2023.05.02

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានទទួលស្គាល់គណបក្សនយោបាយចំនួន៨ ដែលសុំចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរសម្រាប់ការបោះឆ្នោតអាណត្តិទី៧ ខាងមុខនេះ។ គណបក្សទាំង៨ នោះ ក៏មានគណបក្សកាន់អំណាចផងដែរ។
ដោយឡែក គណបក្សភ្លើងទៀន ដែលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តដោយអំពើហិង្សា និងផ្លូវតុលាការនោះ មិនទាន់ដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប. នៅឡើយទេ មកដល់ថ្ងៃទី២ ខែឧសភានេះ។ អ្នកវិភាគនយោបាយលើកឡើងថា គណបក្សភ្លើងទៀនមិនទាន់ចុះបញ្ជីបេក្ខជននៅពេលនេះ អាចជាយុទ្ធសាស្ត្រ របស់គណបក្សនេះ ដើម្បីការពារបេក្ខជនរបស់ខ្លួនពីការទុក្ខបុកម្នេញនៃគណបក្សគូប្រកួតប្រជែង។
គណបក្សនយោបាយចំនួន៨ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ គ.ជ.ប. ទទួលស្គាល់នៅពេលនេះ ជាការបញ្ជាក់ថា ចាប់ពីពេលនេះតទៅពួកគេមានសិទ្ធិគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ ទោះយ៉ាងណា អ្នកវិភាគនយោបាយសង្កេតឃើញថា គណបក្ស ដែល គ.ជ.ប ទទួលស្គាល់ទាំងនេះ មិនមែនគូប្រកួតរបស់គណបក្សកាន់អំណាចឡើយ។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២ ខែឧសភាថា គណបក្សនយោបាយទាំង៨ ដែល គ.ជ.ប. ទទួលស្គាល់ ព្រោះគណបក្សទាំងនោះបានបំពេញបែបបទ និងឯកសារត្រឹមត្រូវលក្ខខណ្ឌរបស់ គ.ជ.ប.។ លោកឱ្យដឹងទៀតថា ចំពោះគណបក្សនយោបាយ ដែលគ.ជ.ប. មិនទាន់ទទួលស្គាល់ គឺស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ កំពុងសិក្សា និងត្រួតពិនិត្យ ហើយក្រោយរយៈពេល ១៥ថ្ងៃ ដែលគណបក្សនយោបាយនោះស្នើចុះបញ្ជី គ.ជ.ប. នឹងផ្ដល់ដំណឹងពីការទទួលស្គាល់ ឬមិនទទួលស្គាល់ការចុះបញ្ជីរបស់គណបក្សនោះ។
លោក ហង្ស ពុទ្ធា៖ «ទី១ គណបក្សទាំងអស់បានអនុវត្តត្រឹមត្រូវតាមការិយបរិច្ឆេទដែលបានគ្រោងទុកហើយក៏បំពេញនូវរាល់ឯកសារដែលបានកំណត់ដោយគ.ជ.ប បានត្រឹមត្រូវផងដែរ អ៊ីចឹង សង្ឃឹមថា ពួកគាត់នឹងក្លាយទៅជាគណបក្សដែលមានបេក្ខជនប្រកួតប្រជែងគ្នាបាទ»។
លោក ហង្ស ពុទ្ធា ឱ្យដឹងទៀតថា នៅពេលនេះមានគណបក្សនយោបាយចំនួន១២ បានដាក់ប្រាក់តម្កល់នៅគ.ជ.ប សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែគិតត្រឹមថ្ងៃទី២ ខែឧសភា ទើបតែមានគណបក្សនយោបាយចំនួន៩ ទេ សុំចុះបញ្ជីគណបក្សនិងដាក់បញ្ជីបេក្ខជនឈរឈ្មោះ ហើយគណបក្សនយោបាយចំនួន៨ ត្រូវបាន គ.ជ.ប. ទទួលស្គាល់ជាផ្លូវការឫអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
គណបក្សទាំង៨ ដែល គ.ជ.ប. ទទួលស្គាល់ជាផ្លូវការទាំងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សខ្មែរអភិរក្ស។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច គ.ជ.ប. កំពុងសិក្សានិងពិនិត្យ។ ទោះយ៉ាងណា គណបក្សភ្លើងទៀន ដែលជាគូប្រកួតប្រជែងជាមួយបក្សកាន់អំណាចមិនទាន់សុំចុះបញ្ជីគណបក្សនិងដាក់បញ្ជីបេក្ខជនឈរឈ្មោះ របស់ខ្លួននៅឡើយទេ។
គ.ជ.ប. ទុករយៈពេល ១៥ថ្ងៃឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខ ចុះបញ្ជីគណបក្ស និងដាក់បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ការដែលគណបក្សភ្លើងទៀន មិនទាន់ដាក់បញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួន អាចជាយុទ្ធសាស្ត្ររបស់គណបក្សនេះ ដើម្បីជួយការពារសុវត្ថិភាពបេក្ខជនឈរឈ្មោះរបស់ខ្លួនពីការយាយីឬធ្វើបាបពីអាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន។ លោក គឹម សុខ បន្តទៀតថា ក្នុងស្ថានភាពការប្រកួតប្រជែងដែលមិនស្មើភាពដូចសព្វថ្ងៃនេះ គណបក្សភ្លើងទៀន អាចកំពុងពិចារណាគួរចូលរួមឬមិនចូលរួមក្នុងការបោះឆ្នោតនេះ។
លោក គឹម សុខ៖ «បញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅចន្លោះទឹកភ្លៀង ព្យុះ ហើយហ្នឹងភ្លើង បើងាកមិនស្រួលឆេះ ឬត្រូវរលាយផុតតែម្ដងដោយសារអ្នកដែលទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន មិនមែនតែគណបក្សប្រជាជនកម្ពុជា ទេ សូម្បីតែគ.ជ.ប ហ្នឹងក៏សហការជាមួយគណបក្សប្រជាជនក្នុងអ៊ុកគណបក្សភ្លើងទៀនដែរ»។
ជុំវិញរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ឱ្យដឹងថា គណបក្សរបស់លោកនឹងស្នើចុះបញ្ជីនាពេលឆាប់ៗនេះ ឱ្យទាន់ពេលកំណត់របស់គ.ជ.ប ។ លោកបន្តថា ក្នុងស្ថានភាពសព្វថ្ងៃដែលមន្ត្រីគណបក្សភ្លើងទៀនកំពុងរងការគំរាមកំហែងស្ទើរគ្រប់រូបភាពបែបនេះ ការដាក់បញ្ជីបេក្ខជនឈរឈ្មោះទៅក្រោយគេ ក៏ជាផ្នែកមួយជួយការពារសុវត្ថិភាពបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនផងដែរ។
លោករ៉ុងឈុន៖ «ចំណុចហ្នឹងក៏ជាផ្នែកមួយដែរ មកដល់ម៉ោងនេះយើងឃើញថា ការប្រើអំពើហិង្សា ការសម្លុតគំរាមនៅតែកើតមាន ហើយនឹងចេញរូបភាពថ្មីមួយទៀត គឺការដែលអូសទាញសម្លុតបំភ័យឱ្យចុះចូលជាមួយគណបក្សគេ ។មិនអ៊ីចឹងប្រឈមទៅនឹងការលុបឈ្មោះនេះជាចំណុចថ្មីមួយទៀត»។
លោក រ៉ុង ឈុន នៅតែជំរុញទៅស្ថាប័នពាក់ព័ន្ធ គួរធ្វើយ៉ាងណាឱ្យគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតខាងមុខ អាចចូលរួមការបោះឆ្នោតដោយគ្មានការភ័យខ្លាច។ ចំណែកក្រុមប្រទេសលោកសេរី បានរំលឹកទៅរដ្ឋាភិបាលជាញឹកញាប់ដែរថា ឱ្យរៀបចំការបោះឆ្នោតនាពេលខាងមុខឱ្យបានត្រឹមត្រូវតាមស្តង់ដារ និងបើកឱ្យគ្រប់គណបក្សនយោបាយ អាចចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា និងគ្មានការភ័យខ្លាច៕
No comments:
Post a Comment