2023.03.21

អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការចាប់ខ្លួនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរនាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល គឺជារូបភាពនៃការបំបិទសិទ្ធិបញ្ចេញមតិ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍កាលពីយប់ថ្ងៃទី២១ មីនាថា ព្រះរាជពិធីជ័យ មិនគួរកើតមានករណីចាប់ខ្លួនអ្នកនយោបាយបែបនេះទេ ហើយព្រះមហាក្សត្រក៏ទំនងជាមិនចង់ឱ្យកូនចៅព្រះអង្គជាប់គុកច្រវាក់នោះដែរ។ លោកថា ប្រមុខរដ្ឋាភិបាលគួរត្រឹមបកស្រាយរឿងនេះ ជាជាងប្រើវិធានការចាប់ចង ព្រោះនេះជាការបំបិទសិទ្ធិបញ្ចេញមតិ។
លោក រស់ សុដ្ឋា៖ «ក្នុងនិយមន័យសិទ្ធិបញ្ចេញមតិទេ វាអត់មានដល់បទឧក្រិដ្ឋអ្វីទេ វាអត់មាន
ទេ។ សិទ្ធិបញ្ចេញមតិ បុគ្គលណាមួយអាចបញ្ចេញមតិទៅតាមមនសិការរបស់ខ្លួនដោយគ្មានការរារាំងគ្រប់មធ្យោបាយទាំងអស់។ ប្រសិនបើមានការប្រមាថវិញនោះ ជារឿងផ្សេង។ បើប្រមាថចំៗ ដល់ព្រះមហាក្សត្រនោះ ជារឿងពាក់ព័ន្ធច្បាប់»។
មន្ត្រីសិទ្ធិមនុស្សថ្លែងបែបនេះ ក្រោយពីអាជ្ញាធរបានចាប់ខ្លួនអ្នកនយោបាយនិយមលោក កឹម សុខា ពីរនាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីល្ងាចថ្ងៃទី២១ ខែមីនា ក្រោយពីពួកលោកបានបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) ទាក់ទងនឹងរូបភាពព្រះមហាក្សត្រព្រះរាជទានព្រះអគ្គីជ័យសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅខេត្តសៀមរាប។ រូបភាពព្រះមហាក្សត្រនោះ មានមួយមើលទៅហាក់ដូចជាលោក ហ៊ុន សែន អង្គុយស្មើនឹងព្រះមហាក្សត្រនៅលើវេទិកាកិត្តិយស ហើយមួយទៀតមើលឃើញអ្នកបាំងក្លស់ ឬឆត្រ ខំប្រឹងកាន់ឆត្រដ៏ធ្ងន់ បាំងឱ្យលោក ហ៊ុន សែន ផង បាំងថ្វាយព្រះមហាក្សត្រ ផង ខណៈព្រះមហាក្សត្រយាងបណ្ដើរ និងមានព្រះរាជបន្ទូលទៅកាន់លោក ហ៊ុន សែន បណ្ដើរ។
ទាំងលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល មិនបានបង្ហោះ ឬចែកចាយរូបភាពទាំងនោះទេ ប៉ុន្តែពួកលោកបានសរសេរសារផ្សេងគ្នាលើទំព័រហ្វេសប៊ុក។ លោក យឹម ស៊ីណន បានសរសេរថា «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថា នរណាជាស្ដេចផែនដីពិតប្រាកដ»។ ជាមួយគ្នានេះ លោក ហ៊ុន កុសល បានសរសេរថា «លោកនឹងប្រើសមត្ថភាពចូលរួមពូនផ្ដុំជាមួយលោក កឹម សុខា ដើម្បីការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ក្រោយពីឃើញគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្ដាព្រះមហាក្សត្រខ្មែរគ្រប់ច្រក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសារទាំងនេះថា ជារឿងបំភ្លៃការពិតដោយចេតនា។ លោកបានឆ្លើយតបក្នុងទំព័រហ្វេសប៊ុករបស់លោក យឹម ស៊ីណន ថា ករណីនេះបើគ្មានទោសទើបចម្លែក ព្រោះនេះមិនមែនជារបៀបបញ្ចេញមតិនោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួរអំពីចំណាត់ការ និងបទចោទលើលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល បានទេ កាលពីយប់ថ្ងៃទី ២១ មីនា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
លោក យឹម ស៊ីណន គឺជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង។ តុលាការក្រុងភ្នំពេញធ្លាប់ចោទប្រកាន់លោកពីបទរួមគំនិតក្បត់ និងញុះញង់ពាក់ព័ន្ធរឿងដំណើរវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។ ក្រោយមកលោកបានសរសេរលិខិតទៅលោក ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ឱ្យទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ លោកបានវិលមកកម្ពុជាវិញ កាលពីខែមករា ឆ្នាំ២០២២ ហើយតុលាការក៏ទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។
ប៉ុន្មានខែចុងក្រោយនេះ ទាំងលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល តែងបង្ហាញមុខក្នុងសវនាការរឿងក្ដីលោក កឹម សុខា។ អ្នកនយោបាយទាំងពីររូបនេះជាអ្នកគាំទ្រដ៏សកម្មរបស់លោក កឹម សុខា និងបានងាកមកវាយប្រហារដោយពាក្យសម្ដីទៅលើលោក សម រង្ស៊ី វិញ៕
No comments:
Post a Comment