ដោយ មាន ឫទ្ធិ
2023.01.01
លោក ហ៊ុន សែន ចូលរួមនៅក្នុងពិធីមួយនៅទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SPM
មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការឧបត្ថម្ភសាច់ប្រាក់របស់ក្រុមឧកញ៉ាដើម្បីផលិតខ្សែភាពយន្ត អំពីជីវប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនធ្វើឡើងដោយចេញពីចិត្តនោះទេ តែគឺជាការបរិច្ចាគដើម្បីទទួលបាន ការការពារ ឬអត្ថប្រយោជន៍បន្ថែម លើអាជីវកម្មរបស់ពួកគេ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីឧកញ៉ា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់បានឧបត្ថម្ភសាច់ប្រាក់សរុបជាច្រើនលានដុល្លារ ដើម្បីជួយលោក ហ៊ុន សែន ដែលអ្នកសង្កេតការណ៍យល់ឃើញថា ជាកត្តាជំរុញនាំឱ្យមានអំពើពុករលួយកាន់តែច្រើនឡើង។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការឧបត្ថម្ភសាច់ប្រាក់ ដើម្បីផលិតខ្សែភាពយន្តភាគអំពីខ្សែជីវិតរបស់លោក ហ៊ុន សែន ធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីអត្ថប្រយោជន៍បុគ្គល។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ការបរិច្ចាគប្រាក់ដើម្បីផលិតខ្សែភាពយន្តអំពីប្រវត្តិនៃការតស៊ូរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងដើម្បីទទួលបានភាពជិតស្និទ្ធជាមួយលោកហ៊ុន សែន និងអត្ថប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន ជាជាងការធ្វើឡើងដោយចេញពីចិត្តស្មោះ។ លោកបន្ថែមថា លោក ហ៊ុន សែន គឺជាបុគ្គលមានអំណាចគ្រប់យ៉ាង នៅក្នុងការអារកាត់លើការផ្ដល់ដីសម្បទាន លុបបឹងបួរ ឬលុបទន្លេ ដូច្នេះហើយទើបក្រុមឧកញ៉ាទាំងនោះបង្ខំចិត្តធ្វើការបរិច្ចាគប្រាក់ផលិតភាពយន្តជីវប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រី៖
«អាហ្នឹងគឺជាលក្ខណៈអញជួយឯង ឯងជួយអញហ្នឹងឯង។ យើងតែងតែមើលឃើញថា ក្រុមហ៊ុន ឬឧកញ៉ាទាំងអស់ហ្នឹងតែងតែមានសិទ្ធិធំ បានដីវិនិយោគ ហើយថ្មីៗនេះយើងមើលឃើញហើយ ទាក់ទងនឹងឧទ្យានជាតិគិរីរម្យហ្នឹង ក៏រដ្ឋាភិបាលសម្បទានទៅឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគទៀត នេះយើងមើលឃើញថាវាហាក់ដូចជាទម្លាប់មួយដែល ឧកញ៉ា អ្នកវិនិយោគទាំងអស់ហ្នឹងដែលជួយទៅកាន់ភាគីរដ្ឋាភិបាលច្រើន រដ្ឋាភិបាលក៏ហ្នឹងសម្បទានចំណុចមួយចំនួន ហើយផ្ដល់ភាពងាយស្រួលនៅក្នុងការសហការទៀត អាហ្នឹងជាចំណុចមួយដែលយើងមើលឃើញវាអត់មានតុល្យភាព ឬក៏សមភាពនៃការធ្វើជំនួញ»។
បញ្ជីសប្បុរសជនឧបត្ថម្ភប្រាក់ ដើម្បីផលិតភាពយន្តភាគ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចុះហត្ថលេខាអ្នករៀបចំដោយ មេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង បង្ហាញឈ្មោះបុគ្គល២៣រូបភាគច្រើនសុទ្ធសឹងជាឧកញ៉ា។ ពួកគេបានបរិច្ចាគទឹកប្រាក់ចាប់ពី៥ម៉ឺនដុល្លារ (៥០.០០០ដុល្លារ) រហូតដល់ ៦០ម៉ឺនដុល្លារអាមេរិក (៦០០.០០០ដុល្លារ) ក្នុងនោះទឹកប្រាក់សរុបមានចំនួន ជិត៣លានដុល្លារអាមេរិក (២.៩០០.០០០ដុល្លារ)។ ក្រុមឧកញ៉ាទាំងនោះមានដូចជា លោក គិត ម៉េង ផ្ដល់ប្រាក់ ៦០ម៉ឺនដុល្លារ (៦០០.០០០ដុល្លារអាមេរិក) លោក លី យ៉ុងផាត់ ៥០ម៉ឺនដុល្លារ (៥០០.០០០ដុល្លារ) និងលោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភ ៥ម៉ឺនដុល្លារ (៥០.០០០ដុល្លារ)។ ក្រៅពីនោះក៏មានក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភជាស្រាបៀ ៥ពាន់កេស ស្មើនឹងប្រាក់៣០ម៉ឺនដុល្លារ (៣០០.០០០ដុល្លារ) រួមនឹងឧកញ៉ាមួយចំនួនទៀត។
ឆ្លើយតបនឹងការលើកឡើងនេះ មេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ប្រាប់វិទ្យុអាស៊ីសេរីថា ការផលិតខ្សែភាពយន្តនេះ គឺបានឆ្លុះបញ្ចាំងពីការពិត អំពីប្រវត្តិតស៊ូរបស់លោក ហ៊ុន សែន ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍។ ទោះជាយ៉ាងណា លោក ហ៊ីង ប៊ុនហៀង បដិសេធមិនឆ្លើយតបនឹងការឧបត្ថម្ភសាច់ប្រាក់ដើម្បីផលិតភាពយន្តវីដេអូនេះឡើយ ដោយលោកជំរុញឱ្យវិទ្យុអាស៊ីសេរីសាកសួរអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍បាយ័នវិញ៖
«រឿងគឺប្រវត្តិតស៊ូ ប្រវត្តិពិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មកហ្នឹង វាមានសារៈសំខាន់ណាស់។ បងគ្រាន់តែជាទីប្រឹក្សា បងគ្រាន់តែជួយការងារ បងអត់ដឹងសាច់រឿងទេ ទាល់តែសួរទូរទស្សន៍បាយ័នទៅអូន»។
បណ្ដាញឃោសនារបស់លោក ហ៊ុន សែន បញ្ជាក់ថា ការផលិតខ្សែភាពយន្តជីវប្រវត្តិរបស់លោក ហ៊ុន សែន នេះ បានចំណាយថវិកាច្រើនជាងគេ នៅក្នុងប្រវត្តិសាស្រ្ដផលិតភាពយន្តរបស់ប្រទេសកម្ពុជា។ ក្រុមអ្នកវិភាគការអភិវឌ្ឍសង្គមធ្លាប់បានលើកឡើងថា ការផលិតភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី គឺមានគោលបំណងដើម្បីលើកកម្ពស់ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីទទួលការគាំទ្រក្នុងការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ និងមិនបានឆ្លុះបញ្ចាំងពីការពិតនៃប្រវត្តិសាស្ត្រគ្រប់ជ្រុងជ្រោយនោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែមករា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ក្រៅពីក្រុមឧកញ៉ា បញ្ជីសប្បុរសជនឧបត្ថម្ភប្រាក់ ដើម្បីផលិតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ក៏បានបង្ហាញឈ្មោះមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលបានបរិច្ចាគប្រាក់ផងដែរ ក្នុងនោះមានដូចជា លោក សាយ សំអាល់ លោក ឃួង ស្រេង លោក កើត រិទ្ធ និងលោក ស៊ុន ចាន់ថុល ជាដើម។ ការបរិច្ចាគប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារពីសំណាក់មន្ត្រីរដ្ឋាភិបាលដូចនេះ ត្រូវបានគេសង្ស័យថា មានភាពមិនប្រក្រតី ឬជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ ព្រោះប្រាក់ខែរបស់មន្ត្រីទាំងនោះមិនដល់ ២ពាន់ដុល្លារ (២.០០០ដុល្លារ) ផងក្នុងមួយខែៗ។
ជុំវិញរឿងនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា ការបរិច្ចាគប្រាក់របស់ក្រុមឧកញ៉ាទាំងនេះ ធ្វើឡើងដើម្បីទទួលបានសិទ្ធិអភិវឌ្ឍន៍ដើម្បីលុបបឹងបួរ ទន្លេ ឬដីសាធារណៈ ឬដើម្បីការពារដំណើរការអាជីវកម្មក្រុមហ៊ុនរបស់ពួកគេតែប៉ុណ្ណោះ ដែលនាំឱ្យខាតបង់ដល់ចំណូលជាតិ។ លោកបន្ថែមថា តាមរយៈការបរិច្ចាគប្រាក់ទាំងនេះ ក៏អាចនឹងធ្វើឱ្យអ្នកប្រកបអាជីវកម្មដោយសុចរិតមិនអាចប្រកួតប្រជែង ជាមួយក្រុមឧកញ៉ាទាំងនោះបានផងដែរ៖
«ការដែលប្រកួតរកស៊ីដោយស្មោះត្រង់ នៅកម្ពុជាវានឹងពិបាក ប្រកួតប្រជែងជាមួយឈ្មួញទុច្ចរិតណាស់ ពីព្រោះឈ្មួញទុច្ចរិតគេចាយលុយ គេស៊ីសស៊ុស (គេសូកប៉ាន់) ជាមួយអ្នកមានអំណាច អ្នកមានមុខមានមាត់ដូចជា ជួយនាយករដ្ឋមន្ត្រីអីហ្នឹង អាហ្នឹងសុទ្ធតែទទួលបានមកវិញហើយ មិនអត់ទេ»។
អ្នកវិភាគដើម្បីការអភិវឌ្ឍសង្គមធ្លាប់បានលើកឡើងថា ដោយសារតែលោកនាយករដ្ឋមន្ត្រីតែងតែទទួលយកការបរិច្ចាគប្រាក់យ៉ាងដូច្នេះ ការនេះធ្វើឱ្យរដ្ឋាភិបាលមិនហ៊ានមានចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុនរកស៊ីមិនស្របច្បាប់នោះឡើយ។ ករណីក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៏ (Naga World) គឺជាការឆ្លុះបញ្ចាំងជាក់ស្ដែង ព្រោះដោយសារតែថៅកែក្រុមហ៊ុនកាស៊ីណូនេះ បានឧបត្ថម្ភប្រាក់ជួយគណបក្សប្រជាជនកម្ពុជា និងទិញវ៉ាក់សាំងកូវីដ ១៩ កន្លងមករាប់លានដុល្លារ ជាលទ្ធផលរដ្ឋាភិបាលមិនបានជំរុញឱ្យថៅកែកាស៊ីណូ ណាហ្គាវើលដ៏ គោរពច្បាប់ស្ដីពីការងារ និងដោះស្រាយជម្លោះការងារជាមួយកម្មករបាននោះទេ តែបែរជាធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទៅលើក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើលដ៏ទៅវិញ។
មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការបរិច្ចាគទឹកប្រាក់សន្ធឹកសន្ធាប់ដើម្បីផលិតភាពយន្ត ខណៈប្រជាពលរដ្ឋខ្មែរជាច្រើននាក់កំពុងមានជីវភាពក្រីក្រ រត់ទៅធ្វើការនៅប្រទេសជិតខាងដោយខុសច្បាប់ រាប់លាននាក់ដើម្បីសងបំណុលធនាគារ គឺជារឿងមិនសមហេតុផលនោះឡើយ។ មន្ត្រីទាំងនេះលើកឡើងថា ដើម្បីបង្ហាញពីសន្ដានចិត្តសប្បុរសធម៌ជួយសង្គមពិតប្រាកដ ក្រុមឧកញ៉ាទាំងនោះគួរតែបរិច្ចាគសាច់ប្រាក់ផ្ដល់អាហារូបករណ៍ដល់សិស្ស ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត ឬជួយជនរងគ្រោះទើបជាការប្រសើរ៕
No comments:
Post a Comment