Saturday, 14 January 2023

ប្រតិកម្ម​អ្នក​ប្រើ​បណ្ដាញ​សង្គម​ករណី​លោក ហ៊ុន សែន រឹប​អូស​ដី ​និង​ផ្ទះ​មន្ត្រី​បក្ស​ប្រឆាំង


ដោយ សេក បណ្ឌិត
2023.01.13
ប្រតិកម្ម​អ្នក​ប្រើ​បណ្ដាញ​សង្គម​ករណី​លោក ហ៊ុន សែន រឹប​អូស​ដី ​និង​ផ្ទះ​មន្ត្រី​បក្ស​ប្រឆាំង  
(ពីឆ្វេង) លោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និង​លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ចូលរួម​ពិធីរំលឹក​​ខួប២៧ឆ្នាំ​ នៃការ​បង្កើត​គណបក្ស ដែល​ប្រារព្ធ​ធ្វើនៅ​អតីត​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ រួម​មាន​ទាំង​ពលរដ្ឋ​សាមញ្ញ​ អ្នក​វិភាគ​សង្គម​ អ្នក​នយោបាយ​ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ផង​ មាន​ប្រតិកម្ម​តាម​រយៈ​បណ្ដាញ​សង្គម​ ពាក់ព័ន្ធ​នឹង​ករណី​លោក ហ៊ុន សែន រឹប​អូស​យក​ដី ​និង​ផ្ទះ​របស់ ​លោក គង់ គាំ ជា​ឧត្តម​ទី​ប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​ និង​ លោក សុន ឆៃ ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន។

ពួក​គាត់​បញ្ចេញ​ទស្សនៈ​ថា ​ករណី ​មន្ត្រី​ជាន់​ខ្ពស់​ របស់​បក្ស​ប្រឆាំង​ បាត់​បង់​ដី​ និង​ផ្ទះ​ ដោយ​ លោក ​ហ៊ុន សែន ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​អង្គភាព​ប្រឆាំង​អំពុក​រលួយ​ជា​អាវុធ​គំរាម​កំហែង​នោះ​ គឺ​ជា​បញ្ហា​នយោបាយ ​និង​បង្ហាញ​ថា ​សង្គម​បច្ចុប្បន្ន​កំពុង​មាន​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ សំដែង​ការ​ហួស​ចិត្ត​ ចំពោះ​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នេះ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ នា​ចុង​ឆ្នាំ​២០២២​កន្លង​ទៅ​ និង​នៅ​ដើម​ឆ្នាំ​២០២៣​នេះ។

 

នោះ​ គឺ​ករណី​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ រឹបអូស​ទ្រព្យ​សម្បត្តិ​ រួម​មាន​ ដី​ និង​ ផ្ទះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្យ​ប្រឆាំង​ គឺ​រួម​មាន​ លោក សម រង្ស៊ី លោក សុន ឆៃ ​និង​ លោក គង់ គាំ ​ជា​ដើម។

ពាក់ព័ន្ធ​រឿង​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ហ្វេសប៊ុក  ឈ្មោះ សម្បូណ៍ មាសពេជ្រ (Sambo Meas Pich) បាន​បញ្ចេញ​ទស្សនៈ​ ឬ​ខមមិន​(Comment)​ ដោយ​ចាត់​ទុក​រឿង​នេះ ​ថា​ជា​អំពើ​ប្លន់​ដោយ​ប្រើ​អំណាច​របស់​ លោក ​ហ៊ុន សែន។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ​បន្ត​ថា​ របប​តិរច្ឆាន​ ពិត​ជា​សាហាវ​ឃោរឃៅ​ជាង​ខ្មែរ​ក្រហម​ទៅ​ទៀត​។ នេះ​ជា​អំពើ​ដែល លោក ហ៊ុន សែន គំរាម​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​ផ្ទុយ​ ពី​របប​ឯក​បក្ស​ព្រោះ​លោក​អះអាង​ថា លោក ​ហ៊ុន សែន​ អត់​មាន​ថវិកា​ក្នុង​ធនាគារ​ជាតិ​បើក​ឱ្យ​ពួក​មន្ត្រី​ទាំង​នោះ​ ទើប​ដើរ​ប្លន់​ផ្ទះ​សម្បែង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​ ព្រោះ ​លោក ហ៊ុន សែន ខ្លាច​ និង​ភ័យ​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ខាង​មុខ​នេះ។

ដោយ​ឡែក​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ទៀត​ ឈ្មោះ ​ចិត្រ ឆាំ បាន​បញ្ចេញ​ទស្សនៈ ​ដោយ​ចោទ​សួរ​ថា៖ កន្លែង​ណា​ ក៏​ជា​ដី​របស់​រដ្ឋ​ដែរ​ ចុះ​ហេតុ​អី​ អ្នក​ដទៃ​គេ​យក​បាន​ ? តើ​គាត់​មិន​មែន​ជា​គ្រួសារ​ខ្មែរ​មែន​ទេ​ បាន​ជា​ធ្វើ​យ៉ាង​នេះ​ដាក់​គ្រួសារ​គាត់?

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ វណ្ណារិន ពុធ (Vannarin Puth)​ បាន​ចាត់​ទុក​ករណី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​រឹបអូស​យក​ផ្ទះ​លោក គង់ គាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​នេះ​ ជា​ការ​ប្លន់​យក​ទាំង​រស់​ និង​ថា​មេ​ចោរ​សាហាវ​ជាង​គេ​ក្នុង​អាស៊ាន..។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ  ធន់ ប៊ុនលី ​(​Thun Bun Lee) ​វិញ​ បាន​បញ្ចេញ​មតិ​យល់​ឃើញ​ថា៖ «សោកសង្រេង​ណាស់​លោក​អើយ​លោក​ ខ្ញុំ​ចាំ​តែ​មើល​ទេ​ពេល​លោក​ឯង​ផែន​ដី​ខ្ជឹប​យក​ទៅ​ ចាំ​មើល​យក​អី​បាន​ទៅ​ខ្លះ​?​ កាល​ដែល​នៅ​រស់​លោក​ឯង​ធ្វើ​ឱ្យ​គ្រួសារ​ខ្មែរ​ឈឺចាប់​រស់​មិន​ស្មើ​ងាប់!!  អ្នក​ឯង​ចង្រៃ​ផុត​លេខ។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្សេង​ទៀត​ ឈ្មោះ ​វីបុល ម៉ៅ ​(Vibol Meo) បាន​ផ្តល់​ជា​ទស្សនៈ​ក្នុង​ន័យ​ធៀប​ ហាក់​ចង់​ឌឺ​ដង​ឲ្យ​រដ្ឋាភិបាល​ឯកបក្ស​ លោក ហ៊ុន សែន​ ថា៖ ​«ស្រុក​សន្តិភាព​​អាសាច់​ជូន​ខ្លា​ ទើប​នៅ​ស្រុក​បាន​..»  វីបុល ម៉ៅ ​ សរសេរ​បន្ត​ថា​ ចោរ​ មិន​អៀន​ខ្មាស ចោរ​ប្លន់​ស្តង់ដារ​អន្តរជាតិ  ហ៊ុន + សែន ​=​ ប្លន់​ គំរាម​ ចោទ​ និង​ចាប់​​ថោក​ទាប​ណាស់។

ដោយ​ឡែក​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​ប្រកាស​ខ្លួន​ឯង​ថា ជា​អ្នក​និយម​កណ្តាល​នោះ​ ក៏​មាន​ប្រតិកម្ម​ខ្លាំង​ៗ​លើ​ករណី​លោក គង់ គាំ នេះ ​ដែរ​ និង​មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​បាត់​បង់​ដី​និង​ផ្ទះ​ដូច​គ្នា​នោះ​ដែរ​។​

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ ​លោក​ នាង សុខុន ​(Neang SoKhun): ​ដែល​គេ​ស្គាល់​ថា​ ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​

បាន ​សរសេរ​ថា៖​«ឈប់​ចោទ​អញថា​ជា​ចោរ​លួច​សន្លឹក​ឆ្នោត​តទៅ​ទៀត​ ព្រោះ​ពេល​នេះ​អញ​ជា​ចោរ​លួច​ដី​ទេ​..!! ​លោក​ សរសេរ​បន្ត​ថា៖  លួច​ដី​ក៏​ចោរ​ លួច​សន្លឹក​ឆ្នោត​ក៏​ចោរ​ ចោរ​នៅ​តែ​ជា​ចោរ​ដដែល​..!!​

ចំណែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ ​លោក ឆាំ ចាន្នី ( Neaksre Chham Chhany)​ ដែល​ជា​អ្នក​គាំទ្រ​គណបក្យ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែរ​នោះ​ បាន​សរសេរ​សារ​ដាក់​ជា​សំនួរ​ប្រៀប​ធៀប​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​ថា​៖ «ទុក្ខ​ណា​ធំ​ជាង​..? ​ទុក្ខ​ស្រី​ប្តី​ព្រាត់Vs​ ទុក្ខ​ ជោរ (សម្ដេច តេជោ ហ៊ុន សែន) ប្លន់​ដី​វ៉ៃ​កម្ទេច​ផ្ទះ​...?​»​

ដោយ​ឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP)​វិញ​ ក៏​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ ដែល​ទំនង​ជា​ស៊ីសាច់​រឿង​ដូច​គ្នា​នេះ​ដែរ​ ប៉ុន្តែ​គណបក្ស​នេះ​ មិន​បាន​បញ្ជាក់​ថា​ ជា​ការ​ឆ្លើយ​តប​នឹង​រឿង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ រឹបអូស​ដី​ និង​ផ្ទះ​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​សរសេរ​សារ​ជា​អក្សរ​ពណ៌ស​លើ​ផ្ទាំង​ពណ៌​ក្រហម​ថា​៖​ «ការ​ប្រើ​អំណាច​នយោបាយ ​លូក​ដៃ​ចូល​សើរើ​ប្រព័ន្ធ​កម្មសិទ្ធិ​ដីធ្លី​ ដោយ​សារ​ទំនាស់​នយោបាយ ​នឹង​ធ្វើ​ឱ្យ​កិច្ច​ខំ​ប្រឹង​កសាង​នីតិរដ្ឋ​ ដើរ​ថយ​ក្រោយ..»

