2023.03.22

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែមីនា បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការចោទប្រកាន់នេះធ្វើឡើង
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា
លោកមិនលើកលែងទោសដល់អតីតសកម្មជនបក្សប្រឆាំង លោក យឹម ស៊ីណន និងលោក
ហ៊ុន កុសល នោះឡើយ។
ថ្លែងនៅក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៅរាជធានីភ្នំពេញ
កាលពីថ្ងៃទី២២ ខែមីនាម្សិលមិញ លោក ហ៊ុន សែន បានចេញមុខការពារខ្លួន
ដោយសម្ដីធ្ងន់ៗ ថា លោកមានការប្រុងប្រយ័ត្នខ្ពស់
ពុំបានអង្គុយកៅអីស្មើព្រះមហាក្សត្រ ឬ បាំងក្លស់សម្រាប់លោកនោះទេ។
លោកបន្តថា ក្នុងអំឡុងពេលដើរស្ទើរតែស្មើនឹងព្រះអង្គនោះ
ព្រោះលោកត្រូវការនិយាយជាមួយព្រះមហាក្សត្រ
ហើយលោកក៏ពុំចង់ដើរស្មើនឹងព្រះអង្គឡើយ។ លោកបន្តថា
មានតែព្រះមហាក្សត្រតែប៉ុណ្ណោះ ដែលដឹងពីរឿងនេះ។
អាជ្ញាធរបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្ដាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ លោក យឹម ស៊ីណន បានសរសេរថា «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថា នរណាជាស្ដេចផែនដីពិតប្រាកដ»។ ជាមួយគ្នានេះ លោក ហ៊ុន កុសល បានសរសេរថា «លោកនឹងប្រើសមត្ថភាពចូលរួមពូនផ្ដុំជាមួយលោក កឹម សុខា ដើម្បីការពារព្រះចេស្ដាមហាក្សត្រ និងព្រះរាជបល្ល័ង្ក ក្រោយពីឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្ដាព្រះមហាក្សត្រខ្មែរគ្រប់ច្រក»។
ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនលោក
យឹម ស៊ីណន និងលោក ហ៊ុន កុសល នេះដែរ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកទាំងពីរដោយឥតលក្ខខណ្ឌ និងទម្លាក់ចោលរាល់បទចោទប្រឆាំងពួកគេ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍
នៅថ្ងៃទី ២២ ខែមីនាថា ការបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក
មិនគួរចាត់ទុកជាអំពើឧក្រឹដ្ឋកម្មនោះទេ
ព្រោះអ្នកទាំងពីរមិនបានធ្វើអ្វីខុសឡើយ។
សេរីភាពនៃការបញ្ចេញមតិនឹងត្រូវលុបបំបាត់ទាំងស្រុង
ក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន
ខណៈការបោះឆ្នោតសកលនៅខែកក្កដា កាន់តែខិតជិតមកដល់។
សេចក្ដីថ្លែងការណ៍បន្តថា អ្នកទាំងពីរ នឹងត្រូវប្រឈមការជាប់ឃុំឃាំងយូរ ដោយសារការកាត់ក្តីរបស់តុលាការកម្ពុជា ដែលប្រឌិតរឿងចោទប្រកាន់ ក្រោមហេតុផលនយោបាយ។ ប្រសិនបើប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស និងមានប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ អ្នកទាំងពីរនឹងត្រូវបានដោះលែង ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់លើពួកគេ។
លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ
នៅរសៀលថ្ងៃទី២២ ខែមីនា ហើយរងការចោទប្រកាន់ពីបទ «ញុះញង់ និងប្រមាថព្រះមហាក្សត្រ»។
ជុំវិញរឿងនេះសង្គមស៊ីវិលមើលឃើញថា
នៅក្នុងស្ថានភាព ដែលកម្ពុជាជិតខិតមកដល់ការបោះឆ្នោត
ហើយខណៈកម្ពុជា ក៏កំពុងតែប្រឈមការដាក់ទណ្ឌកម្មបន្ថែម
ពីសហភាពអឺរ៉ុបដែរនោះ រដ្ឋាភិបាល គួរតែបង្កបរិយាកាសល្អ
ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ
ដែលធានាដោយច្បាប់៕
No comments:
Post a Comment