ដោយ មាន ឫទ្ធិ
2023.01.15
កញ្ញា សេង ធារី កាលពីថ្ងៃប្រកាសសាលក្រម សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នកជំនាញផ្នែកច្បាប់ កញ្ញា សេង ធារី និងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយដោយអយុត្តិធម៌ ស្នើដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការដោះលែងពួកគេដោយឥតលក្ខខណ្ឌនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។ មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់អ្នកនយោបាយគ្រប់ភាគីទាំងអស់ប្រើវប្បធម៌សន្ទនាបញ្ចប់វិបត្តិនយោបាយ ដើម្បីផលប្រយោជន៍ជាតិ។
ទន្ទឹមនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅសល់ពេលមិនដល់ជាង៦ខែទៀតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងមមាញឹកបន្តយុទ្ធនាការបង្ក្រាបសំឡេងប្រឆាំងកាន់តែខ្លាំង។ ទោះបីស្ថានភាពនយោបាយស្ថិតនៅក្នុងភាពស្រពិចស្រពិល ឬមិនច្បាប់លាស់យ៉ាងណាក្តី អ្នកជាប់ឃុំក្រោមហេតុផលនយោបាយចង់ឃើញរដ្ឋាភិបាលងាកមកដោះស្រាយវិបត្តិនយោបាយមុនការបោះឆ្នោតតាមរយៈការស្តារប្រជាធិបតេយ្យ និងប្រគល់សេរីភាពជូនដល់ពួកគេឡើងវិញ។
មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី គឺលោក សំ ទិត្យសីហា ឱ្យដឹងថា ស្ថានភាពសុខភាព និងស្មារតីកូនក្តីរបស់លោកដែលកំពុងជាប់ពន្ធនាគារខេត្តព្រះវិហារ នៅតែរឹងមាំដដែល។ ទោះយ៉ាងណាលោកបញ្ជាក់ថា អំឡុងពេលសំណុំរឿងនេះស្ថិតនៅសាលាឧទ្ធរណ៍នៅឡើយ កញ្ញា សេង ធារី នៅតែស្នើដល់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ផ្ទេរកញ្ញាមកកាន់ពន្ធនាគារព្រៃសនៅភ្នំពេញវិញ ដើម្បីងាយស្រួលក្នុងការជួបជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងមេធាវី។ លោក សំ ទិត្យសីហា ប្រាប់ថា កញ្ញានឹងទទួលបានយុត្តិធម៌ក្នុងសំណុំរឿងនេះ បើសិនស្ថានភាពនយោបាយត្រូវបានដោះស្រាយ ព្រោះនាងមិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ ហើយសកម្មភាពទៀតសោត គឺជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិដោយអហិង្សាស្របតាមច្បាប់ក្នុងនាមប្រជាពលរដ្ឋខ្មែរ។
លោក សំ ទិត្យសីហា៖ «គាត់ (កញ្ញា សេង ធារី) បានបញ្ជាក់ថា ទាក់ទងនឹងសំណុំរឿង គឺពាក់ព័ន្ធស្ថានភាពនយោបាយ គាត់ថាបើសិនចង់ឱ្យសំណុំរឿងគាត់លឿន និងទទួលបានយុត្តិធម៌ពិតប្រាកដនោះ លុះត្រាតែអ្នកនយោបាយដោះស្រាយជាមួយគ្នាតាមបែបនយោបាយជាមុនសិនទើបសំណុំរឿងគាត់នឹងលឿន ទើបឆាប់ចប់នីតិវិធីនៅតុលាការ»។
ស្រដៀងគ្នានេះដែរ កូនស្រីមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុងលោក គង់ សំអាន គឺកញ្ញា គង់ មុយលី ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាបានយកម្ហូបអាហារចូលជួបសួរសុខទុក្ខឪពុកនៅថ្ងៃទី១៥ ខែមករា ដោយឪពុករបស់កញ្ញាបង្ហាញអារម្មណ៍ខកចិត្តចំពោះរដ្ឋាភិបាលដែលចាប់មនុស្សគ្មានកំហុសដាក់គុកឱ្យរងទុក្ខវេទនាព្រាត់ប្រាសគ្រួសាររាប់ឆ្នាំ។ កញ្ញានិយាយថាសកម្មជនបក្សប្រឆាំងនៅពន្ធនាគារកំពុងទន្ទឹងរង់ចាំយុត្តិធម៌តាមរយៈ ការបញ្ចប់វិបត្តិនយោបាយក្នុងប្រទេសមុនការបោះឆ្នោតនៅខែកក្កដាខាងមុខ ពីព្រោះការចាប់ និងឃុំខ្លួនពួកគាត់កន្លងមកជារឿងនយោបាយ។ កញ្ញា គង់ មុយលី បញ្ជាក់ថាទោះបីរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយផ្នែកនយោបាយក៏ដោយ ក៏គ្រួសារកញ្ញាមិនដែលអស់សង្ឃឹមនោះទេ ក្នុងការធ្វើសកម្មភាពរកយុត្តិធម៌ជូនឪពុក រួមទាំងអ្នកទោសមនសិការដោយស្នើទៅរដ្ឋាភិបាលដើម្បីជួយអន្តរាគមន៍ដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។
កញ្ញា គង់ មុយលី៖ «ស្ថានការណ៍តឹងតែងហ្នឹងពួកគាត់រង់ចាំមើលតើពេលណាដោះលែងពួកគាត់ តែបើនយោបាយបានសម្រួលគ្នា ចរចាគ្នា ពួកគាត់នឹងមានសង្ឃឹមឆាប់បានជួបជុំគ្រួសារឡើងវិញ។ ខ្ញុំទទូចដល់រដ្ឋាភិបាល សម្តេច ហ៊ុន សែន គួរមានការដោះលែងពួកគាត់ទៅ ពួកគាត់ជាខ្មែរ ជាអ្នកតស៊ូ ខ្មែរដូចគ្នាគួរតែយោគយល់ដោះលែងពួកគាត់ពីព្រោះពួកគាត់ចាស់ៗអស់ហើយ»។
ចំណែកកូដករណាហ្គាវើលដ៍ កញ្ញា ម៉ែន សុធីវឌ្ឍនៈ ឱ្យដឹងថា ក្រុមកូដករបានចេញធ្វើកូដកម្មនៅមុខអគារក្រុមហ៊ុន និងធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងទាមទារឱ្យតុលាការដោះលែងមេសហជីព កញ្ញា ឈឹម ស៊ីថរ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើកូដករតទៅទៀត។ កញ្ញាយល់ថា ការបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ មិនបានផ្តល់ប្រយោជន៍ដល់សង្គមជាតិនោះទេ តែផ្ទុយទៅវិញបញ្ហានេះធ្វើឱ្យរដ្ឋាភិបាលបាក់មុខ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។
កញ្ញា ម៉ែន សុធីវឌ្ឍនៈ៖ «ម្នាក់ៗមានចំណុចដែលគេទាមទារចង់បាន អ៊ីចឹងយើងដោះស្រាយទៅរឿងគ្រប់យ៉ាងគឺចប់ហើយ ណាមួយជិតដល់ថ្ងៃបោះឆ្នោតទៀតអ៊ីចឹងដើម្បីឱ្យប្រជាពលរដ្ឋរីករាយក្នុងការបោះឆ្នោតជ្រើសរើសតំណាងថ្មីនៅក្នុងអាណត្តិថ្មីនេះ អ៊ីចឹងសូម ឱ្យដោះស្រាយបញ្ហាទាំងអស់ទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៥ ខែមករា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និងសកម្មជនមួយចំនួនទៀតដាក់ពន្ធនាគារជាហូរហែកន្លងមកមិនមែនជាការអនុវត្តច្បាប់នោះទេ តែជាការរំលោភលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លោកយល់ថា ដើម្បីស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតបានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ គឺមានតែអ្នកនយោបាយងាកមករកតុចរចាកែលម្អចំនុចខ្វះខាតឡើងវិញទាក់ទងស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ទើបផ្តល់ផលចំណេញដល់កម្ពុជា។
លោក អំ សំអាត៖ «យើងចង់ឃើញអ្នកនយោបាយទាំងអស់ហ្នឹងងាកមុខរកគ្នា ហើយបើកការសន្ទនាក្នុងនាមអ្នកនយោបាយខ្មែរដូចគ្នាដោយធ្វើមិចនាំគ្នាបើកលំហទៅលើសេរីភាពនយោបាយ ជាពិសេសបើកលំហលើបរិយាកាសឆ្ពោះទៅរកការបោះឆ្នោតជាតិឆ្នាំ ២០២៣នេះ ឱ្យមានភាពល្អប្រសើរតាមបែបប្រជាធិបតេយ្យ»។
គិតមកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលយ៉ាងហោចណាស់ ៦០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR ) កាលពីថ្ងៃទី១២ ខែមករា បាន ថ្កោលទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគំរាមដោយផ្ទាល់លើក្រុមអ្នកប្រឆាំង នៅមុនការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អំពាវនាវដល់សមាគមអាស៊ាន និងសហគមន៍អន្តរជាតិ ឱ្យដាក់គំនាបជាក់លាក់ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការធ្វើយុទ្ធនាការគំរាមកំហែងដល់គណបក្សប្រឆាំង និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕
2 comments:
How is she doing in Hun Sen's Hilton International Hotel?
She's smart. She shaved her head before going to prison so she won't catch lices.
Post a Comment