hunsen-031222.JPG
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ ​ឩកញ្ញ៉ា ស៊ូ បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​រឿង​នេះ​ដែរ​ថា​៖«ធ្វើ​នយោបាយ​បែប​តិរច្ឆាន»

យើង​ងាក​មក​មើល​ទិដ្ឋភាព​លើ​បណ្ដាញ​សង្គម​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​វិញ​ម្តង​..!!​

អ្នក​វិភាគ​សង្គម​ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ ទោះ​ធ្លាប់​ទទួល​មេរៀន​ពី​ការ​ព្រមាន​ រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​កន្លង​មក​យ៉ាង​ណា​ក្តី​ ក៏​មិន​អាច​បិត​មាត់​ជិត​ លើ​រឿង​រឹបអូស​ដី ​និង​ផ្ទះ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នា​ពេល​នេះ​ដែរ។

អ្នក​វិភាគ​ជើង​ចាស់​ គឺ ​លោក ​បណ្ឌិត ​ឡៅ ម៉ុងហៃ ​(Mong Hay Lao) បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖​ «បន្ថយ​ភាព​តានតឹង​ជា​ខ្មាំង​សត្រូវ​រវាង​គូ​ប្រកួត​ប្រជែង​យក​អំណាច​ នឹង​ជួយ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការ​រៀប​ចំការ​បោះឆ្នោត​ សេរី​ និង​យុត្តិធម៌»

លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​លើក​ឡើង​ទៀត​ថា យុត្តិធម៌​នៅ​ក្នុង​សង្គម​នឹង​មាន​ បើ​បុគ្គល​ម្នាក់ៗ​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​គេ​បាន​ អាច​ទទួល​បាន​នូវ​អ្វីៗ​ដែល​បុគ្គល​នោះ​មាន​សិទ្ធិ​ទទួល​បាន​ និង​បំពេញ​ករណីយកិច្ច​របស់​គេ។ សិទ្ធិ ​សេរីភាព​ និង​ករណីយកិច្ច​ទាំង​នេះ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ចំណែក​ ប្រធាន​សមាគម​បណ្ដាញ​សហគមន៍​កសិករ​ លោក ថេង សាវឿន ​វិញ​ បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហាក់​ចង់​ឌឺដង​លើ​រឿង​នេះ​ដែរ​ថា​៖ «កត់​រូប​មន្ត​ទុក​ទៅ​ ដី​រដ្ឋ​ច្រើន​កន្លែង​ណាស់ ​ដែល​ត្រូវ​ដក​មក​វិញ​នៅ​ថ្ងៃ​ក្រោយ..!​»

ទស្សនៈ​ចុង​ក្រោយ​ ដែល​ខ្ញុំ​បាទ​លើក​យក​មក​បង្ហាញ​ពេល​នេះ​ គឺ​ម្ចាស់​គណនី​ហ្វេសប៊ុក​ របស់​ លោក ​លោក នី សុខា​ (Ny Sokha)​ ដែល​គេ​ស្គាល់​ថា​ ជា​ប្រធាន​​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc)។

លោក​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ន័យ​ធៀប​ជា​របៀប​រឿង​និទាន​ក្នុង​សង្គម​សត្វ​យ៉ាង​ដូច្នេះ​ថា ព្រឹក​នេះ​ខ្ញុំ​បាន​មើល​ឯកសារ​សត្វ​យ៉ាង​ជក់​ចិត្ត​ ហើយ​ស្រមៃ​គិត​ថា​ រស់​ក្នុង​ធម្មជាតិ​ ពិត​ជា​ដូច្នេះ​មែន​"សត្វ​ខ្លាំង​ឈ្នះ​ ស៊ី​សត្វ​ខ្សោយ" ​ព្រោះ​គ្មាន​ច្បាប់​ការ​ពារ។ ចុះ​បើ​សង្គម​មនុស្ស​មាន​តែ​ច្បាប់​ តែ​មិន​ត្រូវ​បាន​យក​មក​ការពារ​ ដោយ​ប្រើ​តែ​អំណាច​ផ្តាច់​ការ​ "តើ​វា​មាន​ខុស​អ្វី​ពី​សង្គម​សត្វ​ទៅ ​?" ។

លោក​បន្ត​ថា ​ពេល​នេះ​ទើប​ធ្វើ​ឲ្យ​យល់​ ពី​ទ្រឹស្ដី​ថា ​"អ្នក​ឈ្នះ​ជា​ស្តេច​ អ្នក​ចាញ់​ជា​ចោរ​មែន"​ ។ តែ​លោក​នៅ​តែ​គិត​ថា ​"មនុស្ស​ខុស​ពី​សត្វ"៕

 

No comments: