ដោយ យ៉ង ចាន់តារា
2022.12.21
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយសវនាការសន្និដ្ឋានបញ្ចប់លើអង្គសេចក្ដីហើយ នៅរសៀលថ្ងៃទី២១ ធ្នូ ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការពេញមួយថ្ងៃនៅថ្ងៃទី២១ ខែធ្នូ ដើម្បីស្ដាប់ការធ្វើសេចក្ដីសន្និដ្ឋានពីមេធាវីលោក កឹម សុខា មេធាវីរដ្ឋាភិបាល និងសេចក្ដីសន្និដ្ឋានរបស់តំណាងអយ្យការ ក្នុងសំណុំរឿងក្បត់ជាតិមេបក្សប្រឆាំងលោក កឹម សុខា។ មេធាវីការពាររបស់លោក កឹម សុខា បានព្យាយាមលើកឡើងពីភស្តុតាងដោះបន្ទុកលោក កឹម សុខា និងស្នើទៅតុលាការឱ្យទម្លាក់ការចោទប្រកាន់ពីលោក កឹម សុខា។ ចំណែកមេធាវីរដ្ឋាភិបាលដែលភាគីដើមបណ្ដឹង បានព្យាយាមដាក់បន្ទុកលោក កឹម សុខា។ ដោយឡែកតំណាងអយ្យការព្រះរាជអាជ្ញារងលោក ប្លង់ សុផល បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម កូយ សៅ ឱ្យចេញដីកាឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារឡើងវិញ។
តំណាងអយ្យការ និងមេធាវីរដ្ឋាភិបាល បានបង្កើនការដាក់បន្ទុកលើលោក កឹម សុខា ក្នុងសវនការលើកទី៦៣។ តំណាងអយ្យការ បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម កូយ សៅ ឱ្យចេញដីកាឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ លើកទី២ និងស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះឱ្យដាក់ទោសបន្ថែមលើលោក កឹម សុខា។
តំណាងអយ្យការធ្លាប់បានស្នើទៅតុលាការឱ្យចាប់ខ្លួន លោក កឹម សុខា ម្ដងរួចហើយកាលពីខែមិថុនា ដោយចោទប្រកាន់ថា លោក កឹម សុខា បានល្មើសបម្រាមតុលាការដោយបានធ្វើសកម្មភាពនយោបាយ។
ចំណែកមេធាវីរដ្ឋាភិបាលបានព្រមានប្ដឹងទារសំណងជំងឺចិត្តពីលោក កឹម សុខា បន្ថែមទៀតដែរ នៅក្រោយពេលតុលាការប្រកាសសាលក្រមសំណុំរឿងក្បត់ជាតិនេះរួចហើយ។
ក្នុងសវនាការនេះ មេធាវីរដ្ឋាភិបាល បានដាក់សារណាកម្រាស់ជាង ៨០ទំព័រ ដោយឡែកសារណារបស់មេធាវីការពារក្ដីលោក កឹម សុខា មានត្រឹមតែ២ទំព័រ ប៉ុណ្ណោះ។
ប្រធានចៅក្រមជំនុំជម្រះលោក កូយ សៅ បានផ្ដល់សិទ្ធិទៅមេធាវីដើមបណ្ដឹងធ្វើការសន្និដ្ឋាននៅពេលព្រឹក ចំណែកមេធាវីលោក កឹម សុខា ត្រូវធ្វើសេចក្ដីសន្និដ្ឋាននៅពេលរសៀល។ អ្នកឃ្លាំមើលតុលាការរំពឹងថា តុលាការនឹងឆាប់បិទបញ្ចប់សំណុំរឿងនេះដើម្បីអាចឱ្យលោក កឹម សុខា មានឱកាសធ្វើនយោបាយ ឬអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ។
សារណាជាលាយលក្ខណ៍អក្សរនេះមេធាវីរដ្ឋាភិបាល បានផ្ដោតសំខាន់លើការចោទប្រកាន់ថា លោក កឹម សុខា រៀបគម្រោងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
សវនាការនេះក៏មានការឃ្លាំមើលពីតំណាងស្ថានទូតបរទេស និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអ្នកសារព័ត៌មានផងដែរ។ ចំណែកនៅក្រៅរបងតុលាការអ្នកគាំទ្រលោក កឹម សុខា ប្រមាណ៣០នាក់ បានផ្ដល់កម្លាំងចិត្តដល់លោក កឹម សុខា ដូចសវនាការលើកមុនៗដែរ។ ដោយឡែកសមត្ថកិច្ចបានរឹតបន្តឹងសន្តិសុខ តឹងតែងជុំវិញបរិវេណតុលាការ។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉េង វីរៈ ដែលមកឃ្លាំមើលសវនាការនេះ រិះគន់ថា ដំណើរការនៃការកាត់ក្ដីសំណុំរឿង ដែលអូសបន្លាយជាង៥ឆ្នាំនេះធ្វើឱ្យលោក កឹម សុខា រងភាពអយុត្តិធម៌។ លោក យ៉េង វីរៈ ចង់ឃើញតុលាការឆាប់ កាត់ក្ដីបញ្ចប់សំណុំរឿង ហើយផ្ដល់ភាពស្អាតស្អំដល់លោក កឹម សុខា ឡើងវិញ។
លោក យ៉េង វីរៈ៖ «យូរមែនទែនខុសប្រក្រតី ហ្នឹងហើយមានន័យថា កាលណាដំណើរក្នុងការរកយុត្តិធម៌យឺតយ៉ាវអូសបន្លាយពេលវេលា អូសបន្លាយយូរមានន័យថា ត្រូវបានគិតថា ចាត់ទុកថា គឺអត់ចង់រកយុត្តិធម៌ឱ្យទេ»។
ស្រដៀងគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ដែលមានក្រុមការងារតាមដានសវនាការនេះ យល់ថា សំណុំរឿងនេះនៅតែស្ថិតក្រោមសម្ពាធពីអ្នកនយោបាយដដែល។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ប្រសិនការសម្រេចក្ដីរបស់តុលាការធ្វើឡើងក្នុងស្ថានភាពមួយដែលមិនទាន់មានដំណោះស្រាយនយោបាយគឺពិបាករំពឹងថា លោក កឹម សុខា អាចនឹងរួចផុតការចោទប្រកាន់ណាស់។
លោក អំ សំអាត៖ «បើយើងយោងទៅមើលសវនាការរាប់ឆ្នាំកន្លងមកដែលទាក់ទងរឿងយើងជាអ្នកតាមដាន ខ្លាចថា យើងមើលមិនឃើញយ៉ាងម៉េចមិនដឹង ប៉ុន្តែ យើងមើលទៅហាក់មិនមានភស្តុតាងឱ្យបានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើឯកឧត្តម កឹម សុខា»។
លោក កឹម សុខា រងការចាប់ខ្លួនជាង ៥ឆ្នាំ និងត្រូវបានតុលាការចោទប្រកាន់ពីសន្ទិដ្ឋភាពជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០១៧។ មតិជាតិនិងអន្តរជាតិ រិះគន់ថា ការចោទប្រកាន់លើលោក កឹម សុខា គ្មានមូលដ្ឋានច្បាប់ និងជំរុញទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរអនុញ្ញាតឱ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ៕
1 comment:
York Ah Kem Min Sok Heuy Kha touv Sngor Kor York Touv !!
Post a Comment