Sunday, 3 July 2022

អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ខ្មែរ​ក្រោម​ដែល​ហ៊ាន​ងើបឡើង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម

Khmer Circle

Who would question Vietnam's pledge of a thousand years friendship with Kampuchia? Much less its distortions of history?

Vietnam loves all its neighbours to death - given time, literally!

^^^
ដោយ យន់ សាមៀន
2022.07.01

អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ខ្មែរ​ក្រោម​ដែល​ហ៊ាន​ងើបឡើង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម
 

លោក យឿង ខាយ យុវជន​ខ្មែរក្រោម ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​វាល​ប្រើស ដែល​វៀតណាម​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ដុងណាយ​ (Dong Nai) ដោះលែង​វិញ​ នៅ​ថ្ងៃ​ទី១៤ ខែមេសា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក ដួង ខាយ (ប្រទេស ខ្មែរក្រោម)


អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម ដែល​ហ៊ាន​ងើបឡើង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៤ មិថុនា​កន្លង​។ វៀតណាម​បាន​គំរាម​យុវជន​និង​យុវនារី​ខ្មែរក្រោម​ទាំងអស់​១១​នាក់ មិន​ឲ្យ​ចូលរួម​សកម្មភាព​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច និង​ជនជាតិ​ដើម ដោយ​ចោទ​ប្រកាន់​ថា ជា​អំពើ​ក្បត់ជាតិ​វៀតណាម។

យ៉ាងហោចណាស់​ក៏​មាន​យុវជន​ខ្មែរក្រោម​១១​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះ​ត្រពាំង ព្រមាន​ឲ្យ​បញ្ឈប់​សកម្មភាព​ទាមទារ​សិទ្ធិ​ជា​ជនជាតិដើម និង​រំលឹក​ប្រវត្តិ​បាត់បង់​ទឹកដី​ខ្មែរ បើសិន​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​គេ​ចាប់ខ្លួន​ពី​បទ​ក្បត់ជាតិ​។ យុវជន​ខ្មែរក្រោម​១១ នាក់ ដែល​វៀតណាម​គំរាម​នោះ ដោយសារតែ​ពួកគេ​បាន​ចូលរួម ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរក្រោម​លើក​ទី ៧៣​ឆ្នាំ កាលពី​ថ្ងៃទី​៤ មិថុនា​កន្លង​ទៅ​។ យុវជន​ខ្មែរក្រោម លោក ថាច់ កឿង ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី១៨ មិថុនា ថា អាជ្ញាធរ​វៀតណាម បាន​កោះហៅ​យុវជន​ខ្មែរក្រោម​បី​នាក់ ទៅ​ជួប​នៅ​ការិយាល័យ ខណៈ​ស្ត្រី​៨​នាក់​ទៀត​ត្រូវ​បាន​ថៅកែ​វៀតណាម​ព្រមាន​បញ្ឈប់ ពី​ការងារ ប្រសិនបើ​ហ៊ាន​បន្ត​ពាក់​អាវយឺត​ដែល​មាន​អក្សរ​ថា ខួប​៧៣​ឆ្នាំ​នៅ​ក្រោម​អាណា​និយម​យួន​។ អាជ្ញាធរ​វៀតណាម​ចោទប្រកាន់​យុវជន​ទាំងនោះ ពី​បទ​ក្បត់ជាតិ៖ «គេ​សំឡុត​គឺ​គេ​ថា មិន​ជឿ​តាម​ពួក​ក្មួយ​ទេ ប្អូន​ទេ ពីព្រោះ​ពួក​ប្អូន​ធ្វើ​ការងារ​ខុសច្បាប់​។​គេ​មិន​ឲ្យ​ដើរ​តាម និង​ពាក់អាវ​សញ្ញា​បាត់បង់​ទឹកដី»។

លោក ថាច់ កឿង បន្ត​ថា បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម បាន​បន្ត​ឃ្លាំមើល​ការ​ធ្វើដំណើរ​របស់​លោក គ្រប់​ពេល​វេលា បណ្តាល​ឲ្យ​លោក​មិនអាច​ចុះ​មូលដ្ឋាន ផ្តល់​ជា​ថវិកា និង​សួរសុខទុក្ខ​ខ្មែរក្រោម ដែល​កំពុង​មាន​ជំងឺ​និង​ត្រូវការ​ថវិកា​ដើម្បី​ព្យាបាល។



ទោះ​បី​យ៉ាងណា លោក ថាច់ កឿង អំពាវនាវ​ឲ្យ​យុវជន​ទាំងអស់​មិន​ត្រូវ​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​វៀតណាម​នោះ​ទេ ពីព្រោះ ការ​តស៊ូ​មតិ​របស់​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ជា​រឿង​ស្របច្បាប់៖ «ការ​នេះ​ជា​ការ​គំរាមកំហែង​តើ​បង​។ បើ​មានការ​គំរាមកំហែង​យុវជន​ណា​នោះ ខ្ញុំ​ទៅដល់​គាត់​ហើយ​ដើម្បី​កុំ​ឲ្យ​គាត់​ខ្លាច​នេះ ជា​គំរាម​ទេ វា​មិន​ហ៊ាន​ទេ»។

ការ​កោះហៅ​យុវជន​ខ្មែរក្រោម​១១​នាក់​របស់​អាជ្ញាធរ​វៀតណាម​នេះ ធ្វើឡើង​ក្រោយពេល ដែល​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ដុងណៃ ឬ​ខេត្តវាលប្រើស បាន​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ម្នាក់ ឈ្មោះ យឿង ខាយ ក្រោយ​ពី​លោក​គ្រោង​ប្រមូល​ផ្ដុំគ្នា​ធ្វើ​ពិធី​សាសនា​ក្នុង​ទិវា​បាត់បង់​ទឹកដី​។ អាជ្ញាធរ វៀតណាម ហៅ​លោក​ទៅ​ការិយាល័យ​សួរចម្លើយ​ពី​ម៉ោង ប្រមាណ ១០​ព្រឹក ដល់​ម៉ោង ៤​ល្ងាច ទើប​ព្រម​ឲ្យ​លោក​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។ មន្ត្រី​វៀតណាម ដែល​សួរចម្លើយ​លោក យឿង ខាយ ប្រាប់​លោក​ថា ខ្មែរក្រោម​មិនមែន​ជា​ទឹកដី​របស់​ខ្មែរ​នោះ​ទេ ហើយ​បាន​រឹបអូស​យក​អាវយឺត ដែលមាន​ទង់ជាតិ​ខ្មែរក្រោម និង​អក្សរ​ថា ៧៣​ឆ្នាំ ក្រោម​អាណានិគម​វៀតណាម​អស់​មួយចំនួន​ទៀត​ផង។

ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក និង​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត បាន​នាំគ្នា​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​លើក​ទី ៧៣​ឆ្នាំ កាល​ពី​ថ្ងៃទី៤ មិថុនា កន្លងទៅ​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ចងចាំ​ថ្ងៃ​បាត់បង់​ទឹកដី ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​ដើម្បី​ដាស់​ស្មារតី​ខ្មែរក្រោម ឲ្យ​ងើបឡើង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​បដិសេធ​មិន​ផ្តល់​ឲ្យ​ពួកគេ​។ ដោយឡែក​នៅ​ឯ​លើ​ទឹកដី​កំណើត​វិញ យុវជន​ខ្មែរក្រោម បាន​ធ្វើ​ពិធីសូត្រមន្ត បែប​ព្រះពុទ្ធសាសនា នៅ​មុខ​ចេតិយ វីរបុរស​ខ្មែរក្រោម ឧកញ៉ា សឺន គុយ និង​ពាក់អាវ​ដែល​មាន​អក្សរ​ថា ខួប​៧៣​ឆ្នាំ​ក្រោម​អាណា​និយម​យួន។

ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​លើ​យុវជន​ខ្មែរក្រោម​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​បាន​ថ្កោលទោស ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ខ្មែរក្រោម​ជា​ជនជាតិ​ដើម ដូច្នោះ​ពួកគេ​មាន​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​។ ព្រះអង្គ​ស្នើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម តាមច្បាប់​អន្តរជាតិ៖ «ចេតនា​របស់​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​គឺ​គេ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ពលរដ្ឋ​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ជាពិសេស​គេ​បំបាត់​មិន​ឲ្យ​ខ្មែរក្រោម​ហ៊ាន​ងើបឈរ​ឡើង​តវ៉ា​ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង»។

ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត​ថា សហព័ន្ធ​កំពុង​ចងក្រង​ឯកសារ​ស្ដីពី​ការ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ដើម្បី​សុំ​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ករណីនេះ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តែងតែ​ធ្វើ​សេចក្តី​ថ្លែងការណ៍​និង​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​នៅ​ពេល​ដែល​រំលោភសិទ្ធិ​មនុស្ស​ពលរដ្ឋ​ខ្មែរក្រោម និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម»។

សហព័ន្ធ​ខ្មែរក្រោម​កម្ពុជា​ក្រោម​អះអាង​ថា ៧៣​ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ខ្មែរក្រោម​គ្មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់ ដូចជា សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ជួបជុំ សិទ្ធិ​បង្កើត​ជា​សមាគម សិទ្ធិ​បង្កើត​សារព័ត៌មាន​ឯករាជ្យ និង​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​។ សព្វថ្ងៃ​នេះ វៀតណាម​បាន​បន្ត​កោះហៅ​ខ្មែរក្រោម​ទៅ​សួរចម្លើយ និង​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ នៅ​ពេល​ដែល​ខ្មែរក្រោម​ខ្លះ​ហ៊ាន​ងើបឡើង​ប្រើប្រាស់​សិទ្ធិ​សេរីភាព ជា​ជនជាតិ​ដើម​ដែល​មាន​ចែង​ក្នុង​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចុះហត្ថលេខា​ទទួលស្គាល់​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ថា រយៈពេល ៧៣​ឆ្នាំ​ហើយ ជា​ពេលវេលា​មួយ សមស្រប​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ជុំវិញ​ពិភពលោក ក្រោក​ឡើង​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​ស្របតាម​ច្បាប់​អន្តរជាតិ ប្រើប្រាស់​សិទ្ធិ​ជា​ជនជាតិ​ដើម​ដើម្បី​សម្រេច​វាសនា​ដោយ​ខ្លួនឯង នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​កំណត់​ផែនការ សំខាន់ៗ​មួយចំនួន​ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង ពលរដ្ឋ ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ទឹកដី​កំណើត​។ ចំណុច​ទាំងនោះ រួមមាន ការ​ពង្រឹង​ទំនាក់​ទំ​ទង​នឹង​មន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​មហាអំណាច ដើម្បី​ស្នើ​ឲ្យ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម និង​សិក្សា​យក​បទពិសោធន៍​ពី​ប្រទេស​មួយចំនួន ដែល​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ជាដើម៕

3 comments:

Anonymous said...

Commemorating will not get anything. How about strifing for autonomous states in Kampuchea Krom ?

Anonymous said...

How about commemorating AND fighting for autonomous states from the evil Yuon Vietnam ?

You have been commemorating for 73 years and you got nothing. You cannot keep doing the same and expecting to have a different result.

Anonymous said...

Freedom is autonomy. It is the first important step. Declare autonomy.