2023.05.22
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បមិនអាចបកស្រាយចម្ងល់ថា តើហេតុអ្វីកាលពីឆ្នាំ២០២២ គ.ជ.បអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឃុំសង្កាត់ ប៉ុន្តែនៅឆ្នាំ២០២៣នេះ បែរជាមិនអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតតំណាងរាស្ត្រ បើទោះជាគណបក្សប្រឆាំងមួយនេះ បានប្រើប្រាស់ទម្រង់ឯកសារតែមួយក្នុងការចុះឈ្មោះទៅគ.ជ.ប ក្ដី។ មន្ត្រីគណបក្សភ្លើងទៀនថា ការសម្រេចរបស់គ.ជ.បផ្ទុយពីច្បាប់បោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងក្រពុលមុខនឹងការរិះគន់ ពីបណ្ដាអង្គការអន្តរជាតិនិងក្រុមប្រទេសលោកសេរី បន្ទាប់ពីស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ មិនទទួលស្គាល់ឯកសារស្នើសុំចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខ របស់គណបក្សភ្លើងទៀន។ គ.ជ.បសំអាងថា ការមិនទទួលស្គាល់នេះ ដោយសារគណបក្សភ្លើងទៀនពុំបានដាក់ឯកសារគ្រប់តាមលក្ខខណ្ឌ ប៉ុន្តែមន្ត្រីគណបក្សភ្លើងទៀនបញ្ជាក់ថា ឯកសារទាំងនោះ គឺគ.ជ.ប ធ្លាប់ទទួលស្គាល់ និងអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។
សមាជិកនិងជាអ្នកនាំពាក្យគ.ជ.ប លោក ឌឹម សុវណ្ណារុំ ថ្លែងថា ជុំវិញចម្ងល់នេះ គឺ គ.ជ.ប មិនអាចឆ្លើយបញ្ជាក់តែឯងបានទេ ហើយក៏មិនអាចឆ្លើយជំនួសឲ្យស្ថាប័នដទៃនោះដែរ។ ប៉ុន្តែលោកទទួលស្គាល់ថា គណបក្សភ្លើងទៀន ស្ថិតក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ លោកលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) កាលពីថ្ងៃទី២០ ឧសភា។
លោក ឌឹម សុវណ្ណារុំ៖ «រឿងខ្លះ គ.ជ.ប មិនអាចឆ្លើយតែឯងបានទេ រឿងខ្លះ គ.ជ.ប ក៏មិនអាចឆ្លើយជំនួសបានដែរ។ ប្អូននិយាយពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន។ យើងគិតមើល វាមានឯកសារជាច្រើន ហើយជាថ្មីម្ដងទៀត គ.ជ.បធ្វើកិច្ចការច្រើនណាស់។ អ៊ីចឹង! ការពិនិត្យហ្នឹងមានលំដាប់លំដោយ មានពេលវេលាក្នុងការធ្វើ»។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឌឹម សុវណ្ណារុំ និងអ្នកនាំពាក្យ គ.ជ.ប ម្នាក់ទៀត គឺលោក ហង្ស ពុទ្ធា រួមទាំងអគ្គលេខាធិការគ.ជ.ប លោក ទេព នីថា ឬអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី២១ ឧសភា នេះ។
សេចក្ដីសម្រេចកាលពីថ្ងៃទី១៥ ឧសភា ដែលចុះហត្ថលេខាដោយលោក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ការបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយសារគណបក្សនេះ មិនបានភ្ជាប់ប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ប៉ុន្តែជាក់ស្ដែង ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៥ មាត្រា២៧ត្រង់កថាខណ្ឌទី២ និងចំណុចទី១ ដែល គ.ជ.