Saturday, 31 December 2022

លោក សុន ឆ័យ រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​ក្នុង​សំណុំរឿង​ដែល​លោក​ចាញ់​ក្ដី​បក្ស​កាន់​អំណាច​និង​គ.ជ.ប


ដោយ សន ចាន់រដ្ឋា
2022.12.30
លោក សុន ឆ័យ រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​ក្នុង​សំណុំរឿង​ដែល​លោក​ចាញ់​ក្ដី​បក្ស​កាន់​អំណាច​និង​គ.ជ.ប  
អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ។
​រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​នា​ពេល​ខាង​មុខ​ ក្នុង​សវនាការ​លើ​បណ្ដឹង​សាទុក្ខ ដែល​តុលាការ​ថ្នាក់ក្រោម​បាន​កាត់ក្ដី​ឱ្យ​លោក​ចាញ់​​​គណបក្ស​ប្រជាជន​កម្ពុជា និង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(..)។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ យល់ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​ដូច​សព្វ​ថ្ងៃ​នេះ លោក សុន ឆ័យ ពិបាក​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់។

តុលាការ​កំពូល​ជា​កន្លែង​យុត្តិធម៌​ចុង​ក្រោយ​សម្រាប់​ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ស្វែង​រក​យុត្តិធម៌។ ប្រសិន​តុលាការ​កំពូល​នៅ​តែ​សម្រេច​ក្ដី​ដូច​តុលាការ​ជាន់​ទាប​ដដែល លោក សុន សែន នឹង​ត្រូវ​បង់​ប្រាក់​​ជំងឺ​ចិត្ត​ទៅ​បក្ស​កាន់​អំណាច​ប្រាក់​១​លាន​ដុល្លារ​  ប៉ុន្តែ​ប្រសិន​បើ​តុលាការ​កំពូល​សម្រេច​ទាត់​ចោល​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ នោះ​លោក សុន ឆ័យ អាច​រួច​ផុត​ការ​ចោទ​ប្រកាន់។ 

 

ថ្លែង​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៩ ខែ​ធ្នូ លោក សុន ឆ័យ ​ថា លោក​គ្មាន​ជំងឺ​លើ​ប្រព័ន្ធ​យុត្តិធម៌​សព្វថ្ងៃ​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ ទាមទារ​យុត្តិធម៌​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​ឱ្យ​អស់​ពី​លទ្ធភាព។ អ្នក​នយោបាយ​ជើង​ចាស់​លោក សុន ឆ័យ ក៏​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល​នា​ពេល​ខាង​នេះ​ដែរ។

លោក សុន ឆ័យ«មិន​មាន​ជំនឿ​ទេ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​ឱ្យ​អស់​នីតិវិធី បាទ​ខ្ញុំ​នឹង​ចូល​(ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល)​ ខ្លួន​ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ​ ថា​យើង​ចូល​ប្រឡូក​ក្នុង​ការងារ​នយោបាយ​នៅក្នុង​ប្រទេស​ជាតិ​របស់​យើង​ហើយ​អ្វី​ដែល​ច្បាប់​បាន​កំណត់​ទោះបី​អាក្រក់​ឬ​ល្អ​នឹង​ខិតខំ​ធ្វើ​ទៅតាម​គោលការណ៍​ច្បាប់​ទាំង​ដើម្បី​ឱ្យ​ដំណើរ​ការ​ចូលរួម​របស់​យើង​ប្រព្រឹត្តិ​ទៅ​បាន​ចប់​ចុង​ចប់​ដើម។ »)

លោក សុន ឆ័យ ប្រាប់ដែរ​ថា លោក​បាន​ប្រគល់​ការងារ​នេះ ទៅ​មេធាវី​ការពារ​របស់​លោក រួចហើយ ដើម្បី​ឱ្យ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ។

ចំពោះ​ការ​សម្រេច របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​បង្គាប់​ទៅ​លោក សុន ឆ័យ ត្រូវ​បង់​​ប្រាក់​ជំងឺ​ចិត្ត​ប្រាក់​១លាន​ដុល្លារ ​ទៅ​គណបក្ស​កាន់​អំណាច លោក សុន ឆ័យ ថា លោក​មិន​គិតគូរ​រឿង​នេះ​នៅឡើយ​ទេ ដោយ​រង់​ចាំ​មើល​ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​នា​ពេល​ខាង​មុខ​សិន។

​​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សុន ឆ័យ គឺ​លោក​មេធាវី ជូង ជូងី បាន​សម្រេច​ប្ដឹង​សាទុក្ខ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ពាក់​ព័ន្ធ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក សុន ឆ័យ ដែល​បាន​រិះគន់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី០៥​កន្លង​ទៅ​នេះ​ថា​ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ និង​ការ​លូច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម។

សាលាឧទ្ធរណ៍​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៤ ខែ​ធ្នូ បាន​រក្សា​ការ​សម្រេច​របស់​តុលាការ​ក្រុងភ្នំពេញ​ទុក​ជា​បានការ។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ នៅតែ​សម្រេច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(..បន្ត​ឈ្នះ​ក្ដី​លោក សុន ឆ័យ ដដែល និង​បាន​បង្គាប់​ទៅ​លោក សុន ឆ័យ​ ត្រូវ​បង់ថ្លៃ​ជំងឺ​ចិត្ត​ទៅ​បក្ស​កាន់អំណាច​ពី​៧៥ម៉ឺនដុល្លារ ឡើង​ទៅ ១លាន​ដុល្លារ។

​​ទាក់ទង​រឿង​នេះ​ដែរ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ យល់​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កន្លងមក​ ហាក់​​ដើម្បី​បំពេញ​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា និង គ..ប ដែល​ភាគី​ដើម​បណ្ដឹង។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដែល​ជា​ភាគី​ឈ្នះ​ក្ដី យល់ថា មតិ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គឺ​លំអៀង​ទៅ​លោក សុន ឆ័យ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​​ថ្លែង​ការពារ​កំណាត់​របស់​តុលាការ​ថា បាន​កាត់​ក្ដី​ត្រឹមត្រូវតាម​​នីតិវិធី។ លោក សុខ ឥសាន ចោទប្រកាន់​ថា ការ​រិះគន់​របស់​លោក សុន ឆ័យ ពាក់ព័ន្ធ​រឿង​បោះឆ្នោត​ គឺ​ជា​នយោបាយ​ធ្វើ​អត្តឃាត​ខ្លួន​ឯង។​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដដែល ថា សំណុំ​រឿង​នេះ​មិន​អាច​បញ្ចប់​ដោយ​ការ​ចរចា​បានទេ ខណៈ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

លោក សុខ ឥសាន«យើង​ត្រូវ​បន្ទោស​ខ្លួន​ឯង​ដែល​យើង​តាំង​ខ្លួន​ជា​ខ្លាំង​នោះ​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​បោះឆ្នោត​ទេ ប៉ុន្តែ ទទួល​យក​អាសនៈ​ដែល​ទទួល​បាន​២០​ភាគរយ​ផង ក៏​​ប៉ុន្តែ​ធ្វើ​ខ្លាំង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត»

ដូច​គ្នា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្មីៗ​នេះ ខណៈ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ថា លោក​រង់ចាំ​ចាយ​លុយ​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សុន ឆ័យ។

ទាក់ទង​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស រិះគន់​ថា ការ​ពិន័យ​ថវិកា ១​លាន​ដុល្លារ​ពី​លោក សុន ឆ័យ គឺជា​ចំនួន​ច្រើន​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​។ លោក​បន្ត​ថា ការ​ពិន័យ​និង​តម្រូវ​ឱ្ស​សង​ជំងឺ​ចិត្តនេះ ​មិន​បាន​ចែង​ក្នុង​ច្បាប់​បោះឆ្នោត​នោះ​ទេ ខណៈ​លោក សុន ឆ័យ រិះគន់​បញ្ហា​ក្នុង​អំឡុង​ពេល​បោះឆ្នោត។

លោក​យល់​ថា វិធានការ​របស់​តុលាការ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម​​កិច្ចការ​បោះឆ្នោត​។ លោក​បន្ត​ទៀត​ថា ករណី​នេះ​ក្រៅ​ពី​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ពលរដ្ឋ ក៏​នឹង​ធ្វើ​សហគមន៍​អន្តរជាតិ រិះគន់​ថា ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាង​មុខ ពោរពេញ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​នយោបាយ​ ដែល​គូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។

លោក កន សាវាង្ស «ពីព្រោះ​អី​នៅក្នុង​ច្បាប់​អត់​បាន​ចែង​ស្ថាប័ន​ជាតិ​ណាមួយ​មាន​តួនាទី​នៅក្នុង​ប្ដឹង​អ្នក​ដែល​លើកឡើង​អំពី​បញ្ហា​ការ​ដាក់​ទោសទណ្ឌ​​ដោយ​ទារសំណង​គឺ​អត់​មាន​ទេ អ៊ីចឹង ខ្ញុំ​យល់​ឃើញ​នីតិវិធី​ទេ ដែល​បាន​លើកឡើង​អ៊ីចឹង​ ក្នុង​ច្បាប់​​បោះឆ្នោត​មិន​បាន​កំណត់​ទេ កំណត់​លក្ខខណ្ឌ​ ឬ​ក៏​ការ​កើតឡើង​ទាក់ទង​ជាមួយ​ការបោះឆ្នោត»

ទ្រព្យសម្បត្តិ​របស់​លោក សុន ឆ័យ ដែល​បក្ស​កាន់អំណាច​ទន្ទឹង​​រង់ចាំ​លេប​រឹបអូស គឺ​ដី​ផ្ទះ​របស់​លោក សុន ឆ័យ ចំនួន​ពីរ​កន្លែង ក្នុង​នោះមួយ​​កន្លង​នៅ​រាជធានី ភ្នំពេញ​ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​សៀមរាប​។ ទោះ​យ៉ាងណា លោក សុន ឆ័យ ថា បើ​តុលាការ​កំពូល​មិន​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក​នា​ពេល​ខាង​មុខ​ទេ លោក​នឹង​ជជែក​ជាមួយ​មេធាវី​ការពារ​ក្ដី និង​ជាមួយ​គណបក្ស​គណបក្ស​ភ្លើង​ទៀន ដើម្បី​ដោះស្រាយ​បញ្ហា​សំណង​លុយ​១លាន​ដុល្លារ​នេះ ព្រោះ​អ្វី​ដែល​លោក​លើកឡើង​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ និង​ជា​ការ​និយាយ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ ដើម្បី​ឱ្យ​មាន​កែទម្រង់​បញ្ហា​បោះឆ្នោត៕

 

1 comment:

Anonymous said...

Thank you Son Chhay for standing on your principal.
We hope 2023 will be the last year on this earth of Ah Prett Hun Sen.