ដោយ មាន ឫទ្ធិ
2023.05.16
ក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងអំឡុងពេលប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
សហគមន៍អន្តរជាតិជាពិសេសក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ ថ្កោលទោសការមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងធំជាងគេ គឺ គណបក្សភ្លើងទៀន អាចចូលរួមឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះបាន។ ប្រទេសខ្លះសង្កត់ធ្ងន់ថា ការមិនអនុញ្ញាតឱ្យគណបក្សណាមួយចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតខាងមុខនេះ មិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ ពួកគេនៅតែបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ និងសង្គមស៊ីវិលឡើងវិញ។
ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ កំពុងធ្វើឱ្យកម្ពុជាក្លាយជាចំណាប់អារម្មណ៍ម្តងទៀតរបស់សហគមន៍អន្តរជាតិ។
ខុសពីព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) ដែលកម្ពុជាកំពុងមានមោទនភាព និងទទួលបានការកោតសរសើរពីអន្តរជាតិនោះ ការសម្រេចរបស់ គ.ជ.ប នាពេលនេះកំពុងធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បាក់មុខលើឆាកអន្តរជាតិវិញ។ ការបាក់មុខនេះ ក៏ព្រោះតែសហគមន៍អន្តរជាតិនាំគ្នាថ្កោលទោសស្ទើរជុំទិស លុបលើព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
ចាប់ផ្ដើមដោយប្រទេសអូស្ត្រាលី ដែលធ្លាប់មានប្រវត្តិជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ នៅកម្ពុជា។ អូស្ត្រាលីថា ខ្លួនព្រួយបារម្ភជាខ្លាំងដែលគណបក្សភ្លើងទៀនជាគណបក្សប្រឆាំងមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះបាន។ អូស្ត្រាលីបញ្ជាក់ថា ខ្លួននៅតែគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។ អូស្ត្រាលីសង្កត់ធ្ងន់ថា ការណ៍ដែលគណបក្សណាមួយមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោត មិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ និងថា លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សតម្រូវឱ្យមានលំហនយោបាយ ច្បាប់ និងស្ថាប័ននានាដែលអនុញ្ញាតឱ្យគណបក្សនយោបាយផ្សេងៗចូលរួម និងប្រកួតប្រជែងដោយយុត្តិធម៌នៅថ្ងៃបោះឆ្នោត។
ក្រៅពីក្ដីព្រួយបារម្ភជាខ្លាំងរបស់អូស្ត្រាលី សហភាពអឺរ៉ុបដែលសភារបស់ខ្លួនបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតខាងមុខប្រព្រឹត្តិទៅដោយគ្មានភាពសេរី និងយុត្តិធម៌នោះ លើកឡើងថា ការបដិសេធរបស់ គ.ជ.ប មិនចុះបញ្ជីឱ្យគណបក្សភ្លើងទៀន គឺជាសញ្ញាណដ៏គួរឱ្យព្រួយបារម្ភមួយទៀតនៃការរួញតូចទៅៗ នៃលំហសម្រាប់គណបក្សនយោបាយក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ សហភាពអឺរ៉ុបសង្កត់ធ្ងន់ថា ខ្លួនជំទាស់យ៉ាងខ្លាំងទៅនឹងសេចក្ដីសម្រេចដែលធ្វើឡើងដោយអាជ្ញាធរបោះឆ្នោតរបស់កម្ពុជា។ សហភាពអឺរ៉ុបហៅសេចក្ដីសម្រេចនេះថា ជាការបន្ថែមបន្ទុកទៅលើពលរដ្ឋកម្ពុជាដែលកំពុងតែត្រូវគេដកហូតនូវសិទ្ធិក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។ សហភាពអឺរ៉ុបពន្យល់ថា ការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យតម្រូវឱ្យមានការប្រកួតប្រជែងដែលមានការបើកចំហ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគួរឱ្យជឿទុកចិត្តបាន ខណៈពលរដ្ឋត្រូវបានអនុញ្ញាតឱ្យជ្រើសរើសតំណាងរបស់ពួកគេដោយសេរី។
ដោយឡែក ឯកអគ្គរាជទូតចក្រភពអង់គ្លេសឯណោះវិញ គឺលោក ដូមីនីក វីល្លៀមស៍ (Dominic Williams) ថ្លែងក្នុងសារអេឡិចត្រូនិក (email) ប្រាប់វិទ្យុអាស៊ីសេរីថា នេះគឺជាការវិវត្តន៍ដ៏គួរឱ្យខកចិត្តមួយ ដែលធ្វើឱ្យទន់ខ្សោយជម្រើសដែលមានសម្រាប់ប្រជាជនកម្ពុជាក្នុងការជ្រើសរើស និងថាការសម្រេចចិត្តនេះទំនងជាធ្វើឡើងផ្ទុយពីការបញ្ជាក់របស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ អំពីស្ថានភាពរបស់គណបក្សភ្លើងទៀនដែលត្រូវបានទទួលស្គាល់ជាគណបក្សនយោបាយ។ លោក ដូមីនីក វីល្លៀមស៍ ថា អង់គ្លេសនឹងបន្តតាមដានដំណើរប្តឹងទាស់ទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប នេះដោយយកចិត្តទុកដាក់។ លោកសង្ឃឹមថា ការប្តឹងទាស់នេះនឹងបញ្ចប់ទៅជាមួយនឹងការសម្រេចដោយឈរលើស្មារតីនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ងាកមកមើលប្រទេសជប៉ុន (Japan) វិញ ដែលប្រទេសនេះកំពុងមានផលប្រយោជន៍វិនិយោគ និងអាជីវកម្មយ៉ាងច្រើននៅកម្ពុជា ជប៉ុនហាក់បន្ទន់ឥរិយាបថរបស់ខ្លួន។ ប្រទេសនេះមិនបានថ្កោលទោសចំណាត់ការចុងក្រោយរបស់ គ.ជ.ប នោះទេ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក នៅថ្ងៃទី១៦ ខែឧសភាថា ខ្លួនសូមមិនអត្ថាធិប្បាយដោយផ្ទាល់ទៅលើនយោបាយក្នុងស្រុករបស់ប្រទេសដទៃទេ។ ក៏ប៉ុន្តែ ស្ថានទូតថា ជប៉ុនគិតថា វាជាការសំខាន់ក្នុងការបង្កឱ្យមាននូវបរិយាកាសមួយដែលប្រជាជនអាចបញ្ចេញគំនិតទស្សនៈចម្រុះដើម្បីកសាងនូវសង្គមប្រជាធិបតេយ្យដ៏ប្រសើរមួយ។ ស្ថានទូតថា ជប៉ុននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញស្ថានភាពនៅកម្ពុជា និងថា រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្ដូរទស្សនៈអំពីការវិវត្តន៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងនោះក៏រួមមានរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជូនសារអំពីទស្សនៈរបស់ជប៉ុន ព្រមទាំងប្ដេជ្ញាបន្តកិច្ចពិគ្រោះយោបល់នេះជាបន្តទៀត។
ប្រតិកម្មចុងក្រោយគឺចេញមកពីសហរដ្ឋអាមេរិក ដែលតែងតែចូលរួមចំណែកជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកនាង ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃទី១៦ ឧសភា ថា ការសម្រេចបដិសេធមិនចុះបញ្ជីឱ្យគណបក្សភ្លើងទៀនអាចឈរឈ្មោះបោះឆ្នោតនេះ ក្រោមការចោទប្រកាន់ថាមិនបានដាក់ឯកសារត្រឹមត្រូវនោះ ធ្វើឱ្យទន់ខ្សោយដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ។ អ្នកនាំពាក្យរូបនេះថា ការគំរាមកំហែង និងហេតុការណ៍នៃការយាយីដាក់គោលដៅទៅលើសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សប្រឆាំង បានបង្អាក់សិទ្ធិរបស់ប្រជាជនកម្ពុជាក្នុងការចូលរួមនៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សហរដ្ឋអាមេរិកជំរុញឱ្យអាជ្ញាធរកម្ពុជាបើកលំហនយោបាយ និងសង្គមស៊ីវិលឡើងវិញ រួមទាំងបញ្ឈប់នូវការយាយីមកលើគណបក្សប្រឆាំង។
គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្មជុំវិញការថ្កោលទោសរបស់សហគមន៍អន្តរជាតិនេះនៅឡើយទេ។
ក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែឧសភា បានចេញសេចក្ដីថ្លែងការណ៍ការពារចំណាត់ការរបស់ស្ថាប័ន គ.ជ.ប។ ក្រសួងការបរទេសផ្ដល់អំណះអំណាងថា ស្ថាប័នរៀបចំការបោះឆ្នោត «ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយ»ណាមួយឡើយ។ ដោយមិននិយាយចំឈ្មោះគណបក្សភ្លើងទៀន ក្រសួងការបរទេសបានបន្ទរសម្ដីលោក ហ៊ុន សែន ថា ការមិនអាចចុះបញ្ជីការចូលរួមបោះឆ្នោតរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះ«មិនយកចិត្តទុកដាក់»ចំពោះច្បាប់ និងបទប្បញ្ញត្តិបោះឆ្នោត ព្រមទាំងសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។ ក្រសួងការបរទេសថ្លែងការពារថា អវត្តមានរបស់គណបក្សនយោបាយមួយ «ពុំបានប៉ះពាល់» ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែ«អាចជ្រើសរើសដោយសេរី»នូវគណបក្សនយោបាយមួយក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន១៨។ ទោះយ៉ាងណាក្ដី ក្រសួងការបរទេសកម្ពុជា មិនបានពន្យល់ពីមូលហេតុដែល គ.ជ.ប ធ្លាប់បានអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត-រាជធានី កន្លងទៅឡើយ បើទោះបីជាកាលនោះគណបក្សនេះបានប្រើប្រាស់ឯកសារដូចគ្នាដាក់ទៅ គ.ជ.ប ក៏ដោយ។
ជុំវិញហេតុផលនៃការសម្រេចរបស់ គ.ជ.ប នេះ ការិយាល័យកិច្ចការបរទេសរបស់សហព័ន្ធអាល្លឺម៉ង់ បានសរសេរនៅលើទំព័រទ្វីតធឺរ (Twitter) របស់ខ្លួនកាលពីយប់ថ្ងៃទី១៦ ឧសភា ថា ការសម្រេចចិត្តរបស់ គ.ជ.ប កម្ពុជាមិនឱ្យគណបក្សភ្លើងទៀនចូលរួមឈរឈ្មោះបោះឆ្នោត គឺធ្វើឡើងផ្ទុយពីគោលការណ៍ពហុបក្ស និងប្រជាធិបតេយ្យ។ អាល្លឺម៉ង់រិះគន់ថា ហេតុផលដែលត្រូវបានផ្ដល់ឱ្យចំពោះការសម្រេចចិត្តនេះ មិនអាចធ្វើឱ្យគេជឿជាក់បានឡើយ។ អាល្លឺម៉ង់ សង្ឃឹមថា ដំណើរការតវ៉ាតាមផ្លូវច្បាប់ជុំវិញរឿងនេះ នឹងត្រូវបានគេគោរព និងថា នឹងមានការកែប្រែការសម្រេចចិត្តនេះឡើងវិញ។
ក្រៅពីក្រុមប្រទេសនិយមប្រជាធិបតេយ្យ អង្គការក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានប្រកាសថ្កោលទោសរដ្ឋាភិបាលកម្ពុជាចំពោះការបន្តធ្វើឱ្យទន់ខ្សោយ និងរារាំងគណបក្សប្រឆាំងមិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតខែកក្កដាខាងមុខនេះបាន។ ប្រធានគណៈកម្មាធិការនាយកនៃអង្គការ APHR និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក កាសិត ភីរម្យ (Kasit Piromya) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា របបលោក ហ៊ុន សែន ជាថ្មីម្ដងទៀត កំពុងបង្ហាញនូវការមើលងាយទាំងស្រុងចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមិនមានឆន្ទៈក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។ លោកព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់ឱ្យពិភពលោកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខែកក្កដាខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់នូវរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរារាំងគូប្រជែងរបស់ខ្លួន ហើយត្រូវជំនួសមកវិញដោយការធានាឱ្យមាននូវលំហសម្រាប់គ្រប់ភាគីចូលរួម។ លោក កាសិត ភិរម្យ សង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ទំនងជាប្ដេជ្ញាចិត្តក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាស្ថាពរ។ លោកថា ប្រសិនបើរបបលោក ហ៊ុន សែន នៅតែបន្តរារាំងគណបក្សប្រឆាំងមិនឱ្យចូលរួមការបោះឆ្នោត នោះសហគមន៍អន្តរជាតិត្រូវតែបដិសេធមិនផ្ដល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មី ដែលអះអាងថា កើតចេញមកពីអាណត្តិនៃការបោះឆ្នោត ដែលតាមការពិតលោកថា ជាការបោះឆ្នោត «ក្លែងក្លាយ»៕
1 comment:
Samdach Pouk Hun Sen has transformed himself into Samdach PORNG Hun Sen after he excluded the Candle Light Party of this July upcoming election.
This scumbag Hun Sen is so cheap. He must stop barking that he would stay in power as long as Khmer people vote for him. Actually, Khmer people has never voted for him since 1993. He has been holding on to power through rigged election.
Post a Comment