ប លើកយកមកអះអាងនេះ ពុំបានតម្រូវឱ្យគណបក្សនយោបាយយកសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទៅបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឡើយ។ លើសពីនេះ លិខិតរបស់ក្រសួងមហាផ្ទៃចុះកាលបរិច្ឆេទថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣នេះ ក៏បានទទួលស្គាល់គណបក្សភ្លើងទៀនដោយបញ្ជាក់ថា គណបក្សប្រឆាំងមួយនេះ ជាគណបក្សស្របច្បាប់ចុះបញ្ជីជាមួយក្រសួងមហាផ្ទៃទៀតផង។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក លោក គីមសួរ ភីរិទ្ធ លើកឡើងថា បើផ្អែកតាមផ្លូវច្បាប់ គណបក្សភ្លើងទៀនបានបំពេញដោយគ្មានភាពខ្វះចន្លោះឡើយ ប៉ុន្តែរឿងនេះ គឺជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយច្រើនជាង។ គណបក្សភ្លើងទៀនបានដាក់ឯកសារប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ ឧសភា ដើម្បីតវ៉ាជុំវិញការសម្រេចរបស់គ.ជ.ប ដែលមិនចុះបញ្ជីគណបក្ស សម្រាប់ការប្រកួតបោះឆ្នោតខាងមុខ ខណៈស្ថាប័ននេះមានពេល១០ថ្ងៃ ដើម្បីពិនិត្យនិងសម្រេចលើបណ្ដឹងនោះ។ លោកបន្ថែមថា គណបក្សភ្លើងទៀន បានស្នើឱ្យក្រុមប្រឹក្សាធម្មនុញ្ញ កោះហៅតំណាងក្រសួងមហាផ្ទៃ និងគ.ជ.ប ឆ្លើយបំភ្លឺជុំវិញបញ្ហានេះ។
លោក គីមសួរ ភីរិទ្ធ៖ «ពីព្រោះក្នុងច្បាប់ ក្រសួងមហាផ្ទៃ ដែលជាម៉ែជាឪ ទទួលស្គាល់ថា គណបក្សភ្លើងទៀន ពិតជាបានចុះបញ្ជីគណបក្សនយោបាយស្របតាមច្បាប់ហើយ អ៊ីចឹង កាលណាវាអ៊ីចឹង យើងអាចចូលរួមប្រកួតបានហើយ។ ប៉ុន្តែរឿងនេះ យើងនឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញទាំង(មន្ត្រី)ក្រសួងមហាផ្ទៃ និងគ.ជ.ប ទៅបំភ្លឺម្ដងទៀតជុំវិញបញ្ហានេះ»។
ចំណែកនាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី យល់ឃើញថា ការបដិសេធមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឆ្នាំ២០២៣ ស្របពេលគណបក្សនេះ ប្រើប្រាស់ទម្រង់ឯកសារតែមួយដែលធ្លាប់ស្នើសុំចុះបញ្ជីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២នោះ គឺគ.ជ.ប គួរតែបកស្រាយឱ្យបានច្បាស់។ លោកបន្តថា បទបញ្ជាឬសេចក្ដីណែនាំរបស់ក្រសួងស្ថាប័ន មិនអាចធំជាងច្បាប់ដែលបានអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋសភាឡើយ។
លោក សំ គន្ធាមី៖ «សេចក្ដីណែនាំ បទបញ្ជានីតិវិធី មិនអាចប្រឆាំងនឹងច្បាប់បាន ច្បាប់វាធំជាង ច្បាប់អនុម័តដោយរដ្ឋសភា។ បទបញ្ជានីតិវិធី (អនុម័ត) តាមក្រសួងស្ថាប័ន»។
អ្នកតាមដានស្ថានការណ៍នយោបាយយល់ឃើញថា ការរារាំងមិនឲ្យគណបក្សភ្លើងទៀន ចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុននេះ ដោយសារតែគណបក្សនេះ បានក្លាយជាគណបក្សប្រឆាំងដ៏ធំ ដែលធ្វើឱ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ័យខ្លាចចាញ់ការបោះឆ្នោត។ ចំណែកបណ្ដាប្រទេសលោកសេរី រួមមាន ស្ថានទូតបារាំង អូស្ត្រាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម បានប្រតិកម្មជុំវិញការសម្រេចរបស់ គ.ជ.ប នេះ និងទាមទារឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនៅពេលខាងមុខ។ ក្នុងនោះ ស្ថានទូតអូស្ត្រាលីបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការថា គណបក្សមួយដែលមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបាន នោះមិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ៕
1 comment:
Kor Chor Bor = Kong Chorp Bork
Post a Comment