2023.01.02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកគ្រោងទៅបំពេញទស្សនកិច្ចទៅប្រទេសចិននៅថ្ងៃខាងមុខ ហើយលោកក៏រំពឹងថា នឹងទទួលបានប្រាក់កម្ចីបន្ថែមពីមិត្តដែកថែបរបស់លោកសម្រាប់យកមកកសាងផ្លូវ និងស្ពាននៅកម្ពុជា។ អ្នកឃ្លាំមើលថា គម្រោងបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់មេដឹកនាំឯកបក្សរូបនេះ មិនត្រឹមតែទៅខ្ចីបុលពីចិននោះទេ ប៉ុន្តែលោក ហ៊ុន សែន ក៏នឹងទៅពឹងពាក់ចិនឱ្យជួយគាំទ្រផែនការផ្ទេរអំណាចទៅកូនប្រុសរបស់លោកដែរ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមប្រាក់កម្ចីចិន លោក ហ៊ុន សែន ឱ្យដឹងថា លោកកំពុងស្វែងរកកម្ចីពីមិត្តដែកថែបរបស់លោកបន្ថែមទៀតសម្រាប់យកមកអភិវឌ្ឍស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោក ហ៊ុន សែន ក៏បានបង្ហើបទៀតដែរថា លោកកំពុងរៀបចំផែនការដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃខាងមុខ៖
«ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាសដែលកំពុងធ្វើការសម្របសម្រួលគ្នា ដើម្បីទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅពេលខាងមុខនេះ។ ពេលនោះច្បាស់ណាស់ថា នឹងមានគម្រោងថ្មីៗបន្ថែមទៀតនៅក្នុងដំណើរទស្សនកិច្ចនោះរាប់ទាំងផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ភ្នំពេញទៅព្រំដែនវៀតណាម មកដល់ពេលនេះយើងបានចរចារួចរាល់ហើយ ហើយយើងនឹងបញ្ចេញនូវថវិការបស់យើងឆ្លងធ្វើស្ពាន ឆ្លងកាត់ទន្លេមេគង្គប្រមាណ ២រយលានដុល្លារសហរដ្ឋអាមេរិក»។
ក្រៅពីការថ្លែងសារឃោសនាពាណិជ្ជកម្មនៃគោលនយោបាយរបស់ប្រទេសចិន លោក ហ៊ុន សែន ក៏បានប្រកាសអំពីលក្ខខណ្ឌងាយស្រួលសម្រាប់ជនជាតិចិនចូលមកកម្ពុជា ព្រោះថា ភ្ញៀវទេសចរចិននេះឯងគឺបានជួយជំរុញសេដ្ឋកិច្ចកិច្ចកម្ពុជាកាន់តែប្រសើរ។
ទោះបីជាយ៉ាងណា ការណ៍ដែលលោក ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននេះ គឺស្របពេលក្រុមអ្នកតាមដានស្ថានការណ៍នយោបាយរិះគន់ថា លោក ហ៊ុន សែន កំពុងបង្កើនទំនាក់ទំនងជាមួយប្រទេសចិនកុម្មុយនីស្ត ដើម្បីឱ្យគាំទ្រលើផែនការផ្ទេរអំណាចទៅកាន់កូនប្រុសច្បងរបស់លោក។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក មានប្រសាសន៍ថា គម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិន ក្នុងគ្រាដែលចិនមានផ្ទុះជំងឺកូវិដ-១៩ ជាថ្មីទៀតនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា លោក ហ៊ុន សែន នៅតែបន្តបង្ហាញពីភក្ដីភាពជាមួយប្រទេសចិនក្នុងនាមជាមិត្តដែកថែបគ្រប់កាលៈទេសៈ។ លោកយល់ថា ជាថ្នូរមកវិញ លោក ហ៊ុន សែន ក៏ចង់ទាមទារឱ្យរដ្ឋាភិបាលចិនគាំទ្រលើគម្រោងផែនការផ្ទេរអំណាចរបស់លោកទៅឱ្យកូនប្រុសច្បងគឺ លោក ហ៊ុន ម៉ាណែត ដែរ៖
«ប្រទេសចិនកំពុងផ្ទុះជំងឺកូវិដ-១៩ ធ្ងន់ធ្ងរដែរមិនទាន់មានវិធានការទប់ស្កាត់ជំងឺកូវិដ-១៩ ទេហើយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនការបោះឆ្នោតឆ្នាំ២០២៣ នេះលោកនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសចិនម្ដងទៀតជាមួយកូនប្រុសច្បងរបស់លោក។ នេះគឺជាអ្វីដែលលោកនឹងរៀបចំការផ្ទេរអំណាចទៅឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលទាមទារឱ្យមានការគាំទ្រពីបណ្ដាប្រទេសជាមិត្ត ជាពិសេសគឺប្រទេសចិនហ្នឹងឯង»។
លោក គៀន ពន្លក បន្តលើកឡើងថា ក្នុងរបត់នយោបាយកម្ពុជានាពេលចប្ចុប្បន្ន រដ្ឋាភិបាលលោក ហ៊ុន សែន ពុំគួរបង្ហាញភាពលម្អៀងទៅរកប្រទេសណាមួយនោះទេ ខណៈកម្ពុជាកំពុងជាប់គាំងបញ្ហានយោបាយ ព្រមទាំងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់ឆ្នាំ២០២៣ ផងនោះ។ លោកថា អ្វីដែលរដ្ឋាភិបាលគួរធ្វើនោះ គឺត្រូវស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងធានាឯករាជកជ្យភាពនៃស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដើម្បីបញ្ចៀសការរិះគន់ និងទទួលរងទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
ឆ្លើយតបនឹងការលើកឡើងថា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការលើកឡើងរបស់អ្នកឃ្លាំមើលថា គម្រោងទស្សនកិច្ចលោក ហ៊ុន សែន ទៅប្រទេសចិនគឺពឹងពាក់ចិនជួយគាំទ្រផែនការផ្ទេរអំណាចគឺគ្មានមូលដ្ឋានច្បាស់លាស់។ លោកថា គម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិនគឺក្នុងក្របខណ្ឌមិត្តភាព សាមគ្ដីភាពរវាងមេដឹកនាំនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។ លោកបន្តថា គម្រោងទស្សនកិច្ចនេះរដ្ឋាភិបាលមិនទាន់កំណត់ថ្ងៃខែជាក់លាក់នៅឡើយទេ៖
«ទៅស្រុកចិនហ្នឹងទៅពឹងគេ រឿងខ្មែរតើ រឿងផ្ទេរបេក្ខជននាយករដ្ឋមន្ត្រីអាហ្នឹងគឺជារឿងខ្មែរគណបក្សនយោបាយរបស់កម្ពុជា។ អ្នកណាប្រកួតប្រជែងក្នុងការបោះឆ្នោត អាហ្នឹងសុទ្ធតែមានសិទ្ធក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនហើយ។ អ្នកអស់លោកអ្នកវិភាគហ្នឹងលោកអត់យល់ពីបញ្ហាទាំងអស់ហ្នឹងទេ យកតែលម្អៀងខាងនយោបាយមកមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជា»។
អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា គម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិន គឺពុំមានអ្វីក្រៅពីពង្រឹងនូវទំនាក់ទំនងល្អជាមួយប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តលើ វិស័យពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុ កម្ចីឥណទានសម្បទាន នៅមុនពេលនៅផ្ទេរអំណាចទៅកាន់កូនប្រុសរបស់លោកនោះទេ។
លោក ហ៊ុន សែន ប្រកាសពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០២៣ នេះ គឺស្របពេលនៅប្រទេសចិនកំពុងផ្ទុះជំងឺកូវីដ-១៩ ជាថ្មីទៀត។ លោក ហ៊ុន សែន ក៏ទំនងជាអាចបង្ហាញពីភក្ដីរបស់ខ្លួនក្នុងការទៅជួបមេដឹកចិនជាថ្មីទៀតក្នុងគ្រាប្រទេសនេះកំពុងជួបគ្រោះអាសន្ន។ កាលពីដើមឆ្នាំ២០២០ ក្នុងគ្រាចិនកំពុងរាតត្បាតជំងឺកូដវិដ-១៩ នោះលោក ហ៊ុន សែន ក៏បានដឹកដៃកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ទៅជួបមេដឹកនាំចិនដែរ។ លោក ហ៊ុន សែន ថាដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញពីសាមគ្គីភាព និងភក្ដីភាពជាមួយមិត្តដែកថែបរបស់លោក និងលើកទឹកចិត្តដល់និស្សិតខ្មែរនៅប្រទេសចិនឱ្យរួមសុខរួមទុក្ខជាមួយចិនក្នុងគ្រាមានផ្ទុះជំងឺរាតត្បាតសកល៕
No comments:
Post a Comment