន​ន័យ​ឈ្នះៗ ទាំង​អស់​គ្នា អត់​ទេ ឬ​ក៏​គាត់​អសមត្ថភាព​ដោះ​ស្រាយ»។

វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ល្បែង​ដ៏​ធំ នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​មេ​ដឹកនាំ​កំពូលៗ នៃ​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​អូស​បន្លាយ​រយៈ​ពេល​ជិត ១ឆ្នាំ​មក​ហើយ ​ដោយ​ផ្ដើម​ចេញ​ពី​ក្រុមហ៊ុន បាន​បញ្ឈប់​បុគ្គលិក​ជាង ១ពាន់ ៣រយ​នាក់​ភាគ​ច្រើន​ជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព។ ចេតនា​របស់​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ចង់​រំលាយ​សហជីព​ឯករាជ្យ ក្រោម​ការ​ដឹកនាំ​របស់​កញ្ញា ឈឹម ស៊ីថរ ​ដែល​ចេញ​មុខ​ការពារ​សិទ្ធិ និង​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ជាពិសេស​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ។វិវាទ​ការងារ​នេះ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ថ្នាក់ដឹកនាំ​និង​សកម្មជន​សហជីព ១១នាក់ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​កាលពី​ដើម​ឆ្នាំ២០២២ ដោយ​ចោទ​ពី​បទ​ញុះញង់ និង​ល្មើសច្បាប់​កូវីដ-១៩ នៅ​ពេល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ដំណោះស្រាយ​។ក្រោយ​មាន​ការរិះគន់​ធ្ងន់ៗ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​តុលាការ​សម្រេច​ដោះ​លែង​អ្នក​ទាំង ១១នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ពាក់​កណ្ដាល​ខែមីនា​កន្លង​ទៅ ប៉ុន្តែ​ត្រូវ​សន្យា​មិន​ចូលរួម​ដឹកនាំ​ការ​តវ៉ា និង​ប្រាប់​ឲ្យ​កូដករ រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​ជួប​ចរចា​រក​ដំណោះស្រាយ។ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ជួប​ចរចា​១៤លើក កន្លងមក ​នៅតែ​គ្មាន​លទ្ធផលវិជ្ជមាន ​ដោយសារ​ក្រសួង​ការងារ និង​ក្រុមហ៊ុន តែង​បង្ខំ​ឲ្យ​បុគ្គលិក ទូទាត់​ប្រាក់​ឈ្នួល​ហើយ​រក​ការងារ​ថ្មី។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា ក្រសួង​ការងារ គួរតែ​ខិតខំ​រក​ដំណោះ​ស្រាយ​តាម​ច្បាប់ ឬ​រក​ជម្រើស​ថ្មី​សមរម្យ​សម្រាប់​ភាគី​ទាំង​សងខាង ​ដោយ​មិន​គួរ​ប្រើ​វិធី​គំរាម​ថ្នាក់ដឹកនាំ​សហជីព​ដោយ​ប្រយោល​នោះ​ទេ៖ «ដែល​វិវាទ​នេះ​នៅ​តែ​មានការ​អូស​បន្លាយ​ពេល​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គឺ ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ហើយ​នឹង​ជម្រើស​ឲ្យ​មាន​ការ​ទទួលយក បាន​ពី​ភាគី​ពាក់ព័ន្ធ​ហើយ​ជម្រើស​នេះ គួរតែ​ខាង​ក្រសួង​នេះ គួរតែ​មានការ​ដើរ​តួនាទី សម្របសម្រួល​ ជាជាង​ប្រើប្រាស់​តែ​វិធានការ​គំរាម ​វិធានការ​ក្នុង​ការ​យក​ជម្រើស តុលាការ។ វិវាទ​ការងារ​គឺ​យើង​ដឹង​ហើយ​ថា ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ កើត​ចេញ​ពី​ការ​សម្បទាន​គ្នា ហើយ​ក្របខ័ណ្ឌ​ផ្លូវច្បាប់ ​យើង​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​កម្រិត​សម្បទាន​ផ្នែក​ក្របខ័ណ្ឌ​ផ្លូវច្បាប់​កុំ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សិទ្ធិ​ភាគី​ណា​មួយ​ជា​ដាច់ខាត។ ត្រូវតែ​ទទួល​យក​ទាំង​សងខាង»។

ជាង ៧ខែមក​នេះ ការ​តស៊ូ​ធ្វើ​កូដកម្ម​អហិង្សា​របស់​កូដករ​ណាហ្គាវើលដ៍​នៅ​ជាប់​របង​រដ្ឋសភា​ និង​ក្បែរ​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នោះ ​មិន​ត្រឹម​តែ​គ្មាន ដំណោះស្រាយ​ទេ ​ថែមទាំង​ទទួលរង​ការ​បង្ក្រាប​ដោយ​ហិង្សា​ជាបន្តបន្ទាប់​រហូត​បណ្ដាល​ឲ្យ​កូដករ​មួយ​ចំនួន​ រង​របួស​ធ្ងន់ធ្ងរ និង​មាន​ស្ត្រី​កូដករ​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ។ ទាំង​ភាគី​ក្រុមហ៊ុន ​ទាំង​លោក​ ហ៊ុន សែន ​និង​តំណាង​រាស្ត្រ​បក្ស​កាន់អំណាច ​បាន​ធ្វើ មិន​ដឹង​មិន​ឮ ចំពោះ​សម្រែក​របស់​ក្រុម​កូដករ និង​ថែមទាំង​បង្កើន​ការ​លាប​ពណ៌ ការ​គំរាម​កំហែង ​និង​បញ្ជា​ឲ្យ​កងកម្លាំង​បង្ក្រាប​កូដករ​កាន់តែ​ខ្លាំង​ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​កូដករ​នៅ​តែ​មិន​បោះ​បង់​ការ​តស៊ូ​របស់​ពួកគាត់​ឡើយ​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ៕

1 comment:

Anonymous said...

I had suggested a peaceful protest before this amendment went to the congress. That was the right time and action that Khmer people should have taken. But nothing happened.

Ah Roleuy Hun Sen kept persecuting and killing Khmer people; creating and amending the law to satisfy his penis because he has never been punished for his crimes.

Neak Klorm Meul LeuKeu just barking about their concerns do not mean any shit.

To fight against Ah Chker Chkuot Hun Sen effectively, Khmer people must pick a legitimate issue such as reforming the NEC. Fight from there and the result will be surprisingly unpredictable. The more Ah Hun Sen suppresses Khmer people, the less time he will be in power.

Help ourselves first {action} before others help us.