2023.01.02
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា សន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់លោកគ្មានគណបក្សនយោបាយណាមួយ យកឈ្នះលើលោក និងគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅដឹកនាំប្រទេសបានទេ។ ប៉ុន្តែមន្រ្តីគណបក្សប្រឆាំងថា ការគ្រប់គ្រងអំណាចជិត៤០ឆ្នាំមកនោះ គឺដោយសារលោក ហ៊ុន សែន ពូកែខាងដឹកនាំបែបផ្តាច់ការ រំលោភបំពានសិទ្ធិពលរដ្ឋ ជាពិសេសបំបិទសំឡេងប្រឆាំង។
លោក ហ៊ុន សែន ក្រៅពីលើកឡើងនូវគុណសម្បត្តិ និងវាយប្រហារលើដៃគូប្រកួតប្រជែងនយោបាយនៅលើវេទិកានោះ លោកក៏ឆ្លៀតឃោសនារកសំឡេងឆ្នោតមុនរដូវកាលដែរ ដោយលោកអំពាវនាវឱ្យពលរដ្ឋខ្មែរទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខដើម្បីបន្តដឹកនាំប្រទេសតទៅទៀត។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ នាថ្ងៃទី០២ ខែមករា លោក ហ៊ុន សែន អះអាងថា រយៈពេលជាង៤០ឆ្នាំមកនេះពុំទាន់មានគណបក្សនយោបាយណាមួយជំនួសកន្លែងគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ ពីព្រោះក្រោមការដឹកនាំរបស់លោកបាននាំឱ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមសុខទុក្ខជាមួយប្រជាជន។ ជាមួយគ្នានេះ លោក ហ៊ុន សែន លើកឡើងថា ក្រុមគណបក្សប្រឆាំងដែលចង់ផ្លាស់ប្តូរលោកមិនទាន់ជាដៃគូប្រជែងយកអំណាចជាមួយលោក និងគណបក្សប្រជាជននោះទេ ហើយពួកគេក៏គ្មានឱកាសដឹកនាំប្រទេសទៅថ្ងៃមុខដែរ។ លោក ហ៊ុន សែន បន្តព្រមាននឹងចាត់វិធានការកម្ទេចក្រុមមនុស្សទាំងឡាយណាដែលលោកចោទថា ជាក្រុមអ្នកបំផ្លាញសន្តិភាព៖
«មូលហេតុនៃការសប្បាយគឺអ្វី? គឺសន្តិភាព ហើយសន្តិភាពនោះហើយនាំដល់ការអភិវឌ្ឍ ការរីកចម្រើនដល់ប្រទេសជាតិ បើទោះបីយើងមានប្រាក់តិចតួចក៏ប៉ុន្តែដោយសារមានសន្តិភាព យើងអាចមានការសប្បាយរីករាយបាននោះ ហើយជាកិច្ចការដែលយើងត្រូវបំពេញដើម្បីរក្សាសន្តិភាពនេះឱ្យខានតែបាន។ យើងមិនត្រូវមើលស្រាលទេ ពីព្រោះអ្នកដែលចង់ប្លន់និងបំផ្លាញសន្តិភាពនៅមាននៅឡើយ ហើយយើងក៏មិនទុកឱ្យគេធ្វើអ្វីស្រេចតែចិត្តនោះដែរ វិធានការត្រូវប្រកាន់យកដោយតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពនេះឱ្យបាន»។
លោក ហ៊ុន សែន ត្រូវបានកងទ័ពវៀតណាមលើកបន្តុបឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ ហើយបានបន្តស្ថិតក្នុងតួនាទីនេះរហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណា លោកអាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជិត៤០ឆ្នាំ មកនេះ មិនមែនដោយសារពលរដ្ឋគាំទ្រទាំងស្រុងនោះទេ ប៉ុន្តែគឺដោយសារការធ្វើរដ្ឋប្រហារ ការបង្ក្រាបសំឡេងប្រឆាំង និងរបៀបដឹកនាំបែបផ្តាច់ការរបស់លោក។ ជាក់ស្តែងកាលពីចុងឆ្នាំ២០១៧ តុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសោបយកអាសនៈពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានទៅចែកគ្នាកាន់កាប់ ព្រមទាំងបំបិទសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន ១១៨នាក់ថែមទៀត។ គណបក្សប្រជាជនកម្ពុជាបានប្រមូលយកអាសនៈទាំងស្រុងចំនួន ១២៥អាសនៈ មកកាន់កាប់តែម្នាក់ឯង នៅឆ្នាំ២០១៨ ដែលធ្វើឱ្យកម្ពុជា ក្លាយជារបបឯកបក្សប្រាសចាករដ្ឋធម្មនុញ្ញ។
ឆ្លើយតបរឿងនេះ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្រ្ទ ចាត់ទុកសម្តីរបស់លោក ហ៊ុន សែន គឺជាសារនយោបាយភូតកុហក បំភ័ន្តមតិមហាជន និងមិនឆ្លុះបញ្ចាំងការពិតក្នុងសង្គម ពីព្រោះលោក ហ៊ុន សែន នៅតែភ័យខ្លាចស្រមោលរបស់គណបក្សប្រឆាំង។ លោកអះអាងថា អំណាចដែលលោក ហ៊ុន សែន ក្តោបក្តាប់បម្រុងផ្ទេរតវង្សត្រកូលរហូតដល់សព្វថ្ងៃនេះដោយសារតែអំពើទុច្ចរិត អំណាចផ្តាច់ការ ការរំលោភបំពានសិទ្ធិពលរដ្ឋ ជាពិសេសការបង្ក្រាបសំឡេងប្រឆាំងជាដើម។ លោកជំរុញឱ្យលោក ហ៊ុន សែន បង្ហាញភាពក្លាហ៊ានដូចការលើកឡើង ដោយត្រូវស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ព្រមទាំងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ៖
«គាត់ (លោក ហ៊ុន សែន) ធ្វើបាបប្រជាពលរដ្ឋច្រើនណាស់ ជាពិសេសទង្វើទាំងប៉ុន្មានគាត់ធ្វើឱ្យពលរដ្ឋរងទុក្ខវេទនា ហើយថាសន្តិភាព តែសន្តិភាពហ្នឹងសន្តិភាពផ្នូរខ្មោច គាត់និយាយនេះថា សន្តិភាព តែគំរាមកំហែងប្រជាពលរដ្ឋ អ៊ីចឹងសូមឱ្យលោក ហ៊ុន សែន ប្រកួតប្រជែងមែនពិតដោយប្រកួតប្រជែងយុត្តិធម៌ និងសូមឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រឡប់ទៅកម្ពុជាវិញ នឹងឃើញជាក់ស្តែងហើយ។ យើងឃើញជាក់ស្តែងហើយ បើគាត់មិនខ្លាចមិចគាត់រំលាយគណបក្សសង្គ្រោះជាតិ និយាយឱ្យចំកុំកុហកគេពីព្រោះពលរដ្ឋឃើញច្បាស់មែនហើយ សូម្បីគណបក្សប្រជាជនខ្លួនឯងក៏ដឹងពីកម្លាំងរបស់គណបក្សប្រឆាំងដែរ»។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី ថា លោកមិនចំឡែកការណ៍ដែលលោក ហ៊ុន សែន អួតអាងអំពីស្នាដៃ និងសមត្ថភាពដឹកនាំពេលនេះ ប៉ុន្តែសង្គមប្រជាធិបតេយ្យមេដឹកនាំត្រូវជ្រើសរើសដោយពលរដ្ឋ ហើយទម្លាក់ដោយពលរដ្ឋ។ យ៉ាងណាលោកមើលឃើញថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកតែងរងការរិះគន់ពីមតិជាតិ និងអន្តរជាតិថា មិនត្រឹមត្រូវ។ បណ្ឌិត សេង សារី យល់ថា ដើម្បីដឹងច្បាស់ថា គណបក្សកាន់អំណាច ឬគណបក្សនយោបាយផ្សេងទទួលបានការគាំទ្រច្រើនឬអត់នោះ គឺត្រូវផ្តល់សិទ្ធិឱ្យពលរដ្ឋជាអ្នកជ្រើសរើសដោយសេរី ធានាឯករាជ្យភាពស្ថាប័នបោះឆ្នោត និងផ្តល់ភាពយុត្តិធម៌សម្រាប់គូប្រកួតប្រជែងស្របតាមគោលការណ៍ប្រជាធិបតេយ្យ៖
«អ្វីដែលសំខាន់នោះ គណបក្សកាន់អំណាចដើម្បីវាស់វែងឱ្យដឹងថា ពលរដ្ឋគាំទ្រ ឬមិនគាំទ្រ គណបក្សផ្សេង ឬគណបក្សខ្លួនមានសមត្ថភាពដឹកនាំឬគ្មានសមត្ថភាពដឹកនាំត្រូវផ្តល់ឱកាសឱ្យពលរដ្ឋជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត និងចូលចិត្ត។ ខ្ញុំគិតថា ការធានាឱ្យស្ថាប័នបោះឆ្នោតឱ្យមានភាពឯករាជ្យ ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ នេះគឺជារឿងសំខាន់ដែលរដ្ឋាភិបាលត្រូវធានា ដើម្បីធ្វើមិចឱ្យការបោះឆ្នោតអាចទទួលយកបាននៅពេលខាងមុខបាទ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា ក្នុងរយៈពេលជាង ៣ទសវត្សរ៍មកនេះលោក ហ៊ុន សែន គឺជាមេដឹកនាំដែលកាន់អំណាចបានយូរតាមរយៈការប្រើប្រាស់អំពើហិង្សា ការគាបសង្កត់ ការបន្លំការបោះឆ្នោត ការប្រព្រឹត្តអំពើពុករលួយ និងការគាំទ្រពីរដ្ឋាភិបាលវៀតណាម។ យុទ្ធសាស្ត្រដែលលោក ហ៊ុន សែន ចូលចិត្តប្រើនោះ គឺការសម្លាប់មនុស្សក្រៅច្បាប់ ការធ្វើទារុណកម្ម ការចាប់ឃុំខ្លួនតាមអំពើចិត្ត ការបំបិទសេរីភាពជួបជុំ និងការប្រមូលផ្តុំជាដើម។
អ្នកឃ្លាំមើលបញ្ហាសង្គម តែងលើកឡើងថា ស្នាដៃលេចធ្លោ និងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំង និងបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈរដែលធ្វើឱ្យលោក និងគណបក្សប្រជាជននៅតែបន្តគ្រប់គ្រងអំណាច។ ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទើបសហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យ មិនឱ្យតម្លៃ និងជាប់ឈ្មោះអាក្រក់លើឆាកអន្តរជាតិខាងពូកែរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕
No comments:
Post a Comment