2023.01.13
គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលលើកឡើងថា ការទាមទាររបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស គឺជាការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងកម្ពុជា។ ទោះបីជាយ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ការលើកឡើងរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស គឺជាការជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិមនុស្ស ស្របតាមច្បាប់ជាតិ និងអន្តរជាតិ មិនមែនជាការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងកម្ពុជាអ្វីនោះឡើយ។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា យល់ឃើញថា ការចេញរបាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សជាក់ស្ដែងនៅប្រទេសកម្ពុជាឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែមករា ថា ការលើកឡើងរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សកាលពីពេលថ្មីៗនេះ គឺជាការយល់ច្រឡំទាំងស្រុងអំពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោកចាត់ទុកថា ការទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងសកម្មជនផ្សេងៗ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទៅវិញទេ។
លោក កត្តា អ៊ន៖ «គាត់កំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា គាត់កំពុងតែរំលោភនូវធម្មនុញ្ញអាស៊ាន(ASEAN)មាត្រា២ នៃធម្មនុញ្ញអាស៊ាន ដែលហាមមិនឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុងនៃរដ្ឋសមាជិក។ ដូច្នេះវាគ្រាន់តែជារបៀបវារៈនយោបាយមួយរបស់អ្នកទាំងនោះ នៅក្នុងការវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា ហើយទៅគាំទ្រភាគីម្ខាងទៀត ដែលកំពុងតែប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា»។
ការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាលបែបនេះ ធ្វើឡើង បន្ទាប់ពីសមាជិកក្រុមប្រឹក្សាភិបាលនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ឬហៅថា អេ.ភី.អេច្ឆ.អា (APHR ) បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែមករា ថ្កោលទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគំរាមដោយផ្ទាល់លើក្រុមអ្នកប្រឆាំង មុនការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣។ ការថ្កោលទោសនេះ ដោយសារលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសជាសាធារណៈចំពោះអ្នករិះគន់គណបក្សកាន់អំណាចថា លួចបន្លំសន្លឹកឆ្នោតនោះ គឺមានជម្រើស២ ទី១ ប្រឈមបណ្ដឹងនៅតុលាការ និងទី២ គឺត្រូវរងអំពើហិង្សា។ ជាមួយគ្នានេះ សមាជិករដ្ឋសភាឥណ្ឌូណេស៊ី(Indonesia) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អ្នកស្រី មឺស៊ី បារែនដ៍ (Mercy Barends) បានលើកឡើងថា ការគំរាមកំហែងប្រើអំពើហិង្សា ពីមេដឹកនាំកំពូលលោក ហ៊ុន សែន ដែលគ្រប់គ្រងអំណាចជិត ៤០ឆ្នាំ និងបានប្រែក្លាយប្រទេសជារបបផ្ដាច់ការ គឺជារឿងគួរឲ្យព្រួយបារម្ភជាពន់ពេក ចំពោះក្រុមអ្នកប្រជាធិបតេយ្យ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ការលើកឡើងរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងប្រទេសកម្ពុជានោះឡើយ។ លោកបន្ថែមថា សេចក្ដីប្រកាសព័ត៌មាននេះ គឺជាការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ស្តង់ដារគោរពសិទ្ធិមនុស្ស ស្របតាមគោលដៅរបស់រដ្ឋាភិបាល ដែលបានផ្ដល់សច្ចាប័នសិទ្ធិមនុស្សតែប៉ុណ្ណោះ។ លោក អំ សំអាត បន្ថែមថា ប្រសិនបើរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ និងបើកលំហប្រជាធិបតេយ្យឡើងវិញ នោះរដ្ឋាភិបាលមិនត្រឹមតែអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីបណ្ដាប្រទេសប្រជាធិបតេយ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនាំឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលទទួលបានការគាំទ្របន្ថែមពីប្រជាពលរដ្ឋក្នុងស្រុក និងអន្តរជាតិដែរ។
លោក អំ សំអាត៖ «កម្ពុជាយើង យើងក្រឡែកមើលថាអ្វីដែលយើងនៅខ្វះចន្លោះ មិនទាន់បានអនុវត្ត មិនទាន់បានបំពេញ យើងធ្វើការកែលម្អ កម្ពុជាយើងនឹងទទួលផលចំណេញជាងការបាត់បង់ពីមុនមក ដូចជាការអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ(EBA) ដែលយើងបាត់បង់២០ភាគរយ (២០%) ជី.អេស.ភី (GSP) ការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់អាមេរិក ហ្នឹង ក៏មិនទាន់បានបន្ត ហើយលក្ខខណ្ឌរបស់គេ គេចង់ឃើញលំហសេរីភាព លំហលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹងផងដែរ»
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានអំពាវនាវដល់សមាគមអាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវដាក់គំនាបពិតៗ ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការធ្វើយុទ្ធនាការគំរាមកំហែងដល់គណបក្សប្រឆាំង និងត្រូវអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ក្រៅពីសេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស នៅថ្ងៃទី១២ ខែមករា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានចេញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ របាយការណ៍បានលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រើវិធានការតឹងរ៉ឹង ដើម្បីបំបិទសេរីភាពប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ ដោយបានកំណត់គោលដៅលើមនុស្សរាប់សិបនាក់ ដែលជាថ្នាក់ដឹកនាំសហជីព សកម្មជននយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ តាមរយៈការបង្កើតបទចោទប្រកាន់ក្លែងក្លាយពីសំណាក់តុលាការ៕
No comments:
Post a Comment