2022.12.25
ក្រុមប្រជាពលរដ្ឋជាង ២រយគ្រួសារ (២៥០) មានជម្លោះដីធ្លីនៅក្បែរតំបន់បឹងតាមោកនៅថ្ងៃទី២៥ ខែធ្នូ ពួកគាត់បាននាំកូនចៅប្រមូលផ្ដុំជួបជុំគ្នានៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីស្រែកតវ៉ាទាមទារយុត្តិធម៌ និងស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញប្លង់កម្មសិទ្ធិ និងកាត់ឆ្វៀលដីចំនួន ៥ហិកតាជូនដល់ពួកគាត់។ មន្ត្រីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លីនេះប្រកបដោយសន្តិវិធី ជាជាងដេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ និងគ្មានផ្ដល់សំណងជូនពលរដ្ឋសមរម្យ។
ប្រជាពលរដ្ឋប្រមាណ ១រយ (១០០) នាក់ តំណាងឱ្យពលរដ្ឋជាង ២រយគ្រួសារ (២៥០) រស់នៅក្បែរបឹងតាមោកស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឈរលើករូបថតលោក ហ៊ុន សែន អមដោយបដាសរសេរថា អរគុណសន្តិភាព នៅតាមមុខផ្ទះពួកគាត់ដើម្បីស្នើសុំឱ្យប្រមុខដឹកនាំរូបនេះ កាត់ឆ្វៀលដីចំនួន ៥ ហិកតារជូនពលរដ្ឋ និងធ្វើប្លង់កម្មសិទ្ធិ សៀវភៅស្នាក់នៅ ដើម្បីធានាថា គ្មានការបណ្ដេញពលរដ្ឋទាំងបង្ខំ។
អ្នកភូមិព្រួយបារម្ភថា ការណ៍ដែលអាជ្ញាធរ និងរដ្ឋាភិបាលមិនចេញប្លង់កម្មសិទ្ធិដីធ្លីនេះ គឺខ្លាចមានគេមកឈូសឆាយផ្ទះសម្បែង ខណៈអាជ្ញាធរខណ្ឌព្រែកព្នៅតែងតែគំរាមកំហែងពលរដ្ឋឱ្យរុះរើសផ្ទះសម្បែង ទៅរស់នៅលើដីថ្មីគ្មានធនធានជីវចម្រុះ ដែលអាជ្ញាធរបានរៀបចំទុកជាស្រេច។
តំណាងពលរដ្ឋ លោកស្រី ខេន សាអយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែធ្នូ ថា អាជ្ញាធរខណ្ឌព្រែកព្នៅបង្ខំឱ្យពលរដ្ឋចាកចេញពីលំនៅដ្ឋាន ដើម្បីទៅរស់នៅដីថ្មីជាប្រភេទដីឡូត៍ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់អ្នកភូមិរស់នៅប្រចាំថ្ងៃ។ លោកស្រីឱ្យដឹងទៀតថា ការណ៍ដែលអាជ្ញាធរបង្ខំពលរដ្ឋឱ្យចាកចេញពីលំនៅដ្ឋាននេះ អាជ្ញាធរនឹងមិនផ្តល់សំណងជូនពលរដ្ឋសូម្បីមួយរៀលឡើយ ហើយអាជ្ញាធរខណ្ឌព្រែកព្នៅបែបជំរុញដល់ពលរដ្ឋទៅខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកសាងសង់ផ្ទះនៅលើដីឡូតិ៍ថ្មីដែលរដ្ឋបានរៀបចំជូនពលរដ្ឋ។ លោកស្រី ចាត់ទុកទង្វើបែបនេះថា ជារឿងអយុត្តិធម៌ និងធ្វើឱ្យពលរដ្ឋកាន់តែក្រីក្រ ដ្បិតពួកគាត់បានមកតាំងទីលំនៅឋានក្បែរតំបន់បឹងតាមោកតាំងពីឆ្នាំ១៩៩០ ពោលតាំងពីគ្មានការអភិវឌ្ឍ៖
«អ៊ីចឹង ២៥០ គ្រួសារហ្នឹងមានដីមិនដល់ ៥ ហិកតារផងហ្នឹង កាត់ឆ្វៀលឱ្យពួកខ្ញុំជាប្រជាពលរដ្ឋមករួចហើយ។ ឧកញ៉ាណាចង់បាន ឯកឧត្តម ក្រុមហ៊ុនរដ្ឋណាចង់បានទិញពីប្រជាពលរដ្ឋទៅ ដោះស្រាយតម្លៃទីផ្សារឱ្យពួកគាត់ទៅ។ ដូចថា គាត់លុបបឹងមួយទាំងមូលពួកគាត់បានជោគជ័យ ប្រជាពលរដ្ឋគាត់ចង់នៅលើដី មកដេញពលរដ្ឋឱ្យទៅជាប់គុក ជាប់ច្រវ៉ាក់ ដេញឱ្យទៅសុំទានគេទៀតមិនធម្មតាទេ ឱ្យទៅយកដីទទេ យកលុយរដ្ឋ អត់រកស៊ីអីផងមានតែដីយកលុយរដ្ឋមកធ្វើផ្ទះ គ្មានមុខរបរអីអនាគតទៅមានតែសុំទានគេ»។
លោកស្រី ខេន សាអយ បន្ថែមទៀតថា អភិបាលខណ្ឌព្រែកព្នៅលោក ឃឹម សំអាន បានប្រាប់ពលរដ្ឋនៅចំពោះមុខថ្មីៗនេះ ថា ទោះបីជាពលរដ្ឋមិនរុះរើផ្ទះសម្បែងក៏គ្មានអាជ្ញាធរណាចេញប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋដែរ។ លោកស្រីថា ពលរដ្ឋមួយចំនួនព្រួយបារម្ភ និងអស់សង្ឃឹមដែលរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្តព្រោះដីធ្លី និងផ្ទះសម្បែងអាចនឹងត្រូវគេរឹបអូសឈូសបំផ្លាញនៅថ្ងៃខាងមុខ។
ពលរដ្ឋម្នាក់ទៀត លោកស្រី ទ្រព្យ សំណាង ឱ្យដឹងថា ទោះបីជាអាជ្ញាធរមិនឱ្យលោកស្រីបន្តរស់នៅលើដីសព្វថ្ងៃ ក៏ លោកស្រីស៊ូស្លាប់នៅនឹងកន្លែងមិនព្រមចាកចេញពីលំនៅដ្ឋាន និងដីធ្លីរបស់លោកស្រីដែរ។ បន្ថែមពីនេះទៀត លោកស្រីថា ការលុបបឹងតាមោកកន្លងមកនេះ បានធ្វើឱ្យពលរដ្ឋមានជីវភាពលំបាក ដោយសារតែពលរដ្ឋមិនអាចរកខ្យង រកត្រី កាច់ផ្កាឈូកបានច្រើនដូចមុន សម្រាប់លក់រកប្រាក់ដូរផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៖
«ទោះបីខ្ញុំរាល់ថ្ងៃលក់ធ្យូង លក់ខ្យង លក់ក្ដាមអីក៏ដោយប៉ុន្តែ បើសិន ខ្ញុំចុះទឹក ខ្ញុំបេះត្រកួន រើសខ្យង ឬដកក្រអៅឈូកយកមកលក់គឺមានឡាន មានម៉ូតូ គឺអ្នកដើរលេងទិញខ្ញុំ។ ដល់ពេលឱ្យខ្ញុំទៅនៅកណ្ដាលព្រៃទោះបីខ្ញុំរកខ្យង រកក្រអៅឈូកបាន ក៏មិនដឹងមានអ្នកណាមកទិញខ្ញុំដែរ ព្រោះនៅឆ្ងាយពីទីប្រជុំជន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ឃឹម សំអាន និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ខែធ្នូ។
កន្លងមកសហគមន៍សំរោងត្បូង បានស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដី ស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យលោក ហ៊ុន សែន ជាច្រើនលើកច្រើនសារមកហើយ ដើម្បីឱ្យស្នើឱ្យកាត់ឆ្វៀលដីចំនួន ៥ហិកតារ និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង២រយគ្រួសារ (២៥០) និងមានផ្ទះ ១០៨ ខ្នង។ ប៉ុន្តែ មកទល់ពេលនេះ ពួកគាត់នៅតែមិនទាន់ទទួលបានដំណោះស្រាយដដែល។ អ្នកភូមិឱ្យដឹងថា មកទល់ពេលនេះ មានពលរដ្ឋ ៤គ្រួសារប៉ុណ្ណោះដែលព្រមចាកចេញពីលំនៅដ្ឋានហើយទទួលយកដីដែលរដ្ឋបានរៀបចំជូន។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរៈកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត សង្កេតឃើញថា ការរៀបចំផ្តល់សំណងជូនពលរដ្ឋដែលបង្ខំចាកចេញពីលំនៅដ្ឋានពីសំណាក់អាជ្ញាធរនេះ ជារឿងមិនត្រឹមត្រូវច្បាប់ឡើយ។ លោកថា ទោះពលរដ្ឋរស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋ ក្នុងករណីបណ្ដេញចេញ អាជ្ញាធរត្រូវតែមានការព្រមព្រៀងជាមួយពលរដ្ឋ ហើយអាជ្ញាធរត្រូវរៀបចំប្រព័ន្ធទឹក ហេដ្ឋារចនាសម្ពន្ធ និងផ្ទះសម្បែងលើដីថ្មី សម្រាប់ពលរដ្ឋរស់នៅបានសមរម្យ។
លោក វណ្ណ សូផាត រិះគន់ថា ស្របពេលរដ្ឋាភិបាលបានកាត់ឆ្វៀលដីបឹងតាមោករាប់រយហិកតារផ្តល់អ្នកមានអំណាច ប៉ុន្តែដី ៥ហិកតារ រដ្ឋាភិបាលគ្មានឆន្ទៈផ្ដល់ជូនពលរដ្ឋបែបនេះ គឺជាការឆ្លុះបញ្ជាំងឱ្យឃើញថា រដ្ឋាភិបាលខ្វាយខ្វល់តែសុខទុក្ខក្រុមឧកញ៉ា ដោយមិនអើពើពីទុក្ខលំបាកពលរដ្ឋក្រីក្រនោះទេ៖
«ប្រសិនរដ្ឋាភិបាល ក៏ដូចជាស្ថាប័នមានមត្ថកិច្ច រួមទាំងអាជ្ញាធរមូលដ្ឋានមានឆន្ទៈពិតប្រាកដដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែគាត់ចាត់ទុកប្រជាពលរដ្ឋយើងហ្នឹង ទៅជាមិនមែនជាពលរដ្ឋដែលសំខាន់របស់រដ្ឋយើង វាទៅជាក្រុមហ៊ុន ឧកញ៉ា អ្នកមានអំណាចធំជាង។ អ៊ីចឹង ការអនុវត្តច្បាប់វាអត់មានតុល្យភាពរវាងប្រជាពលរដ្ឋ និងអ្នកមានអំណាច ឬក្រុមហ៊ុនផ្សេងៗហ្នឹង វាធ្វើឱ្យអត់តុល្យភាពក្នុងសង្គមរបស់យើង»។
ផ្ទៃបឹងតាមោក មានទំហំជាង ៣ ពាន់ហិកតារ (៣.២៣៩) តាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។ ប៉ុន្តែផ្ទៃបឹងដែលអ្នកភូមិចាត់ទុកជាអាំងស្តុកទឹកធំជាងគេនៅរាជធានីភ្នំពេញនេះ បានប្រែក្លាយជាតំបន់ដីគោកបន្តិចម្ដងៗ បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន សែន សម្រេចកាត់ឆ្វៀលផ្ទៃបឹងទៅឱ្យក្រុមឧកញ៉ាឈ្មួញមន្រ្តីគ្រាកៗ ព្រមទាំងក្រុមគ្រួសារសាច់ញាតិរបស់លោក ដើម្បីអនុញ្ញាតឱ្យពួកគេចាក់ដីលុបបឹងអស់រាប់រយហិកតារក្រោមហេតុផលអភិវឌ្ឍន៍។
គិតត្រឹមឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ទំហំដីបឹងតាមោកមានចំនួនជាងពីរពាន់ (២.០០០) ហិកតារ ដែលរដ្ឋាភិបាលបានកាត់ និងដោះដូរ ទៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងមនុស្សមួយក្រុម ដែលពលរដ្ឋដឹងថា ជាអ្នកមានលុយមានអំណាច ដើម្បីឱ្យពួកគេកសាងអគារ បុរី វីឡា ខុនដូ និងធ្វើជាកម្មសិទ្ធិឯកជនជាដើម៕
No comments:
Post a Comment