Thursday, 29 December 2022

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលដីកា​​សំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទុក​បាន​ការ​ដដែល


ដោយ មាន ឫទ្ធិ
2022.12.28
សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលដីកា​​សំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទុក​បាន​ការ​ដដែល

ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ (ដើរមុខគេ) នៅ​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ធ្នូ ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ



សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​២៨ ខែធ្នូ បានសម្រេច​តម្កល់​សាលក្រម​លើ​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ តាម​ការសម្រេច​របស់​តុលាការ​ជាន់​ទាប​ទុកជាបានការ​ដដែល​។ កូដ​ករ មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​ការពារ​ក្ដី ចាត់ទុក​ការសម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ថា ជា​រឿង​អយុត្តិធម៌​។ ពួកគាត់​រិះគន់ថា តុលាការ​គ្មាន​ហេតុផល​អ្វី​បន្ត​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ នោះទេ ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា ការ​ចាប់ខ្លួន​កញ្ញា​ជា​លើក​ទី​ពីរ​នេះ​ធ្វើឡើង​មិន​ត្រឹមត្រូវ​តាមច្បាប់​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​លើក​សម្អាង​ហេតុថា សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ជំនុំជម្រះ​នៅ​តុលាការ​ជាន់​ទាប​រួចរាល់​ហើយ​។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ច្រានចោល​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​កញ្ញា​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ប្រកាស​រក្សា​ការសម្រេច​របស់​សាលាដំបូង​ទុក​ជា​បាន​ការ​ដដែល។

ក្រុម​កូដករ​ណាហ្គា​វើលដ៍ និង​មេធាវី​ការពារ​ក្ដី ខកចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។



​អនុប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​តម្កល់​សាលក្រម​លើ​សំណុំរឿង​កញ្ញា ឈឹម ស៊ីថរ ទុកជា​បាន​ការ​ដដែល​។ កញ្ញា​ថា ក្រុម​កូដ​ករ​នឹង​នៅតែ​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​រក​ដំណោះស្រាយ​ការងារ និង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។

    ​កញ្ញា ឈឹម សុខន​៖ «ខ្ញុំ​មានការ​សោកស្ដាយ ហើយក៏​មានការ​ខកចិត្ត​ដែរ និយាយ​ទៅ​បើ​នីតិវិធី​ច្បាប់ គឺ​យើង​មើល​គាត់​អត់​មាន​ខុស​អី ទេ មើលទៅ​តុលាការ​ក៏​គាត់​ទទួលស្គាល់​ថា ដូចជា​អត់​បាន​ដែល​យើង​មិន​បាន​ទទួល​លិខិត​បម្រាម​អីហ្នឹង​។ ប៉ុន្តែ ដល់ពេល​ជាក់ស្ដែង​សវនាការ​មក​តម្កល់​រឿង​ទុកជា​បាន​ការ ពួក​ខ្ញុំ​មានការ​សោកស្ដាយ»។

កញ្ញា ឈឹម សុខន ឱ្យ​ដឹង​ទៀត​ថា ថ្វី​ដ្បិត​កញ្ញា ឈឹម ស៊ីថរ មាន​ទឹកមុខ​ស្លេកស្លាំង កញ្ញា​បាន​ផ្តាំ​ដល់​ក្រុម​កូដករ​ថា កញ្ញា​នៅតែ​រឹងមាំ និង​កុំឱ្យ​ព្រួយបារម្ភ​ពី​សុខភាព​របស់​កញ្ញា។

ជុំវិញ​រឿង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា ឈឹម ស៊ីថរ គឺ​មេធាវី សំ ចំរើន រិះគន់​ថា ការ​សម្រេច​សាលដីកា​របស់​សាលាឧទ្ធរណ៍​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​ឡើយ ត្បិត​ទាំង​លោក​ជា​មេធាវី និង​កូនក្ដី​របស់​លោក មិនដែល​បានដឹង​អំពី​បម្រាប​ឱ្យ​កូនក្ដី​របស់​លោក​ចាក​ចេញ​ពី​ក្រៅប្រទេស​នោះ​ទេ។ ក្រោយ​ការសម្រេច​របស់​សាលាឧទ្ធរណ៍ លោក​មេធាវី សំ ចំរើន និង​កូនក្ដី ក៏បាន​រៀបចំ​ឯកសារ ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

    មេធាវី សំ ចំរើន៖ «​យើង​មាន​អារម្មណ៍​ថា សោកស្ដាយ​ដែរ ដោយសារតែ​ជា​កំហុស​នីតិវិធី​សោះ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​អ៊ីចឹង ខ្ញុំ​សោកស្ដាយ​។ វា​ជា​កំហុស​នីតិវិធី​តូចតាច ដោយ​គាត់ [​កញ្ញា ឈឹម ស៊ីថរ​] អត់​បាន​ដំណឹង​ពី​ដីកា​សម្រេច​នៃ​ទាក់ទង​ការ​ត្រួតពិនិត្យ​ហ្នឹង​ផង»។

អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ភ្លាមៗ ក្រោយពី​កញ្ញា​វិលត្រឡប់​មកពី​ចូលរួម​សមាជ​របស់​សហភាព​ស​ហ​ជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​។ ទាំង​តុលាការ​ជាន់​ទាប និង​ទាំង​សាលាឧទ្ធរណ៍​បាន​ចោទប្រកាន់​ថា មូលហេតុ​នៃ​ការ​ចាប់ខ្លួន និង​បន្ត​ឃុំខ្លួន​កញ្ញា​ក្នុង​គុក​នេះ ដោយសារតែ កញ្ញា​បាន​ចាក​ចេញពី​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​។ ប៉ុន្តែ ទាំង​មេធាវី និង​កញ្ញា ឈឹម ស៊ីថរ បាន​អះអាង​ថា ពួកគេ​មិនដែល​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា​ទៅ​ក្រៅប្រទេស ឬ​ការ​រឹត​បន្តឹង​លក្ខខណ្ឌ​ដទៃទៀត​ក្នុង​គ្រា​ដែល​កញ្ញា​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ព្រោះ​លោក​ថា ការចោទប្រកាន់​កញ្ញា ឈឹម ស៊ីថរ ថា​បាន​ល្មើស​បម្រាម​តុលាការ​នេះ​ពុំមែន​ជា​ការ​ទទួលខុសត្រូវ​របស់​កញ្ញា​នោះ​ទេ​។ ផ្ទុយទៅវិញ លោក​ថា ករណីនេះ​វា​ជា​កំហុស​នីតិវិធីតុលាការ និង​អាជ្ញាធរ ដែល​មិនបាន​ជូនដំណឹង​ដល់​កញ្ញា និង​មេធាវី រឿង​មិន​អនុញ្ញាត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ចាក​ចេញ​ទៅ​ក្រៅប្រទេស​នោះ។

    លោក អំ សំអាត ៖ «​ហើយ​ទីបំផុត កញ្ញា ឈឹម ស៊ីថរ រងគ្រោះ​ដោយ​អយុត្តិធម៌​ពី​កំហុស​នីតិវិធី​របស់​តុលាការ និង​អាជ្ញាធរ ទៅវិញ​។ មិន​គួរណា​បន្ត​ឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ទៀត​ទេ ព្រោះ​ការ​បន្ត​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ មិន​មាន​អ្វី​ដែល​ផ្ដល់​ផល​ចំណេញ​សម្រាប់​កម្ពុជា​យើង​ទេ​។ សហគមន៍​អឺរ៉ុប​នៅតែ​ទទូច​ឱ្យ​កម្ពុជា ស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​ក្នុង​នោះ​ក៏​គេ​កំពុងតែ​តាមមើល​ករណី​កញ្ញា ឈឹម ស៊ីថរ ហ្នឹង​ដែរ​។ យើង​ព្រួយបារម្ភ​ទាក់ទង​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ (EBA) អាច​ត្រូវ​មាន​ការពិចារណា ឬ​ការកាត់បន្ថយ​បន្ថែម​ទៀត»។

រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការរិះគន់​ជា​បន្តបន្ទាប់​ថា អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍ ដើម្បី​បង្ក្រាប​សំឡេង​សហជីព​ឯករាជ្យ ព្រមទាំង​ចោទប្រកាន់​លើ​តំណាង​កូដ​ករ​ដែល​សកម្ម​ទាម​ទារ​សិទ្ធិ​ការងារ​ជា​បន្តបន្ទាប់​។ ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ចាត់ទុក​ការ​ចាប់ខ្លួន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទីពីរ​នេះ​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​។ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយចំនួន​ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ក្រុម​សហជីព​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ និង​ទម្លាក់​បទចោទប្រកាន់​លើ​តំណាង​កូដ​ករ​ទាំងអស់ ហើយ​ត្រូវ​ងាក​មក​ដោះស្រាយ​វិវាទ​ការងារ​នេះ​ប្រកបដោយ​ភាព​យុត្តិធម៌ និង​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ៕

No comments: