2022.12.29
កូនស្រីសកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់ ប្រឈមបោះបង់ការសិក្សាត្រឹមថ្នាក់ទី១២ ក្រោយពីឪពុកស្លាប់ទៅ ពុំមានអ្នកជួយទំនុកបម្រុងថវិការៀនសូត្របន្តទៀត។ ក្រុមស្នូលការពារព្រៃឡង់ទទូចដល់សប្បុរសជនមេត្តាផ្តល់ជំនួយមនុស្សធម៌ ដើម្បីទ្រទ្រង់ការសិក្សាកូនស្រីអ្នកការពារព្រៃរូបនេះ ដែលកំពុងជួបការលំបាកផ្នែកជីវភាព។
លោក គង់ រី ដែលជាសកម្មជនការពារព្រៃឡង់ដ៏ក្លាហាន បានស្លាប់ដោយសារជំងឺមហារីកក្រពះ កាលពីចុងខែតុលា ឆ្នាំ២០២២កន្លងទៅ។
កូនស្រីសកម្មជនការពារព្រៃឡង់ ខេត្តស្ទឹងត្រែង គឺ កញ្ញា ឆេន បុប្ផា ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១១ ហើយនឹងត្រៀមបន្តការសិក្សា ថ្នាក់ទី១២ នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច ឋិតនៅទីរួមខេត្តស្ទឹងត្រែង នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។
កញ្ញាប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ធ្នូថា បន្ទាប់ពីឪពុកស្លាប់ទៅ គ្មានជនបង្គោលផ្គត់ផ្គង់ការសិក្សាជួយកញ្ញាទៀតឡើយ ព្រោះការសិក្សាថ្នាក់ទី១២ ត្រូវចំណាយច្រើនរួមមាន ជួលបន្ទប់ស្នាក់នៅ ការហូបចុក បង់ថ្លៃសិក្សាក្រៅម៉ោងរដ្ឋ និងសម្ភារសិក្សាជាដើម។
កញ្ញាប៉ាន់ប្រមាណថា ការសិក្សានៅទីរួមខេត្ត ត្រូវចំណាយប្រាក់ជាង ២០០ដុល្លារក្នុងមួយខែៗ។ រីឯម្តាយកញ្ញា ជាស្ត្រីមេម៉ាយ ពុំមានលទ្ធភាពផ្គត់ផ្គង់ការសិក្សានោះឡើយ ម្យ៉ាងទៀតគាត់ជំពាក់ធនាគារផង។
បុប្ផាបន្ថែមថា កាលឪពុកនៅមានជីវិត គ្រួសារមានជីវភាពលំបាកដែរ ក៏ប៉ុន្តែមិនពិបាកដូចបច្ចុប្បន្ននោះទេ ព្រោះមានឪពុកជួយលើកទឹកចិត្ត និងទំនុកបម្រុងគ្រប់កាលៈទេសៈ ហើយកញ្ញាតែងតែទទួលបានភាពកក់ក្តៅពីឪពុក។
កញ្ញា ឆេន បុប្ផា៖ «ខ្ញុំគិតថា ខ្ញុំខំប្រឹងប្រែងរៀនឱ្យចប់ ចង់បានការងារមួយ ផ្គត់ផ្គង់គ្រួសារខ្ញុំ ជួយសង្គមជាតិ។ ខ្ញុំគិតថា អត់អាចគ្រប់គ្រងរួចទេ គាត់បង់ថ្លៃបន្ទប់ជួលផង គាត់នៅជំពាក់ធនាគារ គាត់រត់អត់រួច អត់មានលុយមកពីណាផង»។
យុវតីរូបនេះស្រមៃថា ចង់ក្លាយជាអ្នកច្បាប់ការពារសិទ្ធិដីធ្លី និងព្រៃឈើ ជួយសហគមន៍មូលដ្ឋាន ស្របតាមបណ្តាំឪពុក ខណៈដែលក្នុងក្រុមគ្រួសារកញ្ញានៅសល់តែកញ្ញាម្នាក់ប៉ុណ្ណោះ នៅបន្តការសិក្សាដល់ថ្នាក់ទី១២។ កញ្ញានៅចាំថា កាលឪពុកនៅរស់ គាត់សន្សំប្រាក់ ដែលប្រមូលបានពីការដងជ័រទឹក ក្នុងព្រៃឡង់ ផ្គត់ផ្គង់ឱ្យកូនរៀនសូត្រ យកចំណេះដឹងជួយសង្គមជាតិ។
អតីតនាយកវិទ្យាល័យ ហ៊ុន សែន កោះស្រឡាយ និងជាគ្រូបង្រៀនគណិតវិទ្យា លោក ថុន ភាណ: មានប្រសាសន៍ថា យុវតី បុប្ផា គឺជាសិស្សល្អ ខិតខំរៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ ហើយនាងរៀនជាប់ចំណាត់ថ្នាក់លេខ ០៥ ដល់លេខ ០៧ ស្ទើរជារៀងរាល់ខែ នៅថ្នាក់ទី៩ ដល់ថ្នាក់ទី១១។
បន្ថែមពីនេះ យុវតីរូបនេះ តែងតែក្រោកពីព្រលឹមម៉ោង ៤ ទន្ទេញមេរៀន ព្រោះនាងស្រឡាញ់ការសិក្សា។ លោកបារម្ភថា បើគ្មានការជួយជ្រោមជ្រែង ពីខាងក្រៅទេ កត្តាជីវភាពនឹងច្រានទម្លាក់ឱ្យយុវតីរូបនេះ បោះបង់ការសិក្សា ប៉ះពាល់អនាគតគ្រួសារ និងសង្គមជាតិ។
លោក ថុន ភាណ: ៖ «ឈឺសុខចិត្តសុំច្បាប់ទម្លាប់ត្រឹមត្រូវ មកវិញខិតខំប្រឡង ទោះបីខ្លួនគ្រុនក៏ដោយ ខ្លាចធ្លាក់ដល់ពេលប្រឡងអត់ធ្លាក់ទេ បានលេខ ០៦ ។ បើម្តាយដូចបាក់ស្លាប បើអត់មានការគាំទ្រ ក្មេងអាចបោះបង់ការសិក្សា»។
បច្ចុប្បន្ននេះ យុវតី ឆេន បុប្ផា ត្រៀមបន្តការសិក្សាថ្នាក់ទី ១២ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ហើយនាង កំពុងស្នាក់នៅបន្ទប់ជួល មួយកន្លែងក្នុងក្រុងស្ទឹងត្រែង ដើម្បីបន្តការសិក្សាត្រៀមប្រឡងបាក់ឌុប។
រីឯផ្ទះរបស់នាងបច្ចុប្បន្ន ឋិតនៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ជាប់ដងទន្លេមេគង្គត្រើយខាងលិច កៀកនឹងដែនជម្រកសត្វព្រៃឡង់ ខេត្តស្ទឹងត្រែង។
កញ្ញាមានបងប្អូន ៤នាក់ ប្រុសមួយស្រី៣ រស់នៅក្នុងផ្ទះឈើទំហំ ៦ ម៉ែត្រកន្លះគុណ ៧ ម៉ែត្រកន្លះ ប្រក់ស័ង្កសី ជញ្ជាំងធ្លុះធ្លាយ។
គ្រួសារបុប្ផាមាន មុខរបរធ្វើស្រែចម្ការ លើផ្ទៃដីមួយហិកតារ និងដងជ័រទឹកលក់ក្នុងតំបន់ព្រៃឡង់ ដើម្បីផ្គត់ផ្គង់ជីវភាព ក៏ប៉ុន្តែក្រោយពី លោក គង់ រី ស្លាប់ទៅ ពុំមានអ្នកដងជ័រទឹក ក្នុងតំបន់ព្រៃឡង់ទៀតឡើយ។
សមាជិកបណ្តាញក្រុមស្នូលព្រៃឡង់ខេត្តស្ទឹងត្រែង លោក គង់ រី បានស្លាប់ដោយសារជំងឺមហារីកក្រពះ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២២។ សកម្មជនព្រៃឡង់រូបនេះបានលះបង់ពេលវេលាធនធានផ្ទាល់ខ្លួន និងអាយុជីវិត ចុះល្បាតព្រៃឡង់ជាង ១០ ឆ្នាំមកហើយដើម្បីប្រមូលព័ត៌មាន និងស្វែងរកភស្តុតាង បំណងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ការពារព្រៃឈើឱ្យគង់វង្ស។
ម្តាយកញ្ញា បុប្ផា លោកស្រី អេង សុផល វ័យ ៥០ ឆ្នាំ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយពីបាត់បង់ប្តី បន្ទុកគ្រួសារទាំងមូលធ្លាក់លើគាត់តែម្នាក់ឯង ចិញ្ចឹមកូនៗ ហើយពេលនេះ លោកស្រីកំពុងដើរស៊ីឈ្នួលដកដំឡូងឱ្យគេ ក្នុងមួយថ្ងៃ អាចរកប្រាក់បានជាង ២ម៉ឺនរៀល។ លោកស្រីបញ្ជាក់ថា ប្រាក់ចំណូលទាំងនេះ មិនអាចបំពេញតម្រូវការឱ្យកូនគាត់បន្តការសិក្សាគ្រប់គ្រាន់ទេ ម្យ៉ាងលោកស្រីត្រូវសងធនាគារក្នុងមួយខែៗ ជាង ១០០ដុល្លារ ផង។
លោកស្រី អេង សុផល៖ «ប្រមាណមួយខែ ២០០ដុល្លារ បានរត់រួច ដែលខ្ញុំពិបាក ដែលខ្ញុំយប់ ជីវភាពរបស់ខ្ញុំរត់អត់រួច ប៉ានៅគាត់បានដងជ័រ។ ខ្ញុំដើរស៊ីឈ្នួលគេរហូតរាល់ថ្ងៃហ្នឹង ដើរស៊ីឈ្នួលគេផង កូនរៀន»។
ជុំវិញរឿងនេះ សមាជិកក្រុមស្នូលព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ សង្កេតឃើញថា លោក គង់ រី បានលះបង់ធំធេងណាស់ ដោយយកជីវិតជាដើមទុនការពារព្រៃឡង់ជាច្រើនឆ្នាំមកហើយ បើទោះបីជាប្រឈមការគំរាមកំហែង ពីសំណាក់អាជ្ញាធរក្តីក៏លោកមិនរាថយឡើយ។
ហេតុនេះ លោកអំពាវនាវឱ្យសប្បុរសជន ជួយផ្គត់ផ្គង់ការសិក្សា ដល់កូនស្រីសកម្មជនព្រៃឡង់រូបនេះ ដើម្បីឱ្យគាត់មានលទ្ធភាពបន្តការសិក្សា ដែលជាផ្នែកមួយ លើកទឹកចិត្ត ដល់ពលរដ្ឋផ្សេងទៀតហ៊ានលះបង់អាយុជីវិតការពារធនធានធម្មជាតិ។
លោក ខេង ខូ៖ «បើអត់ពីគង់ រី ទៅកូនគាត់រៀនមិនបានចប់ថ្នាក់ក៏មិនដឹង សំខាន់រៀននៅខេត្ត ចំណាយថវិកា ផ្ទះស្នាក់នៅ ការចាយវាយ ពីប្រេងដាក់ម៉ូតូ វាពិបាកមែនទែន អត់មានឪពុករកស៊ី គាត់បាត់បង់ឪពុកបង្កើតគាត់ហើយ»។
កាលពីលោក គង់ រី នៅមានជីវិត លោកធ្លាប់ផ្តល់បទសម្ភាសន៍ប្រាប់អាស៊ីសេរីថា កាលពីឆ្នាំ២០១៦ លោកបានបង់រំលស់ ម៉ូតូ ១គ្រឿង មានតម្លៃ ១ពាន់ដុល្លារ ដើម្បីចុះល្បាតព្រៃនិងរកអនុផលព្រៃឈើ ហើយទម្រាំតែសងប្រាក់ធនាគារដាច់ ម៉ូតូរបស់លោកបានខូចខាតអស់ទាំងស្រុង ដោយសារផ្លូវចូលព្រៃឡង់លំបាកខ្លាំង។
លោកបន្តថា លោកបានលក់ក្របី ដើម្បីបង្គ្រប់លុយទិញម៉ូតូ ចុះល្បាតព្រៃ ហើយក្នុងពេលចុះល្បាតព្រៃម្តងៗ លោកបានជួបឧបសគ្គជាច្រើន ក្នុងនោះ ខាតខ្វះប្រេងសាំង ខ្វះថ្នាំពេទ្យ និង ទឹកស្អាត ជាពិសេសភ័យខ្លាចមន្ត្រីបរិស្ថានចាប់ខ្លួន ដោយចោទថាពួកលោកចូលព្រៃពុំមានការអនុញ្ញាត។
បុរសសម្បុរខ្មៅស្រអែមរូបនេះ មិនទុកចិត្តឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងយាមព្រៃឡង់នោះទេ ស្របពេលដែលក្រសួងបរិស្ថាននៅតែអនុញ្ញាត ឱ្យក្រុមជនល្មើសលួចចូលអារឈើក្នុងព្រៃឡង់ជាហូរហែ ហើយអាជ្ញាធរមានចេតនាលាក់បាំងព័ត៌មានពីសកម្មភាពកាប់ឈើធំៗ និងការទន្ទ្រានព្រៃខុសច្បាប់៕
No comments:
Post a Comment