Monday, 22 May 2023

គ.ជ.ប​ថា ខ្លួន​មិនអាច​ឆ្លើយ​ពី​មូលហេតុ​ដែល​ភ្លើងទៀន​​មិន​អាច​ចូលរួម​បោះឆ្នោត​ជាតិ ទោះ​បាន​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់


ដោយ ជីវិតា
2023.05.22
គ.ជ.ប​ថា ខ្លួន​មិនអាច​ឆ្លើយ​ពី​មូលហេតុ​ដែល​ភ្លើងទៀន​​មិន​អាច​ចូលរួម​បោះឆ្នោត​ជាតិ ទោះ​បាន​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់  
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ជា​អ្នកនាំពាក្យ​លោក ឌឹម សុវណ្ណារុំ។
រូប៖ ហ្វេសប៊ុកគ.ជ.ប
 

មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​..ប​មិន​អាច​បកស្រាយ​ចម្ងល់​ថា តើ​ហេតុអ្វី​កាលពី​ឆ្នាំ​២០២២ គ..ប​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣​នេះ បែរ​ជា​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការបោះឆ្នោត​តំណាងរាស្ត្រ បើទោះ​ជា​គណបក្សប្រឆាំង​មួយ​នេះ បាន​ប្រើប្រាស់​ទម្រង់​ឯកសារ​តែមួយ​ក្នុង​ការ​ចុះឈ្មោះ​ទៅ​គ..ប ក្ដី។ មន្ត្រី​គណបក្ស​ភ្លើងទៀន​ថា ការសម្រេច​របស់​គ..ប​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ក្រពុលមុខ​នឹង​ការរិះគន់ ពី​បណ្ដា​អង្គការ​អន្តរជាតិ​និង​ក្រុម​ប្រទេស​លោក​សេរី បន្ទាប់ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ មិន​ទទួល​ស្គាល់​ឯកសារ​ស្នើសុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ របស់​គណបក្ស​ភ្លើងទៀន​។ គ..ប​សំអាង​ថា ការ​មិន​ទទួល​ស្គាល់​នេះ ដោយសារ​គណបក្ស​ភ្លើងទៀន​ពុំ​បាន​ដាក់​ឯកសារ​គ្រប់​តាម​លក្ខខណ្ឌ ប៉ុន្តែ​មន្ត្រី​គណបក្ស​ភ្លើងទៀន​បញ្ជាក់​ថា ឯកសារ​ទាំងនោះ គឺ​គ..ប ធ្លាប់​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។

 

សមាជិក​និង​ជា​អ្នកនាំពាក្យ​គ..ប លោក ឌឹម សុវណ្ណារុំ ថ្លែង​ថា ជុំវិញ​ចម្ងល់​នេះ គឺ គ​.​ជ​.​ប មិនអាច​ឆ្លើយ​បញ្ជាក់​តែឯង​បានទេ ហើយក៏​មិន​អាច​ឆ្លើយ​ជំនួស​ឲ្យ​ស្ថាប័ន​ដទៃ​នោះ​ដែរ​។ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា គណបក្ស​ភ្លើងទៀន ស្ថិត​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​។ លោក​លើកឡើង​បែបនេះ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) កាលពី​ថ្ងៃទី​២០ ឧសភា។

លោក ឌឹម សុវណ្ណារុំ​៖ «រឿង​ខ្លះ គ​.​ជ​.​ប មិនអាច​ឆ្លើយ​តែឯង​បានទេ រឿង​ខ្លះ គ​.​ជ​.​ប ក៏​មិនអាច​ឆ្លើយ​ជំនួស​បាន​ដែរ​។ ប្អូន​និយាយ​ពាក់ព័ន្ធ​នឹង​គណបក្ស​ភ្លើងទៀន​។ យើង​គិត​មើល វា​មាន​ឯកសារ​ជាច្រើន ហើយ​ជាថ្មី​ម្ដងទៀត គ​.​ជ​.​ប​ធ្វើ​កិច្ចការ​ច្រើនណាស់​។ អ៊ីចឹង​! ការពិនិត្យ​ហ្នឹង​មាន​លំដាប់លំដោយ មាន​ពេលវេលា​ក្នុង​ការ​ធ្វើ»

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ឌឹម សុវណ្ណារុំ និង​អ្នកនាំពាក្យ គ..ប ម្នាក់​ទៀត គឺ​លោក ហង្ស ពុទ្ធា រួម​ទាំង​អគ្គលេខាធិការ​គ..ប លោក ទេព នីថា ឬ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃទី​២១ ឧសភា នេះ។

សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ដែល​ចុះហត្ថលេខា​ដោយ​លោក ប្រាជ្ញ ច័ន្ទ ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់​ថា ការ​បដិសេធ​ការចុះបញ្ជី​របស់​គណបក្ស​ភ្លើងទៀន ដោយសារ​គណបក្ស​នេះ មិនបាន​ភ្ជាប់​ប្រកាស​ស្ដីពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​កថាខណ្ឌ​ទី​២ និង​ចំណុច​ទី​១ ក្នុង​មាត្រា​២៧​នៃ​ច្បាប់​ស្ដីពី​ការ​​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

ប៉ុន្តែ​ជាក់ស្ដែង ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៥ មាត្រា​២៧​ត្រង់​កថាខណ្ឌ​ទី​២ និង​ចំណុច​ទី​១ ដែល គ​.​ជ​.​ប លើក​យក​មក​អះអាង​នេះ ពុំ​បាន​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​យក​សេចក្ដីចម្លង​លិខិតបញ្ជាក់​ការចុះបញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ ទៅ​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឡើយ​។ លើស​ពី​នេះ លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០២៣​នេះ ក៏បាន​ទទួលស្គាល់​គណបក្ស​ភ្លើងទៀន​ដោយ​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ជា​គណបក្ស​ស្រប​ច្បាប់​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​ទៀត​ផង។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក លោក គីមសួរ ភីរិទ្ធ លើកឡើង​ថា បើ​ផ្អែក​តាមផ្លូវ​ច្បាប់ គណបក្ស​ភ្លើងទៀន​បាន​បំពេញ​ដោយ​គ្មាន​ភាព​ខ្វះ​ចន្លោះ​ឡើយ ប៉ុន្តែ​រឿង​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ច្រើនជាង​។ គណបក្ស​ភ្លើងទៀន​បាន​ដាក់​ឯកសារ​ប្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១៩ ឧសភា ដើម្បី​តវ៉ា​ជុំវិញ​ការសម្រេច​របស់​គ..ប ដែល​មិន​ចុះបញ្ជី​គណបក្ស សម្រាប់​ការ​ប្រកួត​បោះឆ្នោត​ខាងមុខ ខណៈ​ស្ថាប័ន​នេះ​មាន​ពេល​១០​ថ្ងៃ ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​បណ្ដឹង​នោះ​។ លោក​បន្ថែម​ថា គណបក្ស​ភ្លើងទៀន បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ កោះហៅ​តំណាង​ក្រសួង​មហាផ្ទៃ និង​គ..ប ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ។

លោក គីមសួរ ភីរិទ្ធ៖ «ពីព្រោះ​ក្នុង​ច្បាប់ ក្រសួង​មហាផ្ទៃ ដែល​ជា​ម៉ែ​ជា​ឪ ទទួលស្គាល់​ថា គណបក្ស​ភ្លើងទៀន ពិត​ជា​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ស្រប​តាម​ច្បាប់​ហើយ អ៊ីចឹង កាល​ណា​វា​អ៊ីចឹង យើង​អាច​ចូលរួម​ប្រកួត​បាន​ហើយ។ ប៉ុន្តែ​រឿង​នេះ យើង​នឹង​សុំ​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញ​ទាំង​(​មន្ត្រី​)​ក្រសួង​មហាផ្ទៃ និង​គ..ប ទៅ​បំភ្លឺ​ម្ដង​ទៀត​ជុំវិញ​បញ្ហា​នេះ»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា ការ​បដិសេធ​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២៣ ស្របពេល​គណបក្ស​នេះ ប្រើប្រាស់​ទម្រង់​ឯកសារ​តែមួយ​ដែល​ធ្លាប់​ស្នើសុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០២២​នោះ គឺ​គ..ប គួរតែ​បកស្រាយ​ឱ្យ​បាន​ច្បាស់​។ លោក​បន្ត​ថា បទបញ្ជា​ឬ​សេចក្ដីណែនាំ​របស់​ក្រសួង​ស្ថាប័ន មិន​អាច​ធំ​ជាង​ច្បាប់​ដែល​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ដោយ​រដ្ឋសភា​ឡើយ។

លោក សំ គន្ធាមី៖ «សេចក្ដីណែនាំ បទបញ្ជា​នីតិវិធី មិនអាច​ប្រឆាំង​នឹង​ច្បាប់​បាន ច្បាប់​វា​ធំ​ជាង ច្បាប់​អនុម័ត​ដោយ​រដ្ឋសភា។ បទបញ្ជា​នីតិវិធី (​អនុម័ត​) តាម​ក្រសួង​ស្ថាប័ន»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ការ​រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាង​មុន​នេះ ដោយសារតែ​គណបក្ស​នេះ បាន​ក្លាយជា​គណបក្សប្រឆាំង​ដ៏​ធំ ដែល​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ័យខ្លាច​ចាញ់​ការបោះឆ្នោត​។ ចំណែក​បណ្ដា​ប្រទេស​លោក​សេរី រួមមាន ស្ថានទូត​បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម បាន​ប្រតិកម្ម​ជុំវិញ​ការសម្រេច​របស់ គ​.​ជ​.​ប នេះ និង​ទាមទារ​ឲ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ ក្នុង​នោះ ស្ថានទូត​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា គណបក្ស​មួយ​ដែល​មិនអាច​ចុះបញ្ជី​ចូលរួម​ការ​បោះឆ្នោត​បាន នោះ​មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ៕

1 comment:

Anonymous said...

Kor Chor Bor = Kong Chorp Bork