ដោយ ថា ថៃ
2022.07.29
ក្រុមកូដករប្រមាណ ៥០នាក់ ប្រមូលផ្ដុំគ្នាខាងមុខក្រសួងដើម្បីតាមដាន និងរង់ចាំស្ដាប់លទ្ធផលពីកិច្ចប្រជុំរវាងមន្ត្រីក្រសួងការងារ និងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន ៤រូប នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ
ក្រសួងការងារព្រមានប្រើប្រព័ន្ធតុលាការចាត់ការលើថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ (Naga World ) ឡើងវិញ ប្រសិនបើពួកគេមិនអាចបញ្ឈប់ការធ្វើកូដកម្មរបស់បុគ្គលិក។ ក្រុមកូដករ អះអាងថា ទោះបីជាក្រសួងព្រមានបែបនេះក្ដី ក៏ពួកគាត់មិនអាចបញ្ឈប់ការធ្វើកូដកម្មបានទេ ប្រសិនបើគ្មានដំណោះស្រាយវិវាទការងារឲ្យបានសមរម្យ។
ថ្នាក់ដឹកនាំសហជីព និងក្រុមកូដករណាហ្គាវើលដ៍សោកស្តាយ ចំពោះក្រសួងការងារ ដែលហៅពួកគាត់ទៅព្រមានចាត់វិធានការច្បាប់ តែមិនជួយរកដំណោះស្រាយវិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្រកបដោយយុត្តិធម៌។
ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន ៤រូប នៅព្រឹកថ្ងៃទី២៩ ខែកក្កដា បានចូលរួមកិច្ចប្រជុំជាមួយការងារ នៅទីស្ដីការរបស់ក្រសួងតាមលិខិតអញ្ជើញ ខណៈក្រុមកូដករប្រមាណ ៥០នាក់ទៀត ប្រមូលផ្ដុំគ្នាខាងមុខក្រសួងដើម្បីតាមដាន និងរង់ចាំស្ដាប់លទ្ធផល។ ថ្នាក់ដឹកនាំសហជីព និងកូដករអះអាងថា ដំបូងឡើយ ពួកគាត់រំពឹងថា នឹងទទួលបានដំណោះស្រាយជាវិជ្ជមាន ព្រោះក្រសួងកោះហៅពួកគាត់ទៅប្រជុំរកដំណោះស្រាយជាបន្ទាន់។ តែផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ គ្រាន់តែហៅពួកគាត់ទៅព្រមានអំពីការប្រើប្រព័ន្ធតុលាការ និងការបង្ខំឲ្យកូដករ ព្រមទទួលយកសំណងហើយទៅរកការងារវិញ។
អនុប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ថ្លែងនៅមុខក្រសួងការងារថា កិច្ចប្រជុំរវាងតំណាងកម្មករ និងតំណាងក្រសួងការងារដឹកនាំដោយអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញាលោក ទេស រុក្ខាផល នោះ ពុំមានលទ្ធផលផ្លែផ្កាអ្វីទាំងអស់។ កញ្ញារៀបរាប់ថា តំណាងក្រសួងការងារ គ្រាន់តែហៅពួកគាត់ ទៅរំលឹកថា តំណាងកម្មករទាំង ១១នាក់ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ តុលាការអាចនឹងដំណើររឿងនេះក្ដីឡើងវិញ ប្រសិនបើកូដករ នៅតែតវ៉ាបន្តទៀត។ ប៉ុន្តែអនុប្រធានសហជីពរូបនេះ ឆ្លើយតបថា ពួកគាត់នឹងពាំនាំសាររបស់ក្រសួងទៅប្រាប់កូដករ ប៉ុន្តែពួកគាត់គ្មានសិទ្ធិបង្គាប់បញ្ជាឲ្យកូដករបញ្ឈប់កូដកម្មបានឡើយ៖ «ក្រសួងហៅមករំលឹកទី១ គឺប្រាប់ពីការដែលយើងផ្ដិតមេដៃ ចេញមកក្រៅឃុំ ហើយទី២ ប្រាប់ពីនីតិវិធីរបស់តុលាការ ។ ទី៣ ពិភាក្សាអំពីជំនួបទាំង ១៤លើក ដែលយើងជួបកន្លងមកហើយស្នើសុំឲ្យភាគីយើងហ្នឹង បន្ទន់ឥរិយាបថហើយ កុំធ្វើអីឲ្យវាលក្ខណៈមើលទៅមានបន្ទុកមកលើក្រុមពួកខ្ញុំដែលជាអ្នកទើបចេញពីមន្ទីរឃុំឃាំងឲ្យដឹងថា ខ្លួនយើង គឺនៅក្នុងនីតិវិធីរបស់តុលាការនៅឡើយទេ»។
តំណាងកម្មករ ក៏បានលើកឡើងថា ក្រុមកូដករ ក៏មិនចង់ធ្វើកូដកម្មដែរ ប្រសិនបើមានដំណោះស្រាយសមរម្យអាចទទួលយក។ តំណាងកម្មករ យល់ថា ក្រសួងការងារ គួរតែជំរុញទៅភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាអ្នកបង្កបញ្ហាចង់រំលាយសហជីពនោះឲ្យបន្ទន់ជំហរដោះស្រាយបញ្ចប់វិវាទនេះតាមរយៈការទទួលយកបុគ្គលិក និងថ្នាក់ដឹកនាំសហជីពជាង ១០០នាក់ ចូលធ្វើការវិញ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា លោក ទេស រុក្ខាផល បានទេ នៅថ្ងៃទី២៩ ខែកក្កដា។
កូដករណាហ្គាវើលដ៍មួយរូប អ្នកនាង ម៉ម សុវឌ្ឍិន ហៅអាទីន ថ្លែងថា ជារឿងហួសចិត្តដែលក្រសួងការងារហៅតំណាងរបស់ពួកគាត់ទៅព្រមានពីការប្រើប្រាស់ប្រព័ន្ធ តុលាការបែបនេះ។អ្នកនាង បន្តថា ប្រសិនបើគ្មានដំណោះស្រាយសមរម្យទេ ពួកគាត់ គ្មានជម្រើសអ្វីក្រៅពីការបន្តធ្វើកូដកម្មឡើយ៖ «ពីដំបូងឡើយ បើយើងចេះយកកញ្ចប់លុយបញ្ចប់រឿងនោះ យកបាត់ទៅហើយមិនចាំដល់ថ្នាក់តំណាង ត្រូវជាប់គុកហើយពួកខ្ញុំត្រូវគេវាយរាល់ពេលចេញកូដកម្មអ៊ីចឹងទេ។ ប៉ុន្តែដោយសារសិទ្ធិសេរីភាពសហជីព ដោយក្រុមហ៊ុនរើសអើងហ្មងហ្នឹង។ ដល់អ៊ីចឹងបើឲ្យពួកខ្ញុំបោះបង់ ប្រៀបដូចជាបោះបង់សិទ្ធិ ខ្លួនឯងអ៊ីចឹង។ យើងអត់ចង់បានការដោះស្រាយបែបហ្នឹងទេ។សូមឲ្យអ្នកកោះហៅទៅដូចជា ក្រសួងការងារ ហៅទៅដើម្បីតែរំលឹកថា ជាប់ទោសៗ ហើយចុះអត់មានហៅទៅរកដំណោះស្រាយច្រកចេញមួយណាសមស្របឲ្យភាគីកម្មករ និងក្រុមហ៊ុនទទួលយកបានមានន័យឈ្នះៗ ទាំងអស់គ្នា អត់ទេ ឬក៏គាត់អសមត្ថភាពដោះស្រាយ»។
វិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនល្បែងដ៏ធំ នៅចំកណ្ដាលរាជធានីភ្នំពេញ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងមេដឹកនាំកំពូលៗ នៃរដ្ឋាភិបាលកម្ពុជានេះ បានអូសបន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ដោយផ្ដើមចេញពីក្រុមហ៊ុន បានបញ្ឈប់បុគ្គលិកជាង ១ពាន់ ៣រយនាក់ភាគច្រើនជាថ្នាក់ដឹកនាំ និងសមាជិកសហជីព។ ចេតនារបស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះ ត្រូវបានគេមើលឃើញថា ជាការចង់រំលាយសហជីពឯករាជ្យ ក្រោមការដឹកនាំរបស់កញ្ញា ឈឹម ស៊ីថរ ដែលចេញមុខការពារសិទ្ធិ និងទាមទារអត្ថប្រយោជន៍ផ្សេងៗ ជាពិសេសប្រាក់ឈ្នួលសមរម្យជូនកម្មករ។វិវាទការងារនេះឈានដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីព ១១នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២២ ដោយចោទពីបទញុះញង់ និងល្មើសច្បាប់កូវីដ-១៩ នៅពេលពួកគេប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយ។ក្រោយមានការរិះគន់ធ្ងន់ៗ ពីសហគមន៍ជាតិ និងអន្តរជាតិតុលាការសម្រេចដោះលែងអ្នកទាំង ១១នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅពាក់កណ្ដាលខែមីនាកន្លងទៅ ប៉ុន្តែត្រូវសន្យាមិនចូលរួមដឹកនាំការតវ៉ា និងប្រាប់ឲ្យកូដករ រក្សាភាពស្ងប់ស្ងាត់ ដើម្បីជួបចរចារកដំណោះស្រាយ។ទោះជាយ៉ាងណាក្ដី ការជួបចរចា១៤លើក កន្លងមក នៅតែគ្មានលទ្ធផលវិជ្ជមាន ដោយសារក្រសួងការងារ និងក្រុមហ៊ុន តែងបង្ខំឲ្យបុគ្គលិក ទូទាត់ប្រាក់ឈ្នួលហើយរកការងារថ្មី។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ក្រសួងការងារ គួរតែខិតខំរកដំណោះស្រាយតាមច្បាប់ ឬរកជម្រើសថ្មីសមរម្យសម្រាប់ភាគីទាំងសងខាង ដោយមិនគួរប្រើវិធីគំរាមថ្នាក់ដឹកនាំសហជីពដោយប្រយោលនោះទេ៖ «ដែលវិវាទនេះនៅតែមានការអូសបន្លាយពេលមកដល់ពេលបច្ចុប្បន្ននេះគឺ ឆន្ទៈក្នុងការដោះស្រាយហើយនឹងជម្រើសឲ្យមានការទទួលយក បានពីភាគីពាក់ព័ន្ធហើយជម្រើសនេះ គួរតែខាងក្រសួងនេះ គួរតែមានការដើរតួនាទី សម្របសម្រួល ជាជាងប្រើប្រាស់តែវិធានការគំរាម វិធានការក្នុងការយកជម្រើស តុលាការ។ វិវាទការងារគឺយើងដឹងហើយថា ការដោះស្រាយវិវាទការងារនេះ កើតចេញពីការសម្បទានគ្នា ហើយក្របខ័ណ្ឌផ្លូវច្បាប់ យើងត្រូវដោះស្រាយនៅក្នុងកម្រិតសម្បទានផ្នែកក្របខ័ណ្ឌផ្លូវច្បាប់កុំឲ្យប៉ះពាល់ប្រយោជន៍សិទ្ធិភាគីណាមួយជាដាច់ខាត។ ត្រូវតែទទួលយកទាំងសងខាង»។
ជាង ៧ខែមកនេះ ការតស៊ូធ្វើកូដកម្មអហិង្សារបស់កូដករណាហ្គាវើលដ៍នៅជាប់របងរដ្ឋសភា និងក្បែរភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ មិនត្រឹមតែគ្មាន ដំណោះស្រាយទេ ថែមទាំងទទួលរងការបង្ក្រាបដោយហិង្សាជាបន្តបន្ទាប់រហូតបណ្ដាលឲ្យកូដករមួយចំនួន រងរបួសធ្ងន់ធ្ងរ និងមានស្ត្រីកូដករម្នាក់រលូតកូនក្នុងផ្ទៃ។ ទាំងភាគីក្រុមហ៊ុន ទាំងលោក ហ៊ុន សែន និងតំណាងរាស្ត្របក្សកាន់អំណាច បានធ្វើ មិនដឹងមិនឮ ចំពោះសម្រែករបស់ក្រុមកូដករ និងថែមទាំងបង្កើនការលាបពណ៌ ការគំរាមកំហែង និងបញ្ជាឲ្យកងកម្លាំងបង្ក្រាបកូដករកាន់តែខ្លាំងថែមទៀត។ ទោះជាយ៉ាងណាក្ដី ក្រុមកូដករនៅតែមិនបោះបង់ការតស៊ូរបស់ពួកគាត់ឡើយ ប្រសិនបើគ្មានដំណោះស្រាយសមរម្យ៕
1 comment:
I had suggested a peaceful protest before this amendment went to the congress. That was the right time and action that Khmer people should have taken. But nothing happened.
Ah Roleuy Hun Sen kept persecuting and killing Khmer people; creating and amending the law to satisfy his penis because he has never been punished for his crimes.
Neak Klorm Meul LeuKeu just barking about their concerns do not mean any shit.
To fight against Ah Chker Chkuot Hun Sen effectively, Khmer people must pick a legitimate issue such as reforming the NEC. Fight from there and the result will be surprisingly unpredictable. The more Ah Hun Sen suppresses Khmer people, the less time he will be in power.
Help ourselves first {action} before others help us.
Post a Comment