Sunday, 25 December 2022

អាមេរិក និង​កម្ពុជា​បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេ​ភាគី​ក្នុង​បំណាច់​ឆ្នាំ​២០២២


ដោយ ជាតិ ចំណាន
2022.12.24

អាមេរិក និង​កម្ពុជា​បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេ​ភាគី​ក្នុង​បំណាច់​ឆ្នាំ​២០២២

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួបឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី (Patrick Murphy) ក្នុង​ពិធី​បុណ្យ​ណូអែល នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី២៣ ធ្នូ ២០២២។
រូប៖ ធ្វីតទ័រលោក បាទ្រីក ម័រហ្វី


ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី (Patrick Murphy) បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ស្ថានទូត​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ដើម្បី​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ទំនាក់ទំនង​កម្ពុជា អាមេរិក នា​រយៈពេល​ចុងក្រោយ​នេះ​មាន​ភាព​តានតឹង ដោយសារតែ​មជ្ឈដ្ឋាន​មួយ​ចំនួន​ចោទ​កម្ពុជា​ថា លម្អៀង​ទៅ​រក​ចិន​។ អ្នកជំនាញ​ថា ជំនួប​នេះ​គឺជា​សញ្ញា​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​នៃ​ប្រទេស​ទាំងពីរ ប៉ុន្តែ​អ្នកជំនាញ​ដដែល​មិន​រំពឹង​ថា កម្ពុជា​ឆ្លើយតប​ជា​វិជ្ជមាន​រឿង​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​តាម​ការ​ស្នើ​សុំ​របស់​អាមេរិក​ទេ។

ការ​ប្រារព្ធ​ពិធី​បំណាច់​ឆ្នាំ​២០២២ នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី​។ មន្ត្រី​នាំពាក្យ​គណបក្សកាន់អំណាច​រំពឹង​ថា សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​នឹង​មាន​ផល​ល្អជា​ផ្លែផ្កា ហើយ​អាច​បន្ត​ការ ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា។



ពិធី​បំណាច់​ឆ្នាំ​២០២២ ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី កាលពី​ថ្ងៃទី​២៣ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណ​:​ប្រតិភូ​របស់​លោក​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន កូនប្រុស និង​កូន​ប្រសារ​របស់​លោក​ចូលរួម​ដែរ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី សរសេរ ក្នុង (Twitter) របស់​លោក​ថា សហរដ្ឋអាមេរិក បាន​ឃើញ​កម្ពុជា​ទទួល​ជោគជ័យ​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន សម្រាប់​ឆ្នាំ​២០២២ និង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន បង្កើន​ទំនាក់ទំនង​នឹង​សហរដ្ឋអាមេរិក​។ លោក​បន្ត​ថា លោក ហ៊ុន សែន បាន​ចូលរួម​ពិធី​ឆ្លង​ឆ្នាំ ហើយ​បាន​ជជែក​ដើម្បី​ស្វែងរក​លទ្ធផល​កែ​លំអ​ទំនាក់ទំនង​ទ្វេ​ភាគី។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែធ្នូ​ថា ក្នុង​ជំនួប​ទ្វេភាគី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក ហ៊ុន សែន បាន​ជូនពរ​បុគ្គលិក​ស្ថានទូត និង​ពលរដ្ឋ​អាមេរិក​ទាំងអស់​សុខ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ណូអែល (Christmas) និង​ពិធី​បំណាច់​ឆ្នាំ​២០២២​។ លោក សុខ ឥសាន ឱ្យដឹងទៀត​ថា លោក ហ៊ុន សែន រំពឹង​ថា ឆ្នាំ​២០២៣ ខាងមុខ​ទំនាក់ទំនង​កម្ពុជា​អាមេរិក​នឹង​មាន​ភាព​ល្អ​ប្រសើរ ដោយ​ពុំ​មាន​ភាព​តានតឹង​ដូច​ពេល​កន្លងទៅ​នោះ​ទេ។

    លោក សុខ ឥសាន៖ «ភាព​តានតឹង​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា​មាន​ការ​ចោទ​ប្រកាន់ ពី​សហរដ្ឋអាមេរិក និង​មជ្ឈដ្ឋាន​មួយចំនួន​នៅ​ក្រៅ​ប្រទេស ថា កម្ពុជា​លម្អៀង​ទៅ​ខាង​ចិន​។ យើង​ចាត់ទុក​បណ្ដា​ប្រទេស នៅ​លើ​ពិភពលោក​ទាំង​តូច​ទាំង​ធំ​ជា​មិត្ត​របស់​យើង ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក ហើយ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា»។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​អះអាង​ថា កម្ពុជា​តែង​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ដោយ​ចូលបក្ស​សម្ព័ន្ធ ឬ​លម្អៀង​ទៅ​ប្រទេស​មហាអំណាច​ណាមួយ​ឡើយ​។ ម្យ៉ាងវិញទៀត លោក សុខ ឥសាន លើកឡើង​ដោយមាន​មោទនា​ភាព​ថា បើ​កម្ពុជា​ពិតជា​មានការ​រំលោភសិទ្ធិ​មនុស្ស និង​គ្មាន​ប្រជាធិបតេយ្យ​នោះ កម្ពុជា​នឹង​គ្មាន​ស្ថិរភាព​នយោបាយ ហើយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ឌិន (Joe Biden) និង​ក្រុម​មេដឹកនាំ​អាស៊ាន​ក៏​មិន​ចូលរួម​ប្រជុំ​កិច្ច​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ដែរ។

ទោះបីជា​យ៉ាងណា​អ្នកឃ្លាំមើល​ថា ទំនាក់ទំនង​កម្ពុជា​អាមេរិក​នឹង​នៅ​បន្ត​តានតឹង និង​គ្មាន​ភាព​ល្អ​ប្រសើរ​ឡើយ បើ​កម្ពុជា​នៅតែ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ និង​ជម្រះ​មន្ទិលសង្ស័យ​អំពី​ការ​សាងសង់​មូលដ្ឋានទ័ព​ចិន​នៅ​កំពង់ផែ​រាម និង​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ពី​ឥទ្ធិពល​ចិន ទៅតាម​ការ​ស្នើសុំ​របស់​អាមេរិក​នោះ។ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) ពេល​មក​កម្ពុជា លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន កែប្រែ​លំអ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​កញ្ញា សេង ធារី។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារា មិន​រំពឹង​ថា កម្ពុជា​នឹង​ឆ្លើយតប​អាមេរិក​ជា​វិជ្ជមាន​រឿង​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឆ្នាំ​២០២៣ ខាងមុខនេះ​ទេ។ លោក​ថា កន្លងមក​អាមេរិក​តែង​ស្នើ​ដល់​កម្ពុជា​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ ដោះលែង​អ្នក​ទោស​នយោបាយ ជាពិសេស​ដោះលែង​មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព ប៉ុន្តែ​កម្ពុជា​ហាក់​មិនទាន់​បង្ហាញ​ឆន្ទៈ ដើម្បី​ឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​ឡើយ។

    លោក ឯម សុវណ្ណារា៖ «កាលណា​ប្រសិនជា​កម្ពុជា មិន​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ ខ្ញុំ​គិតថា អត្ថប្រយោជន៍​ដែល​សហរដ្ឋអាមេរិក ឬ​សហគមន៍​អឺរ៉ុប​ផ្តល់​ឱ្យ​កម្ពុជា ដោយ​ផ្អែកលើ​គោលការណ៍​ជា​មូលដ្ឋាន​ពាក់ព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហ្នឹង ប្រហែលជា​កម្ពុជា​យើង​លែង​ទទួល​បាន​ហើយ ដោយ​តែ​យើង​មិនបាន​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​អនុវត្ត​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម»។

ចំណែក អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ជំហរ​អាមេរិក​ក្នុង​ចេតនា​ចង់ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា អាមេរិក​នឹង​មិន​បោះបង់​ប្រជាជន​កម្ពុជា​ឡើយ​។ លោក​ជឿជាក់​ថា ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​នឹង​មាន​ភាពល្អ​ក្នុង​រយៈពេល​ខ្លី បើ​កម្ពុជា​ដោះស្រាយ​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង បើក​លំហ​សេរីភាព​ពលរដ្ឋ សង្គម​ស៊ីវិល​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។ មិនតែ​ប៉ុណ្ណោះ លោក​ថា កម្ពុជា​ក៏​អាច​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច និង​ជំនួយ​អភិវឌ្ឍ​ជាតិ​ពី​អាមេរិក (US) និង​សហភាព​អឺរ៉ុប (EU) ផង​ដែរ។

    លោក គឹម សុខ៖ «​ប្រសិនបើ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បង្ហាញ​សញ្ញា​នៃ​លទ្ធភាព​ដែល​អាច​ដោះស្រាយ​ចេញ​ជា​ផល​វិជ្ជមាន លើ​វិបត្តិ​ពីរ​៖ ទីមួយ ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ទី​ពីរ ការ​ជម្រះ​ការសង្ស័យ​លើ​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម ដែល​មាន​ការចោទប្រកាន់​ពាក់ព័ន្ធ​វត្តមាន​គ្មាន​តម្លា​នៃ​កងទ័ព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទំនាក់ទំនង​កម្ពុជា សហរដ្ឋអាមេរិក​នៅតែ​បន្ត​ល្អក់កករ ពិបាក​ស្ដារ​ឱ្យ​ស្រស់បំព្រង​ណាស់​នៅ​ឆ្នាំ​ខាងមុខ»។

ទំនាក់ទំនង​កម្ពុជា​អាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ក្រោយ​រដ្ឋាភិបាល​ឯក​បក្ស​បំផ្លាញ​ប្រជាធិបតេយ្យ និង​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លើស​ពី​នេះ​ទៀត កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​រង​ការ​រិះគន់​ថា អនុវត្ត​គោល​នយោបាយ​លម្អៀង​ទៅ​ចិន​ខ្លាំង និង​បាន​បង្កើន​ទំនង​ទំនាក់​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​ស្អិតល្មួត​រហូត​មាន​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ដោយ​សម្ងាត់​ដើម្បី​សម្រួល​ឱ្យ​មាន​ការសាងសង់​មូលដ្ឋានទ័ព​ចិន​នៅ​លើ​ទឹកដី​ខ្មែរ ខណៈ​អាមេរិក​តែងតែ​ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា​ថា វត្តមាន​មូលដ្ឋានទ័ព​ចិន​នេះ​នឹង​ប្រឆាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់៕

No comments: