Saturday, 31 December 2022

លោក កឹម សុខា ស្នើ​ឱ្យ​អ្នក​នយោបាយ​បញ្ឈប់​វប្បធម៌ មាន​ឯង អត់​អញ មាន​អញ អត់​ឯង និង​ការ​លាប​ពណ៌​គ្នា


ដោយ ថា ថៃ
2022.12.30
លោក កឹម សុខា ស្នើ​ឱ្យ​អ្នក​នយោបាយ​បញ្ឈប់​វប្បធម៌ មាន​ឯង អត់​អញ មាន​អញ អត់​ឯង និង​ការ​លាប​ពណ៌​គ្នា
 
រូបភាពពីពលរដ្ឋ

មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ក្ដីក្ដាំ​ក្នុង​តុលាការ លោក កឹម សុខា ឆ្លៀត​ផ្ញើ​សារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​ផ្ដើម​ចេញ​ពី​ការ​បង្ហាញ​ក្តី​នឹក​រលឹក​ដល់​ពលរដ្ឋ និង អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​សហគមន៍​អន្តរជាតិ ដែល​តែងតែ​គោរព​រាប់អាន និង​ផ្តល់​តម្លៃ​នូវ​គោលការណ៍ អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ភាព​ស្អាតស្អំ និង​ភាព​ស្មោះត្រង់​របស់​លោក ចំពោះ​ជាតិ​មាតុភូមិ និង​ពលរដ្ឋ​កម្ពុជា។

លោក កឹម សុខា ក៏​សាទរ​ជា​វិជ្ជមាន ចំពោះ​វិស័យ​នានា ដែល «ខ្មែរ​ធ្វើ​បាន» សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​ចាស់​កន្លង​មក​ទៅ។ ប៉ុន្តែ លោក​ស្នើ​ឱ្យ​អ្នក​នយោបាយ​បញ្ឈប់​នូវ​ចំណុច អវិជ្ជមាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​ជាតិ ព្រមទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់ និង​បែកបាក់​គ្នា។

 

អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ បន្ត​អំពាវនាវ​ថា ការ​យក​ខ្មែរ​ដូច​គ្នា​ជា​សត្រូវ ដោយ​បង្ក​ជម្លោះ ឈ្លោះ​គ្នា​មិន​ចេះ​ចប់ រហូត​ដល់​កម្ចាត់​គ្នា តាម​រយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌ «មាន​ឯង អត់​អញ មាន​អញ អត់​ឯង» និង​ការ​ចោទ​ប្រកាន់​គ្នា ដោយ​មួល​បង្កាច់ ជេរ​ប្រមាថ​យ៉ាង​អយុត្តិធម៌ និង​អសីលធម៌ តាម​រយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌ «លាប​ពណ៌​គ្នា» ជា​ដើម សូម​ឲ្យ​លុប​បំបាត់ បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ​ទៅ ដើម្បី​កុំ​បន្សល់​មរតក​អាក្រក់​នេះ ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​ត​ទៅ​ទៀត។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នោះ​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជារឿយៗ លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​បំបិទ​សិទ្ធិ​នយោបាយ​នោះ តែងតែ​ឆ្លៀត​ផ្ញើ​សារ​ក្នុង​ពិធី​បុណ្យ​ជាតិ ឬ​ឱកាស​សំខាន់ៗ ផ្សេង ដើម្បី​បង្ហាញ​ពី​ភាព​អយុត្តិធម៌​របស់​លោក និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​កសាង​ជាតិ ព្រម​ទាំង​ផ្ញើ​សារ​សំដៅ​ទៅ​មេ​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​មាន​ទស្សនៈ​ផ្ទុយ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សារ​អំពាវនាវ​របស់​អ្នក​នយោបាយ​រូប​នេះ​គួរ​តែ​កើត​មាន​ជា​ជា​យូរ​មក​ហើយ។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ការ​អំពាវនាវ​របស់​លោក កឹម សុខា នេះ មិន​មាន​តម្លៃ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នោះ​ទេ ខណៈ​ដែល​បក្ស​កាន់​អំណាច​តែងតែ​ប្រើប្រាស់​សារ​នយោបាយ​គំរាម​កំហែង​លើ​គូ​ប្រកួត​ប្រជែង ដើម្បី​យក​ជ័យជម្នះ​លើ​បក្ស​ក្រៅ​រដ្ឋាភិបាល។ តែ​យ៉ាង​ណា​ក្ដី លោក​ចង់​ឃើញ​អ្នក​នយោបាយ​ប្រកាន់​គោល​ជំហរ​មិន​យក​គ្នា​ជា​សត្រូវ ហើយ​ប្រកួត​ដោយ​តម្លាភាព ត្រឹមត្រូវ។

លោក សេក សុជាតិ៖ «គឺវាមានភាគី២រវាងផ្នែកដឹកនាំគណបក្សពីរធំៗដែឡគាត់យក​សារ​នយោបាយមានឯងអត់អញ មាន​អញ អត់​ឯង ក្នុង​នាម​មេ​ដឹកនាំ ដែល​ចូល​ចិត្ត​ប្រើប្រាស់​ហិង្សា​សត្វ គឺ​ពួក​គាត់​តែងតែ​ប្រើប្រាស់​វិធីសាស្ត្រ​បែប​ហ្នឹង ដើម្បី​ប្រជែង​យក​អំណាច​គ្នា ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​សីលធម៌ និង​វិជ្ជាជីវៈ​ដូច​អ្នក​នយោបាយ ដែល​មាន​ក្រោម​សីលធម៌​ទេ»

បន្ថែម​ពី​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារាយ យល់ ថា ការ​លើក​ឡើង របស់​លោក កឹម សុខា នេះ​ជា​រឿង​ល្អ​នៅ​កំឡុង​ពេល​លោក​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​ជា​បញ្ហា​នៅ​ត្រង់​ថា តើ​បក្ស​កាន់​អំណាច​មាន​ឆន្ទៈ​កម្រិត​ណា ក្នុង​ការ​ស្ដារ​ឡើង​វិញ នូវ​ការ​គោរព​គ្នា និង​ឈាន​ដល់​ការ​ជជែក​គ្នា ដើម្បី​ស្វែងរក​នូវ​ផល​ប្រយោជន៍​ជាតិ​ជាធំ។ តែ​ផ្ទុយ​ទៅ​វិញ បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ឃើញ​មាន​តែ​សារ​គំរាម​កំហែង​គ្នា ដែល​ធ្វើ​ឱ្យ​បែក​បក្ស​ផ្ទៃក្នុង​ជាតិ​កាន់តែ​ខ្លាំង។
លោក កើត សារាយ ៖ «ឆ្នាំ​ថ្មី​នេះ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មើល​មិន​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​នឹង​វិវត្តន៍​ទៅ​រក​វប្បធម៌​តុ​មូល និង​វិវត្តន៍​ទៅ​រក​របៀប ធ្វើ​នយោបាយ​បម្រើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ទាំង​មូល។ ដូច​ឃើញ​មាន​តែ​ការ​គំរាម មាន​តែ​ការ​បង្ហាញ​ពី​សង្គ្រាម​វោហារសាស្ត្រ​ជា​ជាង ដែល​អត់​មាន​នរណា​ម្នាក់​បង្ហាញ​ពី​ការ​បន្ទន់​នូវ​ឥរិយាបថ​ក្នុង​គោលការណ៍​ស្វែងរក​ការ​សម្របសម្រួល ដូច្នេះ ការ​លើក​ឡើង​របស់​លោក គឹម សុខា ជា​ការ​លើក​ឡើង ប៉ុន្តែ​ទោះ​យ៉ាង​ណា ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​អំពាវនាវ​បែប​នេះ​ឱ្យ​បាន​ច្រើន»

គិត​ពី​ថ្ងៃ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជាង ៥ឆ្នាំ​ហើយ។ តុលាការ​ក្រុង​ភ្នំពេញ ដែល​មាន​ចៅក្រម​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា គ្មាន​មូលដ្ឋាន និង​ជំរុញ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​លោក កឹម សុខា មានសិទ្ធិធ្វើនយោបាយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន បញ្ចេញ​ទស្សនៈ​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ លោក កឹម សុខា គួរ​តែ​ហ៊ាន​ធ្វើ​សកម្មភាព​ឲ្យ​ច្រើន​ជាង​មុន ដើម្បី រក​យុត្តិធម៌​ឲ្យ​ខ្លួន​ឯង និង​ពលរដ្ឋ​ខ្មែរ ព្រោះ​ការ​បញ្ចេញ​សារ​របស់​លោក​កន្លង​មក​នេះ ពុំ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​មាន​អំណាច​ពេញ​ដៃ​នោះ ងាក​មក​បញ្ចប់​ជម្លោះ អនុគ្រោះ​ឲ្យ​រូបលោក ហើយ​គោរព​សិទ្ធិមនុស្ស ស្តារ​ប្រជាធិបតេយ្យ ដើម្បី​ឈាន​ទៅ​រួម​គ្នា​កសាង​ជាតិ​ឡើយ៕

1 comment:

Anonymous said...

Since Kem Min Sok Heuy Kha had behaved so crazily and became a sexmaniac, whatever Ah Kanteur Kdor Kley Kem Sokha barked will never resonate with people. His sexmanioac outweighs everything.