ដោយ យន់ សាមៀន
2022.12.26
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា មេឃុំគណបក្សកាន់អំណាចមួយចំនួនមិនប្រគល់តួនាទីភារកិច្ចទៅតាមច្បាប់កំណត់ឱ្យទៅក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀននៅឡើយទេ។ ពួកគេចាត់ទុកទង្វើនេះ គឺជាការរំលោភច្បាប់ និងរើសអើងនយោបាយ។ ទោះបីជាយ៉ាងណា មន្ត្រីគណបក្សកាន់អំណាចច្រានចោលការចោទប្រកាន់នេះ។
មន្ត្រីគណបក្សភ្លើងទៀនលើកឡើងថា មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សមួយចំនួននៅមិនទាន់អាចអនុវត្តតួនាទីដែលមានចែងក្នុងច្បាប់នោះទេ ដោយសារមេឃុំ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាបានរំលោភតួនាទី កាងយកការងារ ក្នុងឃុំទុកសម្រាប់ឲ្យបក្ខពួកគេ។ មន្ត្រីទាំងនោះស្នើថា មានរយៈពេលជាង ៥ខែហើយ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ដូច្នោះគណបក្សកាន់អំណាច គួរបញ្ឈប់ការរើសអើងនយោបាយដើម្បីឲ្យមន្ត្រីគណបក្សភ្លើងទៀនអាចបំពេញតួនាទីបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានពេញលេញ ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនលើកឡើងថា សមាជិកគណបក្សកាន់អំណាច នៅតំបន់មួយចំនួន បានសហការគ្នានឹងបក្សប្រឆាំងបំពេញកិច្ចការបានត្រឹមត្រូវ ប៉ុន្តែ មេឃុំ-ចៅសង្កាត់នៅតាមបណ្តាខេត្តខ្លះមកពីគណបក្សប្រជាជនកម្ពុជា នៅតែមិនព្រមប្រគល់តួនាទីដល់ក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀនឱ្យត្រឹមត្រូវតាមច្បាប់កំណត់នោះឡើយ ។ លោក យល់ថា ករណីនេះ គឺជាការរើសអើងនយោបាយ។
លោក ថាច់ សេដ្ឋា៖ «ឃុំ-សង្កាត់ មួយចំនួនមិនបានបែងចែងការងារទទួលខុសត្រូវទៅតាមមុខនាទីដែលមានចែងនៅក្នុងច្បាប់ទេ។ យើងខ្ញុំសំណូមពរដល់ក្រសួងមហាផ្ទៃដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ឃុំ-សង្កាត់ ឱ្យបែងចែង តួនាទីឱ្យក្រុមប្រឹក្សាទូទៅឱ្យស្របតាមច្បាប់ដែលមានចែងច្បាប់ស្ដីពីការគ្រប់គ្រង ឃុំ-សង្កាត់ ជាធរមាននេះបាទ»។
លោកព្រមានថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការដោះស្រាយឱ្យបានឆាប់នោះទេ គណបក្សភ្លើងទៀននឹងដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃឲ្យដោះស្រាយរឿងនេះ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងថា ក្រោយពេលក្រសួងមហាផ្ទៃប្រកាសចូលកាន់មុខតំណែង និងណែនាំពីការងាររួចមក ក្រុមប្រឹក្សាឃុំ -សង្កាត់ទូទាំងប្រទេស ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនបានបំពេញតួនាទីនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាធម្មតា។ លោកបដិសេធថា មេឃុំ-ចៅសង្កាត់មកពីគណបក្សរបស់លោកបានរំលោភតួនាទី ឬរើសអើងនិន្នាការនយោបាយប្រឆាំងនឹងមន្ត្រីគណបក្សភ្លើងទៀនដូចការចោទប្រកាន់។
លោក សុខ ឥសាន៖ «ខ្ញុំយល់ថាដូចគ្មានបញ្ហាអ្វីដែលថារំលោភលើតួនាទីទេ ពីព្រោះបែងចែកជាលាយលក្ខណ៍អក្សរមិនចេះតែថា ផ្ទាល់មាត់ទេ ពីព្រោះអាហ្នឹងជាគោលការណ៍ដែលមានចែងក្នុងច្បាប់រួចហើយ ហើយមានការណែនាំពីអ្នកជំនាញពីក្រសួងមហាផ្ទៃទៅទៀត ដូច្នេះមិនអាចអ្នកណាមួយជាបុគ្គលអត្តនោម័តិបានទេបាទ»។
ផ្ទុយពីការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ ជំទប់ទី២នៅឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបមកពីគណបក្សភ្លើងទៀនលោក យឿន ឆាយ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា បើតាមច្បាប់តួនាទីរបស់លោកជាជំទប់ទី២ ត្រូវទទួល ការងារផ្តល់សេវារដ្ឋបាលសាធារណៈ សង្គមកិច្ច សណ្ដាប់ធ្នាប់ និងការដោះស្រាយវិវាទជាដើម ប៉ុន្តែជាក់ស្តែងរយៈពេល៥ខែមកនេះមេឃុំមកពីគណបក្សកាន់ប្រជាជនមិនបានចាត់តាំង ឬប្រគល់តួនាទីឱ្យលោកបំរើពលរដ្ឋនោះទេ ។ លោកឱ្យដឹងថា លោកតែងតែលើកពីបញ្ហាទាំងនេះនៅក្នុងអង្គប្រជុំដែរ តែមេឃុំមិន ដោះស្រាយ។ លោកចោទថា ទង្វើរបស់មន្ត្រីគណបក្សកាន់អំណាច គឺជាការរើសអើងនិន្នាការនយោបាយ។
លោក យឿន ឆាយ៉ា៖ «ការដឹកនាំហ្នឹង ដូចជាគេដឹកនាំបក្សតែមួយ គេមិនចាត់ទុកយើងជាមនុស្សដែលពលរដ្ឋគាំទ្រម្នាក់ទេ ការអនុវត្តន៍ហ្នឹងគឺមិនប្រក្រតី សម្រាប់ខ្ញុំម្នាក់ត្រូវទទួលការងារលើតួនាទីភារកិច្ចរបស់ខ្ញុំហ្នឹង។ ខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃជំរុញក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីបក្សភ្លើងទៀនបានអនុវត្តការងារដែលកំណត់ដោយច្បាប់រដ្ឋបាល ឃុំ-សង្កាត់»។
ស្រដៀងគ្នានេះដែរ ក្រុមប្រឹក្សាឃុំ ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យលោក កែវ វាសនា ប្រាប់វិទ្យុអាស៊ីសេរីថា ថា តាំងពីចូលកាន់ដំណែងមក លោកមិនដែលទទួលបានការចាត់តាំងឱ្យចុះជួបជាមួយប្រជាពលរដ្ឋ ជាពិសេសទាក់ទងការផ្តល់ជំនួយមនុស្សធម៌ និងផ្តល់ប័ណ្ណដល់ជនក្រីក្រជាដើម។ លោកយល់ថា មេឃុំមកពីគណបក្សប្រជាជនភ័យខ្លាចលោកទទួលបានការគាំទ្រពីពលរដ្ឋ។
លោក កែវ វាសនា៖ «ខ្ញុំទទួលសិទ្ធិសម្រាប់បម្រើប្រជាពលរដ្ឋ ប៉ុន្តែគេ(មេឃុំបក្សប្រជាជន) ហាម គេបំបិទសិទ្ធិយើងដើម្បីកុំយើងបានចេញទៅជួបប្រជាពលរដ្ឋ នេះគឺអយុត្តិធម៌ចំពោះគណបក្សខ្ញុំចំពោះខ្ញុំតែម្តង ខ្ញុំចង់ឱ្យគេផ្តល់សិទ្ធិដើម្បីយើងមានសិទ្ធិចុះជួបប្រជាពលរដ្ឋ តែចំណុចនេះគេមិនឱ្យយើងទេ គ្រប់ឃុំទាំងអស់ឱ្យតែគណបក្សប្រឆាំង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែធ្នូ។
ជុំវិញរឿងនេះដែរ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា បើសិនមន្ត្រីឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀន ជួបបញ្ហាក្នុងការបំពេញតួនាទីភារកិច្ចការងារទៅតាមច្បាប់ ដោយសារមិនទទួលបានការបែងចែកភារកិច្ចការងារ ពួកគេអាចដាក់លិខិតទៅក្រសួងមហាផ្ទៃភ្ជាប់ដោយភស្តុតាងពាក់ព័ន្ធ ដើម្បីស្នើឱ្យស្ថាប័ននេះពិនិត្យដោះស្រាយ។
លោក កន សាវាង្ស៖ «ជារឿងដែលសំខាន់ គឺថាក្រុមប្រឹក្សាដែលមិនបានទទួលតួនាទីហ្នឹង ធ្វើជាកំណត់សម្គាល់តាមផ្លូវច្បាប់ទៅ ធ្វើលិខិតស្នាមទៅ ហើយនាគ្នាដាក់លិខិតហ្នឹងទៅក្រសួងមហាផ្ទៃ ដោយយោងការអនុវត្តពេលបច្ចុប្បន្នយ៉ាងមិច ការផ្ទេរ(តួនាទី) យ៉ាងមិច»។
លទ្ធផលផ្លូវការពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែល គ.ជ.ប ប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា បង្ហាញថា គណបក្សភ្លើងទៀន ទទួលបានមេឃុំចំនួន ៤នាក់ នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ ក្រៅពីមេឃុំ គណបក្សភ្លើងទៀន ទទួលបានតំណែងជំទប់ទី១ ចំនួន២៥នាក់ និងជំទប់ទី២ ចំនួន១ពាន់៣រយ៦០នាក់ (១.៣៦០)។ គណបក្សភ្លើងទៀនបានបន្ត ទទូចដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យពិនិត្យ និងបែងចែកការងារដោយតម្លាភាព ដើម្បីឲ្យមន្ត្រីឃុំសង្កាត់បក្សប្រឆាំងអាចបំរើប្រជាពលរដ្ឋ៕
1 comment:
The struggle for freedom and social justice must go on despite the barbarous actions deployed by the Yuon's slave for life Hun Sen.
Post a Comment