Tuesday, 17 January 2023

មេ​ដឹកនាំ​​សហជីពនិង​​មន្ត្រី​បក្ស​​ប្រឆាំង​ រិះគន់​​លោក ហ៊ុន ម៉ាណែត​ ប្រើប្រាស់​​ថ្នាក់​ដឹកនាំ​​សហជីព ដើម្បី​រក​សំឡេង​​គាំទ្រ​​ពី​​កម្មករ


ដោយ នៅ វណ្ណារិន
2023.01.17
មេ​ដឹកនាំ​​សហជីពនិង​​មន្ត្រី​បក្ស​​ប្រឆាំង​ រិះគន់​​លោក ហ៊ុន ម៉ាណែត​ ប្រើប្រាស់​​ថ្នាក់​ដឹកនាំ​​សហជីព ដើម្បី​រក​សំឡេង​​គាំទ្រ​​ពី​​កម្មករ 

លោក ហ៊ុន ម៉ាណែត (ឈកណ្តាល) ចូលរួមពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីពដែលគាំទ្ររដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក Hun Manet


ស្រប​ពេល​ដែល​អាជ្ញាធរ​ទើប​តែបង្ខំ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​បទ​ចម្រៀង​ “ឈាម​បាតុករ” ដែល​ច្រៀង​រៀបរាប់​ពី​ហេតុការណ៍​អាជ្ញាធរ​បង្ក្រាប​បាតុករ​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​ឆ្នាំ​២០១៤ នោះ​ ពេល​នេះ​​កូន​ប្រុស​ច្បង​បុរស​ខ្លាំង​របស់​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ទាប់ កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​កម្មករ​តាម​រយៈ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច។ ប្រធាន​សហជីព​ឯករាជ្យ ចាត់​ទុក​ករណី​នេះ​ថា ជា​នយោបាយ​ប្រជាភិថុតិ ដែល​បក្ស​កាន់​អំណាច​ឃោសនា​នៅ​មុន​ការ​បោះឆ្នោត។

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា សកម្មភាព​ផ្សារភ្ជាប់​ខ្លួន​របស់​លោក ហ៊ុន ម៉ាណែត ទៅ​នឹង​សហជីព មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ខ្វល់ខ្វាយ​យក​ចិត្ត​ទុក​ដាក់​ពិត​ប្រាកដ​ចំពោះ​កម្មករ​នោះ​ឡើយ។ ពួក​គាត់​ថា អ្នក​បន្ត​វេន​បក្ស​កាន់​អំណាច​រូប​នេះ​កំពុង​ប្រើប្រាស់​ថ្នាក់ដឹកនាំ​សហជីព​ដើម្បី​រក​សំឡេង​គាំទ្រ​ពី​ក្រុម​កម្មករ​តែ​ប៉ុណ្ណោះ។



អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ មករា ថា លោក​ចាត់​ទុក​សកម្មភាព​របស់​លោក ហ៊ុន ម៉ាណែត ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ តាម​គន្លង​ចាស់​របស់​លោក ហ៊ុន សែន ដើម្បី​កៀង​គរ រក​សំឡេង​គាំទ្រ​ពី​ក្រុម​កម្មករ​មុន​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​លោក​ថា លោក​មិន​ដែល​ឃើញ​អ្នក​បន្ត​វេន​បក្ស​កាន់​អំណាច​រូប​នេះ ចេញ​មុខ​មក​ដោះស្រាយ​បញ្ហា​ឬ​ធ្វើ​អន្តរាគមន៍​នៅ​ពេល​កម្មករ​ជួប​ទុក្ខ​លំបាក ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ការ​ឃោសនា​ថា​បក្ស​កាន់​អំណាច​ខ្វល់ខ្វាយ​ពី​ក្រុម​កម្មករ​នោះ​ឡើយ។ លោក​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ពី​សុខ​ទុក្ខ​កម្មករ​ពិត​មែន​នោះ​ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​ឡើងវិញ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ព្រមទាំង​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ ដល់​ក្រុម​កម្មករ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ។

    លោក អ៊ុំ សំអាន៖ «ហើយ​យើង​មើល​មួយ​ទៀត​ ខាង​សហជីព​កាស៊ីណូ​ណាហ្គាវើលដ៍​ហ្នក៎!ធ្វើ​កូដកម្ម​រាល់​ថ្ងៃ ហេតុ​អ្វី​បាន​ជា​គាត់​មិន​ទៅ​ជួប​សហជីព​ហ្នឹង? (គាត់)ទៅ​ជួប​តែ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល។ ដូច្នេះ​រឿង​ហ្នឹង​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ​ឬ​សហជីព​ដែល​ឯករាជ្យ​នោះ​ទេ។ គាត់​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​កម្មករ​ឬ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ឯង។ គាត់​ជួប​តែ​សហជីព​ដែល​យល់​ថា​អាច​រក​សំឡេង​ឆ្នោត​ឱ្យ​គាត់​បាន»។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​ចូលរួម​ពិធី​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់​ដឹកនាំ​សហជីព​កាល​ពី​ថ្ងៃទី១៥ ខែ​មករា។

ក្នុង​ពិធី​ជួបជុំ​នោះ​លោក ហ៊ុន ម៉ាណែត ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សារ​សាច់​ផ្សារ​ឈាម​ជាមួយ​កម្មករ​និយោជិត​តាំង​ពី​ដើម​រៀង​មក ដោយ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ការ​លំបាក​ ផ្ដល់​នូវ​កិច្ច​គាំពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដល់​កម្មករ។ លោក​លើកឡើង​ដោយ​សរសើរ​ឪពុក​របស់​លោក គឺ លោក ហ៊ុន សែន ថា តែងតែ​គិតគូរ​ ផ្ដល់​អត្ថប្រយោជន៍ ជូន​ដល់​កម្មករ និយោជិត ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ និង​ ក្រៅ​ប្រព័ន្ធ។

យ៉ាងណា ការ​ឃោសនា​របស់​លោក​បែបនេះ ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ផ្ទុយ​ពី​ទិដ្ឋភាព​ពិត​ជាក់ស្ដែង ដោយសារ​បញ្ហា​រវាង​កម្មករ​ និង​ថៅកែ​ក្រុមហ៊ុន​មួយ​ចំនួន​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌​ឡើយ ហើយ​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។ ជា​ឧទាហរណ៍​ ករណី​ចាប់​ឃុំ​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (Nagaworld) កញ្ញា ឈឹម ស៊ីថរ និង​តំណាង​សហជីព​ជាច្រើន​ទៀត ក្នុង​ជម្លោះ​វិវាទ​ការងារ​ រវាង​បុគ្គលិក​ និង​ថៅកែ​ក្រុមហ៊ុន​ជាដើម។

ជុំវិញ​រឿង​នេះ​ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ លោក ហ៊ុន ម៉ាណែត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃទី១៦​ ខែមករា​ បាន​ទេ។

ចំណែក អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​ដឹង​ថា ពិធី​ជួបជុំ​អាហារ​សាមគ្គី​នេះ ធ្វើ​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​រវាង​ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ​តែ​ប៉ុណ្ណោះ។

    លោក សុខ ឥសាន៖ «សួរ​គាត់​ទៅ ​ឯកឧត្តម ហ៊ុន ម៉ាណែត មាន​ដាក់​កាំភ្លើង​ទៅ​ភ្ជង់​មេៗ សហជីព​ដែល​ហូប​បាយ​ហ្នឹង​ឱ្យ​បោះឆ្នោត​ឱ្យ​គាត់​ដែរ​ឬ​ទេ? រឿង​ហូប​បាយ​សាមគ្គី​វា​ជា​ទម្លាប់​របស់​គណបក្ស​ប្រជាជន​ទៅ​ហើយ។ ប៉ុន្មាន​ថ្ងៃ​មុន​ សម្ដេចតេជោ ហ៊ុន សែន លោក​បាន​ប្រមូល​អ្នក​នាំ​ពាក្យ អ្នក​សារព័ត៌មាន​រហូត​ដល់​៥ពាន់​នាក់​ទៅ​ហូប​បាយ​នៅ​កោះពេជ្រ។ តើ​មាន​ដាក់​លក្ខខណ្ឌ​ទេ ត្រូវ​តែ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ឯណា? មាន​គំរាម​កំហែង​ឯណា? អត់​ទេ!»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្មករ​និយោជិត​នៅ​តែ​រងគ្រោះ​ដោយសារ​លក្ខខណ្ឌ​ការងារ​ ការ​រំលោភ​សិទ្ធិ និង​បញ្ហា​ជីវភាព។ លោកថា សកម្មភាព​បន្តិច​បន្តួច​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្វល់ខ្វាយ​ពី​កម្មករ​នោះ​ឡើយ​ ដរាបណា​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បណ្ដោយ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ គ្មាន​ការ​អន្តរាគមន៍​ឬ​រក​ដំណោះស្រាយ​នៅ​ពេល​កម្មករ​មាន​បញ្ហា និង​ទុក​ឱ្យ​ពួកគាត់​រស់នៅ​ក្នុង​ជីវភាព​យ៉ាប់យ៉ឺន​ដោយ​មិន​ផ្ដល់​ប្រាក់​ខែ​គោល​ឱ្យ​បាន​សមរម្យ។

    លោក រ៉ុង ឈុន៖ «សូម​ឱ្យ​កម្មករ​យើង​ទាំងអស់​ហ្នឹង​ត្រូវ​តែ​គិត​ពិចារណា ព្រោះ​យើង​ទទួល​រងគ្រោះ​យូរ​មក​ហើយៗ ឥឡូវ​ហ្នឹង​រឹត​តែ​រងគ្រោះ​ដោយសារ​តែ​ (តម្លៃ​ទំនិញ​លើ) ទីផ្សារ ហើយ​(ប្រាក់) បៀវត្ស​តិចតួច​ ដល់​អ៊ីចឹង​ទៅ​ជាប់​បំណុល តម្លៃ​ការ​ប្រាក់​ហ្នឹង​ក៏​ខ្ពស់។ អ៊ីចឹង​យើង​ត្រូវ​ពិចារណា កុំ​ឱ្យ​ឮ​ពាក្យ​គេ​ឃោសនា​ប្រជាភិថុតិ​តិចតួច យើង​ជឿជាក់​ទៅ​លើ​គេ»។

បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ថា​កម្ពុជា​បាន​រំលោភ​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ គណៈកម្មការ​អឺរ៉ុប(Europe)បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បណ្ដោះអាសន្ន​២០ភាគរយ​ពី​កម្ពុជា កាល​ពី​ឆ្នាំ​២០២០ ខណៈ​ដែល​សហរដ្ឋអាមេរិក​សម្រេច​មិន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​GSP ឱ្យ​កម្ពុជា​នៅ​ឆ្នាំ​២០២១ ដែល​បាន​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​នាំ​ចេញ​ផលិតផល​ ជា​ពិសេស​ក្នុង​វិស័យ​រោងចក្រ​វាយនភណ្ឌ។ ផល​ប៉ះពាល់​ទាំង​នេះ​ ធ្វើ​ឱ្យ​មាន​រោងចក្រ​ចំនួន​១១០ បាន​បិទ​ទ្វារ​កាល​ពី​ឆ្នាំ​២០២០​ បណ្ដាល​ឱ្យ​កម្មករ​ជាង ៥ម៉ឺន​៥ពាន់​នាក់ គ្មាន​ការងារ​ធ្វើ។

ចាប់​តាំង​ពី​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការ​គាំទ្រ​ពី​ឪពុក​របស់​លោក គឺ លោក ហ៊ុន សែន ឱ្យ​ស្នង​តំណែង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដោយ​រំលង​មន្ត្រី​ចាស់​វស្សា ក្នុង​ជួរ​គណបក្ស​ប្រជាជន​មក លោក ហ៊ុន ម៉ាណែត បាន​បង្កើន​វត្តមាន​ក្នុង​ពិធី​ជួប​ជុំ​ជា​បន្ត​បន្ទាប់ រួម​មាន​ពិធី​ជួបជុំ និស្សិត យុវជន កម្មករ និង​ប្រជាពលរដ្ឋ​ទូទៅ។

ការ​បង្កើន​វត្តមាន​នេះ ត្រូវ​បាន​អ្នក​តាមដាន​សង្គម និង​នយោបាយ​មើល​ឃើញ​ថា​ បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្ត​វេន​រូប​នេះ​កំពុង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​តួនាទី​របស់​ឪពុក​លោក។ ទោះ​យ៉ាងណា នៅ​ក្នុង​កម្មវិធី ឬ​វេទិកា​សាធារណៈ​ លោក ហ៊ុន ម៉ាណែត ហាក់​មាន​ការ​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ពាក្យ​សម្ដី​ថ្លែង​ជា​សាធារណៈ ដែល​ខុស​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​មាន​បទពិសោធន៍​ក្នុង​នយោបាយ​ជាច្រើន​ឆ្នាំ ក្នុង​ការ​គំរាម​កំហែង​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ និង​រំលាយ​គណៈ​បក្ស​ប្រឆាំង​ជាដើម៕

2 comments:

Anonymous said...

Meet your new leader for the next 50+ years, Hun Manet. Congrats to Khmers for doing nothing.

Anonymous said...

Puok Ah Prett !!