Khmer Circle:
In principle, it is correct to urge that peace be built upon the base or foundation of social justice.In Cambodia, this is like asking hyenas or tigers to adopt a vegan diet!
^^^
2023.03.08
![អ្នកច្បាប់រំឭកដល់អ្នកនយោបាយឱ្យពង្រឹងយុត្តិធម៌ទើបអាចរក្សាសន្តិភាពសង្គមបាន អ្នកច្បាប់រំឭកដល់អ្នកនយោបាយឱ្យពង្រឹងយុត្តិធម៌ទើបអាចរក្សាសន្តិភាពសង្គមបាន](https://www.rfa.org/khmer/news/law/lawmakers-remind-politicians-to-strengthen-justice-to-maintain-social-peace-03082023053222.html/@@images/54cf53eb-a244-43ec-86a6-e72ff4371d51.jpeg)
លោក ហ៊ុន សែន ដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ តែងតែប្រកាសពីការប្តេជ្ញាចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព ស្របពេលដែលកម្ពុជាជាប់ឈ្មោះជាប្រទេសមិនមានការគោរពច្បាប់ ពលរដ្ឋរងភាពអយុត្តិធម៌។ ជុំវិញបញ្ហានេះអ្នកច្បាប់បានក្រើនរំលឹកដល់អ្នកមានអំណាច ឱ្យយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធយុត្តិធម៌ដែលពួកគេចាត់ទុកថា យុត្តិធម៌គឺជាគ្រឹះរបស់សន្តិភាព។
អ្នកជំនាញផ្នែកច្បាប់ជំរុញដល់អ្នកនយោបាយដែលកំពុងកាន់អំណាច និងអ្នកដែលកំពុងត្រៀមខ្លួនកាន់អំណាចត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌ឱ្យបានរឹងមាំល្អ ទើបអាចមានការផ្សះផ្សាជាតិ និងរក្សាបានសន្តិភាពពេញលេញយូរអង្វែង។
សាស្ត្រាចារ្យនិងជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់លោក ស៊ឹម វិបុល ពន្យល់ថា ច្បាប់ជាឆន្ទៈរួមរបស់សង្គមដែលបង្កើតឡើងក្នុងគោលបំណង៣គឺ បង្កើតយុត្តិធម៌ ថែរក្សាសណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់សិទ្ធិសេរីភភាពសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ លោកបន្តថា កាលណាមនុស្សនៅក្នុងសង្គមទទួលបានធាតុទាំង៣នេះហើយ ពួកគេនឹងរស់នៅសុខស្រួលជាមួយគ្នាក្នុងសង្គមគ្មានជម្លោះ ឬការបះបោរកើតឡើងទេ។
លោក ស៊ឹម វិបុល៖ «មានយុត្តិធម៌ទើបមានសន្តិភាពព្រោះខ្លួនឯង យល់ថា ខ្លួនឯងមានយុត្តិធម៌ហើយ តើត្រូវការអីទៀត? ខ្ញុំឧទាហរណ៍យុត្តិធម៌ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមនៅសាំងហ្គាពួចឹង យើងមើលមានកើតស្អី? សង្គ្រាមស្អី?អ៊ីចឹងហា៎ ពីព្រោះមនុស្សទទួលបានយុត្តិធម៌ មនុស្សទទួលបានសេដ្ឋកិច្ច មនុស្សទទួលបានសេរីភាព អ៊ីចឹងមានអីត្រូវការទៅបះបោរអី? ទៅបង្កើតកម្លាំងបះបោរបានប្រយោជន៍អី?»។
អ្នកច្បាប់១រូបទៀតគឺ មេធាវី សេក សោភណ្ឌ ពន្យល់ថា យុត្តិធម៌ជាតម្រូវការពីធម្មជាតិដែលមនុស្សគ្រប់រូបចង់បាន។ លោកបន្តថា បើសង្គមមិនមានយុត្តិធម៌ទេនោះ នឹងធ្វើឱ្យតម្លៃសង្គមធ្លាក់ចុះព្រោះមនុស្សមិនមានទំនុកចិត្ត។
លោក សេក សោភណ្ឌ៖ «បើសិនជាសង្គមអត់មានយុត្តិធម៌បានន័យថា សន្តិសុខផ្ទាល់ខ្លួនសេរីភាពបុគ្គល ហើយនិងទ្រព្យសម្បត្តិហ្នឹងអត់មានសុវត្ថិភាពទេ។ អ៊ីចឹងការអភិវឌ្ឍន៍សង្គមហ្នឹងក៏អត់ជឿនលឿនដែរព្រោះអត់មានទំនុកចិត្ត អ៊ីចឹងតម្លៃរបស់សង្គមក៏វាបាត់បង់ទៅតាមហ្នឹងដែរ កាលណាវា សង្គមអត់យុត្តិធម៌ដូចឯកសារសត្វអ៊ីចឹង អ្នកណាខ្លាំង អ្នកនោះឈ្នះអ៊ីចឹងអត់មានច្បាប់ទម្លាប់ ប៉ះពាល់ខ្លាំងណាស់»។
លោក សេក សោភណ្ឌ ចាត់ទុកយុត្តិធម៌ដូចជាដួងព្រលឹងរបស់មនុស្សហើយថា បើសង្គមគ្មានយុត្តិធម៌ទេមនុស្សរស់នៅក្នុងសង្គមប្រៀបបានមានតែសំបកខ្លួនតែប៉ុណ្ណោះ។
អ្នកសិក្សាច្បាប់១រូបទៀត លោក ជៀច រ៉ាវី ពន្យល់ថា យុត្តិធម៌ធ្វើឱ្យមនុស្សស្ងប់ចិត្ត តែផ្ទុយទៅវិញបើពួកគេទទួលភាពអយុត្តិធម៌នោះពួកគេមិនស្ងប់ចិត្តហើយគិតធ្វើអ្វីបន្ថែមបើទោះជាមិនទាន់ធ្វើនៅពេលនេះក៏នឹងធ្វើនៅពេលក្រោយ។ លោកពន្យល់ថា យុត្តិធម៌ជាភាពត្រឹមត្រូវដែលកំណត់ក្នុងច្បាប់ហើយធ្វើឱ្យគ្រប់ភាគីទទួលបាន។
លោក ជៀច រ៉ាវី៖ «មិនមែនយុត្តិធម៌ទាល់តែខ្ញុំឈ្នះទើបមានយុត្តិធម៌ទេ។ យើងមើលសាលក្រម ឬសាលដីការបស់តុលាការគឺគាត់ស្វែងរកយុត្តិធម៌ គាត់អត់ស្វែងរកអ្នកឈ្នះឬអ្នកចាញ់ទេ អ្នកឈ្នះក៏បានយុត្តិធម៌ អ្នកចាញ់ក៏បានយុត្តិធម៌។ ហើយបើអ្នកទទួលភាពអយុត្តិធម៌សួរថា សង្គមហ្នឹងយ៉ាងម៉េច? ឈឺចាប់ឬអត់? ពេលដែលប៉ះគេថា មិនអីទេ ដល់ពេលប៉ះខ្លួនឯងទើបដឹងថា ឈឺចាប់។ អ៊ីចឹងពេលដែលសង្គមមានយុត្តិធម៌អ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរ»។
ដើម្បីឱ្យយុត្តិធម៌មានភាពរឹងមាំក្លាយជាគ្រឹះរបស់សន្តិភាពនោះ លោក ជៀច រ៉ាវី អំពាវនាវដល់អ្នកមានអំណាចរួមទាំងអ្នកនយោបាយឬ អ្នកមានឥទ្ធិពលតែមិនមែនជាអ្នកនយោបាយកុំជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការគ្រប់លំដាប់ថ្នាក់ដែលមានកំណត់នៅក្នុងច្បាប់។
បើពិនិត្យមើលបរិបទនៃការផ្លាស់ប្ដូរសង្គមពីអតីតកាលទោះមានហេតុផលឥទ្ធិពលពីអន្តរជាតិខ្លះក៏ដោយក៏សុទ្ធតែមានពាក់ព័ន្ធអំពើអយុត្តិធម៌ ការបំបិទសិទ្ធិសេរីភាពនៅក្នុងប្រទេសដែរ ដូចជា រដ្ឋប្រហារទម្លាក់សម្តេចសីហនុឆ្នាំ១៩៧០ ការផ្តួលរំលំរបបសាធារណរដ្ឋឆ្នាំ១៩៧៥ ការផ្តួលរំលំរបបខ្មែរក្រហមឆ្នាំ១៩៧៩ជាដើម។ សូម្បីតែលោកហ៊ុន សែន មិនព្រមទទួលយកលទ្ធផលនៃការចាញ់ឆ្នោតកាលពីឆ្នាំ១៩៩៣ ហើយទាមទារហែកប្រទេសកម្ពុជាជា២ រហូតទាល់តែមានការសម្របសម្រួលបង្កើតឱ្យមាននាយករដ្ឋមន្ត្រី២រូបនៅពេលនោះ ក៏លោក ហ៊ុន សែន អះអាងថា ការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិមិនមានយុត្តិធម៌ត្រឹមត្រូវដែរ។
នៅក្នុងស្ថានភាពសង្គមបច្ចុប្បន្នមនុស្សស្ទើរគ្រប់ស្រទាប់កំពុងស្រែកថា ខ្លួនអយុត្តិធម៌រួមមានទាំង ពលរដ្ឋរងគ្រោះដោយសារការបំពានយកដីធ្លី កម្មករ-និយោជិតរងការកេងប្រវ័ញ្ចពីថៅកែ អ្នកនយោបាយបក្សប្រឆាំងរងការចាប់ខ្លួន ការរំលាយបក្ស សូម្បីតែលោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីក៏ស្រែកអយុត្តិធម៌ខូចចិត្តថា មានការប្រមាថដល់ប្អូនថ្លៃស្រីរបស់លោកដែលទើបទទួលមរណភាពនៅពេលថ្មីនេះផងដែរ។
ត្រង់ចំណុចនេះ លោក ស៊ឹម វិបុល ពន្យល់ថា សន្តិភាពមិនសំដៅមនុស្សមានបាយទទួលទាន ឬ មានសម្ភារប្រើប្រាស់ទេគឺសន្តិភាពទាល់តែមនុស្សនៅក្នុងសង្គមមានយុត្តិធម៌។
លោក ស៊ឹម វិបុល៖ «យើងអ្នកនយោបាយ ហើយយើងផ្ដោតទៅលើសន្តិភាព ធម្មតាអ្នកណាក៏ចង់បានសន្តិភាព។ ប៉ុន្តែបើអត់បានផ្តល់ឱ្យគេនូវយុត្តិធម៌ ហើយយុត្តិធម៌តែសម្រាប់ក្រុមខ្លួនឯងមួយ ហើយក្រុមផ្សេងទៀតយើងជិះជាន់គេតាមចិត្ត។ អាហ្នឹង វាអត់នៅសុខទេព្រោះសង្គមវារស់នៅរួមរវាងប្រជាពលរដ្ឋទាំងអស់ដែលត្រូវបានទទួលផលប្រយោជន៍ស្មើៗគ្នា»។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមិនមានយុត្តិធម៌។ របាយការណ៍ប្រចាំឆ្នាំ២០២២របស់ អង្គការគម្រោងយុត្តិធម៌ពិភពលោក(WPJ) បានចាត់ថ្នាក់ប្រទេសកម្ពុជាជាប់លេខ ១៣៩ ក្នុងចំណោមប្រទេស១៤០។ ចំណាត់ថ្នាក់បាតតារាងនេះគឺកម្ពុជាស្ថិតនៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយគត់ (Venezuela)៕
No comments:
Post a Comment