2023.03.08
![មន្ត្រីសិទ្ធិមនុស្សស្នើឱ្យមានការលើកលែងទោសស្ត្រីអ្នកនយោបាយ និងតស៊ូមតិដែលកំពុងជាប់ឃុំក្នុងថ្ងៃទិវាសិទ្ធិអន្តរជាតិនារី ៨ មីនា មន្ត្រីសិទ្ធិមនុស្សស្នើឱ្យមានការលើកលែងទោសស្ត្រីអ្នកនយោបាយ និងតស៊ូមតិដែលកំពុងជាប់ឃុំក្នុងថ្ងៃទិវាសិទ្ធិអន្តរជាតិនារី ៨ មីនា](https://www.rfa.org/khmer/news/human-rights/human-rights-urge-hun-sen-to-pardon-women-politicians-and-activists-for-women-rights-day-03082023105443.html/@@images/602f1bc3-e6bf-4ffc-b532-b3fd0306963d.jpeg)
ក្រុមមន្ត្រីសិទ្ធិមនុស្សស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរផ្ដល់ការអនុគ្រោះដល់អ្នកជាឃុំស្ត្រីដែលជាអ្នកតស៊ូមតិ ស្ត្រីអ្នកនយោបាយ និងស្ត្រីការពារសិទ្ធិសហជីពជាដើមនោះអាចទទួលបានការលើកលែងទោសក្នុងទិវាអន្តរជាតិនារី ៨មីនា។ ការទាមទារខណៈក្រុមស្ត្រីអ្នកតស៊ូមួយចំនួនកំពុងជាប់ឃុំនៅពន្ធនាគារព្រោះអនុវត្តសិទ្ធិរបស់ខ្លួន។
ក្រុមមន្ត្រីសិទ្ធិមនុស្សថ្លែងថា ការធ្វើទុក្ខបុកម្នេញលើក្រុមស្ត្រីជាអ្នកតស៊ូមតិ ស្ត្រីអ្នកនយោបាយ ស្មើនឹងការរំលោភសិទ្ធិស្ត្រី។ ពួកគេចង់ឃើញថា រដ្ឋាភិបាលចូលរួមលើកកម្ពស់គោរពសិទ្ធិនារីក្នុងវិស័យទាំងនេះ ដើម្បីអាចឱ្យក្រុមស្ត្រី ដែលកំពុងជាប់ឃុំព្រោះការអនុវត្តសិទ្ធិរបស់ខ្លួនទាំងនោះ មានសេរីពេញលេញក្នុងការបំពេញការងាររបស់ខ្លួនឡើងវិញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ស្ត្រីជាអ្នកតស៊ូមតិ មួយចំនួនត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ព្រោះភាពសកម្មរបស់ខ្លួន ដែលមតិមួយចំនួនរិះគន់ថា ពួកគេរងភាពអយុត្តិធម៌ព្រោះការបំពេញការងាររបស់ខ្លួន។ លោក អំ សំអាត បន្តទៀតថា ក្រុមស្ត្រីទាំងនោះគួរទទួលបានការលើកទឹកចិត្ត ដើម្បីឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនក្នុងបុព្វហេតុក្នុងការលើកកម្ពស់សិទ្ធិស្ត្រី ការជួយសង្គម និងការបម្រើផលប្រយោជន៍ស្ត្រី សិទ្ធិមនុស្សជាដើម។
លោក អំ សំអាត៖ «យើងក៏ចង់ឃើញដែរ នូវការផ្ដល់ ឬក៏លើកកម្ពស់សិទ្ធិស្ត្រី ជាពិសេស ស្ត្រីដែលកំពុងជាប់ឃុំគួរតែពិចារណាទៅនីតិវិធីទៅតាមផ្លូវច្បាប់ក្នុងការបន្ធូរបន្ថយឬក៏លើកលែងទោសសម្រាប់ពួកគាត់ ដើម្បីវិលត្រឡប់មកជួបជុំគ្រួសារ ក៏ដូចជាការចូលរួមនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិឡើងវិញណា»។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ផ្នែកការជួយពង្រឹងសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុក អ្នកស្រី លឹម មុន្នី យល់ថា ស្ត្រីអ្នកតស៊ូមតិទាំងនោះ គួរទទួលបានលើកទឹកចិត្ត និងការផ្ដល់ឱកាសក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានពេញលេញ។ អ្នកស្រីបន្តទៀតថា ទិវាសិទ្ធិស្ត្រី ៨ មីនា មិនមែន ត្រឹមជាការគោរពសិទ្ធិ ការលើកកម្ពស់សិទ្ធិស្ត្រី ក្នុងជួររដ្ឋាភិបាល ឬស្ត្រីក្នុងជួរបក្សទេ តែជាការលើកកម្ពស់ស្ត្រីទូទៅដោយមិនប្រកាន់ការងារ ឬការរើសអើងនិន្នាការនយោបាយឡើយ។
អ្នកស្រី លឹម មុន្នី៖ «យើងមើលឱ្យស៊ីជម្រៅ គឺពួកគាត់ជាអ្នកជួយសង្គមជាតិខ្មែរបានច្រើនកុំឱ្យយល់ឃើញថា គាត់មានកិច្ចការងារ ដែលប្រឆាំង ដែលមិនផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាល ឬក៏មិនផ្ដល់ប្រយោជន៍ដល់សង្គមអី តាមការពិតខ្ញុំគិតថា ពួកគាត់ គឺជាអ្នកផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិខ្មែរ ក៏ដូចផ្ដល់ប្រយោជន៍ដល់រដ្ឋាភិបាលយើងដែរណាក្មួយ»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើនការចាប់ខ្លួនលើអ្នកធ្វើការងារសង្គម អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយជាបន្តបន្ទាប់ ក្នុងនោះក៏ស្ត្រីផងដែរ។ សហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សនានា រិះគន់ការចាប់ខ្លួន និងការចោទប្រកាន់នេះថា គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងជាការធ្វើទុក្ខបុកម្នេញលើអ្នក ដែលមានមតិផ្ទុយពីរដ្ឋាភិបាល។
ទាក់ទងការលើកឡើងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន បានទេ នៅថ្ងៃទី៨ ខែមីនា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយទេ។
ទោះយ៉ាងណាក្ដី រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរៀបចំអបអរទិវាអន្តរជាតិនារីមីនាលើកទី១១២ នេះ យ៉ាងផុសផុលគួរសមដែរ ដោយមាននៅតាមក្រសួងស្ថាប័នរបស់រដ្ឋ មានការជូនផ្កាដល់ក្រុមស្ត្រី ចាប់តាំងពីមុនថ្ងៃ ៨ មីនា ជាបន្តបន្ទាប់ និងការផ្ញើសារជូនពរក្រុមស្ត្រីជាថ្នាក់ដឹកនាំស្ថាប័នជាតិ រួមទាំងភរិយារបស់ក្រុមមេដឹកនាំរដ្ឋាភិបាលជាដើម។
រដ្ឋាភិបាលលោក ហ៊ុន សែន ក៏អនុញ្ញាតឱ្យមានឈប់សម្រាកក្នុងថ្ងៃទី ៨ មីនាដែរ។ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារអបអរទិវានេះដែរថា ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ លោក ហ៊ុន សែន លើកឡើងទៀតថា ទិវានេះត្រូវបានធ្វើឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្ដេជ្ញាចិត្ត និងវិធានការវិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។ បើទោះជាលោក ហ៊ុន សែន លើកឡើងអំពីការតស៊ូរបស់ស្ត្រីក្នុងសកលលោកពីទាមទារសិទ្ធិរបស់ខ្លួនក្ដី ប៉ុន្តែ លោក ហ៊ុន សែន មិនបានលើកឡើងពីតស៊ូរបស់ស្ត្រីខ្មែរ ដែលត្រូវបានរដ្ឋាភិបាលរបស់លោកធ្វើទុក្ខបុកម្នេញលើពួកគាត់ក្នុងពេលនេះឡើយ។
ទាក់ទងរឿងនេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញស្ត្រីដែលជាប់ឃុំទាំងនោះ ព្រោះការអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិនយោបាយរបស់ខ្លួន ហើយសកម្មភាពរបស់ស្ត្រីអ្នកជាប់ឃុំទាំងនោះ ជាសេរីភាពបញ្ចេញមតិ និងមិនទាន់ដើរហួសព្រំដែននៃច្បាប់នៅឡើយទេ។ លោកបន្តថា ការចោទប្រកាន់លើក្រុមស្ត្រី អ្នកតស៊ូមតិទាំងនោះ ស្មើនឹងការរំលោភសិទ្ធិរបស់ពួកគាត់ផងដែរ។ មន្ត្រីសិទ្ធិមនុស្ស រូបនេះស្នើទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរស្នើសុំលើកលែងទោសដល់ស្ត្រីទាំងនោះ ទៅព្រះមហាក្សត្រ ក្នុងទិវាសិទ្ធិនារី ៨ មីនា ដើម្បីជាការបង្ហាញថា រដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី។
លោក រស់ សុដ្ឋា៖ «ជីវសាស្ត្រនៃធម្មជាតិការប្រព្រឹត្តិរបស់សង្គម គឺមិនបានឱ្យស្ត្រីស្មើគ្មានទេ រំលោភលក្ខណៈសង្គមវប្បធម៌រួច ហើយណាដល់យើងមកធ្វើសកម្មភាពចាប់វាយដំច្រំភាក់ទម្លាក់គាត់ទៅក្នុងពន្ធនាគារទៀត រឹតតែមានការរំលោភធ្ងន់ធ្ងរដល់ពលរដ្ឋមួយផ្នែក ដែលមានភាពទន់ខ្សោយនៅក្នុងសង្គមណា»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ក៏បានលើកឡើងលើទំព័រហ្វេសប៊ុកដោយទាមទារឱ្យដោះលែងស្ត្រីអ្នកតស៊ូ កញ្ញា សេង ធារី អ្នកការពារសិទ្ធិសហជីព កញ្ញា ឈឹម ស៊ីថរ និងស្ត្រីសកម្មជននយោបាយ អ្នកស្រី យក់ នាង អ្នកស្រី ឡាញ់ ថាវរី និងលោកស្រី មុំ សំបូរ ជាដើម នៅថ្ងៃខួបទិវាសិទ្ធិនារីអន្តរជាតិ លើកទី១១២ នេះ។
គិតមកដល់ពេលនេះ យ៉ាងហោចណាស់ ស្ត្រីជាអ្នកតស៊ូមតិ អ្នកការពារសិទ្ធិសហជីព និងស្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៧នាក់ ក្នុងចំណោមអ្នកទោសមនសិការចំនួន ៦៩នាក់ ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ។ ពួកគាត់ម្នាក់ៗ ជាប់ពន្ធនាគាររាប់រយថ្ងៃមកហើយ ដោយរងនូវការចោទប្រកាន់ពីរួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាជាអាទិ៍ជាដើម៕
No comments:
Post a Comment