Tuesday, 17 January 2023

មេធាវី​ថា សែក​ស្អុយ​ដែល​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក ថាច់ សេដ្ឋា អាច​​មាន​ភាព​មិន​ប្រក្រតី


ដោយ មាន ឫទ្ធិ
2023.01.17
មេធាវី​ថា សែក​ស្អុយ​ដែល​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក ថាច់ សេដ្ឋា អាច​​មាន​ភាព​មិន​ប្រក្រតី  
 
លោក សុន ឆ័យ, លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ធ្វើសន្និសិទកាសែត នៅថ្ងៃទី១៧ ខែមករា ក្រោយការចាប់ខ្លួនលោក ថាច់ សេដ្ឋា។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ថា ការ​លើក​សំអាង​សែក​ស្អុយ​របស់​តុលាការ​មក​​ដាក់​បន្ទុក​លោក ថាច់ សេដ្ឋា អាច​​មាន​ភាព​មិន​ប្រក្រតី។ ចំណែកគណបក្ស​ភ្លើងទៀន ហៅ​​ការ​​ចោទប្រកាន់ ​និង​ចាប់ខ្លួន​ លោក ថាច់ សេដ្ឋា គឺ​ជា​ចេតនា​នយោបាយ​ជាជាង​ការ​អនុវត្ត​ច្បាប់​។

គណបក្ស​ភ្លើងទៀននិង​មេធាវី​ការពារក្ដី ​មន្ត្រីជាន់ខ្ពស់គណបក្សគណបក្សភ្លើងទៀន ​លោក ថាច់ សេដ្ឋា កំពុង​ស្វះស្វែង​រក​ដំណោះស្រាយទាំងផ្លូវច្បាប់ និង​ច្រកនយោបាយ​ ដើម្បី​អាច​ឱ្យ​លោក ថាច់ សេដ្ឋា មាន​សេរីភាព​ឡើង​វិញ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ថ្លែង​ឱ្យ​ដឹង​ថា ប្រសិនបើករណីនេះ ​ជា​រឿង​នយោបាយ ​គណបក្សភ្លើងទៀន ​នឹង​ស្វែងរក​ការជួប​ជជែក​ជាមួយ​គណបក្ស​កាន់​អំណាច តែ​បើ​ករណី​នេះជម្លោះ​បុគ្គល គណបក្ស​ក៏នឹង​ព្យាយាម​ស្វែងរក​ភាគី​ដើមបណ្ដឹង ​ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ​។ លោក សុន ឆ័យ បន្តថា គណបក្ស​ភ្លើងទៀន ខិតខំ​សម្រុះសម្រួល​គ្នា​ជាមួយ​គណបក្ស​កាន់អំណាច ធ្វើយ៉ាងណា​ឱ្យមាន​បរិយាកាស​នយោបាយ​​ល្អ ដែល​ជាការ​ចង់បាន​ពីពលរដ្ឋម្ចាស់ឆ្នោត។

លោក សុន ឆ័យ៖ «ជា​យន្តការ​ថ្មី​មួយ​ដែល​ខ្ញុំ​ថា ល្អ​ទាំង​អស់​គ្នា ប៉ុន្តែ​ទម្លាប់​ចាស់​ខ្លះ​មិន​ទាន់​កែលំអ​បាន​នៅ​មាន​ការ​ជជែក មិនមែន​តែ​ខាង​យើង​ទេ ខាង​គណបក្ស​កាន់អំណាច ជួនកាល​ពេល​ខ្លះ​ប្រើ​ពាក្យ​សំដី​ខ្លះ​ក៏​ធ្ងន់ៗ​មក​ដល់​យើង​ដែរ ទាំង​សង្ខាង​ទេ ដូច្នេះ​យើង​ត្រូវ​ប្រើ​យន្តការ​អី​រំលឹក​គ្នា​បែប​ម៉េច​ដើម្បី​ឱ្យ​ការងារ​ទៅ​មុខ​យើង​ធ្វើ​ឱ្យ​បាន​ល្អ​»

 

លោក សុន ឆ័យ លើកឡើង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី១៧ ខែ​មករា នៅ​ទីស្នាក់ការ​គណបក្សភ្លើងទៀន រាជធានីភ្នំពេញ ជុំ​វិញ​ការ​ចោទប្រកាន់​ និង​ការ​ចាប់​ខ្លួន អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា។ លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១៦ ខែមករា នៅពេល​ដែលលោក​ធ្វើដំណើរ​ចេញ​ពីបំពេញការងារ​នៅ​ទីស្នាក់ការ​របស់​គណបក្ស​ភ្លើងទៀនក្នុង​សំណុំរឿង «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញ​ដូរបាន» ឬចេញសែក​ស្អុយ​កាលពី​អំឡុងឆ្នាំ២០១៩។ ភាគីដើមបណ្ដឹង គឺ​ក្រុមហ៊ុនឯកជន​មួយ ​ឈ្មោះ ក្រុមហ៊ុន រិន ឆាយ ផនសប។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ ទិត ដាលីន ​ចេញ​ដីកា​បង្គាប់​​ឱ្យ​ឃុំខ្លួន លោក ថាច់ សេដ្ឋា បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំកែប្រែទី១ ឬ​គុក​ព្រៃស។ តុលាការ​ចោទ​ប្រកាន់​ថា លោក ថាច់ បាន​ខកខាន​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន​ពីរលើក​របស់​ចៅក្រមស៊ើបសួរ​ កាល​ពី​ឆ្នាំ​២០២១។

មេធាវី​ការពារ​ក្ដី​ លោក​ ថាច់ សេដ្ឋា គឺលោក ជូង ជូងី ឱ្យ​ដឹង​ថា លោក​បាន​ទៅ​ជួប​កូន​ក្ដី​របស់​លោក​នៅ​ពន្ធនាគារ​រួច​ហើយ ​កាល​ពី​ព្រឹក​ថ្ងៃទី១៧ ខែ​មករា។ លោក​ថា កូន​ក្ដី​របស់​លោក​នៅតែ​មានឆន្ទៈ​មោះមុត​ ​ស្មារតី​រឹងមាំ ​ធម្មតាដដែល។ លោក​ថា កូនក្ដីរបស់លោក​អះអាងថា គាត់​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ លោក​មេធាវី ឱ្យ​ដឹង​ទៀត​ថា សំណុំរឿងនេះ ​ភាគីដើម​បណ្ដឹង បានប្ដឹង​លោក ថាច់ សេដ្ឋា កាល​ពី​អំឡុង​ឆ្នាំ​២០១១ ម្ដងរួចហើយ​ ពី​បទ​ឆបោក​ តែ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ ហើយទើប​ពេល​នេះ ​ឃើញ​ភាគី​ដើមបណ្ដឹង​នោះ​ចេញ​មក​ប្ដឹង​កូន​ក្ដី​របស់​លោកជា​ថ្មីពីករណី​ចេញ​សែក​ស្អុយ​​នេះទៅវិញ។ លោក​មេធាវី បន្ត​ទៀត​ថា តាម​រយៈ​ការ​ជជែក​គ្នា​ជាមួយ​កូន​ក្ដី​របស់​លោក គឺ​លោក ថាច់ សេដ្ឋា បាន​ចុះ​ហត្ថលេខា​លើ​សែក​ប្រាំ​សន្លឹក​មែន ប៉ុន្តែលោក ថាច់ សេដ្ឋា ​មិន​បានចុះកាលបរិច្ឆេទ​ថ្ងៃ​ខែ​ឆ្នាំ​នៃ​ការ​បើក​ប្រាក់​ទេ និង​ចំនួនទឹកប្រាក់ដែល​ត្រូវផ្ដល់ឱ្យនោះទេ។

លោក ជូង ជូងី៖ «ដូច្នេះ​បើ​រឿង​នេះ​ជា​រឿង​ពិត បាន​ន័យ​ថា មាន​ភាព​មិន​ប្រក្រតី​ចំពោះ​សែក​ប្រាំ​សន្លឹក​ហ្នឹង ពីព្រោះ​សែក​ គឺ​ត្រូវតែ​សំដែង​ឆន្ទៈ​របស់​អ្នក​ចេញ​ ឥឡូវ​នេះ​បើ​គាត់ (លោក ថាច់ សេដ្ឋា)​ជា​ម្ចាស់​សែក​ ហត្ថលេខា​របស់​គាត់ គឺ​គាត់​អត់​ទាន់​បញ្ជាក់​ បើក​លុយ​ប៉ុន្មាន​ ហើយ​បើក​ពេលណា​ផង អ៊ីចឹង បាន​ន័យ​ថា សែក​នោះ​គាត់មិន​ទាន់​បាន​បញ្ជាក់​ពី​ឆន្ទៈ​គាត់​ច្បាស់​ថា បើក​ពេលណា​ បើក​ប៉ុន្មាន​?​នៅ​ឡើយទេ អ៊ីចឹង បាន​ន័យ​ថា​ អត់​ទាន់​មាន​តម្លៃ​ផ្លូវការ​ អ៊ីចឹង​​​អាច​សួរ​ថា អ្នកណា​ជា​អ្នក​សរសេរ​ចំនួន​ទឹក​លុយ អ្នកណា​ជា​អ្នក​សរសេរ​ បើក​ពេលណា​ អ្នក​នោះ​ឯង​ជា​អ្នក​បន្លំ​សែក​នោះ»

