2022.12.18
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនឱ្យដឹងថា សមត្ថកិច្ចមិនទាន់ចាប់បានមេខ្លោងដែលរក្សាទុកគ្រឿងញៀនជិត ១តោនក្នុងឃ្លាំងជួលនៅខេត្តព្រះសីហនុនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចកំពុងបន្តនីតិវិធីសួរដេញដោលជនសង្ស័យមួយចំនួន ដើម្បីមានតម្រុយតាមចាប់ក្រុមមេខ្លោងឧក្រិដ្ឋគ្រឿងញៀនទាំងនោះ។ មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរឱ្យពន្លឿននីតិវិធីស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាព និងឯករាជ្យ ដើម្បីមហាជនមានទំនុកចិត្ត។
អគ្គលេខានៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែធ្នូថា កម្ពុជាកំពុងបើកកិច្ចសហប្រតិបការជាមួយអ្នកជំនាញនៃប្រទេសអូស្ត្រាលី (Australia) វៀតណាម (Vietnam) ថៃ (Thailand) និងក្រុមអ្នកជំនាញត្រួតពិនិត្យគ្រឿងញៀន (Drug Enforcement Administration) ហៅកាត់ ឌី អ៊ី អេ (DEA) របស់សហរដ្ឋអាមេរិក ដើម្បីស៊ើបអង្កេត និងសិក្សាវាយតម្លៃឱ្យបានស៊ីជម្រៅអំពីប្រភពគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនលួចរក្សាទុកជិត ១តោននៅខេត្តព្រះសីហនុ និងគ្រឿងញៀន សារធាតុគីមីជាច្រើនតោនទៀតដែលសមត្ថកិច្ចកម្ពុជាបានរឹបនៅតាមបណ្ដាខេត្តផ្សេងៗនាពេលកន្លងមក។
លោក មាស វីរិទ្ធ បញ្ជាក់ថា សមត្ថកិច្ចមិនទាន់ចាប់បានមេខ្លោងណាម្នាក់លើករណីដែលពួកគេបានរក្សាទុកគ្រឿងញៀនក្នុងឃ្លាំងជួលនៅខេត្តព្រះសីហនុនៅឡើយទេ។ លោកបន្តថា មូលហេតុដែលយឺតយ៉ាវដោយសារជនសង្ស័យមួយចំនួនដែលសមត្ថកិច្ចឃាត់ខ្លួនបានពួកគេខ្លះផ្ដល់ចម្លើយមិនច្បាស់លាស់។ ទោះយ៉ាងណាលោកថា ក្រុមឧក្រិដ្ឋជនអាចនឹងនៅក្នុងប្រទេសកម្ពុជានៅឡើយ៖
«សមត្ថកិច្ចនៅតែបន្តតាមរកតើគាត់ [ឧក្រិដ្ឋជន] ខាងក្នុង [ប្រទេស] ឬនៅខាងក្រៅ [ប្រទេស] ព្រោះមានប្លែកៗណាស់មានដោយផ្ទាល់ ឬដោយប្រយោលយើងកំពុងស្រាវជ្រាវឱ្យដល់ឫសគល់។ មានធ្វើដោយផ្ទាល់ មានវិធានការបន្ទាន់ ធ្វើដោយប្រយោលធ្វើអនុវត្តវិធានការជំនាញ»។
លោក មាស វីរិទ្ធ ឱ្យដឹងទៀតថា ឃ្លាំងផ្ទុកគ្រឿងញៀនជិត ១តោនក្នុងខេត្តព្រះសីហនុ គឺក្រុមឧក្រិដ្ឋជនជួលពីជនជាតិខ្មែរ។ ថ្វីដ្បិត មេប៉ូលិសផ្កាយ ៤រូបនេះ មិនបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំងនោះជាជនជាតិអ្វីក៏ដោយ ប៉ុន្តែកន្លងទៅការនាំចូលគ្រឿងញៀន និងសារធាតុគីមីចូលកម្ពុជានេះប្រព្រឹត្តដោយជនជាតិចិនមួយចំនួនដែលល្មើសច្បាប់កម្ពុជា។ បន្ថែមពីនេះ លោក មាស វីរិទ្ធ បញ្ជាក់ថា គោលដៅក្រុមឧក្រុដ្ឋជនដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១តោននោះគឺទៅកាន់ប្រទេសទី៣ ដោយមិនមែនយកកម្ពុជាធ្វើទីផ្សារនោះទេ។ ប៉ុន្តែ លោកថា ក្រុមឧក្រិដ្ឋជនតែងតែយកកម្ពុជាសម្រាប់ឆ្លងដែន និងធ្វើជាកន្លែងសម្រាប់ផលិតកែច្នៃ។
កាលរសៀលថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះឆែកឆេរឃ្លាំងជួលមួយកន្លែងស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរកឃើញគ្រឿងញៀនជិត ១តោន។ ក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចមិនទាន់ចាប់បានមេខ្លោងណាម្នាក់ឡើយ។ សមត្ថកិច្ចឃាត់ខ្លួនបានតែជនសង្ស័យពាក់ព័ន្ធដោយប្រយោលជនជាតិចិនខ្មែរ និងជនបរទេសមួយចំនួនតែប៉ុណ្ណោះ។ លោក មាស វីរិទ្ធ មិនបានបញ្ជាក់អំពីចំនួនជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនយកទៅសួរនាំនោះទេ។
ទាក់ទងករណីគ្រឿងញៀននេះ កាលពីចុងខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាក៏បានបិទរោងចក្រដំណាប់ស្វាយដែលលួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ រហូតដល់ខែមករា ឆ្នាំ២០២២ ការស៊ើបអង្កេត បន្តនាំទៅដល់ការបង្ក្រាបកន្លែងលួចផលិតទ្រង់ទ្រាយធំទីពីរ និងជាកន្លែងផ្ទុកសារធាតុគីមី ដែលគេសង្ស័យថា ត្រូវបានប្រើសម្រាប់ផលិតថ្នាំកេតាមីន និងអាចជាថ្នាំសំយោគផ្សេងទៀត។ អាជ្ញាធររកឃើញ មានសារធាតុផ្សេងៗ សរុបចំនួន ៦១,៧តោន ក្នុងនោះមានសារធាតុដើម កេតាមីន (Ketamine) ៧៥០គីឡូក្រាម និងជាកាកសំណល់ កេតាមីន ចំនួនជាង៥តោន (៥,២២០)ក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីនេះ ក៏មានសារធាតុគីមីជាង ១រយតោន (១៤៩តោន) ត្រូវបានរឹបអូសនៅកន្លែងស្តុកទុកសារធាតុគីមីក្នុងរាជធានីភ្នំពេញកាលពីខែមករា ឆ្នាំ២០២២។
ដោយឡែងថ្មីៗនេះ ក៏មានក្រុមឧក្រិដ្ឋជនបើកឡានស្លាកលេខខេមរភូមិន្ទជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ចាក់គ្រឿងញៀនប្រមាណ ២រយគីឡូក្រាម (២០០) នៅម្ដុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែរ។ គិតមកទល់នឹងពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានក្រុមឧក្រិដ្ឋជនទាំងនោះបាននៅឡើយ។
ទាក់ទងនឹងរឿងនេះ អគ្គលេខានៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ អះអាងថា ករណីក្រុមឧក្រិដ្ឋជនដឹកគ្រឿងញៀនទ្រង់ទ្រាយធំឆ្លងដែនកម្ពុជានារយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជា និងប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូរជំនាញបន្តការស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់ ដើម្បីរកឱ្យឃើញថា ករណីឧក្រិដ្ឋជនដឹកគ្រឿងញៀនប្រភេទកេតាមីននេះ គឺជាក្រុមតែមួយ ឬពួកគេមានទំនាក់ទំនងជាមួយគ្នាឬយ៉ាងណា។
គិតត្រឹមពាក់ណ្ដាលខែធ្នូ សម្រាប់ឆ្នាំ២០២២ នេះ អាជ្ញាធររឹបអូសគ្រឿងញៀនបានជាង ៥តោន។ ចំណែក កាលពីថ្ងៃទី២៦ ខែមិថុនា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី សរុបជាង ៦តោន ក្នុងចំណោមវត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗ ដែលរឹបអូសបានសរុបជិត ១០០តោន។ អាជ្ញាធរឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ និង២០២១ ដែលមានការរីករាលដាលជំងឺកូវីដ-១៩ សមត្ថកិច្ចបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។ ក្នុងនោះ សមត្ថិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ១ម៉ឺនករណី (១០.៤៦១ករណី) ក្នុងឆ្នាំ២០២០ និងជាង ៦ពាន់ករណី (៦.៣០៨ករណី) ទៀតក្នុងឆ្នាំ២០២១។
ជុំវិញរឿងនេះ អ្នកសម្របសម្រួបសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ជំរុញដល់អាជ្ញាធរពន្លឿននីតិវិធីស៊ើបតាមចាប់ក្រុមឧក្រិដ្ឋជនប្រកបដោយតម្លាភាព និងផ្តន្ទាទោសពួកគេឱ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមានដល់ក្រុមជនល្មើសផ្សេងទៀត ដែលតែងតែចង់យកកម្ពុជាធ្វើជាទីតាំងផលិតគ្រឿងញៀន៖
«ពីដើមឡើយយើងមានតែការជួញដូរដែលយើងចាប់បានវាមានទម្ងន់តិចតួច ប៉ុន្តែ ថ្មីៗនេះកម្លាំងនៃការបង្ក្រាបយើងសរសើរហើយ យើងក៏លើកទឹកចិត្តឱ្យសមត្ថកិច្ចបន្តធ្វើការងារហ្នឹង ប៉ុន្តែសូមមេត្តាប្រមែប្រមូលឱ្យអស់ ទាំងអ្នកនៅពីក្រោយខ្នង ទាំងអ្នកពាក់ព័ន្ធសូមមេត្តាយកមកផ្ដន្ទាទោស ហើយសូមឱ្យមានការដាក់បង្ហាញនូវរូបភាពទាំងអស់ហ្នឹងជាសាធារណៈផង នៅពេលក្រោយពេលកាត់ទោសហើយ ដើម្បីជាការព្រមានដល់អ្នកក្រោយៗទៀតកុំឱ្យធ្វើ»។
អ្នកស្រី ជៀប សុធារី ឱ្យដឹងទៀតថា ទីតាំងអគារបនល្បែងកាស៊ីណូមួយចំនួន និងសណ្ឋាគារ ឬអគារដែលសង្ស័យថា មានបង្កប់ល្បែងអនឡាញខុសច្បាប់នាពេលកន្លងមកនៅក្រុងព្រះសីហនុ ចប្ចុប្បន្នអ្នកស្រីថា កំពុងបើកដំណើរដោយមានជនបរទេស ជាពិសេសជនជាតិចិនចេញចូលលេងល្បែងជាច្រើន។ អ្នកស្រីមើលឃើញថា វិស័យបនល្បែងក្នុងខេត្តព្រះសីហនុដែលមានការរីកដុះដាលដូចផ្សិតនេះហើយ គឺជាដើមហេតុសំខាន់ដែលបង្កឱ្យកើតមានករណីនៃឧក្រិដ្ឋគ្រឿងញៀន និងបទល្មើសនានាដែលពុំធ្លាប់មានក្នុងខេត្តព្រះសីហនុ៕
No comments:
Post a Comment