2023.05.02

នៅក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោកខួបទី ៣០ឆ្នាំ អ្នកជំនាញខាងវិស័យសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្ស ស្នើឱ្យរដ្ឋាភិបាលបើកចំហសេរីភាពសារព័ត៌មានឯករាជ្យឡើងវិញ។ ជាមួយគ្នានេះ អង្គទូត និងសមាគមអ្នកសារព័ត៌មានអន្តរជាតិ ក៏បង្ហាញការព្រួយបារម្ភពីការធ្លាក់ចុះសេរីភាពសារព័ត៌មាន រួមទាំងការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីយាយីលើអ្នកសារព័ត៌មានឯករាជ្យ។
ការស្នើជាថ្មីរបស់អ្នកជំនាញធ្វើឡើង ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានគេមើលឃើញថា កាន់តែរួមតូចជាងមុន បន្ទាប់ពីមានការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) កាលពីខែកុម្ភៈ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី លើកឡើងថា ការបើកលំហសេរីភាពសារព័ត៌មាន នឹងអាចលើកកម្ពស់សេរីភាពបញ្ចេញមតិ ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងដំណើរការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកបន្តថា ការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៧ មក និងការបិទវិទ្យុវីអូឌីថ្មីៗ នេះ បានធ្វើឱ្យកាន់តែរួមតូចចង្អៀតបន្ថែមទៀត ក្នុងការផ្ដល់ព័ត៌មានឯករាជ្យពីក្រុមពលរដ្ឋងាយរងគ្រោះ ដើម្បីជំរុញឱ្យមានការទទួលខុសត្រូវ និងយុត្តិធម៌នៅក្នុងសង្គម។
លោក ណុប វី៖ «ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រុញមន្ត្រីមានអំណាច ឱ្យទទួលខុសត្រូវសង្គមកាន់តែខ្ពស់ វាជាកត្តាចាំបាច់បំផុត ដើម្បីធ្វើឱ្យមានកំណែទម្រង់ស៊ីជម្រៅនៅក្នុងសង្គមសម្រេចបានជោគជ័យ។ ការអភិវឌ្ឍប្រកបដោយចិរភាព នឹងពិបាកសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល មិនអាចឆ្លើយតបសេចក្ដីត្រូវការ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋងាយរងគ្រោះបាននោះទេ ជាពិសេសគឺការធានាបាននូវលំហសេរីភាពសារព័ត៌មាន»។
ការលើកឡើងនេះធ្វើឡើង នៅក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣០ នៅថ្ងៃទី២ មេសា ក្នុងសណ្ឋាគារហៃយ៉ាត់ Hyatt ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិល និងសមាគមអ្នកសារព័ត៌មាន និងមានអ្នកចូលរួមជាយុវជន តំណាងស្ថានទូត ជាពិសេស អ្នកសារព័ត៌មានប្រហែល ២០០នាក់។ ការប្រារព្ធនេះធ្វើឡើងមុនមួយថ្ងៃ ខណៈពិភពលោកនឹងប្រារព្ធទិវាសារព័ត៌មាន ក្រោមប្រធានបទការកំណត់អនាគតនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត នៅថ្ងៃទី៣ មេសា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាអ្នកស្រី Carmen Moreno លើកឡើងដែរថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គេសង្កេតឃើញការចុះថយជាលំដាប់ នៃសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅទូទាំងពិភពលោក ក្នុងនោះរួមទាំងនៅប្រទេសកម្ពុជាដែរ។ អ្នកស្រីបន្តថា ពិភពលោក កំពុងទទួលរងការរីករាលដាលនៃព័ត៌មានមិនពិត និងការផ្សាយពីព័ត៌មាននាំឱ្យរើសអើងនិងស្អប់ខ្ពើម។ អ្នកស្រីបន្តថា ការពារសេរីភាពសារព័ត៌មាន ការពារប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ ពហុនិយម និងឯករាជ្យ គឺមានន័យថា សិទ្ធិមនុស្សទាំងអស់ នឹងត្រូវបានការពារ។
អ្នកស្រីថា៖«ប្រសិនបើគ្មានប្រព័ន្ធផ្សព្វផ្សាយសេរី និងពហុនិយម ប្រជាពលរដ្ឋនឹងមិនអាចទទួលបានព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសនយោបាយមួយដែលគួរឱ្យជឿជាក់បាន។ បើគ្មានប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងពហុនិយម គណនេយ្យភាពរបស់រដ្ឋាភិបាល និងនីតិរដ្ឋ នឹងត្រូវចុះខ្សោយយ៉ាងធ្ងន់ធ្ងរ»។
ចំណែក នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) អ្នកស្រី Jane Worthingthon លើកឡើងដែរថា តួនាទីអ្នកសារព័ត៌មាន ជួយផ្សាយបំភ្លឺនូវរឿងរ៉ាវសំខាន់ៗ ដែលពេលខ្លះ ត្រូវបានអ្នកមានអំណាចព្យាយាមលាក់បាំង។ អ្នកស្រីបន្តថា នៅខណៈដែលការសម្លាប់អ្នកសារព័ត៌មានបានចុះថយ ប៉ុន្តែការចាប់ចង និងចោទប្រកាន់លើអ្នកសារព័ត៌មានបានកើនឡើងយ៉ាងខ្លាំង ជាពិសេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកស្រីបញ្ជាក់ថា ចិនជាប្រទេសជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីជាអ្នកចាប់ចងអ្នកសារព័ត៌មានច្រើនបំផុតក្នុងពិភពលោក គឺមានចំនួន ៨៤នាក់ និងតាមពីក្រោយយ៉ាងប្រកៀកដោយមីយ៉ាន់ម៉ាឬភូមា ដែលកំពុងចាប់ចងអ្នកសារព័ត៌មាន ៦៤នាក់។
អ្នកស្រីបន្ថែមថា ឥឡូវនេះ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) កំពុងជំរុញឱ្យបង្កើតអនុសញ្ញាអន្តរជាតិពិសេសមួយ ស្ដីពីសុវត្ថិភាព និងឯករាជ្យភាពរបស់អ្នកសារព័ត៌មាន និងអ្នកវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មានផ្សេងទៀត។
អ្នកស្រី Jane Worthingthon៖ «ហេតុអ្វី? ដោយសារយើងជឿជាក់ថា នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិបច្ចុប្បន្ន គ្មានបទដ្ឋានណាដែលជាប់ពាក់ព័ន្ធក្នុងការបង្កើតការការពារសុវត្ថិភាពដល់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជាពិសេសនោះទេ។ ជាគោលការណ៍ អ្នកសារព័ត៌មានដែលរាយការណ៍ពីតំបន់ជម្លោះ ទទួលបានអត្ថប្រយោជន៍ពីការការពារដូចគ្នា ដែលផ្ដល់ដោយច្បាប់មនុស្សធម៌អន្តរជាតិដល់ជនស៊ីវិល។ ប៉ុន្តែអនុសញ្ញាទីក្រុងហ្សឺណែវបច្ចុប្បន្ន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ មិនបានទទួលស្គាល់ថា អ្នកសារព័ត៌មានប្រឈមនឹងហានិភ័យកាន់តែច្រើន បើប្រៀបធៀបទៅនឹងជនស៊ីវិលដទៃទៀតទេ»។
ពាក់ព័ន្ធនឹងវិស័យសារព័ត៌មានកម្ពុជា ត្រូវបានគេមើលឃើញថា កាន់តែរួមតូចក្ដី ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ បញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែមានលក្ខណៈល្អប្រសើរដូចដើម។ ទោះជាយ៉ាងណាក៏ដោយលោកព្រមានថា ការបិទវិទ្យុវីអូឌី គឺជាមេរៀនមួយសម្រាប់ស្ថាប័នសារព័ត៌មានផ្សេងទៀតនៅកម្ពុជា។
លោក មាស សុភ័ណ៖ «ដែលជាវិទ្យុមួយ ដែលអនុវត្តមិនបានត្រឹមត្រូវ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈ មិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ពុំមែនជាការសម្លាប់ជីវិតសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាទេ។ ផ្ទុយទៅវិញ គឺជាការពញ្ញាក់ស្មារតីឱ្យអង្គភាពសារព័ត៌មានទាំងអស់ ត្រូវតែទទួលខុសត្រូវ ចំពោះវិជ្ជាជីវៈរបស់ខ្លួន ត្រូវតែទទួលខុសត្រូវចំពោះ ការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន»។
ទោះជាយ៉ាងណាក៏ដោយ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា ការបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យជាបន្តបន្ទាប់ បានធ្វើឱ្យពលរដ្ឋនៅតាមទីជនបទ ត្អូញត្អែរបាត់បង់ឱកាសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយគណបក្សនយោបាយមួយចំនួន ពុំទទួលបានឱកាសដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន។ អ្នកស្រីយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរបើកឱ្យវិទ្យុ វីអូឌី ដំណើរការឡើងវិញ នៅថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោកនេះ។
អ្នកស្រី ចក់ សុភាព៖ «នាយករដ្ឋមន្ត្រី លោកអាចពិចារណា ដោយក្ដីមេត្តា ដោយចិត្តករុណា ព្រោះកន្លងមក យើងឃើញហើយ ករណីច្រើនណាស់ គឺនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងមន្ត្រីគណបក្សនយោបាយសរសេរលិខិតសុំទោស ឡើងជារដ្ឋលេខាធិការ ឡើងជាអនុរដ្ឋលេខាធិការ ចុះវីអូឌី បានប្រព្រឹត្តិបទល្មើសស្អី កន្លែងនេះ ខ្ញុំស្នើសុំថា ដើម្បីធានានូវសេរីភាពសារព័ត៌មាន នាយករដ្ឋមន្ត្រី ស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យចំពោះការសម្រេចចិត្តរបស់ខ្លួន»។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយនៅថ្ងៃទី២៦មេសាថា នៅចន្លោះថ្ងៃទី១កញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១សីហា ឆ្នាំ២០២២ មានអ្នកសារព័ត៌មានចំនួន២០នាក់ត្រូវបានយាយីតាមផ្លូវតុលាការ ដោយសារការបំពេញការងាររបស់ពួកគេ ហើយអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន៤ត្រូវបានដកហូត។ អង្គការសិទ្ធិមនុស្សនេះបន្តថា អាជ្ញាធរកម្ពុជាក៏បរាជ័យក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្នុងការបើកចំហសេរីភាពសម្រាប់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
No comments:
Post a Comment