លោក​មេធាវី ជូង ជូងី ឱ្យ​ដឹង​ទៀត​ថា​ ពេល​នេះ​លោក​កំពុង​ស្នើ​តុលាការ​ដើម្បីថត​ចម្លង​សំណុំរឿងនេះ យកទៅសិក្សា និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា។ ទោះ​យ៉ាងណា លោក​មេធាវី​ថា ចៅក្រម​កាន់​សំណុំរឿង​នេះ គឺលោក​ ទិត ដាលីន មិន​ព្រម​ផ្ដល់​លេខ​​ដីកា​ឃុំ​ខ្លួន​មកឱ្យ​លោក​ទេ។ លោក​មេធាវី​​រិះគន់ថា នេះ​ជា​ចេតនា​ចង្អៀតចង្អល់​ របស់ចៅក្រម ក្នុង​ការ​ចាត់ការ​រឿង​ក្ដី។

លោក​មេធាវី ជូង ជូងី៖ «គាត់ ​(ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ ទិត ដាលីន គ្រាន់តែ​ផ្ដល់​លេខ​ដីកា​សម្រេច​ឃុំ​ខ្លួន​ដើម្បី​ឱ្យ​មេធាវី​បំពេញ​បទ​ប្ដឹង​ឧទ្ធរណ៍​គាត់​មិន​ព្រម​ផ្ដល់​ឱ្យ​ គាត់​បង្ហាញ​ពី​ភាព​ចង្អៀតចង្អល់​ក្នុង​ការ​ចាត់ការ​រឿង​ក្ដី​ បើ​ចៅក្រម​ផ្សេងៗ​ទៀត​កន្លង​មក​គេ​ផ្ដល់​ឱ្យ​អត់​មាន​បញ្ហា​អី​ផង ប៉ុន្តែ​ចៅក្រម​កាន់​រឿង​ក្ដី​នេះ​គាត់​ចង្អៀតចង្អល់​»

គណបក្ស​ភ្លើងទៀន បារម្ភ​ថា ការ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​សកម្មជន​គណប​ក្សរហូត​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀនជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ កំពុង​បង្ក​ការ​បារម្ភ ​ដល់​គណបក្ស​នេះ​ ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ ក្នុងការ​ចូលរួម​ការបោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ។

ទោះ​បែប​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​យល់​ឃើញ​របស់​គណបក្ស​ភ្លើងទៀន មិនឆ្លុះ​បញ្ចាំង​ពីទិដ្ឋភាព​ពិត​នៃ​បរិយាកាស​នយោបាយទេ​។ លោក​ថ្លែង​​ការពារ​ខ្លួនថា តុលាការ​មាន​វិធានការ​លើ​លោក ថាច់ សេដ្ឋា ឬ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ផ្សេង​ទៀត ព្រោះ​អ្នក​ទាំង​នោះ​បង្ក​បញ្ហា​ដោយ​ខ្លួន​ឯង។​​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាចដដែល អះអាង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ភាព​ចាំបាច់​ជួប​ចរចា​ជាមួយ​គណបក្ស​ភ្លើងទៀន​ទេ។

លោក សុខ​ឥសាន៖ «ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​មិន​អាច​ចរចា​បាន​ទេ ពីព្រោះ​ទី១​សភាព​អត់​មាន​តានតឹង​ទេ ទី២ គឺ​អំពើ​ប្រព្រឹត្តិ​​ល្មើស​ច្បាប់​ហើយ​សំណុំ​រឿង​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ​ ទៅ​ចរចា​យក​រួច​ខ្លួន​ម៉េច​កើត​ គណបក្ស​នយោបាយ​ អត់​មាន​តួនាទី និង​ភារកិច្ច​ដើម្បី​ជម្រះ​ក្ដី​ជំនួស​តុលាការ​ទេ​បាទ»

បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់​អំណាច​ថា ខ្លួន​មិន​ប្រើ​អំណាច​របស់ខ្លួន យកទៅបង្គាប់​បញ្ជា​តុលាការ​ក្ដី ប៉ុន្តែ របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច។ កាល​ពី​ពេល​ថ្មីៗនេះ ​អង្គការ​សង្គមស៊ីវិល​ជាង​៣០​ស្ថាប័ន​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ថា មន្ត្រី​តុលាការ​ដែល​មាន​តួនាទី​ក្នុង​បក្ស​កាន់​អំណាច បាន​យក​តួនាទី និង​សិទ្ធិ​អំណាច​របស់​ខ្លួន​ទៅធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ដៃគូ​ប្រកួតប្រជែង។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញថា សំណុំរឿង​លោក​ថាច់ សេដ្ឋា កើតឡើង​តាំង​ពី​ឆ្នាំ​២០១៩ ប៉ុន្តែ​តុលាការ​ទើប​លើក​យក​មក​​ចាត់ការ​ពេលនេះ ដែលនឹង​ធ្វើ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ជា​ការ​ដាក់​សម្ពាធ ឬជា​ការ​គំរាមកំហែង​លើ​គណបក្ស​ភ្លើងទៀន។ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ យល់​ថា​ ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយជាមួយគណបក្សកាន់អំណាច ជា​រឿង​ចាំបាច់​របស់​គណបក្ស​ភ្លើងទៀន។

ទោះ​បែប​នេះ​ក្ដី លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​ស្ថានភាព​ពេល​នេះ ដែលគណបក្ស​ភ្លើងទៀន​ មិន​ទាន់​មាន​កម្លាំង​ និង​តម្លៃ​នយោបាយ ស្មើនឹងគណបក្សកាន់អំណាច គឺមិនអាចធ្វើ​ឱ្យ​បក្ស​កាន់​អំណាចយល់ព្រម​ជជែក​ជាមួយ​គណបក្ស​ភ្លើងទៀន​ឡើយ​។

លោក ឯម សុវណ្ណារ៉ា៖ «ការ​ពិត​ការ​ស្វែង​រក​ដំណោះស្រាយ​ជា​រឿង​ចាំបាច់​អ្នក​ដែល​មាន​វិបត្តិ​ជួប​បញ្ហា​ដែល​គេ​ដាក់​បន្ទុក​អ៊ីចឹង​ហើយ ប៉ុន្តែ គ្រាន់​ថា ទស្សនៈ​ខ្ញុំ​ប្រហែល​ជា​ពិបាក​ហើយ​ក្នុង​ស្ថានភាព​នេះ ពីព្រោះ​មុន​មិន​កើត​ក្រោយ​មិន​កើត​ មក​កើត​នៅពេល​ស្ថានភាព​តានតឹង​វា​កើតឡើង​ ដូច្នេះ​ករណី​នេះ​ ខ្ញុំ​គិត​ថា លោក ថាច់ សេដ្ឋា ពិបាក​ដោះស្រាយ​ ​រក​អន្តរាគមន៍​ឬ​ក៏​ដោះស្រាយ​តាម​យន្តការ​ច្បាប់​ណា​បាទ»

លោក​ ថាច់ សេដ្ឋា ជា​ថ្នាក់​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ទី១ ដែល​ត្រូវ​បានចាប់​ខ្លួន និងជាមេដឹកនាំ​គណបក្សភ្លើងទៀន​ទី​០៣ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​នៃ​រដ្ឋាភិបាល​ លោក ហ៊ុន សែន។ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក សុន ឆ័យ ​កំពុង​ចាញ់​ក្ដី​បក្ស​កាន់អំណាច និង គ.ជ.ប និង​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជនកម្ពុជា ប្រាក់​១​លាន​ដុល្លារ។ ចំណែក​​ទីប្រឹក្សា​គណបក្ស​​ភ្លើង​ទៀន លោក គង់ គាំ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ត្បូង​ឃ្មុំ​ បាន​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ញុះញង់  និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រាក់ ៥០ម៉ឺន​ដុល្លារ និងត្រូវបានលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​រឹប​អូស​ដី​និង​ផ្ទះ​ដែល​លោក​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់។ គណបក្ស​ភ្លើងទៀន ប្រកាស​ថា ខ្លួន​នឹង​ពិចារណា​ឡើងវិញ​ ពី​លទ្ធភាព​នៃ​ការ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាតិ​ខាងមុខ​ ប្រសិនបើ​សកម្មភាព​គំរាមកំហែង​នៅតែ​បន្ត​កើតមាន​ធ្ងន់ធ្ងរ​លើ​គណបក្ស​ភ្លើងទៀន។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា យល់​ថា បើ​គណបក្ស​ភ្លើងទៀន បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តទៅ​ទៀត ទំនង​សហគមន៍​អន្តរជាតិ​មិន​ឈរ​អោប​ដៃ​មើល​ទេ ដែល​ពួកគេ អាច​នឹង​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​​អនុវត្ត​ច្បាប់​ឱ្យ​បានត្រឹមត្រូវ​ ឬ​មាន​ការ​កែលំអ​ស្ថានការណ៍​នយោបាយ​មុន​ពេល​បោះឆ្នោត៕

 

No comments: