Saturday, 13 May 2023

អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន​​ទូទាំង​ប្រទេស​ព្រមាន​ធ្វើ​បាតុកម្ម​អហិង្សា​​បើ​បក្ស​នេះ​មិន​បាន​ចូលរួម បោះឆ្នោត


ដោយ សេក បណ្ឌិត
2023.05.13
អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន​​ទូទាំង​ប្រទេស​ព្រមាន​ធ្វើ​បាតុកម្ម​អហិង្សា​​បើ​បក្ស​នេះ​មិន​បាន​ចូលរួម បោះឆ្នោត 

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក្នុងសមាជវិសាមញ្ញ​គណបក្សខ្លួន នៅ​ខេត្ត​សៀមរាប កាលពីថ្ងៃទី១១ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ



គណបក្ស​ភ្លើង​ទៀន​ នឹង​ដាក់​ឯក​សារ​ពាក់ព័ន្ធ​បំពេញ​បន្ថែម​ ទៅ​ គ. ជ. ប​ នៅ​ថ្ងៃ​សៅរ៍ ទី​១៣​ ឧសភា​នេះ​ ក្នុង​ដំណើរការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ​និង​ចម្រូងចម្រាស។

ការ​ដាក់​ឯក​សារ​ពាក់ព័ន្ធ​បំពេញ​បន្ថែម​នេះ​ គណបក្ស​ភ្លើង​ទៀន​ នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅ​ឡើយ រហូត​មក​ដល់​ពេល​នេះ​ ថា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ នឹង​មាន​សិទ្ធិ​ចូល​រួម​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។



គណបក្ស​ភ្លើង​ទៀន​ព្រមាន​ថា ​នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស​ ធ្វើ​បាតុកម្ម​តស៊ូ​មតិ​ដោយ​សន្តិវិធី​ នៅ​ក្រោយ​ថ្ងៃ​ទី​១៣ ឧសភា​ ក្នុង​ករណី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បដិសេធ​មិន​ព្រម​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​ឲ្យ​មាន​សិទ្ធិ​ចូល​រួម​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ខែ​កក្កដា​ខាង​មុខ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ លោក គីមសួរ ភីរិទ្ធ បញ្ជាក់​យ៉ាង​ខ្លី​បន្ថែម​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ថា ​មក​ដល់​ពេល​នេះ​​គណបក្ស​មិន​ទាន់​បាន​ជជែក​ពិភាក្សា​លម្អិត​អំពី​រឿង​នេះ ​និង​មិន​ទាន់​កំណត់​ទីតាំង ព្រម​ទាំង​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើង​ទៀន​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ក៏​បាន​បញ្ជាក់​ដែរ​​ថា​ គណបក្ស​នឹង​ដាក់​បំពេញ​បន្ថែម​នូវ​ឯកសារ​ពាក់ព័ន្ធ​ ក្នុង​ដំណើរការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​របស់​គណបក្ស​ភ្លើងទៀន​ នៅ​ទីស្ដីការ​គ. ជ. ប នៅ​ថ្ងៃ​ទី​១៣ ឧសភា វេលា​ម៉ោង​៣​រសៀល​។

ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើងទៀន​៦​នាក់ ​ដែល​ដឹក​នាំ​ដោយ​លោក​ ទាវ វណ្ណុល ប្រធាន​គណបក្ស​ បាន​ទៅ​ជួប​ពិភាក្សា​ជា​លើក​ទី២ ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១២ ឧសភា ដើម្បី​រក​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហា​រាំង​ស្ទះ នៃ​ការ​ស្នើ​សុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ របស់​គណបក្ស​ប្រឆាំង​នៅ​ស្ថាប័ន​គ.ជ.ប។

ទោះ​យ៉ាង​ណា​ក្តី​ លោក គីមសួរ ភីរិទ្ធ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​យប់​ថ្ងៃ​ទី​១២​ ឧសភា ក្រោយ​មាន​ជំនួប​លើក​ទី២​នេះ​ថា​ លទ្ធផល​នៃ​ជំនួប​នោះ​គឺ​មិន​មាន​អ្វី​ថ្មី​ប្លែក​លើស​ពី​ជំនួប​ទី១​ឡើយ ​ហើយ​លោក​មាន​ក្តី​សង្ឃឹម​តិច​តួច​ណាស់ ដែល​គណបក្ស​លោក​អាច​ចុះ​បញ្ជី​បាន​សម្រេច​នោះ។

    លោក គីមសួរ ភីរិទ្ធ៖ «ភាគរយ​មិន​បាន​ច្រើន​ជាង ហើយ​យើង​នៅ​សល់​តែ​ច្រក​មួយ​ទៀត​ទេ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ អ៊ីចឹង​យើង​មិន​ដឹង​ថា​ត្រូវ​តតាំង​យ៉ាងម៉េច​ទេ ព្រោះ​កន្លង​មក​តតាំង​មិន​ដែល​ឈ្នះ​ផង...»។

គណបក្ស​ភ្លើងទៀន​ មុន​នឹង​សម្រេច​ប្រកាស​ពី​គម្រោង​ថា នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​ សមាជិព​ សមាជិកា​ សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស ​ធ្វើ​បាតុកម្ម តស៊ូ​មតិ​ដោយ​សន្តិវិធី​នេះ​ ពួកគេ​បាន​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​គ្រប់​មធ្យោបាយ​ជា​បន្ត​បន្ទាប់។

ជាមួយ​គ្នា​នេះ​ក្រសួង​មហា​ផ្ទៃ កាល​ថ្ងៃ​ទី​៥ ឧសភា ក៏​ប្រកាស​ទទួល​ស្គាល់​ថា ​គណបក្ស​ភ្លើង​ទៀន​បាន​ចុះបញ្ជី​ស្រប​ច្បាប់​ ហើយ​គណបក្ស​នេះ ​អាច​ចុះ​បញ្ជី​ចូល​រួមការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៣ កក្កដា ខាង​មុខ​បាន ប៉ុន្តែ​ស្ថាប័ន​គ.ជ.ប​បញ្ជាក់​ថា សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​នោះ ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ។

គ.ជ.ប​នៅ​តែ​ទាមទារ​ឱ្យ​គណបក្ស​ភ្លើងទៀន​ បំពេញ​តាម​លក្ខខណ្ឌ​របស់​ខ្លួន​ គឺ​ត្រូវ​ ដាក់​នូវ​សេចក្ដី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​១៩៩៨​ ដោយ​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង ​ស្រុក ​និង​ខណ្ឌ​ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​ បាន​បាត់​ច្បាប់​ដើម​នៃ​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​ពី​ក្រសួង​ផ្ទៃ​នោះ​ បន្ទាប់​ពី​មាន​ការ​វាយ​ឆ្មក់​ចូល​បិទ​ទីស្នាក់ការ​រួមគ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើងទៀន​កាល​ពី​ឆ្នាំ​២០១៧។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា ស្ថាប័ន​គ.ជ.ប​គួរ​យោគយល់​ចំពោះ​ការ​សុំ​ចុះ​បញ្ជី​ចូល​រួម​ការ​បោះឆ្នោត​ ពី​គណបក្ស​ភ្លើងទៀន​ នៅ​ពេល​មាន​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​ទៅ​ហើយ​នោះ។

    លោក សំ គន្ធាមី៖ «ខ្ញុំ​គិត​ថា គ.ជ.ប គួរ​យល់យោគ​ហើយ អាហ្នឹង​ក្រសួង​មហាផ្ទៃ គាត់​បាន​ទទួល​ស្គាល់​ហើយ ចុះ​បញ្ជី​ផ្លូវការ​រួច​ហើយ។ ដូច្នេះ! ក្រសួង​មហាផ្ទៃ​បញ្ជាក់​បន្ថែម​ទៀត ក៏​បាន​ដែរ»។

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​គ.ជ.ប​ លោក ហង្ស ពុទ្ធា បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ឧសភា។

ប៉ុន្តែ​មន្ត្រី​គ.ជ.ប ​រូប​នេះ​ធ្លាប់​ព្រមាន​ថា ​ប្រសិន​នៅ​ត្រឹម​ថ្ងៃ​ទី​១៤ ឧសភា​ គណបក្ស​ភ្លើងទៀន​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​ខ្វះខាត​ នោះ​គ.ជ.ប​នឹង​បដិសេធ​ការ​ស្នើ​សុំ​ចុះ​បញ្ជី​របស់​គណបក្ស​នេះ។

គណបក្ស​ភ្លើងទៀន ​ ចាត់​ទុក​ការ​តម្រូវ​ឱ្យ​បំពេញ​តាម​បែប​បទ​រដ្ឋបាល​ក្នុង​លិខិត​ស្នាម​ថា ជា​រឿង​តូច​តាច​ប៉ុណ្ណោះ​ ប៉ុន្តែ​ គ.ជ.ប​ ហាក់​កំពុង​ព្យាយាម​ធ្វើ​រឿង​នេះ​ឱ្យ​ក្លាយ​ជា​បញ្ហា​ធំ​ ដើម្បី​រារាំង​ដល់​ការ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ខ្លួន។

គណបក្ស​ភ្លើងទៀន​ជា​គណបក្ស​ដែល​ទទួល​សំឡេង​ឆ្នោត​ច្រើន​បំផុត​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។ គណបក្ស​នេះ ​ទទួល​បាន​សំឡេង​ឆ្នោត​២២% និង​បច្ចុប្បន្ន​ ក្លាយ​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ថ្មី​មួយ​ ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្លាប់​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​៤៤% ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣ ហើយ ត្រូវ​​លោក ហ៊ុន សែន រំលាយ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ៕

1 comment:

Anonymous said...

Khmer people are so sick with Ah Samdach PORNG Hun Sen. This one eyed devil Hun Sen is so afraid of the Khmer people's determination to vote him out.