Monday, 19 December 2022

ដី​សហគមន៍​មេត្តា​ធម្មជាតិ​នៅ​ខេត្តកំពង់ស្ពឺជិត៤០០ហិកតារ​ដែល​ឈូសឆាយ​ កំពុង​ចាប់​ផ្តើម​ដាំ​ដើម​ដូង


ដោយ មាន ឫទ្ធិ
2022.12.19
ដី​សហគមន៍​មេត្តា​ធម្មជាតិ​នៅ​ខេត្តកំពង់ស្ពឺជិត៤០០ហិកតារ​ដែល​ឈូសឆាយ​ កំពុង​ចាប់​ផ្តើម​ដាំ​ដើម​ដូង  
យុវជន​និង​ប្រជាពលរដ្ឋ​ឈរ​នៅ​លើ​ផ្ទៃដី​ដែលគេឈូសឆាយ​រួចរាល់​ ត្រៀមដាំដុះនៅលើដីព្រៃសហគមន៍​ឧត្តមស្រែពស់ ស្ថិតនៅ​ក្នុង​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
 រូប៖ Metta Forest

ព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​ទំហំ​ជិត ៤០០ ហិកតារ ដែល​ក្រុម​មន្ត្រីយោធា "-៧០” ឈូស​កម្ទេច ក្រោម​ទម្រង់​ផ្តល់ដី​សម្បទាន​សង្គមកិច្ច​ជូន​គ្រួសារ​កងទ័ព​ ពេល​នេះ​កំពុង​បន្ត​ទទួល​រង​ការ​ដុត​កម្ទេច ដើម្បី​បំបាត់​ភស្តុតាង។ ក្រុម​យុវជន​ខ្មែរថាវរៈ និង ប្រជា​សហគមន៍​ រក​ឃើញ​ភាព​មិន​ប្រក្រតី​បន្ថែម​ទៀត ទាក់ទិន​ការ​ទិញ​លក់​ដី​ខុសច្បាប់​នៅ​តំបន់​នោះ។

ក្រុមយុវជនខ្មែរថាវរៈ និង ប្រជា​សហគមន៍​រស់​នៅ​ភូមិ​ពោធិ៍មាស ​ឃុំ​ត្រពាំងជោរ ​ស្រុក​ឱរ៉ាល់ ប្រតិកម្ម​ចំពោះ ការ​ដុត​គំនរ​ឈើ​អស់​ជា​ច្រើន​ហិកតារ ឋិត​ក្នុង​ដីព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​ ដែល​មិន​ទាន់​ដោះស្រាយ​រួចរាល់​នៅ​ឡើយ។

ក្រុម​យុវជន​ខ្មែរថាវរៈ និង ប្រជា​សហគមន៍ បាន​ចុះ​ដល់​ទីតាំង​ដី​មាន​ជម្លោះ​នោះ ប្រទះ​ឃើញ​ សកម្មភាព​ដុត​កម្ទេច​គំនរ​ឈើ​ធំកាល​ពី​យប់ ថ្ងៃ​ទី ១៨ ធ្នូ​ ដោយ​មាន​គ្រឿងចក្រ​ឈូសឆាយ​សំអាត​ដី ដើម្បី​ត្រៀម​ដាំ ដើមដូង គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​ឯកជន របស់​ក្រុម​អ្នក​មាន​អំណាច។

 

តំណាង​ក្រុម​យុវជន​ខ្មែរថាវរៈ លោក ស្វាយ សំណាង ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៩ ខែធ្នូ​ថា ពួកលោក ប្រទះ​ឃើញ​ដើម​ឈើ​ធំៗដែល​គេ​ឈូសឆាយ​ផ្តួល​ជាច្រើន​ខែ​មក​ហើយ​ ហើយ​បន្ត​ដុត​កម្ទេច​ចោល​អស់​ប្រមាណ ៣ ហិកតារ នៅ​យប់​ថ្ងៃ​ទី១៨ ខែធ្នូ។ លោក​ស៊ើប​ដឹង​ថា ទីតាំង​ឈូសឆាយ និង​ដុត​កម្ទេច​គំនរឈើ មាន​ផ្នែក​ខ្លះ ជាកម្ម​សិទ្ធិ​របស់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ ពុំ​មែន​ផ្តល់ដី​សម្បទាន​សង្គម​កិច្ច​ជូន​គ្រួសារ​យោធា​នោះ​ឡើយ៖

«ព្រោះ​ដី​ហ្នឹង​ជា​ដី​ទំនាស់​រវាង​សហគមន៍ និង​ទាហាន ​ង៧០ ហើយ​ឥលូវ​វា​បែរ​ចេញ​ជា ជា​ដី​ឯកជន​របស់​ថៅកែ​ដី​ នៅ​ជិត​កោះ​ពេជ្រ​ទៅ​វិញ។ ខ្ញុំ​មើល​ឃើញ​ថា គំនរ​ឈើ​ពីរ​ថ្ងៃ​ហ្នឹង​ក្លាយ​ទៅ​ជា​ផេះ​អស់​ហើយ»

ប្រជា​សហគមន៍​ឱ្យ​ដឹង​ថា ព្រៃ​សហគមន៍​ឧត្តម​ស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ សំបូរ​ដើមឈើ​ធំៗ និង​ជម្រក​សត្វព្រៃ ត្រូវ​ក្រុម​យោធា  "-៧០”ឈូសឆាយ​កម្ទេច​អស់​ជិត ៤០០ ហិកតារ នៅ​រយៈ​ពេល​ជាង ៦​ខែ​ចុង​ក្រោយ​នេះ ហើយ​មក​ទល់​ពេល​នេះ ព្រៃអភិរក្ស​នេះ​នៅ​សល់​តែ​ជាង ៣០ ហិកតារ​ប៉ុណ្ណោះ។ អ្នកភូមិថា កុដិ អាស្រម និងដើមឈើ​តូចធំៗ ដុះ​ជុំវិញ​វត្ត​មេត្តា​ធម្មជាតិ​ក៏​គេ​ឈូស និង​ដុត​កម្ទេច​អស់​ដែរ។

រីឯ​ដើម​ជ្រៃ និង​ដើម​ឈើទាល ដែល​ផ្តល់​ម្លប់​ស្រស់បំព្រង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ជា​កន្លែង​ដែល​អ្នក​រក្សាសីល​ស្នាក់​អាស្រ័យ ក៏​ត្រូវ​គេ​ឈូស​ឆាយ​បំផ្លាញ​អស់​ដែរ​

តំណាង​សហគមន៍ លោក សុខ លី ចាត់​ទុក​គម្រោង​ផ្តល់​ដីសម្បទាន​សង្គមកិច្ចនេះ​ ជាល្បិច​បំផ្លាញ​ព្រៃឈើ ​យក​ដីលក់ ដើម្បីបម្រើ​ផល​ប្រយោជន៍​បុគ្គល។ លោក​បន្ត​ថា កន្លង​ទៅ​ អ្នកភូមិ​រាប់​ពាន់​នាក់ បាន​លើក​គ្នា​តវ៉ា ឱ្យ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ព្រៃសហគមន៍​នេះ​ ប៉ុន្តែ​មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​ទេ ពលរដ្ឋយ៉ាង​ហោច​ណាស់ ជាង ១០នាក់ បាន​ទទួល​រង​ការ​គំរាម​កំហែង​ ការ​ប្រើ​អំពើ​ហិង្សា និង ជាប់​បណ្តឹង​នៅ​តុលាការ។

ចំណែក អាជ្ញាធរ​ហាក់​យឺតយ៉ាវ​ក្នុងការ​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ឱ្យ​ទាន់​ពេល​វេលា ស្រប​ពេល​ដែល ព្រៃ​អភិរក្សនេះ​ត្រូវ​គេ​ឈូសឆាយ​អស់ ជិត ៤០០ ហិកតារ​ ទើប​ឃើញ​អាជ្ញាធរ​មាន​វិធានការ​តាម​ក្រោយ៖

«សម្រាប់​ពលរដ្ឋ​ទាំង​អស់ ចង់​ទុក​ព្រៃ​ដើម្បី​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​អាស្រ័យផល​ សម្រាប់​ឱ្យ​សត្វ​ព្រៃ​នៅមាន​ភ្ញៀវទេសចរ​មក​លេង។ តែ​ជាក់​ស្តែង​ព្រៃស្រោង​ឈូសឆាយ​អស់​ សត្វ​ក៏​រត់​ខ្លះ​ដែរ»

ឆ្លើយ​តប​រឿង​នេះ អភិបាល​ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ដោះស្រាយ​ករណី​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​សហគមន៍ មាន​ព្រៃសម្រាប់​អាស្រ័យ​ផល។ លោក​បញ្ជាក់​ថា អាជ្ញាធរខេត្ត​បាន​ទទួល​របាយការណ៍​ពាក់ព័ន្ធ​ករណី​នេះ​អស់​ហើយ​ និង​កំពុង​រក​មធ្យោបាយ​ដោះស្រាយ ប៉ុន្តែ​ត្រូវ​ប្រើ​ពេល​បន្តិច៖

«ខ្ញុំ​ចង់​និយាយ​រឿង​ដី​សហគម​ន៍ យើង​ត្រូវ​ខំ​ដោះស្រាយ​ធ្វើ​យ៉ាង​ណា ឱ្យ​ប្រជា​សហគមន៍​មាន​កន្លែង​អាស្រ័យ​ផល។ រឿង​ហ្នឹង​ហើយ ដែល​យើង​ត្រូវ​គិតគូរ»

កាល​ពីថ្ងៃទី២៦​ ខែតុលា កន្លង​ទៅ រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា បាន​ផ្ញើលិខិត​ជូន​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យ​ជួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ព្រៃ​សហគមន៍​​ឧត្តម​ស្រែ​ពស់ ពី​សំណាត់​អតីត​បញ្ជាការ​ដ្ឋាន​រថក្រោះ កងទ័ព​ជើង​គោក និង​បក្ខពួក​ឋិត​ក្នុង​ភូមិ​ចំនួន ៣ នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ក្រសួង​ស្នើ​ឱ្យ​អភិបាលខេត្ត ចុះ​ស្រាវជ្រាវ​ និង​ដោះស្រាយ​បញ្ហា​នេះ ផ្អែក​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា រួច​ឆ្លើយតប​មក​កាន់​ក្រសួង​វិញ។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ហៅ​ថា ព្រៃ​មេត្តា​ធម្មជាតិ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន​កាល​ពី​ឆ្នាំ២០០២។ កាល​ពី​ខែ​សីហា ឆ្នាំ២០២១ កន្លង​ទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​មាន​ទំហំ​ជិត ៣ រយ​ហិកតារ (២៦២,២៤ហិកតារ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ​រ ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ជូន​គ្រួសារ​យោធិន "-៧០” កង​រថក្រោះ ៤១គ្រួសារ សម្រាប់​សង់​លំនៅឋាន និង​បង្ក​បង្កើន​ផល។

ក្រុម​យុវជន​ខ្មែរ​ថាវរៈបន្ថែមថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ជា​ល្បិច​ភូតភរ​ថ្នាក់ដឹកនាំ​ដើម្បី​លក់​ដី​ព្រៃ​សហគមន៍​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់ និង ថ្មម៉ាប​ប៉ុណ្ណោះ ហើយ​ដីព្រៃ​​មួយ​ផ្នែក​ដែល​គេ​ឈូសឆាយ មាន​ក្រុមហ៊ុន​ឯកជន​ខ្លះ​កំពុង​មមាញឹក​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម៕

 

No comments: