2022.12.28
ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភអំពីឥទ្ធិពល នៃជនជាតិចិនមួយចំនួនបង្កអសន្តិសុខសង្គមនិងចូលមកដណ្ដើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរ។ ពួកគាត់ស្នើដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់ចំពោះជនបរទេសណាដែលចូលមកធ្វើជំនួញដែលមិនគោរពច្បាប់កម្ពុជា។ ការស្នើនេះ ធ្វើឡើងក្រោយពីក្រសួងទេសចរណ៍ចេញរបាយការណ៍ថា រយៈពេល១១ខែសម្រាប់ឆ្នាំ២០២២កម្ពុជាបានទទួលភ្ញៀវទេសចរចិនជាង ៩ម៉ឺននាក់។
ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល លើកឡើងស្របគ្នាថា លំហូរជនជាតិចិន និងអាជីវកម្មជនជាតិចិនមួយចំនួនលើទឹកដីខ្មែរក៏ជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចជាតិក៏ប៉ុន្តែរដ្ឋាភិបាលមិនគួរធ្វេសប្រហែស ឬអនុវត្តច្បាប់ធូររលុងនោះទេ ខណៈជនជាតិចិនមួយចំនួនទៀតចូលកម្ពុជាបានបង្កអសន្តិសុខសង្គមនិងមិនញញើតច្បាប់កម្ពុជាឡើយ។
ការលើកឡើងនេះ ក្រោយពេលក្រសួងទេសចរណ៍ជំរុញដល់អាជីវកម្មទេសចរណ៍ដែលទទួលភ្ញៀវទេសចរចិនដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរណ៍នៅកម្ពុជា។
តំណាងសហគមន៍មានជម្លោះដីធ្លីមួយកន្លែងក្នុងខេត្តកោះកុងលោកស្រី ផាវ ញ៉ើង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែធ្នូថាបើទោះជាលំហូរចូលភ្ញៀវទេសចរមកកម្ពុជាជាកត្តាមួយផ្នែកជួយជំរុញសេដ្ឋកិច្ចជាតិក្ដី ក៏រដ្ឋាភិបាលមិនគួរបើកចំហជើងមេឃទទួលជនបរទេសជាពិសេសជនជាតិចិនមួយចំនួនដែលមកកម្ពុជាប្រព្រឹត្តបទល្មើសនោះទេ។ លោកស្រីថា ក្នុងន័យនេះពុំមែនជាការរើសអើងជនជាតិចិនមិនឱ្យចូលកម្ពុជានោះទេ ប៉ុន្តែលោកស្រីមើលឃើញថា កន្លងទៅបទល្មើសបែបឧក្រិដ្ឋ បញ្ហាអនាធិបតេយ្យក្នុងសង្គមភាគច្រើនគឺបង្កឡើងដោយជនជាតិចិនមួយចំនួនហើយរដ្ឋាភិបាលហាក់មិនទាន់មានយន្តការគ្រប់គ្រងមានប្រសិទ្ធភាពនៅឡើយ។
លោកស្រី ផាវ ញ៉ើង៖ «ជនជាតិចិនភាគច្រើនតែម្តងខ្ញុំមើលឃើញថា ពួកគាត់បង្កអនាធិបតេយ្យបង្កចលាចលនៅក្នុងសង្គមខ្មែរ ធ្វើឱ្យប៉ះពាល់សន្តិសុខប្រជាពលរដ្ឋកម្ពុជាច្រើនមែនទែន។ ដូច្នេះខ្ញុំយល់ឃើញថា មិនគួរឱ្យពួកគាត់មកដោយអនាធិបតេយ្យទេ បើសិនជាចង់ឱុ្យពួកគាត់មកគឺទី១ត្រួតពិនិត្យឱ្យច្បាស់លាស់ជាក់លាក់ ថាពួកគាត់ជាប្រជាពលរដ្ឋចិនត្រឹមត្រូវមែនដែរឬទេ ឬក៏ជាប្រជាពលរដ្ឋអនាធិបតេយ្យហើយរត់មកស្រុកយើង»។
ជុំវិញរឿងនេះដែរ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ យល់ថា លំហូរជនជាតិចិនមួយចំនួនចូលកម្ពុជាក៏ជាកត្តាជួយជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនដែរ។ ទោះយ៉ាងណា លោកស្នើដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់ និងត្រួតពិនិត្យលើភ្ញៀវទេសចរចិនមួយចំនួនថា ពួកគេចូលមកកម្ពុជាក្នុងក្របខណ្ឌបែបណាដ្បិតលោកសង្កេតឃើញថា ភ្ញៀវទេសចរចិនចូលកម្ពុជាកន្លងទៅពួកគេមួយចំនួនចូលមកស្នាក់នៅនិងធ្វើជំនួញខុសច្បាប់នៅកម្ពុជា។
លោក កើត សារ៉ាយ៖ «យើងឃើញថាហើយក្រោយជនជាតិមកច្រើនភាពអសន្តិសុខ អំពើចាប់ជំរិត ឆក់ប្លន់ បទលើសតាមអ៊នឡាញក៏កើនឡើងដែរ។ ជាក់ស្តែងពេលដែលខ្ញុំនៅពន្ធនាគារជនជាតិចិនដែលជាប់នៅគុកព្រៃសជាមួយខ្ញុំនោះភាគច្រើនគឺសុទ្ធតែជាបទល្មើសចាប់ជំរិតហើយ។ កន្លងមកយើងឃើញមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋ មិនត្រឹមតែជនជាតិចិនទេ! ជនជាតិវៀតណាមហ្នឹងក៏មានដូចគ្នាដែរដែលអាចបង្កើតទៅជាមុខរបរ ជាម្ចាស់ ជាថៅកែបាន ប្រជាពលរដ្ឋយើងជាម្ចាស់ស្រុកទៅធ្វើជាកម្មករជាកូនគូលីវិញទៅណា»។
របាយការណ៍ក្រសួងទេសចរណ៍ ឱ្យដឹងកាលពីថ្ងៃទី២៦ ខែធ្នូ ថារយៈពេល ១១ខែ ឆ្នាំ២០២២ កម្ពុជាទទួលទេសចរចិន ជាង៩ម៉ឺននាក់ហើយក្រសួងអះអាងថា តួលេខនេះអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័គ ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលក្រសួងជំរុញអាជីវកម្មទេសចរណ៍នៅកម្ពុជាដែលទទួលភ្ញៀវទេសចរចិនដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្ម ដោយសារតែភ្ញៀវទេសចរជាជនជាតិចិនជាទីផ្សារធំសម្រាប់ពិភពលោក ហើយកម្ពុជាក៏ចង់ទទួលបានភ្ញៀវចិនច្រើនដូចតាមបណ្ដាប្រទេសនានាដែរ។បន្ថែមពីនេះ លោកថា ភ្ញៀវទេសចរចិនណាដែលចូលកម្ពុជាមិនគោរពច្បាប់ អាជ្ញាធរកម្ពុជានឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក តុប សុភ័គ៖ «ទេសចរណ៍ដែលគាត់មកខុសច្បាប់យើងត្រូវធ្វើទៅតាមច្បាប់របស់ប្រទេសយើង កាលណាគាត់ចូលមកដោយខុសច្បាប់ហ្អាហ្នឹងគឺមានវិធានការណ៍ផ្លូវច្បាប់ ទៅតាមច្បាប់អន្តោប្រវេសន៍ឬក៏គាត់ធ្វើអ្វីមួយខុសពីច្បាប់របស់រដ្ឋ ឬខុសពីគោលការណ៍ណែនាំរបស់ក្រសួង នៅក្នុងក្របខណ្ឌទេសចរណ៍។ យើងមានយន្តការគ្រប់គ្រងរបស់ទេសចរណ៍ហ្នឹងអ៊ីចឹង! បើគាត់ធ្វើខុសហ្អាហ្នឹង គឺយើងត្រូវតែពិន័យគាត់បើគាត់មកខុសច្បាប់ យើងចាប់គាត់អ៊ីចឹងទៅ ទៅតាមយន្តការនៅក្នុងច្បាប់ដែលបានកំណត់»។
កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថាជនបរទេសជាង ៩០ភាគរយបានចូលមកកម្ពុជាក្នុងក្របខណ្ឌជាភ្ញៀវ ឬកាន់លិខិតឆ្លងដែនជាភ្ញៀវទេសចរប៉ុន្តែពួកគេបែរជាលួចស្នាក់នៅ និងធ្វើការងារនៅកម្ពុជាខុសច្បាប់។ លើសពីនេះទៀតលោកថា ករណីនេះភ្ញៀវបរទេសអាចនឹងប្រឈមរងគ្រោះដោយអំពើជួញដូរមនុស្សនៃទម្រង់ផ្សេងៗគ្នាតាមរយៈថៅកែ ឬក្រុមហ៊ុនទុច្ចរិតមួយចំនួន។
របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថារយៈពេល ៤ខែ ចុងឆ្នាំ២០២២ អាជ្ញាធរបានបណ្ដេញជនបរទេសជាង ១ពាន់នាក់ (១.១៣៦) ក្នុងនោះមានជនជាតិចិនជិត ៥រយនាក់(៤៨០) ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពួកគេបានលួចមកស្នាក់នៅនិងឆ្លងដែនចូលមកធ្វើការនៅកម្ពុជាខុសច្បាប់។ ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថាជនជាតិចិនមួយចំនួនពួកគេមកក្នុងក្របខណ្ឌដើរកម្សាន្តតែប៉ុណ្ណោះ ប៉ុន្តែលោកថា ភ្ញៀវទេសចរចិនខ្លះពួកគេចូលមកកម្ពុជាក្នុងគោលបំណងសម្លឹងតែការប្រកបរបរអាជីវកម្មខុសច្បាប់នៅលើទឹកដីខ្មែរតែប៉ុណ្ណោះ។
លោក យង់ គិមអេង ៖ «យើងអាចសហការណ៍ជាមួយអាជ្ញាធរចិននៅក្នុងនោះដើម្បីត្រួតពិនិត្យកិច្ចការមួយចំនួន ដើម្បីដឹងអំពីព័ត៌មាន អ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសឬក៏មានបញ្ហានៅប្រទេសចិនហ្នឹងដើម្បីឱ្យយើងមានព័ត៌មានខ្លះ ដើម្បីក្នុងការចែករំលែក។ អ៊ីចឹងហ្អាហ្នឹងគឺជារឿងសំខាន់!ហើយយើងអាចឱ្យមានកិច្ចសហការអ្នកនាំភ្ញៀវទេសចរណ៍ ផ្ទះសំណាក់អូតែលអីជាដើម ឱ្យគាត់រាយការណ៍ពីឥរិយាបថរបស់ជនជាតិចិន។ បើសិនណាឥរិយាបថណាមិនសមរម្យ អាចឱ្យមាន Hotline call [តេ]ទៅប៉ូលិស ទៅអីចឹង ដើម្បីដោះស្រាយ ឬក៏ដើម្បីបង្ការបញ្ហាដែលកើតឡើងធំដំ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ការណ៍ដែលជនជាតិចិនមួយចំនួនអាចប្រព្រឹត្តបទឧក្រិដ្ឋដូចជាករណីជួញដូរមនុស្សនិងករណីបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជាបានអាចនឹងមានអ្នកមានអំណាច ឬមន្ត្រីមួយចំនួននៅពីក្រោយខ្នង។លោកស្នើដល់រដ្ឋាភិបាលគួរតែរឹតបន្តឹងច្បាប់ និងបង្កើនការត្រួតពិនិត្យលើជនបរទេសណាដែលចូលកម្ពុជាក្នុងគោលបំណងបង្កអសន្តិសុខសង្គមដើម្បីផ្តល់ទំនុកចិត្ត និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ៕
No comments:
Post a Comment