Wednesday, 17 May 2023

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ប្រកួតប្រជែង​ការ​បោះឆ្នោត


ដោយ មាន ឫទ្ធិ
2023.05.16
សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ប្រកួតប្រជែង​ការ​បោះឆ្នោត 

ក្បួនយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងអំឡុង​ពេល​ប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន


សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​ប្រទេស​និយម​លទ្ធិ​ប្រជាធិបតេយ្យ ថ្កោលទោស​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាង​មុខ​នេះ​បាន។ ប្រទេស​ខ្លះ​សង្កត់​ធ្ងន់​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មួយ​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នេះ មិនមែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ ពួកគេ​នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​នយោបាយ និង​សង្គម​ស៊ីវិល​ឡើងវិញ។

ការសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខនេះ កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ម្តង​ទៀត​របស់​សហគមន៍​អន្តរជាតិ។

ខុស​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម (SEA Games) ដែល​កម្ពុជា​កំពុង​មាន​មោទនភាព និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​អន្តរជាតិ​នោះ ការសម្រេច​របស់ គ.ជ.ប នា​ពេល​នេះ​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាក់មុខ​លើ​ឆាក​អន្តរជាតិ​វិញ។ ការ​បាក់​មុខ​នេះ ក៏​ព្រោះ​តែ​សហគមន៍​អន្តរជាតិ​នាំគ្នា​ថ្កោលទោស​ស្ទើរ​ជុំ​ទិស លុប​លើ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។



ចាប់​ផ្ដើម​ដោយ​ប្រទេស​អូស្ត្រាលី ដែល​ធ្លាប់​មាន​ប្រវត្តិ​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ១៩៩១ នៅ​កម្ពុជា។ អូស្ត្រាលី​ថា ខ្លួន​ព្រួយបារម្ភ​ជា​ខ្លាំង​ដែល​គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ប្រឆាំង​មិន​អាច​ចុះ​បញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ​នេះ​បាន។ អូស្ត្រាលី​បញ្ជាក់​ថា ខ្លួន​នៅតែ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ អូស្ត្រាលី​សង្កត់​ធ្ងន់​ថា ការណ៍​ដែល​គណបក្ស​ណាមួយ​មិន​អាច​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ និង​ថា លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​តម្រូវ​ឱ្យ​មាន​លំហ​នយោបាយ ច្បាប់ និង​ស្ថាប័ន​នានា​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ចូលរួម និង​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ថ្ងៃ​បោះឆ្នោត។

ក្រៅពី​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​របស់​អូស្ត្រាលី សហភាពអឺរ៉ុប​ដែល​សភា​របស់​ខ្លួន​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» (EBA) ទាំងស្រុង​ពី​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត​ខាងមុខ​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​ភាព​សេរី និង​យុត្តិធម៌​នោះ លើកឡើង​ថា ការ​បដិសេធ​របស់​ គ.ជ.ប មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ គឺជា​សញ្ញាណ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយទៀត​នៃ​ការ​រួញ​តូច​ទៅៗ នៃ​លំហ​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ខាងមុខនេះ។ សហភាព​អឺរ៉ុប​សង្កត់ធ្ងន់​ថា ខ្លួន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​សេចក្ដី​សម្រេច​ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​បោះឆ្នោត​របស់​កម្ពុជា។ សហភាព​អឺរ៉ុប​ហៅ​សេចក្ដី​សម្រេច​នេះ​ថា ជា​ការ​បន្ថែម​បន្ទុក​ទៅលើ​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​តែ​ត្រូវ​គេ​ដកហូត​នូវ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួកគេ។ សហភាព​អឺរ៉ុប​ពន្យល់​ថា ការបោះឆ្នោត​ប្រកប​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​តម្រូវ​ឱ្យ​មាន​ការប្រកួតប្រជែង​ដែល​មាន​ការ​បើក​ចំហ ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន ខណៈ​ពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​តំណាង​របស់​ពួកគេ​ដោយសេរី។

ដោយឡែក ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ឯណោះ​វិញ គឺលោក ដូមីនីក វីល្លៀមស៍ (Dominic Williams) ថ្លែង​ក្នុង​សារអេឡិចត្រូនិក (email) ប្រាប់​វិទ្យុអាស៊ីសេរី​ថា នេះគឺជា​ការវិវត្តន៍​ដ៏គួរឱ្យ​ខកចិត្ត​មួយ ដែល​ធ្វើឱ្យ​ទន់ខ្សោយ​ជម្រើស​ដែល​មាន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ជ្រើសរើស និង​ថា​ការសម្រេច​ចិត្ត​នេះ​ទំនងជា​ធ្វើឡើង​ផ្ទុយ​ពី​ការបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​នាពេល​ថ្មីៗនេះ អំពី​ស្ថានភាព​របស់​គណបក្ស​ភ្លើងទៀន​ដែលត្រូវ​បាន​ទទួលស្គាល់​ជា​គណបក្ស​នយោបាយ។ លោក ដូមីនីក វីល្លៀមស៍ ថា អង់គ្លេស​នឹង​បន្ត​តាមដាន​ដំណើរ​ប្តឹងទាស់​ទៅនឹង​សេចក្តីសម្រេច​របស់ គ.ជ.ប នេះ​ដោយ​យកចិត្តទុកដាក់។ លោក​សង្ឃឹម​ថា ការប្តឹងទាស់​នេះ​នឹង​បញ្ចប់​ទៅ​ជាមួយនឹង​ការសម្រេច​ដោយ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ងាក​មក​មើល​ប្រទេស​ជប៉ុន (Japan) វិញ ​ដែល​ប្រទេស​នេះ​កំពុង​មាន​ផលប្រយោជន៍​វិនិយោគ និង​អាជីវកម្ម​យ៉ាង​ច្រើន​នៅ​កម្ពុជា ជប៉ុន​ហាក់​បន្ទន់​ឥរិយាបថ​របស់​ខ្លួន។ ប្រទេស​នេះ​មិនបាន​ថ្កោលទោស​ចំណាត់​ការ​ចុងក្រោយ​របស់ គ.ជ.ប នោះ​ទេ។ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី១៦ ខែឧសភា​ថា ខ្លួន​សូម​មិន​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ទៅលើ​នយោបាយ​ក្នុង​ស្រុក​របស់​ប្រទេស​ដទៃ​ទេ។ ក៏ប៉ុន្តែ ស្ថានទូត​ថា ជប៉ុន​គិត​ថា វា​ជា​ការសំខាន់​ក្នុង​ការ​បង្ក​ឱ្យ​មាន​នូវ​បរិយាកាស​មួយ​ដែល​ប្រជាជន​អាច​បញ្ចេញ​គំនិត​ទស្សនៈ​ចម្រុះ​ដើម្បី​កសាង​នូវ​សង្គម​ប្រជាធិបតេយ្យ​ដ៏​ប្រសើរ​មួយ។ ស្ថានទូត​ថា ជប៉ុន​នឹង​បន្ត​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជុំវិញ​ស្ថានភាព​នៅ​កម្ពុជា និង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​ការវិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​នោះ​ក៏​រួមមាន​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​បញ្ជូន​សារ​អំពី​ទស្សនៈ​របស់​ជប៉ុន ព្រមទាំង​ប្ដេជ្ញា​បន្ត​កិច្ច​ពិគ្រោះ​យោបល់​នេះ​ជា​បន្ត​ទៀត។

ប្រតិកម្ម​ចុងក្រោយ​គឺ​ចេញ​មក​ពី​សហរដ្ឋអាមេរិក ដែល​តែងតែ​ចូលរួម​ចំណែក​ជួយ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកនាង ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី១៦ ឧសភា ថា ការ​សម្រេច​បដិសេធ​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​នេះ ក្រោម​ការចោទប្រកាន់​ថា​មិនបាន​ដាក់​ឯកសារ​ត្រឹមត្រូវ​នោះ ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ​នេះ។ អ្នកនាំពាក្យ​រូប​នេះ​ថា ការ​គំរាមកំហែង និង​ហេតុការណ៍​នៃ​ការ​យាយី​ដាក់​គោលដៅ​ទៅលើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គណបក្ស​ប្រឆាំង បាន​បង្អាក់​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​លំហ​នយោបាយ និង​សង្គម​ស៊ីវិល​ឡើងវិញ រួម​ទាំង​បញ្ឈប់​នូវ​ការ​យាយី​មក​លើ​គណបក្ស​ប្រឆាំង។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ​នេះ​នៅ​ឡើយ​ទេ។

ក្រសួង​ការបរទេស​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី១៦ ខែឧសភា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ការពារ​ចំណាត់ការ​របស់​ស្ថាប័ន គ.ជ.ប។ ក្រសួង​ការបរទេស​ផ្ដល់​អំណះអំណាង​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត «ពុំ​មាន​ការប្រព្រឹត្ត​ដោយឡែក​ពិសេស​ចំពោះ​គណបក្ស​នយោបាយ»​ណាមួយ​ឡើយ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ក្រសួង​ការបរទេស​បាន​បន្ទរ​សម្ដី​លោក ហ៊ុន សែន ថា ការ​មិន​អាច​ចុះបញ្ជី​ការចូលរួម​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​មួយ គឺ​ដោយសារ​តែ​គណបក្ស​នោះ​«មិន​យក​ចិត្ត​ទុកដាក់»​ចំពោះ​ច្បាប់ និង​បទប្បញ្ញត្តិ​បោះឆ្នោត ព្រមទាំង​សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប។ ក្រសួង​ការបរទេស​ថ្លែង​ការពារ​ថា អវត្តមាន​របស់​គណបក្ស​នយោបាយ​មួយ «ពុំបាន​ប៉ះពាល់» ដល់​ភាព​សេរី ពហុបក្ស និង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ ព្រោះ​អ្នកបោះឆ្នោត​នៅតែ​«អាច​ជ្រើសរើស​ដោយ​សេរី»​នូវ​គណបក្ស​នយោបាយ​មួយ​ក្នុង​ចំណោម​គណបក្ស​ប្រកួតប្រជែង​គ្នា​យ៉ាងតិច​ចំនួន១៨។ ទោះ​យ៉ាង​ណា​ក្ដី ក្រសួងការបរទេស​កម្ពុជា មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល គ.ជ.ប ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​​កាលពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក ក្រុង ខេត្ត-រាជធានី កន្លងទៅ​ឡើយ បើ​ទោះ​បី​ជា​កាលនោះ​គណបក្ស​នេះ​បាន​ប្រើប្រាស់​ឯកសារ​ដូចគ្នា​​ដាក់​ទៅ គ.ជ.ប ក៏ដោយ។

ជុំវិញ​ហេតុផល​នៃ​ការសម្រេច​របស់ គ.ជ.ប នេះ ការិយាល័យ​កិច្ចការ​បរទេស​របស់​សហព័ន្ធ​អាល្លឺម៉ង់ បាន​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធឺរ (Twitter) របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី១៦ ឧសភា ថា ការ​សម្រេច​ចិត្ត​របស់ គ.ជ.ប កម្ពុជា​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត គឺ​ធ្វើឡើង​ផ្ទុយ​ពី​គោលការណ៍​ពហុបក្ស និង​ប្រជាធិបតេយ្យ។ អាល្លឺម៉ង់​រិះគន់​ថា ហេតុផល​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​ចំពោះ​ការ​សម្រេចចិត្ត​នេះ មិន​អាច​ធ្វើ​ឱ្យ​គេ​ជឿជាក់​បាន​ឡើយ។ អាល្លឺម៉ង់ សង្ឃឹមថា ដំណើរការ​តវ៉ា​តាមផ្លូវច្បាប់​ជុំវិញ​រឿង​នេះ នឹង​ត្រូវ​បាន​គេ​គោរព និង​ថា នឹង​មាន​ការ​កែប្រែ​ការសម្រេចចិត្ត​នេះ​ឡើងវិញ។

ក្រៅពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ អង្គការ​ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏​បាន​ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បន្ត​ធ្វើ​ឱ្យ​ទន់​ខ្សោយ និង​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ខែកក្កដា​ខាង​មុខ​នេះ​បាន។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ APHR និង​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក កាសិត ភីរម្យ (Kasit Piromya) ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា របប​លោក ហ៊ុន សែន ជា​ថ្មី​ម្ដង​ទៀត កំពុង​បង្ហាញ​នូវ​ការ​មើលងាយ​ទាំងស្រុង​ចំពោះ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ លោក​ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​ឱ្យ​ពិភពលោក​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខែកក្កដា​ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​នូវ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រារាំង​គូប្រជែង​របស់​ខ្លួន ហើយ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការធានា​ឱ្យ​មាន​នូវ​លំហ​សម្រាប់​គ្រប់​ភាគី​ចូលរួម។ លោក កាសិត ភិរម្យ សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ទំនង​ជា​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាស្ថាពរ។ លោក​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​រារាំង​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត នោះ​សហគមន៍​អន្តរជាតិ​ត្រូវតែ​បដិសេធ​មិន​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី ដែល​អះអាង​ថា កើត​ចេញ​មក​ពី​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​ ដែល​តាមការពិត​លោក​ថា ជា​ការ​បោះ​ឆ្នោត «ក្លែងក្លាយ»៕

1 comment:

Anonymous said...

Samdach Pouk Hun Sen has transformed himself into Samdach PORNG Hun Sen after he excluded the Candle Light Party of this July upcoming election.

This scumbag Hun Sen is so cheap. He must stop barking that he would stay in power as long as Khmer people vote for him. Actually, Khmer people has never voted for him since 1993. He has been holding on to power through rigged election.