Monday, 19 December 2022

ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ព្រោះ​គ្មាន​ការងារ​ធ្វើ


ដោយ មាន ឫទ្ធិ
2022.12.19
ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ព្រោះ​គ្មាន​ការងារ​ធ្វើ  
ពលករខ្មែរធ្វើការក្នុងវិស័យសំណង់នៅក្នុងប្រទេសថៃ។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

សកម្មជន​នយោបាយ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ កំពុង​ជួប​ទុក្ខ​លំបាក ដោយសារ​ពេល​ឈឺ​ម្ដងៗ​គ្មាន​ថវិកា​សម្រាប់​បង់ថ្លៃ​ព្យាបាល។ ពួកគាត់​លើកឡើង​ថា ប្រាក់​ជំនួយ​ដែល​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផ្ដល់​ឲ្យ​មាន​តិចតួច​មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នកវិភាគ​ថា បើ​កម្ពុជា​នៅតែ​មាន​ជនភៀសខ្លួន​ដោយសារ​នយោបាយ និង​ការ​បញ្ចេញមតិ នោះ​កម្ពុជា​មិនទាន់​មាន​សន្តិភាព​ពេញលេញ​ទេ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភៀសខ្លួន​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល កំពុង​រស់​លាក់ខ្លួន​ក្នុង​ប្រទេស​ថៃ ត្អូញត្អែរ​ថា បញ្ហា​ប្រឈម​របស់​ពួកគាត់​មាន​ច្រើន គឺ​ទាំង​ផ្នែក​​សុវត្ថិភាព ជីវភាព ជាពិសេស​បញ្ហា​សុខភាព បើ​ឈឺ​តិចតួច​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​ទេ ព្រោះ​គ្មាន​លុយ​បង់ថ្លៃ​ពេទ្យ ដោយសារ​គ្មាន​ការងារ​ធ្វើ​ទៀងទាត់។ សកម្មជន​ខ្លះ រស់​ដោយ​ពឹង​លើ​ប្រាក់​ដែល​កូន​ផ្ញើ​មក​ពី​កម្ពុជា​បន្តិចបន្តួច​ដើម្បី​ទិញ​អាហារ​ហូបចុក។ បើ​ទោះជា​ជួប​ការ​លំបាក​បែប​នេះ​ក្ដី ក៏​ពួកគាត់​នៅតែ​មាន​ឆន្ទៈ​ចង់​ចូល​រួម​ជាមួយ​សកម្មជន​នយោបាយ​ដទៃ ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ។

 

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ប៉ៃលិន ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​អ្នកស្រី វ៉ែន ដារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា អ្នកស្រី​រស់នៅ​តែ​ម្នាក់ឯង​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង៦ឆ្នាំ ហើយ​មាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​ទៀត ត្រូវ​ទៅ​ពេទ្យ​ជា​ប្រចាំ តែ​ថវិកា​ថ្លៃ​ព្យាបាល​សង្ឃឹម​កូន​ផ្ញើ​ពី​ស្រុក និង​អង្គការ​ជនភៀសខ្លួន​ជួយ​ខ្លះ។ អ្នកស្រី​ថា អ្នកស្រី​មិន​អាច​រក​ការងារ​បាន​ទេ​ព្រោះ​អ្នកស្រី​មាន​វ័យ​ចាស់ ហើយ​ក៏​គ្មាន​ឯកសារ​សម្រាប់​ធ្វើ​ការងារ​ដែរ ហើយ​អ្នកស្រី​រស់នៅ​ដោយ​លាក់ខ្លួន​មិន​ហ៊ាន​ដើរហើរ​ចេញ​ទៅ​ក្រៅ​បន្ទប់​ញឹកញាប់​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា បើ​ទោះជា​អ្នកស្រី​រស់នៅ​លំបាក​វេទនា​បែប​នេះ​ក្ដី ក៏​អ្នកស្រី​មិន​បោះបង់​ឆន្ទៈ​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ៖

«ខ្ញុំ​នៅតែ​មាន​ការ​ចូល​រួម​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ហ្នឹង ទាល់តែ​ដង្ហើម​ចុង​ក្រោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅតែ​មាន​ឆន្ទៈ​មួយ​ថា ស្លាប់​មិន​ដូរ​ឈ្មោះ​រស់​មិន​ដូរ​ត្រកូល​ណា។ នៅតែ​តស៊ូ​ដើម្បី​ជាតិ​ទឹក​ដី ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​តទៅ​មុខ​ទៀត​យើង​អត់​បោះបង់​ការ​តស៊ូ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​សុខ​ស្រួល បាន​រស់នៅ​មាន​សិទ្ធិ​សេរីភាព គោរព​សិទ្ធិមនុស្ស ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ប្រជាពលរដ្ឋ​រស់​បាន​ស្រួល​ទាល់តែ​យើង​មាន​​ប្រជាធិបតេយ្យ មាន​ការ​គោរព​សិទ្ធិមនុស្ស»

ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺ ដែល​រស់នៅ​ភៀសខ្លួន​ប្រទេស​ថៃ ៤ឆ្នាំ លោក ហុង ថេង ប្រាប់​ថា លោក​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ទ្រាំ​លំបាក​ច្រើន​យ៉ាង ត្រូវ​ឆ្ងាយ​ស្រុក​កំណើត រស់នៅ​ខ្វះ​សុវត្ថិភាព ពិបាក​រក​ការងារ​ធ្វើ​ព្រោះ​គ្មាន​ឯកសារ​ស្របច្បាប់ ។ លោក​ថា នៅ​ពេល​ឈឺ​ម្ដងៗ​សុខចិត្ត​ទ្រាំ​ឈឺ​នៅ​ក្នុង​បន្ទប់​ដោយ​មិន​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នោះ​ទេ ព្រោះ​គ្មាន​ប្រាក់​បង់​ថ្លៃ​ពេទ្យ។ លោក​ប្រកាន់​ជំហរ​ថា បើ​ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ក្ដី​ក៏​លោក​មិន​បោះបង់​ការ​តស៊ូ​ធ្វើ​នយោបាយ ដើម្បី​ឲ្យ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដែរ៖

«គណបក្ស​ប្រជាជន​ហ្នឹង​យើង គេ​ក៏​ឈាន​ចូល​មក​លុក​លុយ​នៅ​តាម​គ្រប់​តំបន់​គ្រប់​ខេត្ត​នៅ​ក្នុង​ប្រទេស​នេះ ដើម្បី​ដូច​ថា​ជួនកាល​គេ​ស្វែង​រក​ពួក​យើង​ទៀត ហើយ​យើង​ហ្នឹង​នៅ​រាល់​ថ្ងៃ​ហ្នឹង​រស់​ក្នុង​ការ​ដូច​ថា​លាក់​ខ្លួន​អ៊ីចឹង​ទេ មិន​មាន​សិទ្ធិ​សេរីភាព​អី​ដើរ​ស្វេកស្វាច​អី​ស្រេច​តែ​នឹង​ចិត្ត​ទេ ខ្លាច​គេ​ស្គាល់ ខ្លាច​គេ​ឃើញ​អីចឹង​ណា គេ​ចាប់​អ៊ីចឹង​ទៅ​ណា»។​

ជនភៀសខ្លួន​ពេល​ដែល​ឈឺ​ម្ដងៗ អ្នក​ខ្លះ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បួន​ប្រាំ​ថ្ងៃ ហើយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ពេទ្យ ថ្លៃ​ថ្នាំ អស់​ថវិកា​ច្រើន ដូច​ករណី​អ្នកស្រី វ៉ែន ដារ៉ា ជាដើម ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​អស់​រាប់​សែន​បាត​ហើយ តែ​ជំងឺ​របស់​អ្នកស្រី​នៅ​មិន​ទាន់​ធូរស្រាល​ទេ ហើយ​ក៏​មាន​សកម្មជន​ដទៃ​ទៀត​មាន​ស្ថានភាព​ជំងឺ​ប្រហាក់ប្រហែល​នឹង​អ្នក​ស្រី​ដែរ ដែល​ត្រូវការ​ការ​មើលថែ​ពី​អង្គការសហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន។

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ភៀសខ្លួន​នៅ​ថៃ ៥ឆ្នាំ លោក តាំង សុផុន ប្រាប់​ថា លោក​មាន​វ័យ​ចាស់​អាយុ​ជាង៦០ឆ្នាំ សុខភាព​មិន​សូវ​មាំមួន​ទេ ហើយ​ក៏​គ្មាន​មុខរបរ​អ្វី​ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​ក្នុង​ប្រទេស​ថៃ​ដែរ។ លោក​បន្ថែម​ថា ពេល​មិន​ស្រួល​ខ្លួន​ម្ដងៗ លោក​គ្រាន់តែ​ទិញ​ថ្នាំ នៅ​ជិត​ផ្ទះ​លេប​មួយ​គ្រាៗ​ប៉ុណ្ណោះ ព្រោះ​គ្មាន​ប្រាក់​បង់​ថ្លៃ​ព្យាបាល៖

«អត់​យ៉ាងណា​ក៏ដោយ​ត្រូវតែ​តស៊ូ ព្រោះអី​យើង​ម្នាក់ៗ​តស៊ូ​នឹង​ជាតិ​នឹង​គណបក្ស​ហ្នឹង​សុទ្ធតែ​ម្ភៃ​ឆ្នាំ​ជាង​អស់​ហើយ រហូត​ដល់​ពេល​នេះ​ហើយ ដូច​ថា​យើង​មាន​តែ​តស៊ូ​ទៅ​មុខ​ទៀត​ទេ រឿង​ទៅ​ក្រោយ​អត់​មាន​វិល​ទេ។ ទោះបី​ការ​លំបាក​វេទនា​យ៉ាងណា​ក៏​ត្រូវតែ​ប្រឹង​ដែរ មាន​ដាច់​បាយ​ម្ដងៗ​ទៅ​យក​បាយ​លោក​ហូប​ដែរ​អត់​មាន ពេល​ដាច់​មែនទែន​ទៅ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​យើង​ត្រូវ​តែ​តស៊ូ​ដែរ ធ្វើ​ម៉េច​ទេ បើ​យើង​ជា​អ្នក​តស៊ូ​ទៅ​ហើយ ឈាម​អ្នក​តស៊ូ​ត្រូវតែ​តស៊ូ»

សព្វថ្ងៃ​មាន​សកម្មជន​គណបក្ស​ប្រឆាំង អ្នក​តស៊ូ​មតិ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ ជិត​មួយ​រយ​នាក់ ពួកគេ​បាន​រត់គេច​ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​ឯក​បក្ស​ធ្វើ​ទុក្ខបុកម្នេញ។

ប្រធាន​គណៈកម្មការ​រដ្ឋបាល​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ថៃ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៅ ពល័ក្ខ ឲ្យដឹង​ថា ជនភៀសខ្លួន​ដែល​មាន​ជំងឺ​ប្រចាំ​កាយ និង​មាន​អាយុ​ច្រើន​មាន​ចំនួន​ប្រាំ​មួយ​នាក់ ហើយ​ពួកគាត់ និង​សកម្មជន​ផ្សេង​ទៀត បាន​ប្រាក់​ឧបត្ថម្ភ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​ខែ​បី​ពាន់(.០០០)បាត ស្មើនឹង​ជិត​កៅសិប(៨៨,២៣)ដុល្លារ។ លោក​ថា ប្រាក់​នេះ​មិន​គ្រប់​សម្រាប់​ចាយវាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នោះ​ទេ៖

«ខ្ញុំ​យល់​ឃើញ​ថា​ពួកគាត់​ហ្នឹង​គឺ​មាន​ឆន្ទៈ​រឹងមាំ​ល្អ ច្បាស់លាស់​ល្អ​ណាស់​ក្នុង​ការ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​ហ្នឹង​គឺ​គាត់​មិន​បាន​ទៅ​ចុះ​ចូល​ចុះ​ញ៉ម​ចុះ​ចាញ់​ជាមួយ​នឹង​ការ​លំបាក ដែល​គាត់​កំពុង​ប្រឈម​ទេ ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ត​រត់​មក​ភៀសខ្លួន​នេះ​ហើយ គឺ​គាត់​មិន​ដែល​នឹក​មិន​ដែល​គិត​ឃើញ​ថា​ត្រឡប់​ទៅ​វិញ​ទៅ​ចុះចូល​​ជា​មួយ​គណបក្ស​ប្រជាជន​ជា​ដាច់ខាត​អា​នេះ​គឺ​ជា​ជំហរ​មួយ ដែល​យើង​ឧស្សាហ៍​ជួប​គ្នា ប្រជុំ​គ្នា​តាម​ហ្ស៊ូម​អី​ហ្នឹង​ណា»

លោក សៅ ពល័ក្ខ ឲ្យដឹង​ថា សកម្មជន​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ មានចំនួន៣៦នាក់ បើ​រាប់​ទាំង​សមាជិក​គ្រួសារ​របស់​ពួកគាត់​ទៀត​ជាង​ហាសិប(៥០)នាក់ ហើយ​កូន​ៗ​របស់​ពួកគាត់​មិន​សូវ​បាន​ទៅ​សាលារៀន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​កុមារ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន នៅថ្ងៃទី១៨ ខែធ្នូ បានទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ អ្នកវិភាគ​នយោបាយ​កម្ពុជា លោក គឹម សុខ លើកឡើង​ថា ករណី​ដែល​មាន​ជនភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ច្រើន ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ បង្ហាញ​ថា​រដ្ឋាភិបាល​មិន​បាន​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​បាន​ពេញលេញ​នោះ​ទេ។ លោក​បន្ត​ថា កម្ពុជា​គួរតែ​ដោះស្រាយ​កុំ​ឲ្យ​មាន​ពលរដ្ឋ​ចំណាក​ស្រុក ដោយសារ​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល និង​ការ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​ពួកគេ ទើប​គេច​ផុត​ពី​ការ​ថ្កោលទោស​របស់​អន្តរជាតិ៖

«កាលណា​រដ្ឋាភិបាល​ប្រកាន់​នូវ​ជំហរ​ថា ត្រូវតែ​កម្ទេច​ក្រុម​ណា​មួយ ឬក៏​បំផ្លាញ​គណបក្ស​ណា​មួយ ទោះបី​បក្ស​ប្រឆាំង​នោះ​តូច​ឬ​ធំ​ក៏​ដោយ នេះ​មិន​មែន​ជា​មូលដ្ឋាន​នៃ​ខ្លឹមសារ​សន្តិភាព​ទេ ពីព្រោះ​សន្តិភាព​កើត​ឡើង​ទៅ​បាន​លុះ​ត្រា​ណា​តែ​មាន​វិបត្តិ ឬ​បញ្ហា​ណាមួយ​គេ​អាច​ដោះស្រាយ​ដោយ​ការ​ជជែក​គ្នា​បាន បើ​ជជែក​គ្នា​មិន​បាន ហើយ​រដ្ឋាភិបាល​តាំង​ខ្លួន​ជា​អ្នក​កម្ទេច​ក្រុម​មួយ​ខាង​ទៀត​នោះ​គ្មាន​ទេ​សន្តិភាព គ្មាន​ទេ​ទាំង​សន្តិភាព​ផ្លូវ​ចិត្ត អត់​មាន​ទាំង​សន្តិភាព»

ជនភៀសខ្លួន​ទាំង​នេះ ឲ្យដឹង​ថា បើ​ទោះជា​ពួកគាត់ និង​ក្រុម​គ្រួសារ​ជួប​ការ​លំបាក​ពី​បញ្ហា​សុវត្ថិភាព បញ្ហា​ជីវភាព ជាពិសេស​បញ្ហា​សុខភាព​នៅ​ប្រទេស​ថៃ​ក៏ដោយ ក៏​ពួកគាត់​មិន​ព្រម​បោះបង់​ឆន្ទៈ គោល​ជំហរ ក្នុង​ការ​កែប្រែ និង​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ ​និង​អន្តរជាតិ មើល​ឃើញ​ថា ករណី​ជនភៀសខ្លួន​ដោយសារ​នយោបាយ និង​ការ​បញ្ចេញ​មតិ​មាន​ចំនួន​ច្រើន​នៅ​ក្រៅ​ប្រទេស គឺ​ជា​ការ​កើន​ឡើង​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​នៅ​កម្ពុជា ហើយ​អង្គការ​ទាំងនេះ​ចង់​ឃើញ​រដ្ឋាភិបាល​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ និង​អ្នកនយោបាយ​ឡើង​វិញ ឲ្យ​ស្របតាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​អាច​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ពិត​ប្រាកដ៕

 

No comments: