Monday, 15 May 2023

មន្ត្រី​សន្តិសុខ​បក្ស​ភ្លើង​ទៀន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​១ក្រុម​ព្រួត​វាយ​ឱ្យ​របួស​ធ្ងន់


ដោយ មាន ឫទ្ធិ
2023.05.14
មន្ត្រី​សន្តិសុខ​បក្ស​ភ្លើង​ទៀន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​១ក្រុម​ព្រួត​វាយ​ឱ្យ​របួស​ធ្ងន់ 

មន្រ្តី​សន្តិសុខ​គណបក្ស​ភ្លើងទៀន​ លោក ឃុន ស៊ីថា (ពី​ស្ដាំ) លោក រ៉ុង ឈុន អនុប្រធានគណបក្ស​ភ្លើងទៀន និង​មន្ត្រី​គណបក្ស​ចូលរួម​ដាក់ឯកសារ​នៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពីថ្ងៃទី១៣ ឧសភា​ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ



មន្រ្តី​សន្តិសុខ​គណបក្ស​ភ្លើងទៀន​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ជាច្រើន​នាក់ យក​ដែក​រលាស់​ព្រួត​វាយ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ កាល​ពី​រសៀល​ថ្ងៃ​ទី១៣ ឧសភា។ ជន​រងគ្រោះ​ចាត់ទុក​ទង្វើ​នេះ​ថា ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ស្វែង​រក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ជន​រងគ្រោះ​លោក ឃុន ស៊ីថា ទាមទារ​ឱ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃដល់​យក​មក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ ព្រោះ​លោក​អះអាង​ថា កន្លង​មក​លោក​ពុំ​ដែល​មាន​ប្រវត្តិ​បង្ក​ជម្លោះ​ជាមួយ​នរណា​ឡើយ។ ប៉ុន្តែ​លោកថា បើ​ពិនិត្យ​មើល​ទៅ​លើ​សកម្មភាព និង​ភិនភាគ​ជន​ប្រព្រឹត្ត​នោះ គឺ​ជា​ផែនការ​រៀបចំ​ទុក​ជាមុន ដើម្បី​បង្ក​ហិង្សា​បំបាក់​ស្មារតី​សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ​នេះ។



មន្រ្តី​សន្តិសុខ​គណបក្ស​ភ្លើងទៀន​លោក ឃុន ស៊ីថា ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១៤ ខែ​ឧសភា ថា ជន​មិន​ស្គាល់​មុខ​មាន​គ្នា ៦​នាក់​ពាក់ម៉ាស់ ជិះ​ម៉ូតូ​៣គ្រឿង​បាន​ព្រួតគ្នា​វាយ​លោក​កំពុង​បើក​ម៉ូតូ​នៅ​លើ​ផ្លូវ​វេងស្រេង ត្រង់​ចំណុច​ផ្សារ​អ៊ីខាង ខាង​លិច​លូ៥​សង្កាត់ស្ទឹង​មានជ័យ កាល​ពី​វេលា​ម៉ោង​៤ល្ងាច កាល​ពី​ថ្ងៃ​ទី១៣ ខែឧសភា។ លោក​បន្ថែម​ថា ជនដៃដល់​ទាំងនោះ​បាន​ហូត​ដែក​រលាស់​វាយដំ​ក្បាល​និង​ដៃ​របស់​លោក​បណ្តាល​ឱ្យ​រង​របួស​ដៃ​ខាងឆ្វេង។ លោក​ឱ្យ​ដឹង​ថា អំពើ​ហិង្សា​នេះ​កើត​ឡើង បន្ទាប់​ពី​លោក​ត្រឡប់​ពី​ឃ្លាំមើល​ថ្នាក់​ដឹកនាំ​គណបក្ស​ដាក់​ឯកសារ​បន្ថែម​ទៅ​គ.ជ.ប។

    លោក ឃុន ស៊ីថា៖ «ស្មារតី​របស់​ខ្ញុំ​នៅតែ​រឹងមាំ​ដដែល ប៉ុន្តែ​ខ្ញុំ​ឈឺចាប់​ដែល​ខ្មែរ​គ្នាឯង​ហេតុ​អ្វី​មក​ធ្វើ​បាប​ខ្មែរ​គ្នា​ឯង​ស្លូត​ត្រង់ អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ ហេតុ​អ្វី​អ្នក​ដែល​បំផ្លាញ​សង្គម​មិន​ទៅ​ធ្វើ​បាប ខ្ញុំ​អត់​តក់​ស្លុត​ទេ អនាគត​ប្រទេស​របស់ខ្ញុំ ហើយ​ខ្ញុំ​អត់​ចុះ​ចាញ់​ទេ ខ្ញុំ​នៅ​តែ​បន្ត​សកម្មភាព​រហូត​ដល់​បក្ស​ទទួល​បាន​ជោគជ័យ»។

ឃុនស៊ីថា_របួស.jpg
 

មន្ត្រី​សន្តិសុខគណបក្សភ្លើងទៀន លោក ឃុន ស៊ីថា ដែលរងការ​ប្រើហិង្សាពីជនមិនស្គាល់មុខ កាលពីថ្ងៃទី១៣ ឧសភា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ



លោក ឃុន ស៊ីថា បន្ត​ថា​អ្វី​ដែល​លោក​ហួសចិត្ត​គឺ​មុន​ពេល​ជនល្មើស​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​នោះ ពួកគេ​បាន​បង្ហាញ​កាយ​វិការ​ឌឺដង ព្រមទាំង​ប៉ក់​ដៃ​ឱ្យ​លោក​ជិះម៉ូតូ​តាម​ចាប់​ថែម​ទៀត​ផង។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ថានភាព​របួស​របស់​លោក​ឡើង​ជាំហើម និង​ឈឺ​ចុកចាប់​ដែល​ត្រូវការ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ជីវភាព​គ្រួសារ​របស់​លោក​ខ្វះខាត​ស្រាប់។ លោក​ប្រាប់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ឆាប់ៗ​នេះ។

    លោក ឃុន ស៊ីថា៖ «អំពើ​ព្រៃផ្សៃ​ណាស់ គេ​ដើរ​អុកឡុក​មិន​ឱ្យ​យើង​ធ្វើ​សកម្មភាព​បាន​អ៊ីចឹង ខ្ញុំ​សោកស្តាយ​ណាស់ គាត់​ទៅ​ប្រើ​មនុស្ស​អ៊ីចឹងៗ​ធ្វើ​បាប​មនុស្ស​ទាន់​ខ្សោយ។ ខ្ញុំ​មិន​ដែល​ទៅ​ប៉ះ​ពាក្យ​សម្តី​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ទេ ពីព្រោះ​រាល់​ថ្ងៃ​នេះ​គោលដៅ​និង​ទឹកចិត្ត​របស់​ខ្ញុំ គឺ​ប្រទេស​ជាតិ គណបក្ស​ភ្លើងទៀន។ ដំបូង​ខ្ញុំ​ត្រូវ​ឱ្យ​អាជ្ញាធរ​ដែនដី​វែកមុខ​អនាមិក​ដើរ​វាយ​សកម្មជន​គណបក្ស​ភ្លើងទៀន»។

លោក ឃុន ស៊ីថា វ័យ៤៧ឆ្នាំ គឺ​ជា​អ្នកគាំទ្រ​ស្មោះស្មគ្រ​នឹង​គណបក្ស​ប្រឆាំង​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក។ បច្ចុប្បន្ន​លោក​ជា​មន្រ្តី​សន្តិសុខ​គណបក្សភ្លើងទៀន​ដោយ​តាម​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​នៅពេល​ចុះ​ទៅ​មូលដ្ឋាន និង​ចូលរួម​កម្ម​វិធី​ផ្សេងៗ។ក្រៅពីនេះ​លោក​តែង​ចូលរួម​សកម្មភាព​ទាមទារ​យុត្តិធម៌​ក្នុង​សង្គម​ជា​ហូរហែ។ លោក ឃុន ស៊ីថា បញ្ជាក់​ថា ក្រោយ​ពេល​លោក​ជួប​ហេតុការណ៍​បែបនេះ លោក និង​ក្រុមគ្រួសារ​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ប៉ុន្តែ​លោក​នឹង​មិន​បោះបង់​ការ​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​ឆ្លើយ​តប​រឿងនេះ​បានទេ​នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា។

ទោះយ៉ាងណា​កន្លងទៅ​ជន​រងគ្រោះ​តែងតែ​លើកឡើង​ថា សំណុំ​រឿង​ដែល​ប្ដឹងផ្ដល់​ដោយ​សកម្មជន​បក្សប្រឆាំង ឬ​សកម្មជន​សិទ្ធិមនុស្ស​រហូត​មកទល់​ពេល​នេះ គ្មាន​ករណី​ណាមួយ​ត្រូវ​បាន​អាជ្ញាធរ​បំបែក ឬ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​គួរឲ្យ​ទុកចិត្ត​បាន​នោះ​ទេ។ លើសពី​នេះ អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​បណ្ដោយ​ឲ្យ​សំណុំ​រឿង​ទាំងនោះ​អូសបន្លាយ​ពេលវេលា​រាប់ខែ​រាប់ឆ្នាំ​ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់។

ជុំវិញរឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា កត់ស្គាល់​ថា ករណី​ហិង្សា​វាយដំ​លើ​សកម្មជន​បក្ស​ប្រឆាំង​បាន​កើតឡើង​ក្នុង​ទម្រង់​ដដែលៗ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ លោកមើល​ឃើញ​ថា ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​កន្លងមក​ហាក់​មិន​ញញើត​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្លូវច្បាប់​អ្វី​ឡើយ។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ករណី​នេះ​ដោយ​ស៊ើបអង្កេត​រក​ជនដៃដល់ មក​ផ្តន្ទាទោស​តាម​ច្បាប់​ដើម្បី​ទប់ស្កាត់​អំពើ​និទណ្ឌភាព និង​បញ្ចៀស​ការរិះគន់​ពី​ជនរងគ្រោះ និង​មហាជន​ថា ទាក់ទិន​ការរើសអើង​និន្នាការ​នយោបាយ។

    លោក ស៊ឹង សែនករុណា៖ «បើ​យើង​ពិនិត្យ​មើល​អំពី​ច្បាប់​ដែល​មាន​ចែង ជន​ប្រព្រឹត្ត​ក៏​មាន អង្គហេតុ​កើតឡើង​ជា​បន្តបន្ទាប់ បែរ​ជា​អត់​មាន​ចំណាត់ការ អ៊ីចឹង​ជា​បញ្ហា​ធ្វើឱ្យ​សង្គម​យើង​អាច​មាន​អនាធិបតេយ្យ​លើ​ការប្រើប្រាស់​នូវ​អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ពួកគេ​ជា​ប្រជាពលរដ្ឋ​ត្រូវ​បាន​ច្បាប់​ការពារ​ពី​ការបៀតបៀន ពី​ការ​វាយដំ​លើ​រូបរាង​កាយ ទាំង​រដ្ឋធម្មនុញ្ញ​ក៏​បាន​ការពារ»។

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​សង្គម និង​គណបក្ស​នយោបាយ​ប្រមាណ ៥០នាក់​ហើយ ដែល​ត្រូវ​ជន​មិនស្គាល់មុខ​បង្ក​ហិង្សា​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ជន​រងគ្រោះ​ខ្លះ​បាន​ស្លាប់ និង​ធ្លាក់​ខ្លួន​ពិការ​អស់​មួយ​ជីវិត។ ករណី​ទាំងនោះ​ច្រើន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា គឺ​ជនដៃដល់​ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព​ព្រួត​វាយ ឬ​លួច​វាយ​ជនរងគ្រោះ​ពី​ក្រោយ​ខ្នង ឬ​ដេញ​ធាក់​ម៉ូតូផ្តួល ឬ​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ ហើយ​ភាគ​ច្រើន​បំផុត​អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្ដន្ទាទោស​នោះ​ទេ។ ជន​រងគ្រោះ​ខ្លះ​មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ តែ​ថែមទាំង​ត្រូវ​បាន​ជនល្មើស​លួច​វាយ​ប្រហារ​ផ្ទួនៗ​គ្នា​ពីរ​លើក ហើយ​អ្នក​ខ្លះទៀត ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ទៀត​ផង។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ខែ​មេសា​បាន​លើកឡើង​ថា ករណី​លួច​វាយប្រហារ​លើ​សមាជិក​គណបក្ស​ប្រឆាំង​កើត​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពេល​លោក ហ៊ុន សែន កាល​ពី​ខែមករា​គំរាម​ដេញ​វាយ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដល់​ទីស្នាក់ការ ឬ​ទៅ​វាយ​ដល់​ផ្ទះ​របស់​ពួកគេ។ អង្គការ​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ស៊ើបអង្កេត​និង​កាត់ទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​លួច​វាយប្រហារ​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​សមាជិក​គណបក្ស​ប្រឆាំង៕

1 comment:

Anonymous said...

Thank You peace for brutally harming innocent Khmer people.

Without thank you peace, this innocent person would have been dead.

Thank You Samdach PORNG Hun Sen for your brilliant works.