Monday, 26 December 2022

សង្គមស៊ីវិល​ថា ​ការ​បង្កើត​ក្រុង​ថ្មី​បន្ថែម​ ​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ


ដោយ សេក បណ្ឌិត
2022.12.25
សង្គមស៊ីវិល​ថា ​ការ​បង្កើត​ក្រុង​ថ្មី​បន្ថែម​ ​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ  
 
លោក ហ៊ុន សែន ពេលចូលរួម​សម្ពោធស្ពាន​អាកាស​ចោមចៅ​កាលពីខែមីនា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SPM
 

មន្ត្រីសង្គមស៊ីវិល ​លើកឡើង​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រុង​ថ្មី​បន្ថែម ​គឺ​មិនបាន​ផ្ដល់​ប្រយោជន៍សាធារណៈ​ដល់​ពលរដ្ឋ​នោះ​ឡើយ ​ដរាបណា​មន្ត្រី​ថ្នាក់ក្រោម​មិន​បំពេញ​តួនាទី​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។ ​ពួកគាត់​ចាត់ទុកថា ​ការ​បង្កើត​ក្រុង​ថ្មី​នោះ ​ថា ​គ្រាន់តែ​ជា​ការចែក​តំណែង​គ្នា​នៅ​ថ្នាក់ក្រោម​ជាតិ ​ហើយ​ជាការ​ខ្ជះខ្ជាយ​ថវិកាជាតិ ​និង​បង្កើត​ឱ្យ​មាន​អំពើពុករលួយ ​ជាពិសេស​ប្រយោជន៍​របស់​ក្រុម​ឈ្មួញ​ដីធ្លី។​

មន្ត្រីសង្គមស៊ីវិល ​ចាត់ទុក​ការ​បង្កើត​ក្រុង​ថ្មី​ជា​រឿង​ពុំចាំបាច់​នោះឡើយ ​ព្រោះ ​ធ្វើឱ្យ​រដ្ឋាភិបាល​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​កាន់តែ​ច្រើន​ទៅលើ​សេវា​សាធារណៈ ​និង​មន្ត្រី​អសកម្ម ​ខណៈ​ផលប្រយោជន៍​ភាគច្រើន​បាន​ទៅលើ​ឈ្មួញ​រកស៊ី​វិស័យ​អចលនទ្រព្យ។​

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​លោក សន ជ័យ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៤ ធ្នូ ​ថា ​ការ​បំបែក ​និង​បង្កើត​ក្រុង​ថ្មី​នេះ ​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ ​ដែល​រដ្ឋាភិបាល​គួរតែ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​កំណើន​សេដ្ឋកិច្ច ​និង​ប្រជាជន​ជាមុន​សិន។ ​លោកថា ​ការ​បង្កើត​ក្រុង​ថ្មី​នេះ ​នឹង​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង ​ហើយ​ឈ្មួញ​អ្នក​វិនិយោគ​វិស័យ​នេះ ​នឹង​ទទួល​បាន​ប្រយោជន៍​ជាងគេ។ ​លោកបន្តថា ​រដ្ឋាភិបាល ​គួរ​បកស្រាយ​ឱ្យ​បាន​ច្បាស់​ពី​មូលហេតុ ​និង​ភាព​ចាំបាច់​ក្នុងការ​បង្កើត​ក្រុង​ថ្មី​ទាំងនេះ ​ដើម្បី​ចៀសវាង​នាំឱ្យមាន​អំពើពុករលួយ៖

«យើងដឹងហើយ​ការ​បង្កើត​ឱ្យ​មាន​រដ្ឋបាល​ថ្មី​បែបនេះ ​គឺអាច​នឹង​ធ្វើ​ឱ្យ​កើត​ចេញ​នូវ​វប្បធម៌​ចាស់​គំរឹល​មួយ​គឺ ​ការ​រត់ការ​មុខតំណែង។ ​បើ​អ៊ីចឹង​ការ​រត់ការ​មុខតំណែង​នេះ​វា​អាច​ជា​មុខសញ្ញា​នៃ​អំពើពុករលួយ​ដែរ។ ​អ៊ីចឹង​ខ្ញុំ​គិតថា​រដ្ឋាភិបាល​គួរតែ​មាន​យន្ត​ការ​របស់​ខ្លួន​ដើម្បី​តាមដានមើល​កុំឱ្យ​កើត​ចេញ​នូវ​កា​រត់ការ​មុខតំណែង»។​

 

រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃទី២៣ ធ្នូ ​តាម​អនុក្រឹត្យ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​សម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួនបី ​និង​ពង្រីក​ស្រុក​ពីរ​បន្ថែម​ទៀត។ ​ក្រុង​ថ្មី​ទាំងបី​នោះ ​រួម​មាន​ក្រុង​អរិយក្សត្រ​ក្រុងសំពៅពន​ក្នុង​ខេត្តកណ្តាល ​និង​ក្រុងឧដុង្គម៉ែជ័យ ​ក្នុង​ខេត្តកំពង់ស្ពឺ។ ​ស្រុកឧដុង្គ ​ក្នុង​ខេត្តកំពង់ស្ពឺ ​ក៏​ត្រូវបាន​បំបែកទៅជា​ស្រុក​មួយទៀត ​គឺ ​ស្រុកសាមគ្គីមុនីជ័យ។​ ជាមួយគ្នានោះ ​រដ្ឋាភិបាល​ក៏បាន​សម្រេច​បង្កើត​ស្រុក​មួយទៀត​នៅ​ខេត្តក្រចេះ ​គឺ ​ស្រុកអូរគ្រៀង​សែនជ័យ ​ដោយ​កាត់​យក​៥ឃុំ ​ពី​ស្រុកសំបូរ ​បែងចែក​ចំនួន៥ឃុំ។​

ជុំវិញ​រឿង​នេះ ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន​ ឱ្យដឹងថា ​រដ្ឋាភិបាល​បង្កើត​ក្រុង​បន្ថែម​នេះ ​គឺ​ដើម្បី​ប្រយោជន៍ជាតិ ​ដែល​ឆ្លើយតប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច ​និង​ការអភិវឌ្ឍន៍ ​ជាពិសេស​ដើម្បី​រុញ​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ជិត​ជាមួយ​ប្រជាពលរដ្ឋ៖

«ការ​បំបែក​ក្រុង​ ​គឺ​ធ្វើ​យ៉ាងដូចម្ដេច​ដើម្បី​រុញ ​ការ​ផ្ដល់​សេវាកម្ម​សាធារណៈ​ឱ្យ​ទៅ​កៀក​ជាមួយនឹង​ប្រជាពលរដ្ឋ។ ​យើង​វិភាគ​មើល ​តើ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង ​ភូមិសាស្ត្រ​ហ្នឹង ​តើ​គាត់​នៅ​ឆ្ងាយ​ពី​គណៈ​បញ្ជាការ​រួម ​របស់​អភិបាល​ខេត្ត​ដែរ​ឬទេ? ​ដូច្នេះ​ផលប្រយោជន៍​ដែល​ធំ​ជាងគេ ​គឺ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ»។​

ទោះ​យ៉ាងណា ​ការ​បំបែក ​ឬ​បង្កើត​ក្រុង ​និង​ស្រុក​បន្តគ្នា​នេះ ​សង្គមស៊ីវិល​មើលឃើញ​ថា ​រដ្ឋាភិបាល​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ ​និង​មិនចំ​គោលដៅ ​ខណៈ​ពេល​ដែរ​តំបន់​រដ្ឋបាល​នៅ​តាម​ស្រុក ​ខេត្ត ​មួយ​ចំនួន ​នៅ​មិនទាន់​មាន ​ស្ពាន ​ថ្នល់ ​សាលារៀន ​មន្ទីរពេទ្យ ​និង​សេវា​សាធារណៈ​បាន​ល្អ​នៅឡើយ។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​លោក យង់ គឹមអេង ​ការ​បង្កើត​ស្រុក ​ក្រុង​ថ្មីៗ​ទាំងនោះ​គ្មាន​ភាព​ចាំបាច់​នោះ​ឡើយ។ ​តែ​ផ្ទុយ​ពៅ​វិញ​ជា​ការ​បន្ថែម​បន្ទុក​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​បន្ថែម​ទៀត ​ខណៈ​សេដ្ឋកិច្ច​ដែល​ទើប​ងើប​ចេញពី​វិបត្តិ​កូវីដ-១៩​មិនទាន់​មាន​ភាព​ល្អ​ប្រសើរ។ ​លោកបន្តថា ​រដ្ឋាភិបាល​គួរ​ងាកមក​ពង្រឹង​ការងារ​មន្ត្រីរដ្ឋបាល​នៅតាម​ឃុំ សង្កាត់ ​ជំនួស​វិញ ​ដើម្បី​ធ្វើ​ឱ្យ​ការ​បម្រើ​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព៖

«អ្នក​ដែល​ដើរតួ​សំខាន់​ ឃុំ សង្កាត់​ហ្នឹង​ទៅវិញ​ទេ ​ដែល​ត្រូវ​ជួយ​ពង្រឹង​គាត់​ឱ្យ​ខ្លាំង ​ដើម្បី​ឱ្យ​យើង​ឆ្ពោះទៅរក​ការ អនុវត្តន៍​នូវ​វិមជ្ឈការ​ឱ្យ​បាន​ជាក់ស្ដែង ​និង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ​ដោយអំណាច​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ឃុំ សង្កាត់​ជាក់លាក់​ទៅតាម​អ្វី​ដែល​កំណត់​នៅ​ក្នុង​ច្បាប់»។​

កាលពី​ឆ្នាំ២០១៩ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បាន​សម្រេច​បង្កើត​ក្រុង ​ស្រុក ​ខណ្ឌ​ចំនួន ៦​ថ្មី ​បន្ថែម​ទៀត ​ក្នុង​រាជធានីភ្នំពេញ ​ខេត្តព្រះសីហនុ ​ខេត្តកំពង់ធំ ​ខេត្តពោធិ៍សាត់ ​និង​ខេត្តស្ទឹងត្រែង ​ក្នុងនោះ​រាជធានីភ្នំពេញ ​ត្រូវ​បាន​បង្កើត​ខណ្ឌ​ចំនួន២ទៀត ​គឺ​ខណ្ឌបឹងកេងកង ​និង​ខណ្ឌកំបូល។ ​ខេត្តព្រះសីហនុ ​បង្កើត​ក្រុង​ថ្មី ​ឈ្មោះ​ក្រុងកោះរ៉ុង។ ​ខេត្តកំពង់ធំ ​បង្កើត​ស្រុក​ថ្មី ​ឈ្មោះ​ស្រុកតាំងគោក។ ​ខេត្តពោធិ៍សាត់ ​បង្កើត​ស្រុក​ថ្មី ​ឈ្មោះ​ស្រុកតាលោសែនជ័យ។ ​ខេត្តកោះកុង ​បង្កើត​ស្រុក​ថ្មី ​ឈ្មោះ​ស្រុកបុរីអូរស្វាយសែនជ័យ។​

បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​រដ្ឋបាល​រាជធានី ​ខេត្ត​សរុប​ចំនួន២៥។ ​ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ ​រដ្ឋាភិបាល​បាន​បំបែក ​និង​បង្កើត​ក្រុង-ស្រុក​ជាបន្តបន្ទាប់។ ​សង្គមស៊ីវិល ​មើលឃើញ​ស្រដៀងគ្នា​ថា ​ការ​បង្កើត​ក្រុង ​ស្រុក ​និង​ខេត្ត​ថ្មីៗ ​នៅ​ពេល​កន្លងមក ​នៅតែ​មិនសូវ​បាន​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​ជាងមុន​ប៉ុន្មាន​នោះទេ ​ប៉ុន្តែ​នៅពេល​បង្កើត​ក្រុង ​ស្រុក ​និង​ខេត្ត​ថ្មី​ម្ដងៗ ​បាន​ធ្វើឲ្យ​មន្ត្រីបក្សកាន់អំណាច​ខ្លះ ​ប្រជែង​គ្នា​ដាក់​បក្ខពួក​ខ្លួន ​ឬ​សូកលុយ​ដណ្ដើម​តំណែង​គ្នា​ប៉ុណ្ណោះ៕

No comments: