Friday, 30 December 2022

មនុស្ស​ជិត ២០​នាក់​ស្លាប់ និង​ជាង ៦០​នាក់​​របួស​ដោយសារ​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត


ដោយ មាន ឫទ្ធិ
2022.12.29
មនុស្ស​ជិត ២០​នាក់​ស្លាប់ និង​ជាង ៦០​នាក់​​របួស​ដោយសារ​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត 

កាស៊ីណូ​ ហ្គ្រេន ដាយមែន ស៊ីធី (Grand Diamond City) ដែលត្រូវភ្លើង​ឆេះ និងបណ្ដាលឱ្យមនុស្សស្លាប់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ឈាន​ដល់​ថ្ងៃទី២៩ ធ្នូ ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​ស្នងការ​ខេត្ត​បន្ទាយមានជ័យ



គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩​ធ្នូ​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​១៩​នាក់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​របួស ហើយ​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ស្រុក​អារញ្ញ (Aranyaprathet ) ខេត្ត​ស្រះកែវ​(Sra Kaeo) ដោយសារ​ភ្លើង​ឆេះ​កាស៊ីណូ​មួយ កម្ពស់​ជាង ១០​ជាន់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​ស្លាប់​មនុស្ស​ដ៏​ច្រើន​បែបនេះ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​កាស៊ីណូ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​គ្មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ។

រហូត​រសៀល​ថ្ងៃទី​២៩ ធ្នូ អាជ្ញាធរ​នៅតែ​បន្ត​រុករក​អ្នក​បាត់​ខ្លួន​និង​អ្នក​ជាប់​គាំ​នៅ​លើ​កាស៊ីណូ ហ្គ្រែន ដាយមិន ស៊ីធី (Gran Diamond City )​នៅ​ក្រុង​ប៉ោយប៉ែត​មិនទាន់​ឈប់​នៅឡើយ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​នេះ​បានទេ​នៅ​ថ្ងៃទី​២៩ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។



ប៉ុន្តែ​ចៅសង្កាត់​អូរជ្រៅ លោក វ៉ា ជីមណារ៉េត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​ការណ៍​ភ្លើង​ឆេះ​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​រងរបួស​ជាច្រើន​នាក់ ក៏ប៉ុន្តែ​លោ​ក​ថា រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិនទាន់​មាន​របាយការណ៍​ជាក់លាក់​នៅឡើយ​ទេ​។ លោក​បន្ត​ថា សមត្ថកិច្ច​ជំនាញ​ក៏​កំពុង​ចុះ​រុករក​អ្នក​ជាប់​គាំង​នៅ​លើ​អគារ​កាស៊ីណូ​មិន​ទាន់​ឈប់​នៅ​ឡើយ​។ ចំណែកឯ​អ្នករបួស​វិញ​លោក​ថា មួយចំនួន​អាជ្ញាធរ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ប៉ោយប៉ែត​និង​មួយ​ទៀត បញ្ជូន​ទៅ​ព្យាបាល​នៅ​ស្រុក​អារញ្ញ (Aranyaprathet ) ខេត្ត​ស្រះកែវ (Sra Kaeo) ។ លោក​បញ្ជាក់​ថា ភ្លើង​ឆេះ​នេះ​បណ្ដាលមកពី​ផ្ទុះ​សេ​ខ្សែភ្លើង​លើ​ពិដាន​អគារ​កាស៊ីណូ ហើយក៏​បាន​ឆេះ​ឆ្លង​ត​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ចំនួន​ទៀត។

    លោក វ៉ា ជីមណារ៉េត៖ «វា​ឆេះ​លឿន​ពេក ព្រោះ​អគារ​ហ្នឹង​វា​មិនមែន​ជា​បេតុង គេ​ប្រើ​ក្រដាស​បិទ​មាន​លាយ​ដែក​អាលុយមីញ៉ូម​អីចឹង​បាន​ឆេះ​លឿន​ណាស់ វា​ជា​ជាតិ​ក្រដាស​ជាតិ​ជ័រ​។ ឥឡូវ​កម្លាំង​សមត្ថកិច្ច​របស់​ខ្មែរ​និង​របស់​ថៃ​កំពុង​សង្គ្រោះ​និង​យក​សាកសព​នៅ​កំពុង​ដំណើរ​ការ​នៅ​ឡើយ ហើយ​ភ្លើង​វា​ឆេះ​នៅតែ​ហុយ​ដដែល​អត់​ទាន់​រលត់»។

ចំណែក​ហ្វេសប៊ុករបស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ចុះផ្សាយ​ថា កងកម្លាំង​អន្តរាគមន៍​កម្ពុជា និង​ថៃ កំពុង​មមាញឹក​ជួយសង្គ្រោះ​មនុស្ស​ដែល​ជាប់​គាំង​ក្នុង​អគារ​បាន​ជា​បន្តបន្ទាប់ ។ ចំពោះ​អ្នករបួស អ្នក​ស្លាប់ និង​ទំហំ​នៃ​ការខូចខាត​វិញ នៅ​មិនទាន់​ប៉ាន់ប្រមាណ​បាន​នៅឡើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក អនុធិន ឆានវីរ​គុល (Anutin Charnvirakul) ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ មាន​ជនជាតិ​ថៃ​ចំនួន ៣៤​រងរបួស និង​ម្នាក់​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​អ្នករបួស​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ស្រះកែវ។

ទោះជា​យ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ប្រាប់​លោក​ថា គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃទី​២៩ ធ្នូ​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់ ១៦​នាក់ និង​អ្នករបួស​ចំនួន​៥៣​នាក់ ហើយ​សាកសព​ត្រូវ​បាន​គេ​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្រះ​ត្រាច​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​រង់ចាំ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រក​អត្តសញ្ញាណ​អ្នក​ស្លាប់​។ លោក​មើលឃើញ​ថា ការ​ស្លាប់​មនុស្ស​ដ៏​ច្រើន​នេះ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​កាស៊ីណូ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បាន​ធ្វើ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជម្លៀស​មនុស្ស​ក្នុង​ពេល​មាន​អាសន្ន។

    លោក ស៊ុំ ច័ន្ទគា៖ «មើល​ឃើញ​ថា នៅ​ពេល​ដែល​បញ្ហា​កើតឡើង​គឺ​ដាច់​ភ្លើង​ហើយ សូម្បីតែ​កណ្ដឹង​អត់​រោទ៍ សូម្បី​តែ​អ្វីៗ​សម្រាប់​ជួយ​ដល់​ពួកគាត់​គឺ​អត់​មាន​ទាំងអស់​។ មានតែ​ពួកគាត់​យើង​ឃើញ​គេ​ថត​ហ្នឹង​ឃើញ​អង្គុយ​លើ​បង្អួច​ហ្នឹង​បក់ដៃ​ឱ្យ​ជួយ​ផង​ទៅវិញ​។ អ៊ីចឹង​ហើយ​នៅ​លើ​ហ្នឹង​គឺ​ត្រូវ​មាន​គណៈកម្មាធិការ​ចំពោះ​កិច្ច​មួយ ដើម្បី​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​ថា តើ​កាស៊ីណូ​ហ្នឹង​ធ្វើ​ទៅតាម​ស្តង់ដារ​ឬ​អត់ ហើយ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ដល់​បុគ្គលិក​អត់​។ ព្រោះថា​ម៉េច បើសិន​តែ​កាស៊ីណូ​ហ្នឹង​មាន​ចេតនា​មួយ​ខ្ជីខ្ជា​ធ្វេសប្រហែស​មិន​យកចិត្ត​ដាក់​មិន​គោរព​បទបញ្ជា​អី គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ»។

រូបភាព​ក្នុង​ហ្វេសប៊ុក​បង្ហាញថា មាន​ជនរងគ្រោះ​មួយចំនួន​ស្រែក​តាម​បង្អួច​អគារ​កាស៊ីណូ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​ដល់​ពួកគេ និង​ខ្លះទៀត​បាន​លោត​ទម្លាក់​ពីលើ​អាគារ​កាស៊ីណូ​បាក់​ក​ស្លាប់ ដោយសារ​ពួកគេ​មិន​អាច​ទ្រាំ​នឹង​កម្ដៅ​និង​ផ្សែងភ្លើង​ពី​ខាង​ក្នុង​អគារ​បាន។

ក្រៅ​អំពី​អ្នករបួស​និង​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ព្រឹក​ថ្ងៃទី​២៩ ធ្នូ ហើយ​ក៏​មាន​មនុស្ស​ជាច្រើន​នាក់​បាត់​ខ្លួន​និង​រក​មិនទាន់​ឃើញ​អស់​នៅ​ឡើយ។

បងថ្លៃ​ជនរងគ្រោះ​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​កាស៊ីណូ​នោះ លោក ហៀង ប៊ុននឿន ថ្លែង​ថា ប្អូនស្រី​របស់​លោក​ធ្វើការ​ផ្នែក​បោសសំអាត​នៅក្នុង​កាស៊ីណូ​មួយ​នេះ ហើយ​បាន​បាត់​ខ្លួន​តាំង​ពី​យប់​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​ពេលនេះ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​។ លោក​បន្ត​ថា ប្អូន​របស់​លោក​ពុំ​ដឹង​ថា ជាប់​គាំង​នៅ​លើ​អគារ​ឬ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ​នោះ​ទេ ព្រោះ​លោក​ថា មាន​មនុស្ស​ជាច្រើន​នាក់​កំពុង​ជាប់​នៅ​លើ​អគារ។​

    លោក ហៀង ប៊ុននឿន៖ «អាណោចអាធម្ម ណាស់​បង មើល​តែ​ក្នុង​ហ្វេសប៊ុក​ទៅ​ដឹង​វា​ក្ដៅ​ពេក​អ្នកខ្លះ​លោត​ក៏​មាន​។ គ្រាន់តែ​តាម​ជាក់ស្ដែង​ឆេះ​ដំបូង​អ្នក​ដែល​លោត​មក​ហ្នឹង​វា​ស្លាប់​អស់​បួន​ប្រាំ​នាក់​ហើយ​។ ពី​យប់មិញ​គេ​ថា​បញ្ជូន​ទៅ​ខាង​ពេទ្យ​ស្រុក​អារញ្ញ​ច្រើន ឡើង​​ពេញ​ពេទ្យ​អារញ្ញ​ហើយ ព្រោះ​អី​គេ​អត់​ទុក​នៅ​ខ្មែរ​ទេ គេ​បញ្ជូន​ទៅ​ពេទ្យ​អារញ្ញ​ទាំងអស់​។ តែ​ប្អូន​ខ្ញុំ​មិន​ដឹប​ថា វា​នៅ​អារញ្ញ​ឬ​បាត់​ខ្លួន​អ៊ីចឹង បើ​ថា​វា​មិន​ទៅ​អារញ្ញ​ទេ​មានតែ​ស្លាប់​ហ្នឹងឯង»។

កាស៊ីណូ ហ្គ្រេនដាយមិន ស៊ីធី ក្រុង​ប៉ោយប៉ែត មាន​ទីតាំង​ជាប់​អម​សង្ខាង​ផ្លូវជាតិ​លេខ​៥ និង​មាន​កម្ពស់​១៦​ជាន់ ដែល​មាន​ចំងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ថៃ ។ លោក ហៀង ប៊ុននឿន ឱ្យ​ដឹង​ថា កាស៊ីណូ​មួយ​នេះ​បើក​ដំណើរការ​មក​តាំង​ពី​ឆ្នាំ​២០០១​រហូត​មក​និង មាន​បុគ្គលិក​ធ្វើការ​ប្រមាណ ២​ពាន់​នាក់។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក សេក សុខុប ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី២៩ ធ្នូ នេះ​ថា រហូត​ដល់​ពេលនេះ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១៩​នាក់​ហើយ និង​របួស​មាន​ជាង ៦០​នាក់​។ លោក​បន្ត​ថា អាជ្ញាធរ​កំពុង​បន្ត​រុករក​អ្នក​ជាប់​គាំង​នៅ​លើ​អគារ​កាស៊ីណូ​មួយ​នេះ​មិន​ទាន់​ឈប់​នៅ​ឡើយ៕

No comments: